អាជ្ញាធរនិងជនស្លៀកពាក់ស៊ីវិលជាច្រើននាក់បន្តឡោមព័ទ្ធ និងរុញច្រានបង្ខំកូដករណាហ្គាវើលដ៍ (NAGAWorld) ប្រមាណមួយរយនាក់ ឲ្យឡើងរថយន្តក្រុង មិនឲ្យពួកគេទៅជួបជុំតវ៉ាទាមទារដោះស្រាយការងារ ក្បែរអគារក្រុមហ៊ុន នៅរសៀលថ្ងៃទី៣០ ខែមេសា។
កូដករណាហ្គាវើលដ៏ម្នាក់ កញ្ញា សៀក បញ្ញា ថ្លែងថា ក្រោយអាជ្ញាធរនិងជនស៊ីវិលបង្ខំរុញច្រានកូដករឲ្យឡើងរថយន្តដឹកចេញ តាំងពីម៉ោង ២រសៀល រហូតដល់ម៉ោង៥ ល្ងាច ទៅតំបន់ជាយៗក្រុង ហើយដឹកកូដករទៅទម្លាក់ចោលនៅក្បែរទីលានប្រជាធិបតេយ្យ រួចពួកគេរកមធ្យោបាយធ្វើដំណើរមកផ្ទះវិញដោយខ្លួនឯង។ កញ្ញាថា ការធ្វើដូច្នេះគឺដើម្បីអូសបន្លាយមិនឲ្យកូដករមានពេលទៅតវ៉ានៅក្បែរក្រុមហ៊ុន។ កញ្ញាថា រូបភាពដែលអាជ្ញាធររាជធានីភ្នំពេញធ្វើបែបនេះ កាន់តែធ្វើឲ្យកូដកររងភាពអយុត្តិធម៌បន្ថែមទៀត និងមិនអាចអនុវត្តសិទ្ធិតវ៉ាដោយសន្តិវិធី ប៉ុន្តែកញ្ញានិងកូដករទាំងអស់នៅតែតស៊ូមិនរាថយទេ៖ «យើងរាងអស់កម្លាំងៗហើយបង តែបើថាឲ្យឈប់គឺអត់ឈប់ទេនៅតែបន្តដំណើរទៅមុខរហូតជានិច្ចទាល់តែមានដំណោះស្រាយពីថៅកែណាហ្គាវើលដ៍គាត់ចេញមកដោះស្រាយ។ ថ្ងៃនេះខ្ញុំអត់សូវស្រួលខ្លួនទេ ទៅទាំងឈឺ ខ្ញុំសម្រាកមួយរយៈធំដែរហើយ ដោយសារតែ ត្រូវបានអាជ្ញាធរគាត់វៃទៅគ្រាំក្នុង ខ្ញុំសម្រាកជិតកន្លះខែដែរហើយ នៅផ្ទះទ្រាំមិនបានដែរ។ អត់ដឹងថា ចេតនាម៉េចគាត់ដាល់ចំលើដើមទ្រូង មួយទំហឹងដៃមនុស្សប្រុស និយាយ ដើរ អង្គុយ ឈរ គឺចុក តាំងពីថ្ងៃទី២៤ ២៥ ខែ មីនា មក តាំងតែកាលពីប្រើអំពើហិង្សាខ្លាំងជាប់គ្នា»។
បើទោះជាមានការលើកឡើងពីការប្រើអំពើហិង្សាលើកូដករបែបនេះក្ដី អាជ្ញាធរតែងតែបដិសេធថា មិនបានប្រើហិង្សាលើកូដករឡើយ ហើយអាជ្ញាធរក៏ជំរុញឱ្យកូដករដាក់បណ្ដឹង ប្រសិនបើកូដករមានភស្តុតាងពីការប្រើហិង្សារបស់អាជ្ញាធរ។
ក្រុមកម្មករកាស៊ីណូណាហ្គាវើលដ៍ បានចាប់ធ្វើកូដកម្មដោយសន្តិវិធី តាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មក ពោលគឺជាង ៤ខែហើយ។ ពួកគេបន្តទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិក ដែលត្រូវបញ្ឈប់ដែលនៅសល់រួមនិងមេដឹកនាំសហជីពឱ្យចូលធ្វើការវិញ ដោយទម្លាក់ចោលរាល់បទចោលប្រកាន់ និងធានាសេរីភាពសហជីពនៅកន្លែងការងារ។
កូដករណាហ្គាវើលដ៍ឲ្យដឹងថា ពួកគាត់នឹងបន្តជួបជុំគ្នាទៀត នៅថ្ងៃអាទិត្យ ទី១ ឧសភា ដែលចំទិវាពលកម្មអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។