ពន្ធនាគារ​ថា មាន​វិធានការ​គ្រប់គ្រាន់​ដើម្បី​បង្ការ​ជំងឺ​កូវីដ និង​គ្មាន​ផែនការ​ដោះលែង​អ្នកទោស​ស្រាលៗ

អគ្គនាយកដ្ឋាន​ពន្ធនាគារ​អះអាង​ថា ខាង​ពន្ធនាគារ បាន​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​-១៩ នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ពុំ​មាន​ផែនការ​ដោះលែង​អ្នកទោស​នោះ​ទេ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​ឲ្យ​ពន្ធនាគារ ដោះលែង​អ្នក​ទោស​នយោបាយ ឬ​អ្នកទោស​ប្រព្រឹត្ត​ស្រាលៗ ដើម្បី​ការពារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពន្ធនាគារ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ថា មណ្ឌល​អប់រំ កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត​ទាំងអស់ កំពុង​អនុវត្ត​វិធានការ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ​និង​ការពារ​មន្ត្រី និង​ជន​ជាប់ឃុំ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ-១៩ ។ លោក​បញ្ជាក់​ថា វិធានការ​បង្ការ និង​ការពារ​ទាំងនោះ ដូចជា​ផ្អាក​ការ​ចូល​សួរសុខទុក្ខ​ជន​ជាប់ឃុំ​បណ្ដោះអាសន្ន ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ពន្ធនាគារ​ជាប្រចាំ បង្កើត​កន្លែង​លាងដៃ​នៅ​តាម​ពន្ធនាគារ និង​មានការ​ផ្គត់​ផ្គង​សាប៊ូ​ដុំ និង​សាប៊ូ​បោក​ខោអាវ​គ្រប់គ្រាន់​ជាដើម​។ ទន្ទឹង​គ្នា​នេះ លោក​អះអាង​ថា ពន្ធនាគារ ក៏បាន​ដាក់​ចេញ​វិធានការ ចាំបាច់​នានា​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​សង្គ្រោះ​និង​អន្តរាគមន៍​បន្ទាន់​ក្នុង​ករណី​មានការ​ឆ្លង​រាតត្បាត​ក្នុង​ពន្ធនាគារ៖ «យើង​ត្រៀម​ទី​១​មន្ត្រី​សន្តិសុខ ហើយ​មន្ត្រី​សន្តិសុខ​នេះ គឺ​គាត់​ត្រូវ​ពាក់​សម្ភារៈ​ការពារ​ម៉ាកំភ្លេ​ដូច​មន្ត្រី​សុខាភិបាល​នៅ​សមរភូមិ​មុខ​អ៊ីចឹង​ដែរ មាន​ទាំង​ម៉ាស់​ការពារ N ៩៥ មាន​វ៉ែនតា​ការពារ​ភ្នែក មាន​ស្រោមជើង​ស្បែកជើង​និង​ស្រោមដៃ។ ពួកគាត់​សម្រាប់​ចាត់ចែង​ (Handle) អ្នកមាន​ជំងឺ​កូវីដ - ១៩។ យើង​បាន​ត្រៀម​សម្ភារៈ​និង​ការ​ហ្វឹកហ្វឺន​ពួកគាត់​ថា ត្រូវ Handle អ្នកជំងឺ​យ៉ាងម៉េច ពេល​ពាក់​សម្ភារៈ​ PPE​ នោះ ត្រូវ​ធ្វើ​យ៉ាងម៉េច ពេល​ដោះចេញ​ត្រូវ​ធ្វើ​យ៉ាងម៉េច ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពី​មន្ទីរពេទ្យ​បង្អែក​នៅ​តាម​រាជធានី​ខេត្ត​ថា ត្រូវ​ធ្វើ​ម៉េច​ទំនាក់ទំនង​ព័ត៌មាន​សុខាភិបាល គឺ​យើង​បាន​បណ្ដុះបណ្ដាល​ពួកគាត់​អស់ហើយ»។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​រូប​នេះ បន្ត​ថា ចំពោះ​ការ​ទាមទារ​ឲ្យ​អ្នកទោស​ស្រាលៗ​នៅ​ក្រៅ​ឃុំ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នោះ គឺជា​សមត្ថកិច្ច​របស់​តុលាការ​។ ទោះជា​យ៉ាងណា លោក​ឲ្យ​ដឹង​ថា ខាង​ពន្ធនាគារ ក៏​ធ្លាប់​ជជែក​គ្នា​ក្រៅ​ផ្លូវការ​ដែរ៖ «ដើម្បី​ឈាន​ទៅ​ចំណុច​នេះ​ទាល់តែ​មានការ​សិក្សា​ច្បាស់លាស់​សិន ទាំង​ផ្លូវច្បាប់ ហើយ​ទាំង​ព័ត៌មាន​ដែល​យើង​មាននៅ​ក្នុង​ដៃ​ហើយ​នឹង​ការរៀបចំ​យន្តការ​ដើម្បី គ្រប់គ្រង​ជនល្មើស​នៅ​ក្រៅ​ឃុំ មិនមែន​ចេះតែ​សម្រេច​មួយថ្ងៃ​ពីរ​ថ្ងៃ​ហើយ​យើង​អនុវត្ត​បានទេ ប៉ុន្តែ​មានការ​ជជែក ហើយ​នឹង​ការ​ឲ្យ​យោបល់​ពី​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៅ​ក្នុង​គណៈកម្មការ​ថ្នាក់​ជាតិ ហើយ​សម្រាប់​ទប់ស្កាត់​និង​បង្ការ​កូវីដ - ១៩​នេះ។ យើង​បាន​គិត​គួរ​រឿង​នេះ​តាំងពី​មុន​កូវីដ​ - ១៩​នេះ​ទៀត តាម​ពិត​ទៅ រឿង​ថា អ្នកទោស​ស្រាលៗ​នៅ ៣​ឆ្នាំ​ចុះក្រោម​អី​នឹង»។

លោក នុត សាវនា ទទួល​ស្គាល់​ថា ពន្ធនាគារ​ពិតជា​មាន​ភាព​ចង្អៀត​ណែន និង​មិន​អាច​ឲ្យ​ជន​ជាប់ឃុំ​នៅ​ឃ្លាត​ពី​គ្នា​បានទេ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ហានិភ័យ​នៃ​ការ​ឆ្លង​គឺ​មាន​តិច​តូច​បំផុត ដោយ សារ​ពន្ធនាគារ បាន​បិទ​មិន​ឲ្យ​មាន​អ្នក​ពី​ក្រៅ​ចូល​ឡូកឡំ សូម្បីតែ​អីវ៉ាន់​ក៏​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​មុន​ដែរ មុន​នឹង​បញ្ជូន​ឲ្យ​ជន​ជាប់ឃុំ​។ លើស​ពី​នេះ ជន​ជាប់ឃុំ​ថ្មី ឬ​អ្នក​ដែល​ទើប​ចាប់ខ្លួន គឺ​ត្រូវ​ឃុំខ្លួន​ដាច់ដោយឡែក​រយៈពេល​២​សប្ដាហ៍ ដើម្បី​តាមដាន​សុខភាព​របស់​ពួកគេ​។ ជាមួយគ្នា​នេះ លោក នុត សាវនា អះអាង​ថា ពន្ធនាគារ​នៅតែ​ទទួល​អ្នកទោស​ដដែល។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ ពិនិត្យ​ឃើញ​ថា បញ្ហា ដែល​នាំ​ឲ្យ​ពន្ធនាគារ​ចង្អៀត​ណែន​នេះ ដោយសារតែ​នីតិវិធី​របស់​តុលាការ​យឺតយ៉ាវ និង​មាន​បទ​ល្មើស​ច្រើន​នៅ​ក្នុង​សង្គម ដែល​រដ្ឋាភិបាល ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ឡើង​វិញ​។ លោក​បន្ត​ថា ចំពោះ​សំណើ​ឲ្យ​ដោះលែង​អ្នកទោស​ស្រាលៗ ឬ​អ្នកទោស​ដែល​មាន​សុខភាព​ខ្សោយ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ​នេះ គឺជា​រឿង​ថ្មី និង​ពុំ​ទាន់​មាន​ច្បាប់​នោះ​ទេ ប៉ុន្តែ​លោក​យល់​ថា ពន្ធនាគារ អាច​រក​មធ្យោបាយ​បែងចែក​អ្នក​ទោស​ទៅ​ពន្ធនាគារ​ណា​ដែល​មិន​ទាន់​ចង្អៀត​ណែន៖ «ភាគច្រើន​នៃ​ពន្ធនាគារ​នេះ​គឺ​មានការ​ចង្អៀត​ណែន​ហើយ​ការ​ចង្អៀត​ណែន​នេះ​វា​អាច​ជា​ឱកាស បើ​សិន​មាន​អ្នកទោស​ណាមួយ​ឆ្លង អាច​ងាយ​នឹង​ឆ្លង​បន្ត ដូច្នេះ​យើង​ចង់​ឲ្យ​មានការ​រំលែក​អ្នកទោស​ពី​ពន្ធនាគារ​ដែល​ចង្អៀត​ណែ​នេះ​ទៅ​ពន្ធនាគារ​នៅ​មាន​សល់​ទីកន្លែង​ដើម្បី​ជួយ​ប​ន្ធួ​បន្ថយ​ភាព​ចង្អៀត​ណែន»។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើង​ថា ការ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ គឺជា​រឿង​ចាំបាច់​ដើម្បី​ការពារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ពីព្រោះ​បើ​ជំងឺ​នេះ​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ នោះ​នឹង​មាន​ផលវិបាក​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ជាប់ឃុំ មន្ត្រី​ពន្ធនាគារ និង​សាធារណជន​ទូទៅ​។ លោក បន្ត​ថា អ្នក​ជាប់ឃុំ​ដែល​គួរតែ​ត្រូវ​បាន​ដោះលែង រួមមាន អ្នក​ជាប់ឃុំ​បណ្ដោះអាសន្ន​ទាក់ទង​នឹង​បទល្មើស​ស្រាលៗ និង​អ្នក​ទោស​នយោបាយ​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​គួរតែ​ពិចារណា​លើ​ជម្រើស​ផ្សេងទៀត​ទាក់ទង​នឹង​ការ​ឃុំខ្លួន​អ្នកទោស ដោយ​ឈរ​លើ​មូលដ្ឋាន​​លក្ខខណ្ឌ​សុខភាព អ្នក​ជាប់ឃុំ​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ជាប់ឃុំ​ដែល​មាន​កូន​តូច​នៅ​ជាមួយ​ជា​ដើម។

រីឯ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន មាលីន ឆ្លើយ​តប​ថា សំណើ​របស់​អង្គការ Human Rights Watch គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច និង​ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។