មន្រ្តី​​សង្គម​​ស៊ីវិល​​ថា អាជ្ញាធរ​​កំពុង​​ប្រើ​ច្បាប់​​ទប់​ស្កាត់​​ជំងឺកូវីដ១៩ ​ជា​​ឧបករណ៍​​គាប​​សង្កត់​​សិទ្ធិ​ពលរដ្ឋ

0:00 / 0:00

មន្រ្តី​សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​អាជ្ញាធរ​រដ្ឋា​ភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន កំពុង​ប្រើ​ប្រាស់​ច្បាប់​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ ដែល​រង​ការ​រិះ​គន់​ពី​មតិ​ជាតិនិង​អន្តរ​ជាតិ​កន្លង​ទៅ​ ក្លាយ​ជា​ឧបករណ៍​គាប​សង្កត់​លើ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់ពលរដ្ឋ​​ ដើម្បី​ចេញ​​តវ៉ា​ស្វែង​រក​ដំណោះ​​ស្រាយ និង​​យុត្តិធម៌​​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ ប៉ុន្តែ​មន្រ្តី​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​អះអាង​ថា ច្បាប់នេះ​​បង្កើត​ឡើង​បម្រើ​ផល​ប្រយោជន៍​សារធារណៈ និង​រក្សា​សណ្ឋាប់​ធ្នាប់​សង្គម មិន​សំដៅ​​លើ​ក្រុម​ណា​មួយ​នោះ​ទេ។

ច្បាប់​​ស្ដី​ពី​​វិធាន​ការ​​ទប់​​ស្កាត់​​ការ​​ឆ្លង​​រីក​​​​រាល​​​​ដាល​​​​នៃ​​​​ជំងឺ​​កូវីដ-​១៩ និង​​ជំងឺ​​ឆ្លង​​កាច​សាហាវ​​ប្រកប​​ដោយ​​គ្រោះ​​ថ្នាក់​​ធ្ងន់​ធ្ងរ​​ផ្សេង​​ទៀត ដែល​ចម្រូង​ចម្រាស និង​រង​ការរិះគន់​ចំពោះ​ខ្លឹម​សារ​ដែល​មាន​ចែង​​នៅ​​ក្នុង​ច្បាប់​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិលមើល​ឃើញ​ថា ​វា​កំពុង​ក្លាយ​ជា​ឧបរណ៍​ដ៏​សំខាន់​​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​បង្ក្រាប​លើ​សំឡេង​តវ៉ា​របស់​ពលរដ្ឋ។

Lockdown​_New_03_05_2021.jpg
អាជ្ញាធរបិទខ្សែហ៊ុំព័ទ្ធទីតាំងអាជីវកម្មរបស់ប្រជាពលរដ្ឋ ក្រោមហេតុផលនៃការផ្ទុះឆ្លងនៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក(Adhoc) ​លោក នី សុខា មាន​ប្រសាសន៍​​ថា ការ​​អនុវត្ត​ច្បាប់​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ ពី​សំណាក់​រដ្ឋា​ភិបាលបង្ហាញ​អំពី​និន្នាការ​មិន​តម្លាភាព និង​មិន​ស្រប​តាម​គោលការណ៍​សិទ្ធិ​មនុស្សដែល​ជា​ក្តី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​តាំង​ពី​ដំបូង​រហូត​មក​ដល់​ពេល​នេះ។ លោក​បន្ត​ថា ច្បាប់​​នេះ​​កំពុង​ក្លាយ​ជា​ឧបករណ៍​របស់​អាជ្ញាធរ​ប្រើ​ប្រាស់​ដើម្បីរឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​នៃ​ក្រុម​សកម្ម​ជននយោ​បាយ សង្គម កម្មករ និង​ពលរដ្ឋ​ដែល​រដ្ឋា​ភិបាល​មិន​ពេញ​ចិត្ត​ចំពោះសកម្មភាព​ចេញ​ទាមទារ​រក​ដំណោះ​ស្រាយ និង​ស្វែងរក​​យុត្តិធម៌​ក្នុង​សង្គម​របស់​ពួក​គាត់។ លោក​ចាត់​ទុក​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​បែប​នេះ​គឺ​ជា​រឿង​អយុត្តិធម៌សម្រាប់​ពលរដ្ឋ៖ «ការ​ប្រើ​ប្រាស់​ច្បាប់ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលា​ការ ហាក់​បី​ដូចជា​ស្រប​គ្នា​ទៅ​នឹង​គោល​ដៅ​​របស់​រដ្ឋា​ភិបាល​មាន​ចេតនា​ចង់​រឹត​ត្បិត​ទៅ​លើ​សេរីភាព​របស់​ក្រុម​ដែល​រដ្ឋា​ភិបាល​យល់​ថា ​មាន​ទស្សនៈ​ប្រឆាំង​និង​មិន​ស្រប​ជា​​មួយយ​រដ្ឋា​ភិបាល ដូច្នេះ​យើង​ឃើញ​ហើយ​ថា​ គោល​ដៅ​នៃ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ភាគច្រើន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ទាំង​អស់​ហ្នឹង»

Naga with NGO.jpg
សង្គមស៊ីវិស និងសហជីព ដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងរដ្ឋសភាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនៅណាហ្គាវើលដ៍ ក្រោយការចាប់ខ្លួនកូដករ៣នាក់ ក្រោមច្បាប់ប្រឆាំងនឹងវិធានសុខាភិបាល និងវិធានការរដ្ឋបាលរបស់អាជ្ញាធរ។ (រូប៖ គេឱ្យ)

ជាមួយ​គ្នា​នេះ​ដែរ អ្នក​​សម្រប​​សម្រួល​​គម្រោង​​ធុរ​​កិច្ច និង​​សិទ្ធិ​​មនុស្ស​​របស់​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា (CCHR) លោក វណ្ណ សុផាត មើល​ឃើញ​ថា ​ការ​បង្កើតច្បាប់​ទប់ស្កាត់​ជំងឺ​កូវីដ ​គឺ​ជា​រឿង​ល្អ តែ​ខ្លឹម​សារ​និង​ការ​អនុវត្ត​ច្បាប់​វិញ​រំលោភ​លើសិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ លោក​ថា​ អាជ្ញាធរ​តែង​តែ​យក​បញ្ហា​នេះ​ទៅ​គំរាមកំហែង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី ដើម្បី​បំបាក់​ស្មារតី​ឱ្យ​ឈប់​ចេញ​តវ៉ា​ទាម​ទារតទៅ​ទៀត។ លោក វណ្ណ សុផាត ឱ្យ​ដឹង​ថា រឿង​រ៉ាវ​ជាក់​ស្តែង​កើត​លើ​ពលរដ្ឋ​នៅខេត្ត​កណ្តាល កោះកុង និង​ស្វាយ​រៀង​ដោយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​និងតុលា​ការចោទ​ប្រកាន់​ដាក់​ពន្ធនា​គារ ព្រមទាំង​​ពិន័យ​​ជា​ប្រាក់​ជា​បន្ត​បន្ទាប់​ក្រោម​ហេតុផល​ចោទ​ល្មើស​វិធាន​ការ​សុខា​ភិបាល៖ «បញ្ហា​ដោយ​សារ​ខ្លឹម​សារ​វា​មាន​ន័យ​ទូលំ​ទូលាយ​ពេក មិន​បានកំណត់​ច្បាស់​លាស់ មាន​បញ្ហា​អី​លើក​តែមួយ​ពីរ​មាត្រា​ទៅ​ធ្វើ​អី​ក៏​ចំ ធ្វើ​អី​ក៏ប៉ះ​ដែរ មាន​អនុភាព​អនុវត្ត​បាន​ទាំង​អស់ គេ​យក​តែ​ច្បាប់​ហ្នឹង​ទៅ​គំរាម​គាត់ បំបាក់ស្មារតី​របស់​គាត់​តែ​ប៉ុណ្ណឹង​គាត់​ប្រាកដ​ជា​បែក​ខ្ញែក​គ្នា។ ដូច្នេះ​ប្រជា​ពល​រដ្ឋ​បារម្ភការ​ដក​ហូត​យក​ដីធ្លី​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ដោយ​មិន​ផ្តល់​សំណង​និង​ដំណោះស្រាយ​សម​រម្យ​ក្រោម​រូប​ភាព​អនុវត្ត​ច្បាប់​ទប់​ស្កាត់​កូវីដ - ១៩»

People_in_Svay_Chrum_Svay_Reang_protest_his_land_dispute_02_08_2021.jpg
ពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តស្វាយរៀង ធ្លាប់ត្រូវបានអាជ្ញាធរពិន័យដោយសារល្មើសបម្រាមរបស់អាជ្ញាធរ ជួបជុំគ្នាតវ៉ាដីធ្លី ដោយពុំបានរក្សាគម្លាតពីគ្នាកាលពីខែសីហា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

វិទ្យុ​​​អាស៊ី​​​សេរី​​​មិន​​​អាច​​​ទាក់​​​ទង​​​ប្រធាន​អង្គ​ភាព​អ្នក​​​នាំ​​ពាក្យ​​រដ្ឋា​ភិបាល​លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​​​បញ្ជាក់​​​ជុំ​វិញ​​រឿង​​​នេះ បាន​​ទេ នៅ​​​ថ្ងៃ​​​ទី៨ ខែកុម្ភៈ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណៈកម្មា​ធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​លោក កត្តា អ៊ន ឱ្យដឹង​ថា ​រដ្ឋា​ភិបាល​បង្កើត​ច្បាប់​នេះ​ឡើង​ក្នុង​គោល​ដៅ​បម្រើ​ផល​ប្រយោជន៍សារ​ធារណៈ និង​រក្សា​សណ្ឋាប់​ធ្នាប់​សង្គម ដើម្បី​ចាត់​វិធាន​ការលើ​អ្នក​ដែលល្មើស​ច្បាប់​ប៉ុណ្ណោះ ដោយ​មិន​បំបិទ​សិទ្ធិ​សេរីភាព​ចំពោះ​ក្រុម​ណា​មួយ​ដូច​ការចោទ​ប្រកាន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។ លោក​បញ្ជាក់​ថា ​ខ្លឹម​សារច្បាប់​ត្រឹម​ត្រូវ​ព្រោះ​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋ​សភា៖ «វិ ធា ន​ការ​សុខា​ភិបាល​ក៏​យើង​អនុវត្ត ក្រប​ខណ្ឌ​ច្បាប់​ក៏​យើងអនុ​វត្ត ហើយ​ការ​អនុ​វត្ត​ច្បាប់​ចំពោះ​ជន​ដែល​ល្មើស​ច្បាប់ មិន​មែន​ការ​អនុវត្តច្បាប់​សម្រាប់​បំបិទ​សំឡេង បំបិទ​មាត់ បំបិទ​សិទ្ធិ​សេរី​ភាព​ប្រជា​ជន​ទូទាំងប្រទេស ឬ​ក្រុម​ណា​មួយ​នោះ​ទេ»

ទោះយ៉ាង​ណា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ សេវា​កម្ម​កម្ពុជាអ្នកស្រី អ៊ូ ទេពផល្លីន បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​មិន​គួរ​ចាប់​ខ្លួន ឬ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលា​ការ ជា​ពិសេស​ក្រោម​ច្បាប់ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​នោះ​ទេ។ លោក​ស្រី​បញ្ជាក់​ទៀត​​ថា បើ​ទោះ​បី​ច្បាប់​ដែលបង្កើត​ឡើង​នោះ​មិន​មាន​ចេតនា​សំដៅ​ទៅ​ក្រុម​ណា​មួយ​ក្តី ប៉ុន្តែ​សង្គម​ស៊ីវិលមើល​ឃើញ​ថា ច្បាប់​នេះ​បាន​ក្លាយ​ជា​កម្មវត្ថុ​ក្នុង​ការ​គាប​សង្កត់​លើ​កម្មករនិយោ​ជិត និង​ប្រជា​ពលរដ្ឋ ដែល​ប្រើ​សិទ្ធិ​សម្តែង​មតិ និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ស្របពេល​ការ​អនុវត្ត​ជាក់​ស្តែង​ គឺ​រំលោភ​លើ​សិទ្ធិ​របស់​កម្មករ ដោយ​បើក​​ដៃ​​ឱ្យ​ថៅ​បន្តរំលោភ​សិទ្ធិ​ការ​ងារ​តទៅ​ទៀត៖ «នៅ​ពេល​មាន​ការ​តវ៉ា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​អី​មួយ​កន្លែង​ធ្វើ​ការ កម្រិត​សហគមន៍​ដែល​ស្ថាន​ភាព​​គាត់​ចង់​ថ្លែង​សារ​ទៅ​កាន់​អ្នក​ធ្វើ​គោលនយោ​បាយ និង​អ្នក​ពាក់​ព័ន្ធ​អ្វី​ផ្សេងៗ​ដល់​ពេល​យើង​យក​ច្បាប់​នឹង​មក គឺ​មាន​ចេតនាមួយ​ថា​ ស្រុក​យើង​មាន​វិបត្តិ​ក្នុង​ការ​ប្រើ​ប្រាស់​ច្បាប់​ហ្នឹង​ដើម្បី​កាត់​ផ្តាច់​នូវ​ស្ថានភាព​សិទ្ធិ​របស់​ពលរដ្ឋ​មិន​ដើរ​ចូល​ក្នុង​គន្លង​ប្រជា​ធិប​តេយ្យ​វិញ​ទេ»

Lockdown_pp_15_04_2021_02.jpg
អាជ្ញាធររាជធានីភ្នំពេញបានប្រើប្រាស់វិធានសុខាភិបាល និងវិធានការរដ្ឋបាលបិទខ្ទប់រាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០២១ នៅពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ខ្លឹម​សារ​​ច្បាប់​​ទប់​ស្កាត់​ជំងឺ​កូវី១៩ បាន​​ចែង​​ពី​​វិធាន​ការ​​សុខា​ភិបាល​ និង​​វិធាន​ការ​រដ្ឋ​​ដែល​​ដាក់​​ចេញ​​ដោយ​​រដ្ឋា​ភិបាល ​ពេល​​ប្រឈម​​នឹង​​ជំងឺ​ឆ្លង។ អ្នក​​ដែល​​ល្មើស​វិធាន​ការ​​ទាំង​​នេះ​​ស្រាល​​បំផុត​​ត្រូវ​​ពិន័យ​​ជា​​ប្រាក់​​២​លាន​​រៀល ឬ​​ស្មើ​​នឹង​​ចំណូល​ជា​​មធ្យម​​របស់​​រាស្ត្រ​​ខ្មែរ​​ម្នាក់ៗ​ រហូត​​ដល់​​ជាង​ ៣​ខែ​​ឯ​ណោះ។ ចំពោះ​​អ្នក​​ល្មើស ធ្ងន់​ធ្ងរ​​​បំផុត​​​នឹង​​ទទួល​​ទណ្ឌ​កម្ម​​ព្រហ្ម​ទណ្ឌ ជាប់​​ពន្ធនា​គារ​​​ដល់ ២០ឆ្នាំ និង​​ពិន័យ​ជា​​ប្រាក់​​រហូត​​ដល់​ ២០​លាន​​រៀល ឬ​​ស្មើ​​នឹង​​ចំណូល​​ជា​​មធ្យម របស់​​ប្រជា​ពលរដ្ឋ​ខ្មែរ​​​ម្នាក់ៗ​​​រយៈ​​ពេល​​ជាង​​៣​ឆ្នាំ។ ទំហំ​​ទណ្ឌ​កម្ម​​ជាប់​​ពន្ធនា​គារ និង​​ពិន័យ​​ជា​​ប្រាក់​នេះ​ សុទ្ធ​​តែ​​ត្រូវ​​បាន​​រិះ​គន់ ជា​ពិសេ​សអង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរ​ជាតិ អ្នកជំនាញ​​របស់​អង្គការ​​សហ​ប្រជា​ជាតិ ថា​ច្បាប់​នេះ​​ផ្តល់​អំណាច​​ច្រើន​លើស​លប់​ដល់​​អាជ្ញាធរ​​រដ្ឋាភិ​បាល​​ក្នុង​ការ​​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ ការ​ដាក់​ពិន័យ ​និង​​ដាក់ទោស​ធ្ងន់​ធ្ងរ​​លើ​ប្រជា​ពលរដ្ឋ​​ផ្ទុយ​ពី​​គោល​​ការណ៍​​ច្បាប់​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ។​

ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋា​ភិបាល​គួរ​ពិចារ​ណា​លើ​ខ្លឹម​សារច្បាប់​ឡើង​វិញ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លា​ភាព ត្រឹម​ត្រូវ ដើម្បីធានា​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។