កូនប្រុស​លោកស្រី ផាវ ញ៉ើង ស្នើ​សាលា​ឧទ្ធរណ៍​ព្រះសីហនុ​ស្វែងរក​យុត្តិធម៌​សម្រាប់​ម្ដាយ

កូនប្រុស​លោកស្រី ផាវ ញ៉ើង លើកឡើង​ថា សុខភាព​ម្ដាយ​របស់​លោក​នៅ​ក្នុង​ពន្ធនាគារ គឺ​មាន​សភាព​ចុះ​ទន់​ខ្សោយ បណ្ដាល​មក​ពី​គាត់​ទើប​តែ​ចេញ​ពី​បន្ទប់​វះ​កាត់​មុន​ពេល​ជាប់​ពន្ធនាគារ។

កត្តា​នេះ​ហើយ ដែល​សហគមន៍​បាន​សរសេរ​លិខិត​ស្នើសុំ​ជំនួស​ម្ដាយ​របស់​លោក​គឺ លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ព្យាបាល​ជំងឺ។

កូនប្រុស​លោកស្រី ផាវ ញ៉ើង គឺ​យុវជន វាសនា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣០ កញ្ញា ថា លោក​បាន​ឃើញ​លិខិត ដែល​សហគមន៍​បាន​សរសេរ​នោះ ហើយ​បាន​ទាក់ទង​ទៅ​ម្ដាយ​ផង​ដែរ។ យុវជន​វាសនា យល់​ឃើញ​ថា សកម្មភាព​ដែល​ម្ដាយ​របស់​លោក​តវ៉ា នឹង​ការ​រំលោភ​បំពាន​ដីធ្លី មិនមែន​ជា​កំហុស​នោះ​ទេ ហើយ​លោក​គោរព​​ការ​សម្រេច​ចិត្ត​របស់​ម្ដាយ និង​ជឿជាក់​លើ សាលាឧទ្ធរណ៍​ព្រះសីហនុ​ថា នឹង​ស្វែងរក​យុត្តិធម៌​សម្រាប់​ម្ដាយ​របស់​លោក។

យុវជន វាសនា៖ «យើង​អត់​ទាន់​ដឹង​ទេ តើ​គាត់​សម្រេច​ចិត្ត​ធ្វើ​បែប​ណា ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿជាក់​ថា ម៉ាក់​ខ្ញុំ​នឹង​រង់ចាំ​ការ​ដោះស្រាយ​ពី​ខាង​ប្រព័ន្ធ​តុលាការ​ដដែល ព្រោះ​បច្ចុប្បន្ន​យើង​ទទួល​បាន​ដំណឹង​ថា រឿង​ក្ដី​គាត់​ហ្នឹង​បាន​ទៅ​ដល់​ដៃ​ឧទ្ធរណ៍​ហើយ គ្រាន់​តែ​ថា ឧទ្ធរណ៍​មិន​ទាន់​មាន​ការ​ជំនុំ​ជម្រះ ឬ​ក៏​ការ​កោះ​​ហៅ​កាត់​ក្ដី​អ៊ីចឹង​ហា​បង»។

ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សហគមន៍ បាន​សរសេរ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជំនួស​សកម្មជន​ដីធ្លី លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន។ យុវជន​វាសនា អះអាង​ថា ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ មិន​អាច​ឲ្យ​ម្ដាយ​លោក​បាន​រួច​ពី​ការ​ចោទ​ប្រកាន់​នោះ​ទេ ពោល​គឺ​មាន​តែ​សាលាឧទ្ធរណ៍​ព្រះសីហនុ​ទេ ជា​អ្នក​សម្រេច​លើ​រឿង​នេះ​បាន។

កាលពី​ថ្ងៃទី២៩ សីហា កន្លង​ទៅ សាលាឧទ្ធរណ៍​ព្រះសីហនុ បាន​សម្រេច​ឲ្យ​សកម្មជន​ដីធ្លី ខេត្ត​កោះកុង​ទាំង​៩​នាក់ ក្រោម​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ប៉ុន្តែសកម្មជនត្រឹមតែ៧នាក់ប៉ុណ្ណោះ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ចំណែកសកម្មជន២នាក់ផ្សេងទៀត គឺ​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន មិន​ត្រូវ​បាន​ដោះលែង​ឡើយ ព្រោះ​ពួកគាត់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​បង្កាច់​កេរ្តិ៍​មួយ​ករណី​ទៀត។

ការ​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​នេះ ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​ការ​បំបាក់​ស្មារតី​សកម្មជន​ដីធ្លី មិន​ឲ្យ​ចេញ​តវ៉ា ស្រប​ពេល​ពួកគេ​អនុវត្ត​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។