លោក នាង សុវ៉ាត បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់លោក ជាអ្នកការពារសិទ្ធិមនុស្សនិងដីធ្លីប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជិត ៣០ឆ្នាំ ដោយធ្វើការផ្ទាល់ជាមួយពលរដ្ឋក្រក្រី ដែលរងការបំពានដីធ្លី និងរំលោភសិទ្ធិ។ សហគមន៍ដីធ្លី អង្គការដៃគូ និងសហការីក្នុងស្ថាប័នជាមួយលោក រួមទាំងយុវជនដែលលោកបានបណ្ដុះបណ្ដាលពីច្បាប់ សម្ដែងការសោកស្ដាយចំពោះការបាត់បង់លោក កាលពីដើមខែមិថុនា ថ្មីៗ នេះ។ ពិធីបុណ្យសព៧ថ្ងៃ លោកនាង សុវ៉ាត ចាប់ផ្ដើមនៅរសៀលថ្ងៃច័ន្ទ ទី៨នេះ ឈានចូលថ្ងៃអង្គារ ទី៩ ខែមិថុនា ប្រព្រឹត្តិទៅនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក នាង សុវ៉ាត ត្រូវបានអ្នកធ្វើការក្នុងនាមជាអង្គការដៃគូ និងប្រជាសហគមន៍ដែលរងការរំលោភបំពាននានា ពីសំណាក់អ្នកមានលុយមានអំណាច បានផ្ដល់ឈ្មោះឲ្យលោកជាអ្នកតស៊ូមតិនិងជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្ម មានភាពក្លាហាន លះបង់កម្លាំងកាយចិត្ត និងមានសក្ដានុពលមិនចេះរឹងស្ងួត។
ទីភ្នាក់ងារជំនួយអាមេរិក យូអេសអេអាយឌី (USAID) សរសេរសារសម្ដែងមរណទុក្ខលោកនៅលើទំព័រហ៊្វេសបុកថា លោក នាង សុវ៉ាត បានបំពេញការងារដោយមិនចេះនឿយហត់ និងក្លាហាន ដើម្បីការពារសិទ្ធិរបស់ប្រជាជននិងសហគមន៍ងាយរងគ្រោះ។ ពួកយើងនឹងចងចាំពីការលះបង់ ភាពក្លាហាន និងការប្ដេជ្ញាចិត្តរបស់លោកក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
លោក នាង សុវ៉ាត បានទទួលមរណភាពដោយជំងឺរលាកស្រោមខួរក្បាល កាលពីថ្ងៃទី៣ ខែមិថុនា ក្នុងវ័យ ៦០ឆ្នាំ។ លោកនាង សុវ៉ាត បានចាប់ផ្ដើមការងារដំបូងក្នុងវិស័យការងារការពារសិទ្ធិមនុស្សនៅឆ្នាំ១៩៩២ ដោយស្ម័គ្រចិត្តគ្មានប្រាក់កម្រៃធ្វើការនៅខេត្តកំពង់ចាម នៅគ្រាដែលសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា ដែលគេស្គាល់ថា សមាគមអាដហុក (Adhoc) ទើបកកើតថ្មីថ្មោង ក្នុងស្ថានភាពនយោបាយប្រទេសកម្ពុជាកំពុងប្រទាញប្រទង់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ិនប៉ិច។ គ្រានោះប្រជាពលរដ្ឋខ្មែរដែលទើបងើបចេញពីភ្នក់ភ្លើងសង្គ្រាមយល់ដឹងពីច្បាប់នៅមានកម្រិតនៅឡើយ រីឯការរំលោភបំពានសិទ្ធិនិងដីធ្លី ក៏បានកើតឡើងច្រើនជាបន្តបន្ទាប់។
លោក ធន សារាយ ប្រធានសមាគម អាដហុក (Adhoc) ដែលកំពុងភៀសខ្លួននៅប្រទេសកាណាដា រំលឹកថា លោក នាង សុវ៉ាត បានស្ម័គ្រចិត្តតស៊ូធ្វើការឲ្យសមាគមព្រោះមានឆន្ទៈស្រលាញ់វិស័យសិទ្ធិមនុស្សប្រកបដោយថាមពលឥតរុញរា។ លោកថា គាត់បានស្ម័គ្រចិត្តជាយូរទម្រាំសមាគមមានលទ្ធភាពឧបត្ថម្ភលុយប្រមាណ ២០ ទៅ ៣០ដុល្លារក្នុង ១ខែ។ ប៉ុន្តែលោកនាង សុវ៉ាត បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន មិនដែលត្អូញត្អែរ ដើម្បីការងារជួយជនរងគ្រោះក្នុងខេត្តរបស់លោក។ លោក នាង សុវ៉ាត មានភាពមោះមុតក្លាហានមានជំហរច្បាស់លាស់ និងមិនខ្លាចការគំរាមកំហែង ការបំភិតបំភ័យណាមួយឡើយ។ លោក ធន សារាយ ថា គាត់មានភាពវ័យឆ្លាត និងមានទេពកោសល្យក្នុងការដឹកនាំការងារក្នុងខេត្ត ពិសេសនៅពេលប្រឈមមុខដាក់គ្នារវាងពលរដ្ឋនិងអាជ្ញាធរ គាត់អាចស្វែងរកដំណោះស្រាយតាមច្បាប់ប្រកបដោយសន្តិវិធីគ្មានហិង្សា។ លោក ធន សារាយ ថ្លែងថា ការបាត់បង់លោក នាង សុវ៉ាត ពេលនេះ គឺជាការខាតបង់ច្រើនក្នុងសមាគម៖ « ពេលយើងមានបញ្ហាលោកសកម្មណាស់មិនឲ្យអាដហុកយើងបែកបាក់រលត់រលាយ ពេលបុគ្គលិកយើងជាទូទៅមានការភ័យខ្លាចប្រធានមិននៅក្នុងប្រទេសគឺលោក សុវ៉ាត ហើយជាអ្នកដែលជួយបញ្ចេញស្នាដៃទប់នូវការភ័យខ្លាចរបស់បុគ្គលិកតាមខេត្តនានា ក៏ដូចជានៅតាមទីស្នាក់ការកណ្ដាល។ ពេលខ្លះយើងមានការទន់ជ្រាយអីគាត់អាចជួយពង្រឹងស្មារតីឡើងវិញ ខ្ញុំមានអនុស្សាវរីយ៍ជាមួយគាត់ គាត់ឲ្យមតិមកខ្ញុំថាក្នុងស្ថានភាពបែបនេះ យើងមិនត្រូវធ្វើអញ្ចេះមិនត្រូវអញ្ចុះ ក្នុងពេលដឹកនាំលោកមានការស្រុតចុះ ឬធ្លាក់ទឹកចិត្តឡើងវិញ។ ខ្ញុំសោកស្ដាយមែនទែនដែលបាត់បង់គាត់»។
ថ្វីបើលោកលាឈប់ពីការងារជាអ្នកសម្រួលសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ចាម នៅឆ្នាំ២០១៨ ក្ដី លោកនៅតែជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមនេះដែលមានតួនាទីផ្ដល់យោបល់នានា ដល់ថ្នាក់ដឹកនាំសមាគម ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
លោក នាង សុវ៉ាត ក៏ជាមនុស្សម្នាក់ ដែលបានប្រមូលសហគមន៍លើកបដាសុំឲ្យរដ្ឋាភិបាលដោះលែង បុគ្គលិកនិងអតីតបុគ្គលិកអាដហុក ៥នាក់ ដែលជាប់ពន្ធនាគារព្រៃស ពីបទសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលគេដឹងថាជាសំណុំរឿងនយោបាយនៃទំនាក់ទំនងស្នេហាជាមួយមេបក្សប្រឆាំង លោក កឹម សុខា នោះ។ អ្នកទាំងនេះ ត្រូវបានដោះលែងវិញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
រំលឹកដល់រឿងនេះ អ្នកស្រី លឹម មុនី ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកជាប់ឃុំទាំង៥នាក់ ថ្លែងថា
នៅយប់ដែលអ្នកស្រីបានចេញពន្ធនាគារ លោកនាង សុវ៉ាត បានកាត់មកពីឆ្ងាយទាំងយប់ដោយបានលើកកម្លាំងចិត្តឲ្យអ្នកស្រីអាចបន្តធ្វើការក្នុងបេសកកម្មការពារសិទ្ធិមនុស្ស៖ « អនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបានគឺនឹកជាប់នៅក្នុងខួរក្បាលខ្ញុំ គឺនៅពេលដែលខ្ញុំត្រូវបានគេដោះលែងចេញពីពន្ធនាគារព្រៃសយប់ហើយគាត់នៅកំពង់ចាមណោះទេ គាត់សុខចិត្តបើកឡានម្នាក់ឯងទាំងកណ្ដាលអាធ្រាត្រ ដើម្បីមកអបអរសាទរសម្ដែងនូវការនឹករលឹកពួកយើងនេះហើយដែលខ្ញុំមិនអាចបំភ្លេចបាននូវទឹកចិត្តរបស់គាត់»។
ក្រៅពីសហការីនៃស្ថាប័នតែមួយក្នុងសមាគម អ្នកស្រីក៏មានទំនាក់ទំនងរាប់អានជិតស្និទ្ធជាមួយគ្រួសារលោក នាង សុវ៉ាត ដែរ។ អ្នកស្រីពោលសរសើរថា លោកនាង សុវ៉ាត ក្រៅពីពូកែខាងការងារ លោកក៏ជាមេគ្រួសារដែលដឹកនាំកូនចៅដោយភាពរលូន យោគយល់គ្នា ប្រកបដោយសុភមង្គល៖ « តាមពិតមិនមែនថាឲ្យតែមនុស្សស្លាប់រំលើកបើកកកាយតែរឿងល្អនោះទេ តាំងពីស្គាល់ឆ្នាំ១៩៩៣ យើងឃើញអត្តចរិត ឆន្ទៈគឺគាត់ផ្ដោតការងារសិទ្ធិមនុស្ស គាត់ស្រលាញ់ការងារជួយសង្គមឥតងាករេ មានការលះបង់ខ្ពស់ជួយពលរដ្ឋដែលរងការរំលោភសិទ្ធិមនុស្ស។ គាត់មានកម្លាំងពលំធ្វើការងារសិទ្ធិមនុស្សដោយមិនចេះរីងស្ងួតមិនចេះនឿយហត់ មិនចេះត្អូញត្អែរ គាត់សុភាពរាបសារ គាត់ញញឹម ធ្វើការលះបង់កម្លាំងកាយចិត្តថវិកាផ្ទាល់ខ្លួន គាត់ជាមនុស្សមានប្រយោជន៍ខ្លាំង។ លោកជាមនុស្សម្នាក់រស់នៅមិនធ្ងន់ផែនដី»។
លោក នាង សុវ៉ាត ជាកូនកសិករនៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កាលពីចន្លោះឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៩ លោកធ្លាប់ជាគ្រូបង្រៀនវិទ្យាល័យគរ ស្រុកព្រៃឈរ។ លោករៀបការជាមួយលោកស្រី ណាំ ចិន្តា នៅឆ្នាំ១៩៨០។ លោកក៏បានចូលធ្វើទាហានបម្រើរដ្ឋាភិបាលសម័យរដ្ឋកម្ពុជារយៈពេល ៣ឆ្នាំ។ លោកមានកូន ៤នាក់ ស្រី ៣នាក់ និងប្រុសម្នាក់ ដោយពួកគេសុទ្ធតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ក្នុងចំណោមកូនទាំង ៤នាក់មានម្នាក់ធ្វើជាពិធីករវិទ្យុក្នុងស្រុកនិងជាវាគ្មិនដោះស្រាយបញ្ហាសង្គមដ៏ល្បីល្បាញ។

ភរិយាលោក គឺលោកស្រី ណាំ ចិន្តា ថ្លែងទាំងអួលដើមកថា ក្ដីស្រមៃរបស់លោកនាង សុវ៉ាត បានសម្រេចទាំងអស់៖ « តាំងពីខ្ញុំនៅជាមួយក្ដីប្រាថ្នារបស់គាត់រស់ឲ្យមានកិត្តិយស ស្លាប់ឲ្យគេគោរពកុំចាំធ្វើអីទាល់តែបានផលអ្វីដែលយើងធ្វើឲ្យតែបានជួយសង្គម និងអ្នកជិតខាងគិតពេញចិត្តនឹងអ៊ីចឹង បំណងចិត្តរបស់គាត់ដល់ថ្ងៃស្លាប់វាបានដូចចិត្តសឹងតែបាន ៩៩ % ហើយ។ ក្ដីប្រាថ្នាគាត់ជួយសង្គមនិងគ្រួសារ ដូចពាក្យចាស់ថា គាត់ស្លាប់ទៅបិទភ្នែកជិតដែរ»។
ក្នុងការងារផ្នែកសិទ្ធិមនុស្ស លោកតែងតែចុះបង្រៀនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យយល់អំពីសិទ្ធិមនុស្សនិងច្បាប់ ផ្ដល់ប្រឹក្សាផ្នែកច្បាប់ដល់ពលរដ្ឋដែលរងគ្រោះដោយការរំលោភបំពាននានា។
សហគមន៍ដីធ្លីខ្នងក្រពើលិចកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ លោកស្រី សូ ចេង ថ្លែងថា សហគមន៍ជាង ៦រយគ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនិងបានអភិវឌ្ឍន៍នៅកន្លែងមកដល់ថ្ងៃនេះ ក៏ដោយសារលោកបានជួយប្រជាពលរដ្ឋផ្នែកច្បាប់ និងតស៊ូមតិទាមទារបានដីធ្លីដោយអហិង្សាដោយសន្តិវិធីតាំងពីឆ្នាំ២០០៩រហូតដល់ឆ្នាំ២០១៧។ លោកស្រីថា ដោយសារការតស៊ូមតិជួយពលរដ្ឋរហូតដល់អាជ្ញាធរហៅលោក នាង សុវ៉ាត ទៅគំរាមទៀតផង៖ « ពួកខ្ញុំតស៊ូមតិ ៩ឆ្នាំកន្លះ គ្មាននរណាត្រូវព្រនង់ម្នាក់ ជាប់គុកម្នាក់ទេ បើមានបញ្ហាអីគឺគាត់ប្រាប់យើងមុនហើយថា កុំធ្វើពួកខ្ញុំស្ដាប់គាត់ទាំងអស់។ សូម្បីតែខ្ញុំស្គាល់គាត់ដំបូងៗ ឃើញគាត់ហត់អ៊ីចឹង ខ្ញុំជូនលុយថ្លៃកាតទូរស័ព្ទ គាត់ថា ខ្ញុំធ្វើការបម្រើប្រជាពលរដ្ឋ ៥ដុល្លារ គាត់មិនយកទេ»។
បើទោះជាស្ថិតក្នុងវ័យចាស់ហើយក្ដី លោកបានបន្តរៀនអនុបណ្ឌិតច្បាប់នៅឆ្នាំ២០១៨ រហូតដល់ចប់។ ដោយចិត្តស្រលាញ់អាជីពគ្រូបង្រៀន លោកក៏ជាសាស្ត្រាចារ្យផ្នែកច្បាប់មួយរូបនៅសកលវិទ្យាល័យឯកជននៅខេត្តកំពង់ចាម។ នៅឯសាកលវិទ្យាល័យ លើសពីការបង្រៀន លោកតែងអប់រំប្រៀនប្រដៅតម្រង់ទិសសិស្សជាប់ជានិច្ច ឲ្យក្លាយជាមនុស្សដែលមានធនធានក្នុងសង្គម។
ហ្វ៊េសបុកយុវតីម្នាក់ជាសិស្សរបស់លោកឈ្មោះ ស៊ន សៀវម៉ី (Sorn Seavmey) បានបង្ហោះសារថា នឹកស្នាមញញឹម នឹកពាក្យស្តីបន្ទោស នឹកពាក្យទូន្មាន។ លោកគ្រូតែងតែផ្ដល់កម្លាំងចិត្តដល់ពួកខ្ញុំពេលខ្លះក៏ស្ដីបន្ទោសក្នុងន័យអប់រំដ៏ល្អ និងលើកសរសើរ។ ទោះពួកខ្ញុំធ្វើមិនបានល្អ លោកគ្រូបានបង្ហាញនូវផ្លូវល្អដល់ពួកខ្ញុំលោកគ្រូតែងតែធ្វើគ្រប់យ៉ាងឲ្យពួកខ្ញុំមានភាពក្លាហាន រៀនពឹងលើខ្លួនឯង ទម្លាប់ខ្លួនចំណាយពេលអានសៀវភៅ លោកគ្រូបានបង្កើតកម្មវិធីជាច្រើនឲ្យពួកខ្ញុំបានបង្ហាញសមត្ថភាពដែលខ្លួនមាន។ អរគុណគ្រប់យ៉ាងដែលលោកគ្រូបានផ្ដល់ឱ្យ ការជួបត្រឹមរយៈពេលខ្លីតែមានន័យខ្លាំងបំផុត។
ងាកមករឿងគ្រួសារវិញ កាលពីលោកនៅមានជីវិត លោកបានបង្ហោះរូបថតចៅស្រីនៅតូចម្នាក់លើប្រូហ្វាលសរសេរថា ដឹងថា ចៅតាស្អាតតែអ្វីដែលតាចង់បាននោះគឺ ភាពរឹងមាំ សេចក្ដីក្លាហាន មិនសុខចិត្តរស់ដោយសារតែអ្នកដទៃ មិនខ្ពស់ដោយតែបក្សពួក។
អំឡុងពេលលោកធ្វើកិច្ចការសិទ្ធិមនុស្សនេះ លោកក៏បានធ្វើការមនុស្សធម៌ដោយជួយបង្ហាត់បង្រៀនយុវជនជាង ១០នាក់ឲ្យចេះធ្វើការ។ ក្រោយការបណ្ដុះបណ្ដាលរបស់លោកយុវជនទាំងនោះមានការងារធ្វើ និងខ្លះបានក្លាយជាមន្ត្រីសង្គមស៊ីវិលក្នុងការងារការពារសិទ្ធិមនុស្សដូចជាលោកដែរ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។