អ្នកឃ្លាំមើល​យល់​ថា រដ្ឋាភិបាល​ទំនងជា​បារម្ភ​ពី​ភាព​អាម៉ាស់​ទើប​រឹតត្បិត​ព័ត៌មាន​ស្ដីពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស

0:00 / 0:00

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ឯក​បក្ស​ហាក់​ព្រួយបារម្ភ​អំពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ទើប​បន្ត​រឹតត្បិត​ព័ត៌មាន​នៃ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ទន្ទឹម​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗ​នេះ​រិះគន់​សមត្ថភាព​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​ដោយសារតែ​មន្ត្រី​ទាំងនោះ​ពុំ​ទាន់​ស្វែងយល់​ច្បាស់​នៃ​ទម្រង់ការ​ជួញដូរ​មនុស្ស ទើប​មិន​ទទួលស្គាល់​នៃ​ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លើកឡើង​ថា កម្ពុជា​ទំនង​គេច​មិន​ផុត​ពី​ការ​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នៃ​ប្រទេស​លាងលុយកខ្វក់​ឡើយ​។ លើស​ពី​នេះ កម្ពុជា​ក៏​អាច​រង​ការរិះគន់​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ថា ជា​សម្បុក​នៃ​កន្លែង​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស ស្រប​ពេល​មន្ត្រី និង​ក្រុម​ឈ្មួញ​ឧកញ៉ា​គ្រាក់ៗ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​នេះ ហើយ​ដែល​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​បើក​ការស៊ើបអង្កេត​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ណ័រវ៉េ (Norway) លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល នោះ​កម្ពុជា​នឹង​មិនអាច​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​នេះ​បានទេ​។ ក្រៅពី នេះ លោក ម៉ែន ណាត យល់​ថា ការសម្ដែង​ក្ដបារម្ភ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជុំវិញ​បញ្ហា​នេះ​ជា​បន្ត​បន្ទាប់មក គឺ​លោក ស ខេង បាន​ត្រឹមតែ​បង្ហាញ​ក្ដី​កង្វល់​ប៉ុណ្ណោះ ដោយសារតែ​លោក​គ្មាន​ឥទ្ធិពល​ក្នុង​ការ​ចាត់វិធានការ​លើ​ពួក​ក្រុម​ឈ្មួញ​អាជីវកម្ម​ជួញដូរ​មនុស្ស។

លោក ម៉ែន ណាត៖ «​សូម្បីតែ លោក ហ៊ុន ម៉ាណែត ហ្នឹង​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ពួក​ចិន​អស់ហ្នឹង​ដែរ រហូតដល់​បាន​ជំរុញ​ឱ្យ​មាន​ទីប្រឹក្សា​ចិន​ក្នុង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ក្រសួង​ការពារជាតិ សុទ្ធតែ​ពួក​ស្ថិត​ក្នុង​បញ្ជី​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​ចិន ឬ​របស់​អាំងទែប៉ូល (Interpol)​ ។ គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​យក​មនុស្ស​ទាំងអស់​ហ្នឹង​មក​ដាក់​ក្បែរៗ​ខ្លួន ហើយ​ពួក​ហ្នឹង​រកស៊ី​បែប​លាង​លុយ រកស៊ី​បែប​ម៉ាហ្វៀ (Mafia) អ៊ីចឹង​ទៅ​ពិបាក​ក្នុង​ការ​ចាត់ការ ហើយ​ពួក​ហ្នឹង​វា​រកស៊ី​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដោយសារតែ​អ្នក​មាន​អំណាច​នៅ​ខាងក្រោយ​ខ្នង»។

លោក ម៉ែន ណាត បន្ត​ចោទ​ទៀត​ថា ការ​ព្យាយាម​បិទបាំង​ព័ត៌មាន​រឿង​ជួញដូរ​មនុស្ស​ពី​សំណាក់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ រហូតដល់​ថ្នាក់​ជាតិ​ជា​បន្តបន្ទាប់​នេះ គឺ​ដោយសារតែ​ពួកគេ​ខ្លាច​រដ្ឋាភិបាល លោក ហ៊ុន សែន រង​ភាព​អាម៉ាស់​កាន់តែ​ខ្លាំង និង​ខ្លាច​បាត់បង់​នូវ​មុខតំណែង​តួនាទី​របស់​ពួកគេ​។ ទោះ​យ៉ាងណា លោក​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ឱ្យ​ព្យាយាម​បន្ត​ស្វែង​យល់ដឹង​អំពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នេះ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស បង្ខាំង​មនុស្ស នៅ​កម្ពុជា​នៅតែ​បន្ត​កើតមាន​ច្រើន ហើយ​សមត្ថកិច្ច​អះអាង​ថា បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនបរទេស​ឱ្យ​ជួយ​សង្គ្រោះ​ពួកគេ​ចេញពី​កន្លែង​ការងារ​ខុសច្បាប់​ជា​បន្តបន្ទាប់​ទៀត​ផង។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឱ្យ​ដឹង​កាលពី​ថ្ងៃទី​២ ធ្នូ ថា ចាប់តាំងពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​អគារ​ក្រុមហ៊ុន​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ តាម​ពាក្យ​បណ្តឹង​ជនជាតិ​ចិន​ចំនួន ៥​នាក់ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ ប្រភព​ដដែល​បញ្ជាក់​ថា សមត្ថកិច្ច​រក​ឃើញ​មាន​ជនបរទេស​ចំនួន​ជាង ២​រយ​នាក់ (២២៣​នាក់​) ប៉ុន្តែ ពួកគេ​ពុំ​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ក្នុង​អគារ​នោះ​ឡើយ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ ធ្នូ ថា ក្នុង​ការ​ចុះ​ស្រាវជ្រាវ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ ហើយ​បច្ចុប្បន្ន​ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ លោក ជួន ណារិន្ទ បញ្ជាក់​ថា ជនជាតិ​ចិន​ចំនួន ៥​នាក់​ដែល​ដាក់ពាក្យ​ប្ដឹង​សមត្ថកិច្ច គឺ​ពួកគេ​ពិតជា​ត្រូវបាន​ថៅកែ​បំបិទ​សិទ្ធិ​សេរីភាព​បង្ខំ​ឱ្យធ្វើ​ការ ដោយ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចេញចូល​បរិវេណ​អគារ​នៃ​កន្លែង​ការងារ​បាន​ដោយ​សេរី​ឡើយ​។ លោក​ឱ្យ​ដឹង​ទៀត​ថា កន្លែង​ការងារ​ក្នុង​អគារ​ក្រុមហ៊ុន​ស្ថិតនៅ​ភូមិ​១ ក៏​មាន​ល្បែង​អនឡាញ​ខុស​ច្បាប់​ដែរ។

លោក ជួន ណារិន្ទ៖ «បាទ ព្រោះ​ទីតាំង​នេះ​គឺ​ពួកគាត់​លួចលាក់ បង្កប់​នូវ​ល្បែង​ខុសច្បាប់ អ៊ីចឹង​ការ​ដើរ​ហើរ មិនបាន​ដើរហើរ​ចេញទៅ​ក្រៅ​បាន​នៅតែ​ក្នុង​បរិវេណ​។ នៅពេល​យើង​ទទួល​ព័ត៌មាន​បាន​យើង​ធ្វើការ​ស្រាវជ្រាវ​រហូត​យើង​គ្រប់គ្រង​ទីតាំង​ហ្នឹង​តែម្ដង​។ គាត់ [​ ជនជាតិ​ចិន​ ] ប្រើប្រាស់​ជា​ប្រព័ន្ធ​កុំព្យូទ័រ (Computer) ហើយ​ជំនាញ​យើង​បញ្ជូន​មក​សិក្សា​ថា ប្រព័ន្ធ​កុំព្យូទ័រ (Computer) គឺជា​ប្រភេទ​ស្អី​ខ្លះ ហើយ​គ្រាន់​ថា ទីតាំង​នេះ​មិន​មាន​ច្បាប់​អនុញ្ញាត​។ ដូច្នេះ យើង​ត្រូវធ្វើ​ការងារ​បិទ និង​ឃាត់ខ្លួន​អ្នកទទួលខុសត្រូវ​ចំនួន ៦​នាក់​នៅក្នុង​អគារ»។

កន្លងទៅ ស្នងការ​នគរបាល​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​ព្រះសីហនុ ខេត្តពោធិ៍សាត់ កំពត បន្ទាយមានជ័យ និង​នៅ​រាជធានី​ភ្នំពេញ​ជាដើម នា​រយៈពេល​ចុងក្រោយ​នេះ ពួកគេ​តែងតែ​អះអាង​ថា បាន​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​តាម​បណ្ដឹង​ជនរងគ្រោះ​ដែល​អះអាង​ថា ត្រូវ​បាន​ថៅកែ​បង្ខាំង​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម ជាដើម​។ ប៉ុន្តែ សមត្ថកិច្ច​អះអាង​ថា ជនបរទេស​ដែល​ដាក់ពាក្យ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​សង្គ្រោះ​ពួកគេ​នោះ គឺ​ពុំ​ត្រូវ​បាន​គេ​បង្ខាំង ឬ​រង​នូវ​អំពី​ជួញដូរ​មនុស្ស​ឡើយ​។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្មីៗ​នេះ​បាន​រិះគន់​ថា មន្ត្រី​អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន គឺ​សមត្ថភាព​ពួកគេ​នៅ​មានកម្រិត ដោយសារតែ​ក្រុម​មន្ត្រី​ទាំងនោះ​មិនទាន់​ស្វែង​យល់ដឹង​អំពី​បទល្មើស​នៃ​ទម្រង់​ជួញដូរ​មនុស្ស​នេះ​នៅឡើយ​។ លោក ស ខេង ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បង្កើន​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ដែល​រត់​មកពី​ក្រុង​កំពង់សោម​មក​បោះទីតាំង​ក្នុង​ខេត្តពោធិ៍សាត់។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា រឿងរ៉ាវ​នៃ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​គឺជា​រឿង​កាន់តែ​ស្មុគស្មាញ​ប៉ះពាល់​ដល់​ប្រជា​ជាតិខ្មែរ និង​សង្គម​កម្ពុជា​ទាំងមូល ដោយ​បញ្ហា​ជួញដូរ​មនុស្ស​នេះ​ហាក់​កើតមានឡើង​យ៉ាង​ផុសផុល។

លោក គឹម សុខ៖ «​ទម្រង់​ស្មុគស្មាញ​ដោះស្រាយ​មិន​ចេញ សូម្បីតែ​លោក ស ខេង មិន​ហ៊ាន​ប៉ះ​ដែរ​នោះ​ត្រូវ​ថា សមត្ថកិច្ច​ត្រូវ​ផ្ដោត​យ៉ាង​យកចិត្តទុកដាក់​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ថា តើ​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស​ប្រភេទ​ណា នៅ​ប្លុក​ណា អ្នកណា​នៅ​ពីក្រោយ​ខ្នង រឿង​នេះ​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​តូចតាច​មិន​ហ៊ាន​ប្រើ​សមត្ថភាព​ចាត់ការ​ទេ»។

ជាមួយគ្នា​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅតែ​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ ព្រោះ​ការ​ជួញដូរ​មនុស្ស​នា​ពេល​បច្ចុប្បន្ន គឺ​ក្រុម​ឧក្រិដ្ឋជន​មាន​មធ្យោបាយ​កាន់តែ​ទំនើប ជាពិសេស​ករណី​ឆបោក​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណែ​ត (Internet)​។ លោក ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បន្ថែម​ទៀត ព្រមទាំង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ដៃគូ​ជំនាញ និង​ប្រទេស​ក្នុង​តំបន់ ដើម្បី​បន្ត​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ដែល​កំពុង​កើត​មាននៅ​កម្ពុជា។

លោក អំ សំអាត៖ «​ត្រូវ​បំបាត់​អំពើពុករលួយ កុំឱ្យ​កើតមាន​ទាំង​មន្ត្រី​អនុវត្ត​ច្បាប់ ទាំង​ការអនុវត្ត​ផ្សេងទៀត​ទៅលើ​បញ្ហា [​ ជួញដូរ​មនុស្ស​ ] ហ្នឹង​។​ទោះបីជា​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ហ្នឹង​មាន​ឋានន្តរសក្តិ មានយស​សក្ដិ ប៉ុណ្ណា​ក៏ដោយ​ត្រូវតែ​អនុវត្ត​ច្បាប់​ទៅតាម​ផ្លូវច្បាប់​។ អ្នក​វិនិយោគ​ទាំងឡាយ ក៏​ត្រូវ​មានការ​កំណត់​ដែរ ជាពិសេស​កិច្ច​សហប្រតិបត្តិការ គឺ​កំណត់​អ្នក​វិនិយោគ​ណា​ដែល មានឈ្មោះ​អាក្រក់ ឬ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ (Black list) របស់​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​មិន​គួរ​អនុញ្ញាត​ឱ្យ​ចូល​កម្ពុជា​យើង​ទេ»។

របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ របស់​ក្រសួង​ការបរទេស​អាមេរិក​ចេញផ្សាយ​កាល​ពី​ខែ​កក្កដា បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា មក​កម្រិត​ទី​៣ ដែល​មានន័យថា ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​។ អាមេរិក​រក​ឃើញ​ថា កម្ពុជា​ដើរ​ថយក្រោយ​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​នេះ ដោយសារ​បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ ដែល​បាន​រារាំង​ដល់​ការអនុវត្ត​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ជួញដូរ​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។