គ្រួសារ​មួយ​នៅ​ខេត្ត​ពោធិ៍សាត់​រៀបរាប់​អំពី​ការ​លំបាក​បន្ទាប់​ពី​ទាហាន​ថៃ​បាញ់​កូន​ស្លាប់​ពេល​លប​កាប់​ឈើ​​ក្នុង​ដី​ថៃ

ដោយ សុ ជីវី
2019.05.01
អ្នកកាប់ឈើក្នុងដីថៃ 042419 សាកសព​ពលរដ្ឋ​ឈ្មោះ មៅ មុំ អាយុ ២៦ឆ្នាំ ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ពេល​ចូល​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ខេត្តត្រាត ទឹក​​ដី​ថៃ នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Narongboy Chamrong Real

ម្ដាយ​យុវជន​ម្នាក់​រស់​នៅ​ខេត្ត​ពោធិ៍សាត់ ​ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​នៅ​ពេល​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដី​ថៃ​កាល​ពី​ថ្ងៃ​ទី២៤ មេសា​ សម្ដែង​ការ​សោកស្ដាយ​នឹក​អាណិត​កូន​​ស្លាប់​នៅ​ក្នុង​ព្រៃ​ម្នាក់​ឯង​ ដោយ​មិន​បាន​យក​សព​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ពុទ្ធសាសនា​ ដោយ​សារ​មិន​មាន​លទ្ធភាព​ទៅ​យក​កូន​ត្រឡប់​មក​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត។ អ្នក​ស្រី​លើក​ឡើង​ថា​ប្រសិន​បើ​​គ្រួសារ​មាន​ជីវភាព​ធូរធារ​និង​មាន​ការងារ​ធ្វើ​បាន​ប្រាក់​ខែ​សមរម្យ​នៅ​ក្នុង​ស្រុក​គឺ​​​កូន​របស់​ខ្លួន​នឹង​មិន​ទាន់​ស្លាប់​នោះ​ទេ។​

ម្ដាយ​យុវជន​ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​ លោក​ស្រី ហាន នេត ប្រាប់​អាស៊ី​សេរី​ថា លោកស្រី​គ្មាន​អ្វី​ជា​ទី​ពឹង​ទៀត​ទេ ព្រោះ​សព្វ​ថ្ងៃ​រស់​នៅ​ជា​ស្ត្រី​មេម៉ាយ ពុំ​មាន​ដី​ធ្វើស្រែ និង​គ្មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​​ ហើយ​រំពឹង​កូន​២​នាក់​ ដើម្បី​ជួយ​មើល​ថែ​នៅ​ពេល​ដែល​ខ្លួន​ចាស់ជរា ក៏ប៉ុន្តែ​អ្វីៗ បាន​បាត់​បង់​មួយ​រំពេច​​ដែល​ខុស​ពី​ក្ដី​ស្រមៃ​ ដោយសារ​តែ​ជីវភាព​ក្រីក្រ។ ស្ត្រី​វ័យ ៦១ឆ្នាំ​រូប​នេះ​បន្ត​ថា កូន​ប្រុស​របស់​គាត់ បាន​ចេញ​ពី​ផ្ទះ​ប្រមាណ ១០ឆ្នាំ ទៅ​រស់​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ពោធិ៍សាត់ គឺ​តាំង​ពី​ប្ដី​របស់​លោក​ស្រី​មិន​ទាន់​ស្លាប់ ហើយ​កូន​ទើប​តែ​​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រមាណ ៣ថ្ងៃ។ លោក​ស្រី​បន្ថែម​ថា កូន​បាន​មក​រស់​នៅ​ជុំ​ជា​មួយ​អ្នក​ស្រី​មិន​ទាន់​បាត់​នឹក​កូន​ផង ក៏​ស្រាប់​តែ​ចប់​បុណ្យ​ចូល​ឆ្នាំ​បាន ៣ថ្ងៃ​ កូន​ក៏​សុំ​លោក​ស្រី​ចេញ​ទៅ​រក​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​ជា​មួយ​កូន​អ្នក​ស្រុក​ក្បែរ​ខាង ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ អ្នក​ស្រី​ថា ក្រោយ​មក​ប៉ូលិស​ស្រុក​ក្រវាញ​បាន​ប្រាប់​ថា កូន​លោក​ស្រី​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​នៅ​ក្នុង​ព្រៃ​នៅ​ប្រទេស​ថៃ៖ «ខ្ញុំ​រាល់​នេះ​គ្មាន​អី​ទេ​មាន​តែ ២នាក់​ចៅ​អាយុ ១២ឆ្នាំ ខ្ញុំ​សល់​កូន​ពៅ​នឹង​មួយ​ឥឡូវ​បាត់​ទៀត​ហើយ​ វា​ទៅ​ជា​មួយ​ពួកម៉ាក​វា​ គេ​រត់​មក​ផ្ទះ​វិញ​អស់​ហើយ នៅ​តែ​វា​មួយ និង​អ្នក​របួស​ម្នាក់។ ខ្ញុំ​សូម​ឱ្យ​អាជ្ញាធរ​ជួយ​ខ្ញុំ​ផង។ ខ្ញុំ​គ្មាន​ទី​ពឹង​អី​ទេ ព្រោះ​អី​ខ្ញុំ​ក្រ​ខ្ញុំ​អត់​មាន​អី​សោះ ហើយ​ខ្ញុំ​អត់​ស្គាល់​អ្នក​ណា​ទេ»

លោក​ស្រី​បន្ត​ថា ប្រសិន​បើ​អ្នក​ស្រី​មាន​ជីវភាព​សមរម្យ​ដូច​អ្នក​ទីក្រុង គឺ​មិន​បណ្ដោយ​ឱ្យ​កូន​ទៅ​កាប់​ឈើ​បែប​នេះ​ទេ ព្រោះ​ដឹង​ថា ការ​ឆ្លងដែន​ប្រថុយ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ក៏​ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ជួយ​កូន​​បាន បើ​អ្នក​ស្រី​រស់​អាស្រ័យ​ទៅ​លើ​ការ​ស៊ី​ឈ្នួល​គេ បាន​ប្រាក់​ប្រមាណ​ពី ៥ពាន់​ទៅ​១ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ​នោះ។ អ្នក​ស្រី​ថា ប្រាក់​ចំណូល​ដែល​ស៊ីឈ្នួល​បាន មួយ​ចំនួន​សម្រាប់​ជួយ​ចៅ​ប្រុស​ម្នាក់​អាយុ ១២ឆ្នាំ​ទៅ​រៀន​ឱ្យ​ចេះ​ដឹង កុំ​ឱ្យ​លំបាក​ដូច​កូនៗ របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ និង​ប្រាក់​មួយ​ចំនួន​ទៀត​សម្រាប់​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​ទិញ​ថ្នាំ​លេប​ផ្ទាល់​ខ្លួន។

ឪពុក​មា​ជន​រង​គ្រោះ លោក ងាន់ ខុម ថ្លែង​ថា គ្រួសារ​លោក​​ក្រីក្រ​មិន​មាន​ប្រាក់​ជួយ​ដល់​បងស្រី​របស់​ខ្លួន​នោះ​ទេ គឺ​បាន​ត្រឹម​តែ​អាណិត​ស្រណោះ​ក្មួយ ដែល​ស្លាប់​នៅ​ក្នុង​ព្រៃ ហើយ​សាកសព​មិន​ដឹង​នៅ​ឯណា។ រីឯ​បង​ស្រី​រស់​នៅ​មេម៉ាយ​ម្នាក់​ឯង​ទៀត ព្រោះ​កូន​ស្រី​ម្នាក់ ដែល​នៅ​មាន​ជីវិត មាន​គ្រួសារ និង​មាន​កូន​តូច​ជីវភាព​ក្រីក្រ។ លោក​បន្ត​ថា កាល​ដែល​ក្មួយ​ប្រុស​នៅ​មាន​ជីវិត គឺ​គ្រួសារ​បង​ស្រី​មាន​ជីវភាព​ខ្វះ​ទៅ​ហើយ ទម្រាំ​តែ​ដល់​ពេល​ចាស់​ជរា មិន​ដឹង​លំបាក​យ៉ាង​ណា​នោះ​ទេ៖ «ក្មួយ​ហើយ​ពិបាក​ចិត្ត​វា​ពិបាក​ពេក​ហើយ តែ​មិន​ដឹង​ទៅ​ពឹង​អ្នក​ណា​ឱ្យ​ជួយ​បាន​បើ​មិន​ស្គាល់​គេ។ តែ​បើ​នៅ​ក្នុង​ស្រុក​ភូមិ​ចម្ងាយ​ត្រឹម ១០គីឡូម៉ែត្រ​អី យើង​អាច​ទៅ​យក​មក​បាន តែ​នេះ​ចម្ងាយ​រាប់​គីឡូម៉ែត្រ ហើយ​ទៅ​ពឹង​អ្នក​ណា​នៅ​ព្រំដែន​អត់​ស្គាល់​អ្នក​ណា​មួយ​ផង។ ពី​ម្សិលមិញ​ប៉ូលិស​និយាយ​ប្រាប់​ដែរ​ថា សាកសព​គេ​យក​មក​ដល់​ដី​ខ្មែរ​ហើយ ខ្ញុំ​ក៏​សួរ​ថា នៅ​ឯ​ណា គេ​ថា​មិន​ដឹង​នៅ​កន្លែង​ណា​ប្រាកដ​ផង។ ខ្ញុំ​វា​ពិបាក​ពេក​ហើយ មិន​ដឹង​គិត​យ៉ាង​ម៉េច​ទៅ​ទាក់​ទង​អ្នក​ណា

លោក​បន្ត​គិត​ត្រឹម​ថ្ងៃ​ទី៣០ មេសា ខាង​សាច់​ញាតិ​មិន​ទាន់​ដឹង​ថា សាកសព​លោក មៅ មុំ នៅ​កន្លែង​ណា​នៅ​ឡើយ ហើយ​ក៏​គ្មាន​លទ្ធភាព​ទៅ​យក​សព​មក​ធ្វើ​បុណ្យ​បាន​ដែរ ព្រោះ​គ្មាន​ប្រាក់។

មេភូមិ​ព្រែក​២ លោក ទិត្យ សុន ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ត្រឹម​តែ​អាណិត​ស្រណោះ​ក្រុម​គ្រួសារ​នៃ​សព​ ដោយ​មិន​មាន​លទ្ធភាព​ទៅ​យក​សព​ជន​រង​គ្រោះ​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​បាន​ទេ ព្រោះ​គ្មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ ស្រប​ពេល​ដែល​ចម្ងាយ​ផ្លូវ​ទៅ​ព្រំដែន​ថៃ​ដល់​ទៅ ១០០គីឡូ​ម៉ែត្រ​ឯណោះ។ លោក​បន្ត​ថា ជន​រង​គ្រោះ គឺ​លោក មៅ មុំ ស្លាប់​ក្នុង​ដី​ថៃ និង​ពលរដ្ឋ​ក្នុង​ភូមិ​ម្នាក់​ទៀត​រង​របួស ដោយសារ​ទាហាន​ថៃ​បាញ់​កាល​ពី​ថ្ងៃ​ទី២៤ មេសា។ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី៣០ មេសា ទាំង​សាកសព និង​អ្នក​របួស​នោះ គេ​មិន​ទាន់​បញ្ជូន​មក​ដល់​ស្រុក​កំណើត​នៅ​ឡើយ​ទេ។ លោក​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​លោក​គ្រប់គ្រង ឆ្លងដែន​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ មាន​ប្រហែល ៣០នាក់ ដោយ​ពួក​គេ​ចេញ​ទៅ​កាប់​ឈើ​ប្រមាណ ១សប្ដាណ៍ ត្រឡប់​មក​ផ្ទះ​ម្ដង និង​លក់​ឈើ​បាន​ប្រាក់​ជាង ១លាន​រៀល​ក្នុង​ម្នាក់។ លោក​បន្ថែម​ថា មូលហេតុ​ដែល​ពួក​គេ​ទៅ​កាប់​ឈើ ដោយសារ​ជីវភាព​ក្រីក្រ ហើយ​នៅ​រដូវ​ប្រាំង ក្នុង​ភូមិ​គ្មាន​ការងារ​ធ្វើ ទើប​ជំរុញ​ឱ្យ​យុវជន​មួយ​ចំនួន នាំ​គ្នា​ឆ្លង​ដែន​ចូល​ទៅ​ដី​ថៃ៖ «គឺ​ថា គ្រួសារ​នេះ​វា​ពិបាក​វេទនា​បណ្ដោយ។ មិន​ដឹង​រៀបរាប់​យ៉ាង​ម៉េច​ត្រូវ​ទេ។ បើ​ផ្ទះ​ប្រក់​ស្បូវ ហើយ​គាត់​នៅ​ ២នាក់​ចៅ​អាយុ​ ១២ឆ្នាំ​ទេ ហើយ​សព្វ​ថ្ងៃ បាន​អ្នក​ជិត​ខាង​គេ​ឃើញ​អាណិត ក៏​ផ្ដល់​ថវិកា និង​អង្ករ​បន្តិចបន្តួច​ជួយ​គាត់ តែ​មិន​បាន​គ្រប់គ្រាន់​ទេ។ ពេល​ស្លាប់​កូន​ហើយ គាត់​ដូច​ថា គិត​តែ​ពី​យំ មិន​ដឹង​គិត​ថា​ម៉េច រក​អ្នក​ណា​ទី​ពឹង​អត់​បាន គឺ​មាន​មេ​ភូមិ និង​ខាង​ឃុំ​ប៉ុណ្ណឹង​ ដោយ​មិន​ដឹង​ទៅ​ពឹង​អ្នក​ទៀត​ទេ ហើយ​គាត់​នៅ​តែ​ទឹក​ភ្នែក​រហូត។ យំ​ស្រែក​ឱ្យ​ញាតិ​ជិត​ខាង​ជួយ​ ហើយ​ឱ្យ​គេ​ជួយ​យ៉ាង​ម៉េច​បាន»

លោក​បន្ត​ថា ម្ដាយ​ជន​រង​គ្រោះ​មាន​ការ​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប៉ូលិស​ស្រុក​ក្រវាញ​បាន​ប្រាប់​ថា កូន​ប្រុស​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ កាល​ពី​ថ្ងៃ​ទី២៤ មេសា នៅ​ក្នុង​ព្រៃ​នោះ។

មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក កែម គិមស្រ៊ន់ ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មក​លើ​ពលរដ្ឋ​ខ្មែរ ព្រោះ​សមត្ថកិច្ច​ថៃ​អាច​ចាប់​ពួក​គាត់​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​មិន​ត្រូវ​បាញ់​សម្លាប់​បែប​នេះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទាមទារ​ទៅ​ភាគី​ថៃ​ឱ្យ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ស្លាប់​នេះ៖ «ហើយ​សិន​ជា​អាជ្ញាធរ​យើង​មិន​ព្រម​ទប់​ស្កាត់​មិន​ព្រម​ជជែក​គ្នា​ជា​មួយ​ភាគី​ថៃ​សោះ​ ហើយ​បណ្ដោយ​ឱ្យ​តែ​ពលរដ្ឋ​ខ្មែរ​ចូល​ដី​ថៃ​គេ​បាញ់​ស្លាប់​ដូច្នេះ វា​ហាក់​បី​ដូច​ជា​ស្លាប់​ជីវិត​មនុស្ស​​​មួយ​មិន​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​អ៊ីចឹង។ ហើយ​អង្គការ លីកាដូ យើង​មាន​តែ​ការ​ជំរុញ​និង​ស្នើ​ឱ្យ​កម្ពុជា​យើង​ទេ​មាន​វិធានការ​ទប់​ស្កាត់​ឬ​អប់រំ​ទប់​ស្កាត់​ឱ្យ​ពលរដ្ឋ​យើង​ឱ្យ​គាត់​បាន​យល់​ដឹង​បញ្ហា​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​នោះ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ទៀត​ថា​ បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ត្រូវ​ទៅ​ដឹក​សាកសព​ជន​រង​គ្រោះ​មក​ឱ្យ​សាច់​ញាតិ ដើម្បី​ពួក​គាត់​យក​ទៅ​បុណ្យ​តាម​ព្រះពុទ្ធសាសនា​ដែរ​ ព្រោះ​ជា​អាជ្ញាធរ​ដែន​ដី​មើល​ការ​ខុស​ត្រូវ​ពលរដ្ឋ ទទួល​ប្រាក់​ខែ​ពី​រដ្ឋ ដែល​ប្រជាពលរដ្ឋ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​នោះ។ លោក​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ២០១៨ មក គឺ​នេះ​ជា​ករណី​ទី២ ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹក​ដី​ថៃ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ លោក កេត សុផាន់​ និង​អភិបាល​ខេត្ត​កោះកុង​ អ្នក​ស្រី មិថុនា ភូថង បាន​ទេ​នៅ​ថ្ងៃ​ទី៣០ មេសា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ស្នើសុំ​ជំនួយ​ពី​គ្រួសារ​សព​ឱ្យ​សមត្ថកិច្ច ទៅ​យក​សព​ជន​រងគ្រោះ​ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។​

ទោះ​ជា​យ៉ាង​ណា​សាច់​ញាតិ​នៅ​តែ​ចង់​បាន​សាកសព​ជន​រងគ្រោះ​យក​មក​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​ទៅ​កាន់​សុគតិភព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។