សាច់ញាតិ និង​សហជីព ទាមទារ​តុលាការ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ បន្ទាប់​ពី​ឃុំ​ខ្លួន​រយៈ​ពេល ១ឆ្នាំ

0:00 / 0:00

សាច់ញាតិ និង​សហជីព ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​កញ្ញា​ឈឹម ស៊ីថរ ឲ្យ​មាន​សេរីភាព​វិញ​បន្ទាប់​ពី​ជាប់​ឃុំ​ខ្លួន​រយៈពេល១ឆ្នាំ ។ ពួក​គាត់​ថា ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ដោយ​សន្តិវិធី របស់​កម្មករ និង​សហជីព​ មិន​មែន​ជា​អំពើ​ខុស​ច្បាស់ តែ​គឺ​ជា​សិទ្ធិ​ ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន។

សាច់ញាតិ និង​សហជីព ទទូច​ដល់​រដ្ឋាភិបាល ជំរុញ​ដល់​តុលាការ ឲ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​តំណាង​សហជីព និង​ដោះលែង​ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ប្អូនប្រុស​កញ្ញា ឈឹម ស៊ីថរ គឺ​លោក ឈឹម ប្រុស ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា​ថា លោក​បាន​ទៅ​សួរ​សុខទុក្ខ​កញ្ញា ឈឹម ស៊ីថរ នៅ​ពេល​ថ្មីៗ នេះ ហើយ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត កញ្ញា ឈឹម ស៊ីថរ នៅ​រឹងមាំ​ដូចធម្មតា។ លោក​ស្នើ​ដល់​រដ្ឋាភិបាល ឱ្យ​ជំរុញ​ដល់​តុលាការ​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឲ្យ​មាន​សេរីភាព​ជួបជុំ​ក្រុម​គ្រួសារ។

ថ្ងៃ​ទី២៦ វិច្ឆិកា ជា​ខួប​មួយ​ឆ្នាំ​ នៃ​ការ​ឃុំ​ខ្លួន​ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទី២ ពេល​កញ្ញា​វិល​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​ពី​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី។ ការ​ឃុំ​ខ្លួន​លើក​ទី២ នេះ តុលាការ​បាន​ចោទ​ប្រកាន់​ថា ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ល្មើស​បម្រាម​របស់​តុលាការ ប៉ុន្តែ​តំណាង​សហជីព​ណាហ្គាវើលដ៍​ថា ពួកគាត់​មិន​បាន​ដឹង​អំពី​បម្រាម​ទាំង​នោះ នោះ​ទេ។ ជាមួយ​គ្នា​នេះ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រិះគន់​ថា ការ​ឃាត់​ខ្លួន​នេះ ជា​ការ​គំរាម​កំហែង និង​បំភិតបំភ័យ​ថ្មី​មួយ​ទៀត លើ​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

ទន្ទឹម​នឹង​នេះ សហជីព​ណាហ្គាវើលដ៍ (LRSU) កាល​ពី​ថ្ងៃ​ទី២៦ វិច្ឆិកា បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ដើម្បី​គម្រប់​ខួប ១ឆ្នាំ នៃ​ការ​ឃុំ​ខ្លួន​លើក​ទី២ របស់​ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ​ថា ការ​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ​នេះ ជា​អំពើ​អយុត្តិធម៌ ហើយ​ពួក​គេ​ស្នើ​ដល់​ក្រសួង​យុត្តិធម៌​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​ឆ្លើយតប​សំណើ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា ដោយសារ​ទូរស័ព្ទ​ចូល តែ​ត្រូវ​ចុច​បិទ។

ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវា​កម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​កន្លង​ទៅ​មិនមែន​ជា​អំពើ​ខុស​ច្បាប់​ទេ។ អ្នកស្រី​បន្ថែម​ថា សិទ្ធិ នៃ​ការ​ធ្វើ​កូដកម្ម​នេះ គឺ​ជា​កត្តា​ជំរុញ​ដល់​ថៅកែ​ឲ្យ​គោរព​ច្បាប់​ និង​សិទ្ធិ​ការងារ​របស់​កម្មករ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ ក៏ប៉ុន្តែ​សិទ្ធិ​ធ្វើ​កូដកម្ម​នេះ​ហាក់​ត្រូវ​បាន​រឹត​ត្បិត នៅ​ពេល​ភាគី​រដ្ឋ​លូក​ដៃ​ចូល​ក្នុង​វិវាទ​ការងារ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «កន្លងមក​ការ​ប្រព្រឹត្ត​ខុស​ដោយ​រាជ​រដ្ឋាភិបាល ដោយ​ប្រើប្រាស់​អំណាច បំពាន​អំណាច ហើយ​ការពារ​ទៅ​ដល់​និយោជក ដែល​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​ទៅ​ហើយ មិន​គួរណា​កម្មករ​និយោជិត ដែល​គាត់​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឯង​ការពារ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​កន្លែង​ធ្វើការ ការពារ​វត្តមាន​សហជីព​នៅ​កន្លែង​ធ្វើការ មិន​គួរ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ឬក៏​ស្ថិត​នៅ​ក្នុង​ការ​គំរាមកំហែង ឬ​ក៏​ការ​យាយី​ធ្វើ​ទុក្ខបុកម្នេញ​ដល់​កម្មករ​និយោជិត ឬ​ក៏​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាំង​អស់​នោះ​ទេ គួរតែ​បង្ក​បរិយាកាស​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស​ហ្នឹង ធ្វើការ​ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​សង្គម​របស់​យើង»។

អស់​រយៈពេល​ជិត ៣ឆ្នាំ​ហើយ ដែល​សហជីព​ណាហ្គាវើលដ៍ ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ ប៉ុន្តែ​ពួកគាត់​នៅ​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ ដែល​អាច​ទទួល​យក​បាន​នៅឡើយ​ទេ។ ជាង​នេះ​ទៅ​ទៀត ក្រុម​កូដ​ករ ថែមទាំង​ត្រូវ​បាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លាប​ពណ៌​ថា ជា​អ្នក​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម បម្រើ​ផលប្រយោជន៍​បរទេស រង​ការ​ចោទប្រកាន់​ពី​តុលាការ និង​កាត់ទោស​ដាក់​ពន្ធនាគារ។

សាច់ញាតិ និង​មន្ត្រី​សហជីព នៅ​តែ​ស្នើ​ដល់​រដ្ឋាភិបាល ជំរុញ​ដល់​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​លើ​តំណាង​សហជីព​ណាហ្គាវើលដ៍ និង​ដោះលែង​ប្រធាន​សហជីព​ណាហ្គាវើលដ៍​ឲ្យ​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។