មន្ត្រី​ថា ខ្លួន​ដាក់​របាយការណ៍​ឆ្លើយ​តប​របាយការណ៍​បឋម​របស់​​អឺរ៉ុប​លើ​ផ្នែក​សេរីភាព​សារព័ត៌មាន

ដោយ សុ ជីវី
2019.12.04
លោក ខៀវ កាញារីទ្ធ ៦២២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
រូប៖ ក្រសួងព័ត៌មាន

មន្ត្រី​ក្រសួង​ព័ត៌មាន​អះអាង​ថា បាន​បញ្ជូន​របាយការណ៍​ទាក់ទង​នឹង​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ទៅ​ក្រសួង​ការបរទេស​រួច​ហើយ ដើម្បី​ឆ្លើយតប​នឹង​ការវាយតម្លៃ​បឋម​ឈាន​ទៅ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នោះ​។

សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញមតិ ត្រូវ​គណៈកម្មការ​អឺរ៉ុប​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែប្រែ​ឱ្យ​មាន​ភាព​ប្រសើរ ឱ្យ​ទាន់​ពេលវេលា ដែល​គណៈកម្មការ​នេះ​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ។ បើ​ទោះ​ជា​យ៉ាងណា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅតែ​មើល​ឃើញ​ថា ការ​រឹតត្បិត​សេរីភាព​ផ្នែក​នេះ នៅ​មិន​ទាន់​មាន​ការ​កែប្រែ ដែល​អាច​ចាត់​ទុក​ថា ជា​វិធានការ​ជាក់លាក់​ទៅ​រក​ភាព​ប្រសើរ​នៅ​ឡើយ។

អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ​ថា ក្រសួង​បាន​បញ្ជូន​របាយការណ៍​រួចរាល់​ហើយ​ទៅ​ក្រសួង​ការបរទេស ដែល​ជា​អ្នក​បញ្ជូន​របាយការណ៍​រួម​ត្រឡប់​ទៅ​គណៈកម្មការ​អឺរ៉ុប​នោះ ប៉ុន្តែ​លោក បដិសេធ​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​ការ​ឆ្លើយតប​នោះ៖ «យើងខ្ញុំ​បាន​ជម្រាប​ជូន​ទៅ​ក្នុង​លិខិត​ទៅ​ក្រសួង​ការបរទេស​ហើយ ខ្លឹមសារ​យ៉ាង​ម៉េចៗ​ពេល​ដែល​បញ្ជូន​ទៅដល់​គណ​គណៈកម្មការ​អឺរ៉ុប​នឹង​ដឹង​ហើយ»

គិត​ត្រឹម​ថ្ងៃ ទី​៣ ខែ​ធ្នូ គឺ​នៅសល់​រយៈពេល​៩​ថ្ងៃ​ទៀត ដែល​គណៈកម្មការ​អឺរ៉ុប​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​នៅមុន​ពេល​ឈាន​ទៅ​សម្រេច​ថា​តើ ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ ឬ EBA កម្ពុជា ឬ​យ៉ាងណា​។ របាយការណ៍​វាយតម្លៃ​បឋម​រក​របស់​គណៈកម្មការ​អឺរ៉ុប​ឃើញ​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មាន​ករណី​រំលោភ​ជា​ប្រព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​សំខាន់ៗ​ចំនួន ៥ រួមមាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ដីធ្លី សិទ្ធិ​សង្គម និង​វប្បធម៌​។ សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ផ្នែក​សំខាន់​មួយ​នៃ​សេរីភាព​បញ្ចេញមតិ ដែល​មាន​ធានា​នៅ​ក្នុង​មាត្រា​១៩ នៃ​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

នៅ​ក្នុង​សេចក្ដីសន្និដ្ឋាន​របស់​គណៈកម្មការ​អឺរ៉ុប​ក្នុង​ផ្នែក​នេះ ក៏​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ ឬក៏​ដាក់​ថ្នាំ​ឱ្យ​ត្រូវ​ចំ​កន្លែង ដែល​ត្រូវ​ព្យាបាល​ឡើយ។ គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ក្នុង​របាយការណ៍​ថា នៅ​ក្នុង​ផ្នែក​សេរីភាព​សារព័ត៌មាន​នេះ​មាន​ករណី​ជា​ភស្តុតាង​ជាច្រើន ដែល​បង្ហាញ​ថា មានការ​រំលោភបំពាន​សិទ្ធិ​សេរីភាព និង​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយ​អាជ្ញាធរ​រដ្ឋ​។ ទាំងនោះ​រួមមាន ការ​ចាប់​ឃុំខ្លួន​អ្នកសារព័ត៌មាន​ដោយសារ​ការ​បំពេញ​ការងារ ការ​កោះហៅ​ទៅ​សាកសួរ ការចោទប្រកាន់​តាម​ផ្លូវ​តុលាការ ការ​ផ្ដន្ទាទោស និង​វិធានការ​រឹត​បន្ដឹង​សកម្មភាព​ក្រោម​វិជ្ជាជីវៈ​សារព័ត៌មាន​ជាដើម​។ ចាប់ពី​ខែ មេសា ២០១៧ ដល់ មីនា ២០១៨ មាន​អ្នកសារព័ត៌មាន​ចំនួន ៩​នាក់ ត្រូវ​កោះហៅ​ទៅ​សាកសួរ ២០​នាក់​ត្រូវ​ចាប់ខ្លួន ១៥​នាក់​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ១២​នាក់​ត្រូវ​ចោទប្រកាន់ និង​២​នាក់​ត្រូវ​កាត់​ឱ្យ​មានទោស​ចំពោះ​សកម្មភាព​ពួកគេ​។ លើស​ពី​នេះ​នៅ​មាន​ករណី​សម្លាប់​អ្នកសារព័ត៌មាន អ្នកវិភាគ​ដែល​បញ្ចេញមតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មិន​ទាន់​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ពេញលេញ និង​ឯករាជ្យ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​នៅឡើយ​។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក អ្នកសារព័ត៌មាន​នៅ​កម្ពុជា​យ៉ាងតិច​ចំនួន ១៣​នាក់ ត្រូវ​បាន​គេ​សម្លាប់​។ ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ចំនួន ១៣​នាក់ មាន ៥​នាក់ ជា​អ្នក​ដែល​សរសេរ​រិះគន់​បក្ស​កាន់អំណាច ចំណែក​៧​នាក់​ទៀត បាន​ធ្វើ​ការ​ស៊ើបអង្កេត និង​រាយការណ៍​អំពី​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​បុគ្គល​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​ស្ថាប័ន​យោធា​។ ជាមួយ​គ្នា​នេះ​អ្នកវិភាគ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​ក៏​មិន​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ក្រៅ​តែ​ពី​ចាប់ខ្លួន និង​ផ្ដន្ទាទោស អឿត អាង ហៅ​ជួប​សម្លាប់ ឱ្យ​ជាប់ទោស​១​ជីវិត ដែល​គណៈកម្មការ​អឺរ៉ុប​ទាមទារ​ថា​ត្រូវតែ​មាន​ការស៊ើបអង្កេត​ដោយ​ត្រឹមត្រូវ​ឯករាជ្យ​។ ក្រៅ​ពី​នេះ​ក៏​មាន​ករណី​បិទ​ការផ្សាយ​របស់​វិទ្យុ​ក្នុងស្រុក និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នាំ​ឱ្យ​បិទទ្វារ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ រួមមាន វិទ្យុ​អាស៊ីសេរី និង​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​ថែមទៀត​។ បើ​ទោះ​ជា​យ៉ាងណា​ក៏​មាន​ការ​ដោះលែង​ឱ្យ​អ្នកសារព័ត៌មាន​បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​មួយ​ចំនួន​ហើយ​ដែរ រួមមាន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី លោក យាង សុធារិន្ទ និង អ៊ួន ឈិន ដែល​ជាប់ចោទ​ពី​បទ​ចារកម្ម រួម​នឹង​ផលិតករ​ជនជាតិ​អូស្ត្រាលី លោក ជែមស៍ រីកខិតសិន (James Ricketson) ដែល​ទទួល​បាន​ការ​លើក​លែង​ទោស។ ទោះជា​យ៉ាងណា​ថ្មីៗ​នេះ​ក្រសួង​ព័ត៌មាន​បាន​ផ្ដល់​លទ្ធភាព​ឱ្យ​វិទ្យុ វីអូអេ​អាច​ចាប់ផ្ដើម​ជួល​ម៉ោង​ផ្សាយ​នៅ​តាម​វិទ្យុ​ក្នុងស្រុក។

បើ​ទោះ​ជា​យ៉ាងណា​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល នៅតែ​មើល​ឃើញ​ថា ការ​​ផ្លាស់ប្ដូរ​បែបនេះ​ខ្លះ​ក្ដី ក៏​ពុំ​ឃើញ​មាន​វិធានការ​ជាក់លាក់​ជា​ដុំកំភួន​ថា នឹង​ធ្វើ​ឱ្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​បាន​ប្រសើរ​ឡើយ។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី មើលឃើញ​ថា នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​ចង់​បន្ធូរបន្ថយ​ការ​រឹតត្បិត​នោះ​មក​វិញ៖ «ទាក់ទង​ជាមួយ​អាជ្ញាប័ណ្ណ សម្រាប់​វិទ្យុ​អេហ្វអឹម FM នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែល​កន្លង​មក​ក្រសួង​ធ្លាប់​បាន​ដក​ពី​ម្ចាស់​ស្ថានីយ គួរតែ​ផ្ដល់​ឱ្យ​ពួកគាត់​ឡើងវិញ។ ចំណុច​មួយទៀត​ទាក់ទង​នឹង​ពាក្យបណ្ដឹង ករណី​នៅ​តុលាការ សម្រាប់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន លោក​គួរតែ​ទទួល​បានការ​ទម្លាក់​ចោល​បទ​ចោទ​តែម្ដង»

បើទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ថា​កម្ពុជា​ធានា​សេរីភាព​សារព័ត៌មាន ដោយ​អនុញ្ញាត​ឱ្យ​មាន​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​រាល់​វិធានការ​នានា​របស់​អាជ្ញាធរ​ទៅលើ​ស្ថាប័ន​ព័ត៌មាន​នានា គឺជា​ការ​អនុវត្តន៍​ច្បាប់៖ «ជាទូទៅ​កន្លង​មក វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​យើង​នេះ មានការ​រីកចម្រើន​គួរ​ជា​ទី​មោទនៈ ទាំង​វិសាលភាព​ទាំង​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ ហើយ​ការ​បំពេញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នៅ​កម្ពុជា​យើង​អាច​បំពេញ​បាន​គ្រប់​ទីកន្លែង។ ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​គាត់​បាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​វិជ្ជាជីវៈ បំពេញ​បែប​បទ​ផ្លូវច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​គាត់​នៅតែ​អាច​ដំណើរការ​ដោយ​សេរី»

ការ​លើកឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ​ក៏​មិន​ខុស​ពី​អ្វី ដែល​ជា​ចម្លើយ​របស់​រដ្ឋាភិបាល​បាន​ឆ្លើយ​នៅ​ក្នុង​ដំណាក់កាល​បេសកកម្ម​ស្វែងរក​ការពិត​របស់​គណៈកម្មការ​អឺរ៉ុប​កាលពី​ខែ​កុម្ភៈ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន ករុណា លើក​ឡើង​ថា ករណី​រឹតត្បិត​សេរីភាព​សារព័ត៌មាន ការ​ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ ករណី​ឃាតកម្ម​ពុំ​ទាន់​មាន​យុត្តិធម៌ គឺ​ដោយសារ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​មាន​វិធានការ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ពុំ​មែន​គ្រាន់តែ​យក​មុខ ជា​វិធានការ​បែប​បន្លំ​ភ្នែក​ទៀត​ឡើយ៖ «ដើម្បី​ឱ្យ​មាន​ជំនឿ​ចិត្ត គួរតែ​ពិនិត្យមើល​រឿង​ដែល​ជា​ពិសេស​បញ្ហា​ទាក់ទង​នឹង​សកម្មជន​នយោបាយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការរិះគន់​បញ្ចេញមតិ​អី​ទាំងអស់​ហ្នឹង​តាមរយៈ​បណ្ដាញ​សង្គម​ក្ដី តាមរយៈ​សារព័ត៌មាន​ក្ដី​ទាំង​អស់ហ្នឹង​គួរតែ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​។ សរុប​ទៅ​គឺ​ពិនិត្យមើល​ភាព​មិន​ត្រឹមត្រូវ​កន្លង​មក​ហ្នឹង​ត្រូវ​មាន​ការ​កែប្រែ​ឡើងវិញ»

គណៈកម្មការ​អឺរ៉ុប​បាន​លើកឡើង​ពី​ច្បាប់​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ថមថយ​សេរីភាព​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ផ្នែក​នេះ​ដែរ​នោះ គឺ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ច្បាប់​ស្ដីពី​សារ​ទូរគមនាគមន៍​ជាដើម ដែល​គណៈកម្មការ​អឺរ៉ុប​ទាមទារ​ថា​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្ដូរ​ដែរ ជា​ថ្នូរ​នឹង​ការពិចារណា​ចំពោះ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។