សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា បានប្រកាសសាលក្រមសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលើថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៩នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅដល់ ២ឆ្នាំ។ ក្រុមកូដករចាត់ទុកការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញថា គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងលំអៀងទៅខាងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍។
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសមេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងសមាជិក ៦នាក់ទៀត គឺកញ្ញា ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ឱ្យជាប់ពន្ធនាគារជាង ១ឆ្នាំកន្លះ ដោយដាក់ឱ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ចំណែកឯលោកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ក៏ត្រូវជាប់ពន្ធនាគារចំនួន១ឆ្នាំដែរ ដោយតុលាការសម្រេចព្យួរទោស។ ពួកគេទាំង៦នាក់នេះស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារនៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ឧសភាថា កញ្ញាមិនអាចទទួលយកបានចំពោះការសម្រេចរបស់តុលាការក្រុងភ្នំពេញឡើយ ពីព្រោះប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ គ្រាន់តែប្រើសិទ្ធិការងារដើម្បីការពារអត្ថប្រយោជន៍ឱ្យ ក្រុមកម្មករប៉ុណ្ណោះ។ កញ្ញាបន្តថាតុលាការក្រុងភ្នំពេញមានចេតនាលំអៀងទៅខាងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដែលចង់រំលាយសហជីពឯករាជ្យចោល។
កញ្ញា សៀក បញ្ញា៖ «ខ្ញុំសូមលើកម្រាមដៃស្នើដល់សម្ដេចតេជោ ហ៊ុន សែន ជួយមើលនៅករណីវិវាទការងារណាហ្គាវើលដ៍ ដែលតុលាការឯករាជ្យ ច្រានផ្លាកតុលាការឯករាជ្យ ប៉ុន្តែ ស៊ីឈ្នួលពីថៅកែណាហ្គាវើលដ៍មានយុត្តិធម៌ដែលទេសម្រាប់កម្មករខ្មែរ អ៊ីចឹងប្រសិនជាសាលាដំបូងរាជធានីភ្នំពេញ ប្រសិនជាតុលាការស្រុកខ្មែរស៊ីឈ្នួលពីជនជាតិបរទេស ស៊ីឈ្នួលពីថៅកែណាហ្គាវើលដ៍ឱនក្បាលបម្រើថៅកែណាហ្គាវើលដ៍ ដើម្បីបំផ្លាញច្បាប់ជាតិ និងអន្តរជាតិ ប្ដូរចេញប្ដូរតុលាការស្រុកខ្មែរហ្នឹងចេញ»។
ក្រៅពីតុលាការសម្រេចឱ្យកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពចំនួន ៦នាក់ ជាប់ពន្ធនាគារចន្លោះពី ១ដល់ ២ឆ្នាំ នៅមានអតីតសមាជិកសហជីព ២នាក់ទៀត គឺលោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ក៏តុលាការផ្ដន្ទាទោសជាប់ពន្ធនាគារចំនួន ១ឆ្នាំ លើសំណុំរឿងញុះញង់ដោយព្យួរទោសឱ្យនៅក្រៅឃុំ។ តុលាការក៏បានសម្រេចឱ្យបើកការិយាល័យសហជីពនៅខណ្ឌចម្ការមនរបស់ពួកគាត់ឡើងវិញដែរ។
សមាជិកសហជីពម្នាក់ទៀត គឺលោក ណាំ ទីវន្ត សោកស្ដាយដែលតុលាការកាត់ក្ដីដោយគ្មានភាពអព្យាក្រឹត ចំពោះតំណាងសហជីពទាំង៧នាក់ពីព្រោះនេះជាវិវាទការងារមិនមែនជាការគៀងគរចង់ផ្ដួលរលំរដ្ឋាភិបាលនោះទេ។ លោកបន្តថាតុលាការគួរតែពិចារណាឡើងវិញចំពោះការចោទប្រកាន់នេះពីព្រោះតុលាការបានផឹកទឹកសម្បថមុនពេលឡើងជាតុលាការដូច្នេះគួរតែធ្វើការដោយឈរលើគោលការឯករាជ្យ។
លោក ណាំ ទីវន្ត «ខ្ញុំអត់អាចទទួលបានទេបង!អ្វីដែលខ្ញុំរំពឹងថា តុលាការនឹង ភាពយុត្តិធម៌សម្រាប់ពួកខ្ញុំពេលនេះក្ដីសង្ឃឹមទៅលើតុលាការវាបានរលាយអស់តែម្ដង សោកស្ដាយមែនទែនដែលខ្ញុំជឿទុកចិត្តទៅលើតុលាការគិតថាតុលាការឯករាជ្យគិតថាតុលាការដោះស្រាយ និងកាត់ក្ដីដោយភាពយុត្តិធម៌ប៉ុន្តែវាផ្ទុយពីការគិតរបស់ពួកខ្ញុំដែលជាកម្មករហ្នឹងជាក់ស្ដែងតុលាការពិតជាអយុត្តិធម៌មែនទែន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី២៥ ឧសភា។
ទាក់ទិនបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍មិនមែនជាបទល្មើសនោះទេ ពីព្រោះពួកគេធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារឱ្យថៅកែបនល្បែងណាហ្គាវើលដ៍ដោះស្រាយវិវាទការងារ និងស្របតាមច្បាប់ការងារ។ លោកបន្តថា ការចោទប្រកាន់របស់តុលាការនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាព និងជាការរំលោភសិទ្ធិក្រុមកូដករយ៉ាងធ្ងន់ធ្ងរដែលប្រាសចាកពីការធានាពីច្បាប់ជាតិ និងអន្តរជាតិ។
លោក អំ សំអាត៖«ការដែលផ្ដន្ទាទោសនេះធ្ងន់ធ្ងរសម្រាប់អ្នកទាំង ៩នាក់ជាពិសេសគឺកញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ផ្សេងៗ ទៀត ការប្រកាសសាលក្រម នេះវាហាក់ដូចទៅជារំលោភ ឬពាក់ព័ន្ធនឹងការរឹតត្បិត និងរំលោភបំពានសិទ្ធិសហជីព ក៏ដូចជា អតីតបុគ្គលិក និងកម្មករណាហ្គាវើលដ៍ ដែលគាត់ធ្វើកូដកម្ម ដើម្បីស្វែងរកដំណោះស្រាយពីវិវាទការងារនោះទៅវិញ»។
សវនាការនេះមានការចូលរួមឃ្លាំមើលពីមន្ត្រីស្ថានទូតអូស្ត្រាលី (Australia) មន្ត្រីស្ថានទូតអាមេរិក (USA) អ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ (UN) មន្ត្រីអង្គការសង្គមស៊ីវិល និងសិទ្ធិមនុស្សមួយចំនួនផងដែរ។
ចំណែកនៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញវិញ មានក្រុមកូដករប្រមាណជាង ១០០នាក់ បានមកលើកទឹកចិត្តតំណាងសហជីពរបស់ពួកគេ។ ពួកគេនាំគ្នាស្រែកទាំងក្ដីឈឺចាប់មិនអាចទទួលយកបានចំពោះការចោទប្រកាន់របស់តុលាការលើតំណាងសហជីពរបស់ពួកគេបានឡើយ ដោយមានអ្នកមួយចំនួនលើកបដាថាសិទ្ធិធ្វើកូដកម្មមិនមែនជាការញុះញង់។ អ្នកមួយចំនួនទៀតនាំគ្នាពាក់វ៉ែនតា និងយកក្រណាត់ពណ៌ខ្មៅចងមាត់ ដែលបង្ហាញថាតុលាការពុករលួយមិនឯករាជ្យធ្វើការបម្រើឱ្យពួកអ្នកមានអំណាច និងបំបិទសិទ្ធិសេរីភាពក្រុមកូដករ។ ជាមួយគ្នាខាងមុខសាលាដំបូងរាជធានីភ្នំពេញមានកងកម្លាំងសមត្ថកិច្ច និងជនស្លៀកពាក់ស៊ីវិលប្រមាណ ៥០នាក់ តាមថតរូបក្រុមកូដករ និងឈរយាមយ៉ាងតឹងរ៉ឹង។
កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពចំនួន ៩នាក់ ត្រូវបានតុលាការចាប់ខ្លួនដាក់ពន្ធនាគារ កាលពីដើមឆ្នាំ២០២២ ក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លុះដល់ខែមីនា ឆ្នាំ២០២២ តុលាការបានដោះលែងពួកគេឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ក៏ប៉ុន្តែសមត្ថកិច្ចបានចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទីពីរកាលពីខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូនទៅពន្ធនាគារព្រៃសវិញ ក្រោយពីកញ្ញាវិលត្រឡប់មកពីការចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលី (Australia) ក្រោមបទចោទល្មើសបម្រាប ពីការត្រួតពិនិត្យរបស់តុលាការ។ ប៉ុន្តែមេធាវី និងកញ្ញា ឈឹម ស៊ីថរ អះអាងថាខ្លួនមិនដឹងពីបម្រាមរបស់តុលាការឡើយ។ ចំណែកឯកូដករប្រមាណ ៩នាក់ទៀត ក៏ជាប់បណ្ដឹងនៅតុលាការជាបន្តបន្ទាប់៕
ចុចលើរូបថត ដើម្បីមើលរូបផ្សេងៗ ទៀត៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។