ក្បួនហែធម្មយាត្រា លើកកម្ពស់សីលធម៌សង្គម ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់ឃ្លាំមើល។ សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរតាមមូលដ្ឋាន គួរចូលរួមសហការជាមួយសមាគមគ្រូបង្រៀន ធ្វើឱ្យដំណើរធម្មយាត្រាប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ស្ដីពីការបញ្ចេញមតិរបស់ពលរដ្ឋ។
ការហែធម្មយាត្រាក្នុងគោលបំណង «លើកកម្ពស់សីលធម៌សង្គម» ដែលដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១ កុម្ភៈ ដោយមានការចូលរួមពីព្រះសង្ឃ យុវជន សកម្មជនបរិស្ថាន និងក្រុមស្ត្រីថ្ងៃសុក្រប្រមាណ៦០នាក់និងអង្គ ដោយមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់ឃ្លាំមើល។
សមាជិកសហគមន៍ព្រៃមេត្តាធម្មជាតិ ព្រះតេជព្រះគុណ សយ សាត មានសង្ឃដីកាថា ការចូលរួមដង្ហែក្បួនធម្មយាត្រានេះ គឺដើម្បីផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយ ឱ្យបញ្ឈប់ការរើសអើង ជេរប្រមាថ និងគំរាមកំហែង ហើយងាកមករួបរួមគ្នាដើម្បីលើកស្ទួយក្រមសីលធម៌សង្គមឡើងវិញ។ ទន្ទឹមគ្នានេះ ព្រះអង្គស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ និងសកម្មជនដែលចេញមុខការពារយុត្តិធម៌សង្គមទាំងអស់ ឱ្យមានសេរីភាពឡើងវិញ។
ព្រះតេជព្រះគុណ សយ សាត៖ «ជនរួមឈាមទាំងអស់ បើឃើញធម្មយាត្រាហើយ សូមចូលរួមឱ្យបានកាន់តែច្រើនឡើង។ ច្រើនពេលណាល្អពេលហ្នឹង។ ការទទួលបានដំណោះស្រាយមួយ លុះត្រាតែប្រជាពលរដ្ឋទាំងអស់គ្នា មានទាំងព្រះសង្ឃផង មានការចូលរួមក្នុងការដង្ហែរកសន្តិភាពនេះ បើបានច្រើនពេលណា ល្អពេលហ្នឹងពរ!»។
នៅមុនពេលចេញដំណើរហែក្បួន ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានរៀបចំបួងសួងនៅមុខរូបសំណាក់លោកយាយពេញ ដើម្បីសុំសេចក្ដីសុខដល់អ្នកដែលចូលរួមហែ និងបន្ទន់ចិត្តអ្នកនយោបាយឱ្យចេះជជែកគ្នាដោយសន្តិវិធី ដោយប្រកាន់ខ្ចប់ក្រមសីលធម៌ និងបើកលំហសិទ្ធិសេរីភាព តាមរយៈការដោះលែងមេដឹកនាំសហជីព និងសកម្មជនគណបក្សប្រឆាំងឱ្យមានសេរីភាពឡើងវិញ។
លោក រ៉ុង ឈុន ថ្លែងថា ការធ្វើធម្មយាត្រាថ្មើរជើងនេះ ជាការបង្ហាញពីការលះបង់របស់អ្នកចូលរួម ដើម្បីស្នើឱ្យប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយរួមគ្នាគោរពនិងលើកកម្ពស់សីលធម៌សង្គមឡើងវិញ។ លោកអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចូលរួមការហែធម្មយាត្រា និងស្នើឱ្យអាជ្ញាធរចូលរួមសហការជាមួយសមាគមគ្រូបង្រៀន ដើម្បីជួយសម្រួលទៅដល់ការហែក្បួននេះ។
លោក រ៉ុង ឈុន៖ «ការដែលយើងដើរថ្មើរជើង យើងចង់បង្ហាញពីការលះបង់។ ចង់បង្ហាញពីការលះបង់សេចក្ដីសុខរបស់យើងដើម្បីស្វែងរកសីលធម៌សង្គម ដើម្បីស្វែងរកសេចក្ដីសុខ របស់ជនរួមជាតិទាំងអស់គ្នា»។
ក្បួនដង្ហែធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមនេះ ត្រូវឆ្លងកាត់ រាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងបញ្ចប់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង នៅក្នុងខេត្តពោធិ៍សាត់ ដើម្បីរម្លឹកពីវីរភាពរបស់លោកដែលបានពលីជីវិតដើម្បីជាតិ។ នៅតាមផ្លូវឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ គេឃើញអ្នកចូលរួមដង្ហែនោះប្រដាប់ដោយ ទង់ជាតិ ទង់សាសនា ជាមួយនឹងបដាប៉ាណូ “ធម្មយាត្រាស្ដីពីការលើកកម្ពស់សីលធម៌សង្គម” ខ្លះចូលរួមខ្លះទៀត កាន់រួបថតអ្នកទោសមនសិការ ខ្លះកាន់រូបមន្ត្រីគណបក្សភ្លើងទៀន រំលេចដោយអក្សរថា “ដោះលែងឯកឧត្ដម ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ”ជាដើម។
ធម្មយាត្រានេះ ធ្វើឡើងស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាកំពុងឡើងកម្ដៅ និងសីលធម៌សង្គមកំពុងធ្លាក់ចុះ ដោយសារអ្នកនយោបាយតែងតែប្រើប្រាស់ពាក្យសម្ដីជេរប្រមាថគ្នានិងគំរាមកំហែងជាសាធារណៈ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ឃើញថាការបណ្ដោយឱ្យមានទង្វើនិងពាក្យសម្ដីទាំងនេះកើតឡើង គឺជាការសាបព្រោះវប្បធម៌អាក្រក់ ដល់អ្នកនយោបាយ និងយុវជនជំនាន់ក្រោយ ប្រសិនបើគ្មានការទប់ស្កាត់ ឬពញ្ញាក់ស្មារតីបុគ្គលទាំងនោះ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរតាមមូលដ្ឋានត្រូវចូលរួមសហការជាមួយសមាគមគ្រូបង្រៀន ធ្វើឱ្យដំណើរធម្មយាត្រាប្រព្រឹត្តទៅដោយរលូន ស្របតាមការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងច្បាប់ស្ដីពីការបញ្ចេញមតិរបស់ពលរដ្ឋ។ លោកបន្តថា អាជ្ញាធរត្រូវជួយថែរក្សាសុវត្ថិភាពអ្នកចូលរួមតាមដងផ្លូវ និងត្រូវធានាថាគ្មានការរារាំង ឬសកម្មភាពគំរាមកំហែងផ្សេងៗ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ក្បួនហែធម្មយាត្រានេះ។
លោក នី សុខា៖ «ខ្ញុំគិតថាជារឿងមួយដែលល្អ អាជ្ញាធរគួរតែចូលរួមក្នុងការលើកទឹកចិត្ត ក៏ដូចជាស្មារតី ឬចូលរួមជាការការពារដើម្បីឱ្យធម្មយាត្រានេះបានប្រព្រឹត្តទៅដោយជោគជ័យ ដោយរលូន»។
ជាមួយគ្នានេះ អ្នកឃ្លាំមើលសង្គមយល់ឃើញថា ជម្លោះនយោបាយនៅកម្ពុជា ពិបាកនឹងរួបរួមផ្សះផ្សាគ្នា ដោយសារគណបក្សកាន់អំណាចនៅតែរក្សាគោលជំហរប្រយោជន៍បក្សជាធំ ដោយប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីពង្រឹង និងរក្សាតុល្យភាពនៃអំណាច ហើយតែងតែរកយុទ្ធសាស្ត្រដើម្បីបង្កឧបសគ្គដល់គណបក្សប្រឆាំង ជាពិសេសនៅមុនរដូវកាលបោះឆ្នោតម្ដងៗ។
ទោះជាយ៉ាងណា សម្ដីអសុរោះ និងការជេរប្រមាថក្នុងជម្លោះនយោបាយភាគច្រើនចេញពីមាត់លោក ហ៊ុន សែន ពិសេសនៅពេលលោកទទួលរងការរិះគន់ម្ដងៗ លោកតែងតែនិយាយខ្លាំងៗដាក់ក្បាលមេក្រូ បញ្ចេញកាយវិការខាំធ្មេញយកដៃចង្អុលមុខ និងងាកឆ្វេង ងាកស្ដាំក្រឡេកមើលមន្ត្រីដែលអង្គុយចាំទះដៃសាទរលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។