ចៅក្រមស៊ើបសួរតុលាការខេត្តរតនគិរី សម្រេចទម្លាក់ចោលសំណុំរឿងញុះញង់ប្រឆាំងនឹងមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន បុណ្ណារ៍ និងប្រជាសហគមន៍ឃុំសេដា ៩នាក់ផ្សេងទៀត។ មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យតុលាការគ្រប់រាជធានីខេត្ត យកសេចក្តីសម្រេចនេះជាគំរូ ដោយលើកលែងបទចោទលើអ្នកទោសមនសិការដទៃទៀត។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការទម្លាក់ចោលបទចោទប្រកាន់នេះ គឺជាការផ្ដល់យុត្តិធម៌ដល់រូបលោក និងប្រជាសហគមន៍ឃុំសេដា ដែលតាំងពីដំបូងមក មិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ លោកថា សេចក្ដីសម្រេចនេះ គឺជាគំរូដល់តុលាការផ្សេងទៀត ឱ្យទម្លាក់ចោលសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស។ ក្រៅពីនេះ លោកស្នើឱ្យតុលាការចាត់ការបណ្ដឹងបរិហារដែលលោក និងប្រជាសហគមន៍ ប្តឹងករណីកាប់រានដីព្រៃ និងរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋពីសំណាក់ក្រុមជនល្មើស៖ «
ចៅក្រមស៊ើបសួរតុលាការខេត្តរតនគិរី លោក សេង ស៊ឹមសុរិយា បានសម្រេចលើកលែងបទចោទប្រកាន់លើលោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍ឃុំសេដា ចំនួន ៩នាក់ តាមរយៈលិខិតជូនដំណឹងចុះថ្ងៃទី២៦ ឧសភា។ ពួកលោកទាំង១០ នាក់ ត្រូវបានក្រុមអាជ្ញាធរ និងមន្ត្រីជំនាញនៅខេត្តរតនគិរី ប្តឹងបកទៅតុលាការ កាលពីឆ្នាំ២០១៧ ក្រោយពីពួកលោកបានប្ដឹងបរិហារករណីអាជ្ញាធរបណ្ដែតបណ្ដោយឱ្យមានបទល្មើសកាប់រានដីព្រៃអភិរក្សអស់ជាង ៨រយហិកតារ (៨០០) ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ តំណាងអយ្យការបានចោទប្រកាន់លោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍ឃុំសេដា ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សាទរចំពោះសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរតុលាការខេត្តរតនគិរី។ លោកថា ការទម្លាក់ចោទបទចោទប្រកាន់នេះ ធ្វើឱ្យលោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍មានសេរីភាពពេញលេញឡើងវិញ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។ ទោះជាយ៉ាងណា លោក អំ សំអាត ក៏សោកស្ដាយផងដែរ ដែលតុលាការបានប្រើពេលជាង ២ឆ្នាំ ទម្រាំនឹងទម្លាក់ចោលរឿងនេះ ខណៈលោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍មិនបានប្រព្រឹត្តអ្វីខុសច្បាប់ឡើយ៖ «
ចំណែក អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ការទម្លាក់ចោទបទចោទលើអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាននៅត្រឹមដំណាក់កាលចៅក្រមស៊ើបសួរនេះ គឺជាករណីកម្របំផុត។ លោកគាំទ្រចំពោះសេចក្ដីសម្រេចបែបនេះ ហើយក៏ចង់ឃើញតុលាការគ្រប់រាជធានីខេត្ត ទម្លាក់ចោទសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស ក្រុមសកម្មជន អ្នកសារព័ត៌មាន និងអ្នកទោសមនសិការដទៃទៀត ដូចគ្នានេះដែរ៖ «
មន្ត្រីសិទ្ធិមនុស្សទាំងពីររូបស្នើយ៉ាងទទូចដល់មន្ត្រីអនុវត្តច្បាប់ ជាពិសេស តំណាងអយ្យការ ឱ្យពិចារណាគ្រប់ជ្រុងជ្រោយ មុននឹងចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្ស និងអ្នកការពារបរិស្ថាន ពីព្រោះសកម្មភាពរបស់ពួកគេគឺ ដើម្បីផលប្រយោជន៍សាធារណៈ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ជាពិសេស ការចោទប្រកាន់ ត្រូវធ្វើឡើងដោយមានភស្តុតាងរឹងមាំ និងឈរលើមូលដ្ឋានច្បាប់ជាធំ មិនមែនក្នុងន័យបំបាក់ស្មារតី ឬបន្ទច់បង្អាក់សកម្មភាពរបស់អ្នកធ្វើការងារសង្គមនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។