សាច់ញាតិរបស់អ្នកនយោបាយកំពុងជាប់ឃុំក្នុងពន្ធនាគារ ស្នើសុំរដ្ឋាភិបាលអន្តរាគមន៍ទៅតុលាការដោះលែងប្ដី និងឪពុករបស់ពួកគេ ឲ្យមានសេរីភាពវិញនៅមុនការបោះឆ្នោតឆ្នាំ២០២២។ សង្គមស៊ីវិលថា ការបន្តឃុំខ្លួនអ្នកនយោបាយទាំងនោះ មិនមែនជារឿងល្អសម្រាប់កម្ពុជាទេ។
សាច់ញាតិរបស់ក្រុមអ្នកជាប់ឃុំ ឲ្យដឹងថា នៅសល់សកម្មជននិងអ្នកនយោបាយជាច្រើនកំពុងជាប់ក្នុងឃុំនៅឡើយ។ ពួកគេទទូចឲ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ និងអន្តរាគមន៍ដោះលែងអ្នកនយោបាយទាំងនោះ ឲ្យមានសេរីភាពវិញ នៅឲ្យបានឆាប់បំផុត។
ប្រពន្ធរបស់សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងលោក គង់ ម៉ាស់ គឺអ្នកស្រី កុល សាត ឲ្យដឹងថា ប្ដីរបស់លោកស្រីជាប់ពន្ធនាគារជាលើកទី២ រយៈពេលជាងមួយឆ្នាំហើយ ដោយតុលាការមិនទាន់រកឃើញកំហុសទេ។ លោកស្រីទាមទារឲ្យរដ្ឋាភិបាល និងតុលាការ ដោះលែងលោក គង់ ម៉ាស់ ឲ្យមានសេរីភាពវិញ។ លោកស្រីបញ្ជាក់ថា បច្ចុប្បន្នប្ដីរបស់លោកស្រី កំពុងធ្លាក់ខ្លួនឈឺ និងរស់នៅក្នុងភាពលំបាកក្នុងពន្ធនាគារ ដោយសារនៅខាងពន្ធនាគារម១ គ្មានថ្នាំព្យាបាលគ្រប់គ្រាន់៖ « ក្នុងឆ្នាំថ្មីនេះ មុនការបោះឆ្នោត ខ្ញុំសង្ឃឹមថា គេនឹងដោះលែងគាត់មុនការបោះឆ្នោតណាបង ព្រោះគាត់គ្មានកំហុសទេ ហើយមួយទៀត សម្រាប់ប្ដីខ្ញុំ គាត់មានបញ្ហាសុខភាព»។
ក្រុមគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំផ្សេងទៀត ក៏ទទូចឲ្យរដ្ឋាភិបាល និងតុលាការដោះលែងប្ដី និងឪពុករបស់ពួកគេឲ្យមានសេរីភាពវិញដែរ។ ក្រុមស្ត្រីតវ៉ារៀងរាល់ថ្ងៃសុក្រ និងជាប្រពន្ធរបស់សកម្មជនគណបក្សសង្គ្រោះជាតិលោក យឹម សារ៉េត គឺ លោកស្រី អ៊ុក ចន្ធី ចាត់ទុកការឃុំប្ដីដោយគ្មានការកាត់ទោសជាងមួយឆ្នាំមកនេះ ថាជារឿងអយុត្តិធម៌ និងជាការបង្ករភាពឈឺចាប់សម្រាប់ក្រុមគ្រួសារទាំងមូល។
លោកស្រី ឲ្យដឹងថា លោក យឹម សារ៉េត ក្នុងវ័យជាង ៥០ ឆ្នាំ ក៏កំពុងឈឺធ្ងន់ និងទ្រាំរស់ក្នុងភាពលំបាកក្នុងពន្ធនាគារ។ លោកស្រី សង្ឃឹមថា រដ្ឋាភិបាលនឹងបញ្ឈប់ការចង់កម្មពារជាមួយគ្រួសាររបស់លោកស្រី ហើយដោះលែងប្ដីឲ្យមានសេរីភាពវិញ ក្នុងពេលឆាប់ៗនេះ។
សកម្មជនកំពុងជាប់ឃុំជាង ៦០ នាក់ ដែលមិនទាន់ត្រូវបានដោះលែង ភាគច្រើនគឺជាសកម្មជនគណបក្សសង្គ្រោះជាតិ មន្ត្រីសហជីពណាហ្គាវើលដ៍ (Nagaworld)សមាជិកសង្គមស៊ីវិល និងអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល។ ភាគច្រើននៃអ្នកជាប់ឃុំទាំងនោះ រងការចោទប្រកាន់ពីបទ «ញុះញង់» និង «រួមគំនិតក្បត់» ដែលត្រូវបានក្រុមអ្នកឃ្លាំ មើលចាត់ទុកជាបទចោទមានចរិតនយោបាយ។
ក្នុងចំណោមអ្នកទាំងអស់នេះ មានមន្ត្រីបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យម្នាក់ កំពុងជាប់ឃុំយូរឆ្នាំជាងគេ និងត្រូវអាជ្ញាធរបញ្ជូនទៅឃុំនៅពន្ធនាគារម៣ ត្រពាំងផ្លុង ក្បែរព្រំដែនជាមួយវៀតណាម។ នោះគឺចៅសង្កាត់ជាប់ឆ្នោតនៅសង្កាត់ប៉ោយប៉ែត លោក ចៅ វាសនា។
កូនស្រីរបស់លោកចៅ វាសនា គឺលោកស្រី ចៅ រតនៈ ឲ្យដឹងថា មកដល់ពេលនេះ អាជ្ញាធរបានឃុំខ្លួនឪពុករបស់លោកស្រី ជិតគ្រប់ ៥ ឆ្នាំហើយ។ ដូច្នេះ លោកស្រី មិនចង់បានសណ្ដោសប្រណីអ្វីទាំងអស់។ លោកស្រី គ្រាន់តែសង្ឃឹមថានឹងបានជួបមុខឪពុកនៅខាងក្រៅឃុំ នៅខែក្រោយនេះ ហើយរំពឹងថា អាជ្ញាធរនឹងមិនបន្តតាមធ្វើបាបលោក ចៅ វាសនា បន្តទៀតឡើយ៖ «លែងរំពឹងហើយ ហើយក៏អត់ចង់រំពឹងដែរ ព្រោះអ្វីយល់ថា វាពេល ( ដោះលែង ) ហើយ វាដល់ពេលវេលារបស់គាត់ហើយ។ ខ្ញុំក៏អត់ត្រូវការ ចង់និយាយថា រំពឹងឲ្យគាត់ ( តុលាការ ) ដោះលែងក្នុងន័យជា ឃ្លាំមើល ឃ្លាំអ្វី ខ្ញុំក៏អត់ចង់ដែរ ព្រោះអ្វីប៉ាគាត់ស៊ូទ្រាំគ្រប់៥ឆ្នាំរបស់គាត់ហើយ»។
ពាក់ព័ន្ធបញ្ហាទាំងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ នៅថ្ងៃទី១៦ ខែមករា។
ទោះជាយ៉ាងណា ក្រុមអ្នកឃ្លាំមើលសង្ឃឹមថា រដ្ឋាភិបាល និងតុលាការ នឹងរកយន្តការមួយល្អ ដើម្បីដោះលែង ឬយ៉ាងហោចណាស់ក៏ត្រូវជួយសម្រួលឲ្យអ្នកជាប់ឃុំផ្នែកនយោបាយបាននៅក្រៅឃុំ ក្នុងពេលរង់ចាំសវនាការនេះដែរ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ឲ្យដឹងថា ខាងសង្គមស៊ីវិលចាត់ទុកថា ការដាក់ទោសអ្នកនយោបាយកន្លងមក គឺជារឿងក្ដីនយោបាយ ដូច្នេះការបន្តឃុំខ្លួនពួកគេកាន់តែយូរ នឹងបង្កើតឲ្យមានការរិះគន់កាន់តែខ្លាំង។ លោក យល់ថា យ៉ាងហោចណាស់ តុលាការក៏គួរដោះលែងឲ្យអ្នកនយោបាយទាំងអស់នៅក្រៅឃុំសិនដែរ ដោយមិនគួរបន្តឃុំពួកគេយូរឆ្នាំបែបនេះទេ៖ «ហើយអាការដាក់ឃុំរបស់គាត់ ក្នុងរយៈពេលកន្លងមកក៏វាយូរឆ្នាំមកហើយដែរ ល្មមនឹងមានការពិចារណាអ្នកដែលកំពុងនៅក្នុងឃុំហ្នឹង ឲ្យគាត់បានក្រៅឃុំ ហើយនីតិវិធីក៏អាចបន្តទៅបានដដែលទេ។ អ៊ីចឹងហើយ ការដែលនៅក្នុងឃុំហ្នឹង ដូចជាមិនលក្ខណៈចាំបាច់ក្នុងការរក្សាទុកសវនាការទេ ព្រោះពួកគាត់សុទ្ធតែមានឆន្ទៈចូលរួមក្នុងសវនាការដដែល»។
កន្លងមក ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងក្រុមអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផង បានចាត់ទុករឿងក្ដីប្រឆាំងលើសកម្មជននយោបាយ សិទ្ធិមនុស្ស សង្គម បរិស្ថាន និងអ្នកហ៊ានរិះគន់រដ្ឋាភិបាល ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ តំណាងស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សទាំងអស់នោះ បានស្នើសុំឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះ ឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។