ក្រុមអ្នកឃ្លាំមើល និងអ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យអាជ្ញាធរដោះលែងសកម្មជនព្រំដែន និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ឲ្យមានសេរីភាពវិញ ព្រោះការឃុំខ្លួនលោកមួយឆ្នាំមកនេះមិនបានផ្ដល់ប្រយោជន៍អ្វីដល់សង្គម និងរដ្ឋាភិបាលឡើយ។ ប៉ុន្តែតំណាងរដ្ឋាភិបាលថា សំណុំរឿងនេះ ស្ថិតក្នុងនីតិវិធីរបស់តុលាការ។
មន្ត្រីសង្គមស៊ីវិលថា ការចាប់ឃុំខ្លួនលោក រ៉ុង ឈុន មួយឆ្នាំមកនេះ គឺជារឿងអយុត្តិធម៌។ ពួកគេបន្តអំពាវនាវដល់អាជ្ញាធរឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សរូបនេះវិញ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក សង្កេតឃើញថា ការឃុំខ្លួន លោក រ៉ុង ឈុន ដោយអយុត្តិធម៌បានបណ្ដាលឲ្យរដ្ឋាភិបាលកាន់តែរងការចោទថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ជាមួយគ្នានេះ លោកថា ការឃុំខ្លួន លោក រ៉ុង ឈុន ក៏ជះផលអវិជ្ជមានដល់ស្ថានភាពសិទ្ធិសេរីភាព សិទ្ធិការងារ ការឃ្លាំមើលព្រំដែន និងសេដ្ឋកិច្ចកម្ពុជាដែរ។
លោកជឿថា ការបន្តឃុំខ្លួន លោក រ៉ុង ឈុន ទៀត នឹងធ្វើឲ្យអង្គការជាតិ និងអន្តរជាតិព្រមទាំងរដ្ឋាភិបាលប្រទេសលោកសេរី កាន់តែថ្កោលទោស និងបន្ថែមសម្ពាធលើរដ្ឋាភិបាលកម្ពុជាបន្តទៀត៖ «មានរឿងរ៉ាវជាច្រើនទៀត ដែលកាន់តែជួបទុក្ខលំបាកយ៉ាងធ្ងន់នៅក្នុងប្រទេសកម្ពុជា មានវិបត្តិសេដ្ឋកិច្ច វិបត្តិសង្គមកាន់តែកើតច្រើនទៅៗ។ អ៊ីចឹងការចាប់ លោកគ្រូ រ៉ុង ឈុន ហើយនិងសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនដីធ្លីនេះ មិនមានផលចំណេញដល់រដ្ឋាភិបាលទេ»។
រយៈពេលមួយឆ្នាំមកនេះ ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសិទ្ធិមនុស្ស សិទ្ធិការងារ ទាំងជាតិ និងអន្តរជាតិ ក្នុងនោះរួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក រ៉ុង ឈុន ព្រោះលោកមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ ។ ការទាមទារចុងក្រោយគឺកាលពីថ្ងៃទី២៩ កក្កដា អង្គការសម្ពន្ធភាពពិភពលោកដើម្បីការចូលរួមរបស់ពលរដ្ឋហៅកាត់ថា ស៊ីវីឃឹស (CIVICUS) បានទទូចឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទ និងដោះលែង លោក រ៉ុង ឈុន ដោយគ្មានលក្ខខណ្ឌ។
ប៉ុន្តែរដ្ឋាភិបាលហាក់មិនខ្វល់នឹងការទាមទារទាំងអសនេះទេ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងដដែលៗថា ការសម្រេចយ៉ាងណាក្នុងសំណុំរឿងនេះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ លោកលើកទឹកចិត្តឲ្យគ្រប់ភាគីស្វែងរកមេធាវីពូកែ ដើម្បីតតាំងក្ដីក្នុងតុលាការ ព្រោះច្បាប់មិនអនុញ្ញាតឲ្យរដ្ឋាភិបាលអន្តរាគមន៍ឡើយ៖ «មេធាវីដែលទៅការពារកូនក្ដីរបស់ខ្លួនហ្នឹង ការពារ លោក រ៉ុង ឈុន ហ្នឹង រកអ្នកមានសមត្ថភាពទៅ។ តវ៉ា តតាំងឲ្យមានតម្លាភាពទៅ អាហ្នឹងយើងចូលរួមផ្សំគ្នាធ្វើឲ្យរបបនីតិរដ្ឋយើងកាន់តែរឹងប៉ឹង ជាជាងមនោសញ្ចេតនា ឬនយោបាយ»។
ទោះជាយ៉ាងណា អ្នកច្បាប់ និងសង្គមស៊ីវិល ធ្លាប់លើកឡើងថា ទោះជាមេធាវីឆ្នើមយ៉ាងណាក៏មិនអាចតតាំងឈ្នះក្ដី ដែលមានរដ្ឋាភិបាលជាដើមបណ្ដឹងបានដែរ ព្រោះជាប្រភេទសំណុំរឿងនយោបាយ។
ប្រធានសមាគមអាដហុក (Adhoc) លោក នី សុខា ស្នើឲ្យតុលាការទម្លាក់បទចោទ និងដោះលែង លោក រ៉ុង ឈុន វិញ។ លោកបន្តថា ការដោះលែង លោក រ៉ុង ឈុន ជាការលើកកម្ពស់សិទ្ធិសេរីភាពនៅកម្ពុជា និងជួយលើកស្ទួយកិត្តិយសរបស់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ៖ «ដើម្បីជាប្រយោជន៍ទៅដល់មុខមាត់រដ្ឋាភិបាលកម្ពុជា ខ្ញុំគិតថារដ្ឋាភិបាលគួរតែរូតរះក្នុងការទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែង លោក រ៉ុង ឈុន ឲ្យគាត់មានសេរីភាពមកវិញ ហើយរៀបចំស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីឈានទៅរៀបចំការបោះឆ្នោតមួយនៅពេលខាងមុខឲ្យវាមានសេរីត្រឹមត្រូវ»។
រដ្ឋាភិបាលបានចាប់ លោក រ៉ុង ឈុន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយចោទពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីលោករិះគន់បញ្ហាព្រំដែនកម្ពុជា វៀតណាម ( កាលប្បវត្តិព្រឹត្តិការណ៍នៃការចាប់ខ្លួនលោក រ៉ុង ឈុន រៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)។ ក្រោយមកសមត្ថកិច្ចបន្តចាប់ខ្លួនសកម្មជនសង្គម នយោបាយ ព្រះសង្ឃ សរុបជាង១០នាក់ទៀត ដោយចោទថា ពួកគេញុះញង់ តាមរយៈការតវ៉ាទាមទារដោះលែង លោក រ៉ុង ឈុន។ ក្រោយសវនាការ ៤លើករួចមក តុលាការក្រុងភ្នំពេញគ្រោងប្រកាសសាលក្រមករណីលោក រ៉ុង ឈុន នៅថ្ងៃទី១៨ សីហា ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។