អាជ្ញាធរកំពុងសិក្សាពីលទ្ធភាពដើម្បីប្ដូរទីតាំងពន្ធនាគារខ្លះ ចេញពីតំបន់លិចទឹក ក្រោយពេលបានបញ្ជូនអ្នកជាប់ឃុំ តាមបណ្ដាពន្ធនាគារ មកដាក់នៅទីតាំងដើមវិញ។ មន្ត្រីពន្ធនាគារឲ្យដឹងថា មណ្ឌលអប់រំកែប្រែទី២ ឬម២ ត្រូវបានលាងសំអាតរួចរាល់ ហើយ អាជ្ញាធរបានយកអ្នកជាប់ឃុំស្ត្រី ពីម១ និងប៉េហ្ស៊ី (PJ) មកវិញអស់ហើយ។
អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា គិតត្រឹមថ្ងៃទី០៤ វិច្ឆិកា ឆ្មាំពន្ធនាគារ បានទទួលយកអ្នកជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសផ្នែកស្ត្រី ឬ«ម២» មកវិញទាំងអស់ហើយ ក្រោយការលាងសំអាត និងធ្វើអនាម័យសម្លាប់មេរោគក្នុងកន្លែងឃុំឃាំងរួចរាល់។ ចំណែកខាងពន្ធនាគារខេត្តបន្ទាយមានជ័យវិញ លោកថា អាជ្ញាធរ បានយកអ្នកជាប់ឃុំចំនួន៩៣នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យមកវិញ ដើម្បីឲ្យពួកគាត់លាងសំអាងពន្ធនាគារហើយត្រៀមយកអ្នកជាប់ឃុំទាំងអស់មកវិញ។
មន្ត្រីពន្ធនាគាររូបនេះឲ្យដឹងថា ក្រោយរៀបចំ អ្នកជាប់ឃុំតាមកន្លែងដើមវិញរួចរាល់ ខាងពន្ធនាគារ នឹងសិក្សាពីលទ្ធភាពប្ដូរទីតាំងពន្ធនាគារមួយចំនួនដែលលិចទឹកព្រោះ ពន្ធនាគារខ្លះ ស្ថិតនៅតំបន់ទាបងាយនឹងទឹកជន់លិចតែម្ដង៖ «ថ្នាក់ដឹកនាំកំពុងពិចារណាដែរ ដោយសារស្ថានភាពពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញ វាតែងតែទទួលរងការគំរាមកំហែងទឹកជំនន់។ អ៊ីចឹង សម្រាប់ទៅថ្ងៃអនាគតខ្ញុំគិតថា ប្រហែលជាមានការប្ដូរទីតាំងសម្រាប់ពន្ធនាគារ ដែលបានជន់លិច។ យើងសិក្សាដែរ ថា តើកត្តាអ្វីពេក បណ្ដាលឲ្យជន់លិចហ្នឹង កត្តាមកពីប្រព័ន្ធបង្ហូរទឹកឬក៏កត្តាលូសាធារណៈហ្នឹង មកពីមិនបានភ្ជាប់អ្វី បានជាប់លាប់ល្អជាមួយពន្ធនាគារទេ ទើបវាជន់លិច ឬភូមិសាស្ត្រហ្នឹងវាលិចតែម្ដង។ អាហ្នឹង យើងសិក្សាអំពីអស់ហ្នឹង គ្រប់ជ្រុងជ្រោយហើយ យើងដាក់ជូនថ្នាក់ដឹកនាំដើម្បីសម្រេច»។
អាជ្ញាធរ បានជម្លៀសអ្នកជាប់ឃុំទាំងអស់ចេញពីមណ្ឌលអប់រំកែប្រែទី២ «ម២» ឬហៅថាពន្ធនាគារព្រៃសផ្នែកស្ត្រីមានចំនួនសរុបជាង២ ០០០នាក់ចេញទាំងស្រុង ដោយខ្លះជម្លៀសទៅផ្នែកបុរស គឺ "ម១" និងខ្លះទៀតទៅពន្ធនាគាររាជធានីភ្នំពេញ ហៅកាត់ថា ប៉េហ្ស៊ី (PJ)។ ចំណែក អ្នកជាប់ឃុំជាង ១ ៦០០នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏ត្រូវជម្លៀសចេញទាំងស្រុងដែរ ដោយខ្លះយកទៅដាក់នៅពន្ធនាគារខេត្តកំពង់ធំ ពន្ធនាគារខេត្តសៀមរាបពន្ធនាគារខេត្តឧត្តរមានជ័យ និងខ្លះ យកទៅដាក់នៅមណ្ឌលអប់រំកែប្រែទី៣ ឬពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ។
ការជម្លៀសអ្នកជាប់ឃុំចេញពីម២ និងពន្ធនាគារខេត្តបន្ទាយមានជ័យ ភ្លាមៗបណ្ដាលឲ្យអ្នកជាប់ឃុំខ្លះ កើតកន្ទួលរមាស់ ដោយសារដើរលុយទឹកជាប់មេរោគ និងការស្នាក់នៅប្រជ្រៀតគ្នា បណ្ដោះអាសន្ន។ តែយ៉ាងណា មន្ត្រីពន្ធនាគារឱ្យដឹងថា ឆ្មាំពន្ធនាគារបានចែកសាប៊ូ និងថ្នាំបំបាត់រមាស់ឲ្យអ្នកជាប់ឃុំទាំងអស់ ដើម្បីសំអាងរាងកាយ និងថែទាំអនាម័យ តាមបន្ទប់ឃុំឃាំង
បងប្រុសរបស់អ្នកទោសមនសិការ និងជាសកម្មជនបរិស្ថានកញ្ញា ភួន កែវរស្មី គឺ លោក ភួន ពុទ្ធារិទ្ធិ ប្រាប់ថា ពេលអាជ្ញាធរជម្លៀសប្អូនស្រីលោកទៅឃុំនៅប៉េហ្ស៊ី (PJ) ស្ថានភាព សុខភាពរបស់នាងពិបាកខ្លាំង ដោយសារ ភាពចង្អៀត ឆ្លងជំងឺរមាស់តគ្នា និងត្រូវទ្រាំហិតក្លិនផ្សែងបារី ក្នុងបន្ទប់ឃុំឃាំង ជាដើម។ ប៉ុន្តែ លោកបញ្ជាក់ថា ស្ថានភាពសុខភាពរបស់កញ្ញា ភួន កែវរស្មី បានធូរស្បើយខ្លះហើយ ទាំងភាពចង្អៀតណែន និងកន្ទួលរមាស់នៅពេលអាជ្ញាធរបញ្ជូនមកម២វិញ៖ «គាត់ ( ភួន កែវរស្មី ) អាចថា នៅម២អាចប្រសើរបង។ តែដោយសាររងឥទ្ធិពលពីប៉េហ្ស៊ី (PJ) មក។ ដូចខ្ញុំប្រាប់បងពីដើមអ៊ីចឹង គាត់ស្រូបផ្សែងបារី ពីនោះ ច្រើនណាស់ ដោយសារគេអត់មានបម្រាបការជក់បារីក្នុងហ្នឹងសេរីតែម្ដង។ អត់មានអ្នកណា ហាមឃាត់អ្នកទោសនៅទីហ្នឹងទេ ព្រោះអ្នកទោសនៅហ្នឹង ដូចបងដឹងស្រាប់អ៊ីចឹង អាគុកហ្នឹង គេកសាងសម្រាប់កូនអ្នកមានគេមានខ្សែមានអ្វីអ៊ីចឹងទៅការគ្រប់គ្រងនៅខាងក្នុងវាធូររលុង។ សូម្បីតែបារីអ្វីហ្នឹង ជួញដូរលក់នៅខាងក្នុងហ្នឹងសេរី ហើយយើងទៅនៅជាមួយគ្នា យើងមានបញ្ហាផ្លូវដង្ហើមផង។ ទៅហ្នឹង ទាក់ទងនឹងការចង្អៀតហ្នឹង យើងទទួលយកបាន ព្រោះ ទៅផ្ញើជាមួយគេ។ ប៉ុន្តែអាជក់បារី ជក់អ្វីហ្នឹង។ គាត់ស្ត្រេសផង អត់ឲ្យគាត់ចេញក្រៅបន្ទប់ ( ឃុំឃាំង ) ទេ មួយថ្ងៃ ទល់មួយថ្ងៃអ៊ីចឹងណា»។
ចំណែក អ្នកទោសនយោបាយ ក្នុងមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃសផែ្នកបុរស វិញ ក៏កើតកន្ទួលរមាស់ខ្លាំងដែរ ដោយសារឆ្លងមេរោគតគ្នា ក្នុងអំឡុងពេល ដាក់អ្នកជាប់ឃុំប្រជ្រៀតគ្នា កាលពេលទឹកជំនន់។
ប្រពន្ធរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំលោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ដែលបានទៅសួរសុខទុក្ខប្តី កាលពីថ្ងៃទី២ វិច្ឆិកា ឲ្យដឹងថា លោក ស៊ុន ធន់ កើតរមាស់ឡើងខ្មៅដុំៗ និង អេះដាច់សាច់ ដោយកន្លែង។ លោកស្រីថា នឹងពឹងពាក់មេធាវីដាក់លិខិតស្នើសុំអាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាតឲ្យប្តីលោកស្រីបានចេញមកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ បានមួយរយៈ។
លោកស្រី សេង ចាន់ថន អះអាងថា ស្ថានភាពកន្ទួលរមាស់ធ្ងន់ធ្ងរនេះ កើតលើអ្នកកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស ស្ទើរទាំងអស់គ្នា ព្រោះការឆ្លងរាលដាលគ្នា ការប្រជ្រៀតគ្នា រស់នៅក្នុងបន្ទប់ឃុំឃាំងនិងមិនបានចេញក្រៅឲ្យត្រូវពន្លឺថ្ងៃពេលទឹកជំនន់ ព្រមទាំងខាងពន្ធនាគារគ្មានថ្នាំសង្កូវឲ្យអ្នកជាប់ឃុំប្រើគ្រប់គ្រាន់ និងបរិស្ថានក្នុងបន្ទប់ឃុំឃាំងគ្មានអនាម័យជាដើម។ លោកស្រី ស្នើសុំឲ្យក្រសួងសុខាភិបាល បញ្ជូនគ្រូពេទ្យនិងថ្នាំទៅពិនិត្យនិងព្យាបាល ដល់អ្នកជាប់ឃុំទាំងអស់ នៅក្នុងពន្ធនាគារ៖ «គាត់លាត់អាវ លាត់អ្វី ឲ្យខ្ញុំមើលទៅឡើងខ្មៅ ប៉ុនម្រាមដៃតែម្ដងពេញខ្លួនតែម្ដង។ ខ្ញុំសួរទៅ ថា គាត់កើតអ្វី ? គាត់ថា គាត់កើតរមាស់ ហើយទៅគាត់ឈឺភ្លៅ ឈឺជង្គង់ ឈឺចង្កេះចុកពេញហ្នឹងតែម្ដង។ យកថ្នាំ ទិញថ្នាំ ទិញអ្វី យកទៅឲ្យគាត់លាប បន្ថែមទៀតផង ព្រោះលាបថ្នាំរាល់ថ្ងៃហ្នឹង អត់បាត់សោះ វាកាន់តែឡើងថែម។ កាលពីមុនដូចមិនខ្មៅអ៊ីចឹងពេកទេ។ ដល់ឥឡូវនេះ ដូចរន្ធបាយខុន អ៊ីចឹងណា ឡើងខ្មៅ កន្ទឹសសៗពេលខ្លួនឡើងខ្មៅ ពេញហ្នឹងហ្មងណា»។
ទាក់ទងរឿងនេះ នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ឲ្យដឹងថា ស្ថានភាពអ្នកជាប់ឃុំខ្លះ ពិតជាកើតកមរមាស់ធ្ងន់ធ្ងរមែន ដោយសារ ការឆ្លងមេរោគ ពេលដើរកាត់ទឹកស្អុយ ជម្លៀសពីពន្ធនាគារមួយ ទៅពន្ធនាគារមួយទៀត។ លោកយល់ថាការផ្ដល់សាប៊ូ និងថ្នាំបំបាត់រមាស់ឲ្យអ្នកជាប់ឃុំ មិនទាន់គ្រប់គ្រាន់ទេ គឺ អាជ្ញាធរ គួរតែយល់ព្រមឲ្យអ្នកជាប់ឃុំមួយចំនួន បានចេញទៅសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យសិន ហើយត្រូវសំអាតនិងសម្លាប់មេរោគ ក្នុងពន្ធនាគារឲ្យបានស្អាត។
មន្ត្រីសង្គមស៊ីវិលរូបនេះ គាំទ្រឲ្យអាជ្ញាធរសិក្សារកទីតាំងថ្មី ដើម្បីប្ដូរពន្ធនាគារ ចេញពីតំបន់ទំនាប ដែលងាយនឹងលិចទឹក។ លោក អំ សំអាត មានប្រសាសន៍ថា ខាងសង្គមស៊ីវិល តែងតែជំរុញឲ្យប្ដូរទីតាំងពន្ធនាគារ និងត្រូវពង្រីកអគារ ឲ្យបានធំ ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងធានា ឲ្យបានពីសិទ្ធិរបស់អ្នកជាប់ឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។