អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិចំនួនពីរ ទាមទារឲ្យរដ្ឋាភិបាលគោរពសន្យាដោះលែងអ្នក ជាប់ឃុំ ១ម៉ឺននាក់ ដែលបានប្រព្រឹត្តបទល្មើសស្រាល ដើម្បីកាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារដែលកំពុងមានភាពចង្អៀតណែន និងធ្វើឲ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា រដ្ឋាភិបាល មិនដែលបានសន្យាដោះលែងអ្នកទោស នោះទេ។
អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញសេចក្ដីការណ៍រួមគ្នាមួយ បង្ហាញការសោកស្ដាយ ចំពោះភាពខ្វះខាតរបស់អាជ្ញាធរកម្ពុជា ក្នុងការដោះស្រាយវិបត្តិសិទ្ធិមនុស្សដែលកើតមានក្នុងពន្ធនាគារឱ្យមានប្រសិទ្ធភាព ។ អង្គការសិទ្ធិ មនុស្សទាំងពីរនេះ ទទូចដល់រដ្ឋាភិបាល ឱ្យចាត់វិធានការជាបន្ទាន់ដូចជា កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយគ្មានការពន្យារពេល ពន្លឿនការដោះ លែងអ្នកជាប់ឃុំចំនួន ១០.០០០នាក់ ដូចដែលបានប្រកាស នាពេលកន្លងមក ហើយផ្ដល់ អាទិភាពក្នុងការដោះលែងអ្នកជាប់ឃុំ ដែលប្រឈមនឹងហានិភ័យដូចជា មនុស្សចាស់ អ្នកជំងឺដែលត្រូវការសេវាថែទាំសុខភាពជាចាំបាច់ ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលមានកូនតូចនៅជាមួយ និងអ្នកជាប់ឃុំជាអនីតិជនជាដើម ។ អង្គការទាំងពីរ ក៏ទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំងអស់ដែលត្រូវ បានឃុំខ្លួនដោយគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងនោះមានអ្នកជាប់ឃុំនៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន និងអ្នកជាប់ឃុំ ក្រោមហេតុផលនយោបាយផងដែរ។នាយិកាអង្គការលីកាដូ (LICADHO) អ្នកស្រី ណាលី ពីឡូក មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៣ ខែកក្កដាថា "ប្រទេសជាច្រើននៅលើពិភពលោកបានឆ្លើយតបចំពោះការរីករាលដាលនៃវីរុស កូវីដ១៩ ដោយការដោះលែងមនុស្សជាច្រើនពីពន្ធនាគារ ជាពិសេស អ្នកដែលត្រូវបានចោទប្រកាន់ពីបទល្មើសបែបអហិង្សា ឬអ្នកជាប់ឃុំដែលត្រូវការសេវាថែទាំសុខភាពជាចាំបាច់។ អ្នកស្រីបន្តថា៖ « ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាចង្អៀតណែន និងកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការដោះលែងអ្នកជាប់ឃុំឱ្យនៅក្រៅឃុំ និងមធ្យោបាយផ្សេងទៀត នេះគឺជាពេលវេលាសមស្របបំផុតក្នុងការចាត់វិធានការ » ។
កាលពីថ្ងៃទី២៧ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសគាំទ្រយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលដាក់ចេញដោយក្រសួងយុត្តិធម៌។ លោក ស ខេង បានសន្យាថា អ្នកជាប់ឃុំរហូតដល់ ១០.០០០នាក់ នឹងត្រូវដោះលែងនៅទូទាំងប្រទេស ដោយព្រួយបារម្ភពីហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។ ក្នុងពេលនោះ លោកថែមទាំងប្រាប់ឲ្យកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានត្រៀមខ្លួន ដើម្បីតាមដានអ្នកជាប់ឃុំ ដែលអាចត្រូវដោះលែងនៅពេលខាងមុខ។ លោកទទួលស្គាល់ថា ភាពចង្អៀតណែនក្នុងពន្ធនាគារជាបញ្ហាមួយ ដែលនាំឲ្យមានការចំណាយច្រើនរបស់រដ្ឋ និងការរិះគន់អំពីសិទ្ធិមនុស្សផងដែរ៖ « អ៊ីចឹងវាអាចធ្លាក់ទៅជាបន្ទុករបស់រដ្ឋបាលដែនដីរបស់យើង ( ដែល ) សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ ដើម្បីគ្រប់គ្រងសន្តិសុខនៅកន្លែងហ្នឹង។ វាមិនច្រើនទេ វារាយប៉ាយទេ។ ឧបមាយើងសម្រាលបន្ធូរបន្ថយបាន ១ម៉ឺននាក់ វាមួយម៉ឺនហ្នឹង មិនមែនទៅមួយខេត្ត ពីរខេត្តទេ វារាយគ្រប់តែកន្លែង » ។
ទោះជាមានការប្រកាសជាក់លាក់បែបនេះពីលោក ស ខេង ក៏ដោយ ក៏អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា រដ្ឋាភិបាលមិនដែលបានសន្យាដោះលែងអ្នកទោស ឬជនជាប់ឃុំនោះទេ។ លោកស្នើឲ្យអង្គការលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ ផ្ទៀងផ្ទាត់ព័ត៌មាននេះឡើងវិញ៖ « យុទ្ធនាការរបស់ក្រសួងយុត្តិធម៌នេះ មិនមែនដោះលែងអ្នកទោស នោះទេ មិនមែនដូចគោលដៅដូចការលើកឡើងរបស់អង្គការទាំងពីរ ដែលលើកឡើងដោយភ័ន្តច្រឡំថា ដោះលែងអ្នកទោសប៉ុណ្ណេះ ក្នុងរយៈពេលប៉ុណ្ណេះឆ្នាំ គឺអត់ទេ។ យុទ្ធនាការនេះ គឺដោះស្រាយភាពកក់ស្ទះសំណុំរឿងនៅតាមសាលាដំបូងតែប៉ុណ្ណោះឯង បានន័យថា តាមរយៈជមរុញ នីតិវិធីឲ្យបានលឿន ហើយឈានទៅដល់ការចេញសាលក្រមស្ថាពរឲ្យបានឆាប់តែប៉ុណ្ណោះ » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោកសុំមិនឆ្លើយឆ្លងជាមួយអ្នកនាំពាក្យក្រសួងយុត្តិធម៌នោះទេ ប៉ុន្តែលោក បញ្ជាក់ថា ការដែលអង្គការទាំងពីរចេញសេចក្ដីថ្លែងការណ៍ជំរុញឲ្យពន្លឿនដោះលែងអ្នកជាប់ ឃុំនេះ ព្រោះពិនិត្យឃើញថា ស្ថានភាពពន្ធនាគារនៅតែចង្អៀតណែនគួរឲ្យព្រួយបារម្ភ។ លោក បន្តថា កន្លងមក រដ្ឋាភិបាល ក៏ទទួលស្គាល់ពីភាពចង្អៀតណែនក្នុងពន្ធនាគារដែរ និងប្រកាសពី បំណងដោះលែងអ្នកទោសដែលប្រព្រឹត្តបទល្មើសស្រាលៗ ដូច្នេះហើយទើបអង្គការទាំងពីរ គាំទ្រ និងជំរុញឲ្យអនុវត្តវិធានការនេះដើម្បីឲ្យបានលឿន៖ « សេចក្ដីថ្លែងការណ៍នេះគ្រាន់តែរម្លឹកឡើងវិញហើយយើងគាំទ្រនូវអនុ សាសន៍ឬក៏គោលការណ៍នៅក្នុងការពិនិត្យទៅលើលទ្ធភាព បើអាចធ្វើទៅបាន ចំពោះការដោះលែង អ្នកជាប់ឃុំជាង ១ម៉ឺននាក់ តែមកដល់ពេលនេះយើងអត់ទាន់ទទួលបានព័ត៌មាន ឬក៏ចំនួនតួលេខ ណាមួយពិតប្រាកដ ។តែគ្រាន់តែថា យើងនៅតែគាំទ្រ និងចង់ឲ្យមានការដោះលែងអ៊ីចឹង » ។
កាលពីដើមខែកក្កដា ក្រសួងយុត្តិធម៌ បានបង្ហាញលទ្ធផលនៃការអនុវត្តយុទ្ធនាការដោះស្រាយ សំណុំរឿងកកស្ទះក្នុងតុលាការថា មានសំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស មាន ៣.៤៥៤សំណុំរឿង ស្មើនឹង ២៧ភាគរយនៃសំណុំរឿងដែលបានកកស្ទះ ប៉ុន្តែ មិនបានបង្ហាញថា តើមានអ្នកជាប់ឃុំប៉ុន្មាននាក់ត្រូវបានដោះលែងពីពន្ធនាគារដែលមានភាពចង្អៀតណែនខ្លាំងនេះទេ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា មកទល់ពេលនេះ ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារមិនទាន់ថយចុះនោះទេ ដោយសារក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ មិនទាន់ឈានដល់ដំណាក់កាលដោះលែងជនជាប់ឃុំដែលមានបទល្មើសស្រាលៗ នៅឡើយ ពោលគឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលើតួលេខ និងមូលហេតុឬបញ្ហាជាមុនសិន។ ទោះយ៉ាងណា លោកអះអាងថា ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ ក៏មិនកើនឡើងខ្លាំងនោះដែរ ដោយសារមួយរយៈចុងក្រោយនេះ ក្រសួងយុត្តិធម៌ បានធ្វើការជាមួយស្ថាប័នតុលាការ ផ្អាកបញ្ជូនអ្នកទោសស្រាលៗ ទៅឃុំក្នុងពន្ធនាគារបណ្ដោះអាសន្ន ដោយគ្រាន់តែដាក់ពួកគេឲ្យស្ថិតក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ៖ « អត់អាន់ធូរទេ នៅតែចង្អៀតដដែលដូចមុនអ៊ីចឹង តែគ្រាន់តែថា យើងបានពន្លឿនសំណុំរឿងខ្លះទៅ យើងមានលទ្ធភាពក្នុងការផ្ទេរដូចថា កន្លែងមួយចង្អៀតខ្លាំង យើងអាចពេលដែលគាត់កាត់ទោសហើយ យើងអាចផ្ទេរគាត់ទៅកន្លែងផ្សេងទៀត ដែលវាមិនសូវចង្អៀត។ ដូច្នេះយើងរ៉េងវាអ៊ីចឹងវាធូរដែរ !» ។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ បង្ហាញថា ចំនួន អ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជា បានកើនឡើងពី ២១.៩០០នាក់ នៅចុងឆ្នាំ២០១៦ ដល់ ៣៨.៩៩០នាក់ គិតត្រឹមខែមីនា ឆ្នាំ២០២០ ទោះបីជាពន្ធនាគារនៅកម្ពុជាត្រូវបានប៉ាន់ប្រមាណថា អាចផ្ទុកមនុស្សបានត្រឹមចំនួន ២៦.៥៩៣នាក់ក៏ដោយ។ សេចក្ដីថ្លែងការណ៍ដដែល លើកឡើងថា ការកើនឡើងចំនួនជនជាប់ឃុំនេះ បន្ទាប់ពីមានយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងដោយសារការកើនឡើងច្រើនហួសហេតុនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។អង្គការទាំងពីរ រកឃើញទៀតថា ចំនួនក្មេងតាមម្ដាយដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក៏បានកើនឡើងយ៉ាងខ្លាំង ដែលកើនពីចំនួន ៣០នាក់ នៅចុងឆ្នាំ២០១៥ ដល់ចំនួន ១០១នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខណៈ ក្មេងជាច្រើន ទៀតដែលច្បាប់ហាមឃាត់មិនឱ្យនៅក្នុងពន្ធនាគារ នៅតែត្រូវបានជាប់ឃុំជាមួយមនុស្សពេញវ័យ ដែលនេះជាការរំលោភកាតព្វកិច្ចសិទ្ធិមនុស្សនៅកម្ពុជា។ អង្គការសិទ្ធិមនុស្សទាំងពីរ ព្រួយបារម្ភថា ភាពចង្អៀតណែន ដែលរហូតដល់បន្ទប់ឃុំឃាំងតែមួយ ផ្ទុកអ្នកជាប់ឃុំរហូតដល់ ៥៣០នាក់ ថែមទាំងខ្វះខាតទឹកស្អាតប្រើប្រាស់ គ្មានអនាម័យ មិនអាចរក្សាគម្លាតពីគ្នា និងការលាងដៃឱ្យបានញឹកញាប់ គឺពិតជាមានហានិភ័យខ្ពស់បំផុតក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ប្រសិនបើគ្មានការដោះស្រាយជាបន្ទាន់ទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។