អាជ្ញាធរពន្ធនាគារ​បារម្ភ​ពីការ​ឆ្លង​ជំងឺ​កូវីដ​​ដល់​​អ្នក​ជាប់ឃុំ​ក្នុង​​ពន្ធនាគារ​

ដោយ មាន ឫទ្ធិ
2021.03.20
អាជ្ញាធរពន្ធនាគារ​បារម្ភ​ពីការ​ឆ្លង​ជំងឺ​កូវីដ​​ដល់​​អ្នក​ជាប់ឃុំ​ក្នុង​​ពន្ធនាគារ​ ស្ថានភាព​អ្នក​ទោស​រស់នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដែល​ជា​អតីត​រោង​កុន​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១១។
Photo: RFA

អាជ្ញាធរពន្ធនាគារ កំពុង​ព្រួយ​​បារម្ភខ្លាំង​ចំពោះលទ្ធភាពនៃ​ការ​ឆ្លង​ជំងឺកូវីដ-១៩ ចូល​ទៅក្នុង​ពន្ធនាគារ ខណៈជំងឺនេះ​កំពុង​រាតត្បាត​ខ្លាំងនៅរាជធានីភ្នំពេញ និង​ខេត្ត​មួយ​ចំនួន និង​មានមេរោគ​បម្លែង​ខ្លួនថ្មី​ដែល​មានលទ្ធភាព​ចម្លង​លឿន​ជាងមុន។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃលោក នុត សាវនា ប្រាប់​អាស៊ីសេរី​ថា ​មណ្ឌល​អប់រំកែប្រែ​ និង​ពន្ធនា​គារ​រាជធានី​-​ខេត្ត​ទាំងអស់​ កំពុង​អនុវត្ត​វិធានការបង្ការ​និង​ការពារ​មន្ត្រី និង​ជន​ជាប់ឃុំ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ-១៩។ លោក​បញ្ជាក់​ថា វិធានការ​បង្ការ និង​ការ​ពារ​ទាំងនោះ មាន​ដូចជា​ ផ្អាក​ការ​ចូល​សួរសុខទុក្ខ​ជន​ជាប់ឃុំ​បណ្ដោះអាសន្ន ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ពន្ធនាគារ​ជាប្រចាំ ​បង្កើនការប្រើប្រាស់​សាប៊ូ​ និងការទំនាក់​ទំនង រវាងមន្ត្រីនិងអ្នកជាប់ឃុំ ​ត្រូវរក្សាគម្លាត ​និងពាក់ម៉ាស់​ជាដើម៖ «យើងរឹតបន្តឹងការនាំអីវ៉ាន់ចូល បញ្ញើពីខាងក្រៅដែរ ព្រោះយើងដឹងហើយថា អ៊ីវ៉ាន់ខ្លះវាអាចនាំមេរោគចូលដែរ ដូច្នេះទោះបីយើងយក​ចូលយើងបាញ់អាកុលក្តី ក៏វានៅតែមានចន្លោះប្រហោងដែរ ដូច្នេះយើងរឹតបន្តឹងការងារហ្នឹង។ មួយទៀត យើងពង្រឹងការងារគ្រប់គ្រងមន្ត្រី ការចល័តរបស់មន្ត្រីយើង ក៏មានការគ្រប់គ្រងជាងមុន​ ដូច្នេះអ្នកណាដើរហើរត្រពាសអីមិនបានទេ គាត់អាចទៅផ្ទះមកផ្ទះបានតែត្រូវរាយការណ៍ពីការចល័តរបស់ខ្លួន។ មួយទៀតចំពោះអ្នកចូលថ្មី យើងវាស់កម្តៅ យើងពិនិត្យអាការៈយើង យើងសួរនាំគាត់ពីការចរាចរណ៍របស់គាត់ក្នុងអំឡុងពេល ២សប្តាហ៍ មុនជាដើម»

ជាមួយគ្នា​នេះលោក​ នុត សាវនា អះ​អាង​ថា ​ពន្ធនាគារក៏បាន​ត្រៀម​សម្ភារៈ​ និង​វិធានការ​ចាំបាច់​នានា​ដើម្បីសង្គ្រោះ​និង​អន្តរាគមន៍​បន្ទាន់​ក្នុង​ករណី​មានការ​ឆ្លង​រាតត្បាត​ក្នុង​ពន្ធនាគារដែរ៖ «យើងបានធ្វើលំហាត់របៀប យើងមានសេចក្តីណែនាំ យើងមានត្រៀមលក្ខណៈចាំបញ្ជាជាប្រចាំហើយឯកឧត្តមអគ្គនាយក លោក តែងតែរំលឹកកិច្ចការនេះជារៀងរាល់ថ្ងៃដល់គ្រប់គោលដៅ ដូច្នេះមានការអីប្រព័ន្ធគោលដៅយើងបានរៀបចំអស់ហើយ។ យើងក៏មានកិច្ចសហការជាមួយនគរបាលផងនិងមន្ទីរពេទ្យបង្អែក ក៏ដូចជាមន្ទីរសុខាភិបាលផង»។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​រូប​នេះ​ឲ្យដឹងថា ​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហ​គមន៍ ​២០ ​កុម្ភៈនេះ ​ក៏មាន​អ្នកជាប់ឃុំ​ទើប​ចូលថ្មី​មួយចំនួន​មានរោគ​សញ្ញា​សង្ស័យ​ដែរ​ ប៉ុន្តែ​ក្រោយ​យក​សំណាក​ទៅធ្វើតេស្តរកជំងឺកូវីដ ​គឺលទ្ធ​ផលអវិជ្ជមាន​ជាបន្ត​បន្ទា​ប់​។

ទាក់ទងរឿងនេះដែរ ប្រពន្ធ​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់​ធំនៃ​គណបក្សសង្គ្រោះជាតិ​លោក ​ស៊ុន ធន់ ​គឺ​លោកស្រី សេង ចាន់ថន ​រៀបរាប់ថា ​លោកស្រី​មិនបានដឹងអំពីសុខទុក្ខ​ប្តី​នៅ​ក្នុង​ពន្ធនាគារព្រៃស​ជាច្រើន​សប្តាហ៍មកហើយ ​ចាប់តាំង​ពីជំងឺ​កូវីដ​ផ្ទុះ​ក្នុង​សហ​គមន៍​ជា​លើក​ទី៣។ លោកស្រីព្រួយបារម្ភជាខ្លាំង​អំពី​សុវត្ថិភាព ​និង​សុខភាព​របស់ប្តី​ដោយ​សារតែ​ពន្ធនាគារ​មានភាព​ចង្អៀតណែន​ពិបាក​រស់នៅ​ គ្មានអនាម័យ និង​កង្វះការ​ទទួល​បាន​សេវាថែទាំ​និងព្យាបាលជំងឺ។ទន្ទឹមគ្នានេះលោកស្រី​ បារម្ភខ្លាចប្តី​ខ្វះអា​ហារ​បរិភោគ​គ្រប់គ្រាន់ ដោយសារ​កាលពី​សប្តាហ៍មុន​ មន្ត្រីពន្ធនាគារ ​សម្រេចផ្អាក​ទទួល​របស់​បញ្ញើ​គ្រប់ប្រភេទ​ពីសាច់​ញាតិ​ចូលខាង​ក្នុងពន្ធនាគារ​ទៀត​៖ «បើថាគេយាមបានល្អហើយមានអនាម័យអីចឹង ខ្ញុំក៏ត្រេកអរប៉ុន្តែពួកខ្ញុំនៅតែព្រួយបារម្ភ និងនៅតែទទូចដល់រដ្ឋាភិបាល និងតុលាការ​ឲ្យដោះ​លែងពួកគាត់ដើម្បីជៀសវាងបញ្ហាជំងឺកូវីដ»។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ​បង្ហាញថា ​ចំនួន​អ្នកជាប់​ឃុំ​ក្នុងពន្ធនា​គារ​នៅកម្ពុជា​មានចំនួនជិត ៤ម៉ឺន (​៣៩.០០០) នាក់​។ នេះជាចំនួន​ដ៏​ច្រើន​លើសលប់ ​ព្រោះអង្គការជាតិ និង​អន្តរជាតិ ​បានប៉ាន់​ប្រមាណថា​ ពន្ធនាគារ​គួរតែអាច​ផ្ទុក​មនុស្សបា​នត្រឹមចំនួន​ជាង ​២ម៉ឺន៦ពាន់ ​(២៦៥៩៣នាក់ប៉ុណ្ណោះ​។

នាយករង​ទទួលបន្ទុក​ផ្នែកឃ្លាំមើល​ និង​ការពារសិទ្ធិមនុស្ស​នៃអង្គកាលីកាដូ​ (LICA​DHO) ​លោក ​អំ សំអាត ​ទទួល​ស្គាល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពន្ធនាគារ​ក្នុងការ​ទប់​ស្កាត់​ជំងឺកូវីដ​-១៩។ ​ប៉ុន្តែលោក​ថា ​ក្រុមអង្គការជាតិនិង​អន្តរ​ជាតិ​នៅតែ​ព្រួយបារម្ភ​ពីហានិ​ភ័យ​ខ្ពស់​នៃការ​ឆ្លង​ជំងឺកូវីដ ព្រោះ​ពន្ធនាគារ​មានភាព​ចង្អៀតណែន​ខ្លាំង​ ហើយ​តុលាការ​នៅតែ​បញ្ជូន​ជនសង្ស័យ​ទៅឃុំ​ខ្លួននៅក្នុង​ពន្ធនា​គារ​ជារៀងរាល់​ថ្ងៃ។ លោកជំរុញឲ្យ​ពន្ធនាគារ​បង្កើនការប្រុងប្រយ័ត្ន​បន្ថែមទៀត ​និង​ចាត់វិធានការ​ភ្លាមៗ ​ដើម្បីកាត់​បន្ថយ​ភាព​ចង្អៀតណែន​នៅក្នុងពន្ធនាគារ៖ «ស្ថាប័នពាក់ព័ន្ធជាពិសេសតុលាការ ត្រូវពិនិត្យដែរ ទី១ទាក់ទងនឹងការចោទប្រកាន់នៃការឃុំខ្លួន បើសិនជាបទល្មើសណាដែលមិនចាំបាច់ឃុំខ្លួនបណ្តោះអាសន្នទេ គួរតែអនុញ្ញាតឲ្យនៅក្រៅឃុំ ហើយជំរុញនីតិវិធីនៃការកាត់ក្តីរឿងហ្នឹងឲ្យបានឆាប់ដោយរឿងខ្លះកាត់ និងអាចថាបន្ធួបន្ថយ ឬថា បើជាបទល្មើសមជ្ឈឹមទេ គួរតែឲ្យនៅក្រៅឃុំបណ្តោះអាសន្នតាមការស្នើសុំ ក៏ជួយកាត់បន្ថយដែរ។ ការកាត់ទោសសហគមន៍ ការ​កាត់ទោសពាក់កណ្តាលអី គួរតែ​ពិនិត្យពិចារណា ព្រោះប្រទេសផ្សេងៗក្នុងពេលរីករាលដាលជំងឺនេះ គេបានពិនិត្យទៅលើអ្នកទោសមួយចំនួនដែលត្រូវបានដោះលែង»។

ចាប់តាំងពីដើមឆ្នាំ ២០២០ មក ​ក្រុមអង្គការជាតិ​ និងអន្តរជាតិ ​បានអំពាវនាវ​ឲ្យរដ្ឋាភិ​បាលពិចារណា​ជា​បន្ទាន់​ លើការដោះលែង​អ្នកជាប់ឃុំដែលប្រឈមនឹង​ហា​និភ័យ​ខ្ពស់ ​ក្នុងការ​ឆ្លងវីរុស​កូវីដ១៩ រួមមាន អ្នក​ជាប់ឃុំ​បណ្ដោះអាសន្ន​ទាក់ទង​នឹង​បទល្មើស​ស្រាលៗ និង​អ្នក​ទោស​នយោបាយ​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​គួរតែ​ពិចារណា​លើ​ជម្រើស​ផ្សេងទៀត​ទាក់ទង​នឹង​ការ​ឃុំខ្លួន​អ្នកទោសដោយ​ឈរ​លើ​មូលដ្ឋាន​​លក្ខខណ្ឌ​សុខភាព អ្នក​ជាប់ឃុំ​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ជាប់ឃុំ​ដែល​មាន​កូន​តូច​នៅ​ជាមួយ ​និង​អ្នកជាប់ឃុំ​អាយុក្រោម ១៨ឆ្នាំ​ ជាដើម។ ប៉ុន្តែ​មកទល់ពេលនេះ ក្រុមអង្គ​ការ​សង្គស៊ីវិលពិនិត្យឃើញ​ថា អាជ្ញាធររដ្ឋាភិបាល ​នៅតែ​មិន​ទាន់ចាត់វិធានការឲ្យមានប្រសិទ្ធភាពដើម្បីកាត់​បន្ថ​យ​ភាព​ចង្អៀត​ណែនក្នុងពន្ធនាគារបាន​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។