អតីតបុគ្គលិកក្នុងមជ្ឈមណ្ឌលទីក្រុងហេងហេងក្នុងក្រុងបាវិតនៅតែអះអាងថា ក្នុងមជ្ឈមណ្ឌលកម្សាន្តនេះពិតជាមានករណីបង្ខាំងមនុស្សបង្ខំធ្វើការឆបោកតាមអនឡាញ (Online) និងធ្វើទារុណកម្មបុគ្គលិកណាដែលមិនបានបំពេញលក្ខខណ្ឌក្រុមហ៊ុន។ ប៉ុន្តែ អាជ្ញាធរខេត្តស្វាយរៀងឆ្លើយតបថា មជ្ឈមណ្ឌលទីក្រុងហេងហេងក្នុងក្រុងបាវិតពុំមានករណីបង្ខំាំងមនុស្សធ្វើទារុណកម្មនោះទេ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលទាមទារដល់អាជ្ញាធរស៊ើបអង្កេតបន្ថែមទៀត ដ្បិតកន្លងទៅអាជ្ញាធរពុំបានបង្ហាញព័ត៌មានប្រកបដោយតម្លាភាពជុំវិញរឿងនេះនៅឡើយទេ។
អ្នកធ្លាប់ធ្វើការងារផ្នែកសន្តិសុខនៅមជ្ឈមណ្ឌលទីក្រុងហេងហេងក្នុងក្រុងបាវិត ខេត្តស្វាយរៀងលើកឡើងថា បុគ្គលិកជនជាតិខ្មែរភាគច្រើនបានលាឈប់ពីការងារក្រោយពួកគេបានដឹងថា មជ្ឈមណ្ឌលទីក្រុងហេងហេងមានបង្កាប់នូវអាជីវកម្មខុសច្បាប់ និងមានករណីធ្វើទារុណកម្មបុគ្គលិកបរទេស។
អតីតបុគ្គលិកម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាព ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២២ ខែមករាថា លោក និងមិត្តភក្តិរបស់លោកមួយចំនួនទៀតបានលាឈប់ពីការងារនៅមជ្ឈមណ្ឌលទីក្រុងហេងហេងក្រោយពីដឹងថា មានការធ្វើទារុណកម្មមនុស្ស។ លោករាប់រៀបថា ក្នុងមជ្ឈមណ្ឌលនោះមានអាជីវកម្មចម្រុះ និងមានអគារពុះចែកដូចជាល្បែងស៊ីសង និងកន្លែងបាផឹកស៊ីផ្សេងៗគ្នា ព្រមទាំងមាននារីជនជាតិវៀតណាមរាំស្លៀកពាក់សិចស៊ី (Sexy) កំដរអារម្មណ៍ជនជាតិចិននាពេលរាត្រីថែមទៀតផង៖
«ប្រសិនជាបុគ្គលិកអត់ទាន់ដល់កុងត្រា ហើយទាមទារទៅផ្ទះអត់មានលុយសង ទីមួយគេឱ្យបុគ្គលិកហ្នឹងទាក់ទងទៅអ្នកផ្ទះ។ បើអ្នកផ្ទះអត់មានលុយសង[ក្រុមហ៊ុន]គឺដឹងតែធ្វើទារុណកម្មហើយ។ ដាក់ខ្នោះ នៅជើងគ្រែហើយឆក់យកហ្មង។ គិតក្នុងចិត្តខ្ញុំថា ធ្វើការនៅហ្នឹងក៏អត់បានយូរដែរ ព្រោះឃើញសភាពបែបហ្នឹង ព្រោះមិនថាជនជាតិគេ មិនថាជនជាតិយើងសុទ្ធតែមនុស្សដូចគ្នាហើយដាក់គ្នាឆក់»។
អតីតបុគ្គលិករូបនេះ អះអាងទៀតថា ខាងក្រៅជុំវិញមជ្ឈមណ្ឌលទីក្រុងហេងហេងមានព័ទ្ធរបងបន្លាលួសខ្ពស់ និងមានក្រុមសន្តិសុខប្តូរវេណគ្នាយាមកាមច្រកចេញចូលយ៉ាងប្រុងប្រយ័ត្ន ២៤ម៉ោងលើ២៤ម៉ោង។
ឆ្លើយតបនឹងរឿងនេះ អភិបាលក្រុងបាវិត លោក លឹម សៀងហេង ប្រាប់វិទ្យុអាស៊ីសេរីថា ក្រោយមានបុគ្គលិកនៅមជ្ឈមណ្ឌលទីក្រុងហេងហេងរាយការណ៍ថា មានករណីបង្ខាំងមនុស្សធ្វើទារុណកម្ម សមត្ថកិច្ចបានចុះស្រាវជ្រាវ និងពុំមានករណីធ្វើទារុណកម្មនោះទេ៖
«អត់ទេ នៅទីតាំងហ្នឹងដូចជាមិនមានករណីបង្ខាំងវាយខ្នោះទេ ព្រោះសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរួចហើយ។ កន្លងមកហ្នឹង មជ្ឈដ្ឋានមួយចំនួនចេះតែលើកឡើងថា ព័ត៌មានមានករណីបង្ខាំងចេះ បង្ខាំងចុះ ដល់ពេលសមត្ថកិច្ចយើងស្រាវជ្រាវទៅដូចជាមិនមាន ករណីបង្ខាំងណាមួយកើតឡើងទេ»។
បន្ទាប់ពីអតីតបុគ្គលិកនៅមជ្ឈមណ្ឌលទីក្រុងហេងហេងបានទម្លាយប្រាប់វិទ្យុអាស៊ីសេរីកាលពីខែតុលា ឆ្នាំ២០២២ ជុំវិញរឿងរ៉ាវមិនប្រក្រតីមួយចំនួនដូចជាការនាំមនុស្សចេញស្ងាត់ៗ បង្កប់មានសេវាកម្មផ្លូវភេទ និងមានការធ្វើទារុណកម្មបុគ្គលិក មជ្ឈមណ្ឌលនេះបានបិទទ្វារផ្អាកមួយរយៈខ្លី បន្ទាប់ពីអាជ្ញាធរចូលស្រាវជ្រាវ។ អ្នកធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលហេងហេងឱ្យដឹងថា បច្ចុប្បន្ននៅមជ្ឈមណ្ឌលកម្សាន្តនេះបានដំណើរការឡើងវិញហើយ ខណៈបុគ្គលិកចាស់ៗបានលាឈប់ពីការងារជាបន្តបន្ទាប់។
អតីតសន្តិសុខម្នាក់ទៀតនៅមជ្ឈមណ្ឌលទីក្រុងហេងហេងអះអាងថា ជនជាតិចិន និងវៀតណាមដែលមកចូលធ្វើការនៅមជ្ឈមណ្ឌលមួយនេះគឺពួកគេឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់។ លោកបញ្ជាក់ថា ជនជាតិវៀតណាមខ្លះត្រូវបានថៅកែចិនដឹកចូលមក និងអ្នកខ្លះដើរចូលដោយខ្លួនឯងដោយគ្មានស្បែងជើងពាក់ និងខ្លួនប្រាណប្រឡាក់ភ្លក់ ជាដើម។ លោកឱ្យដឹងថា លោកបានចូលធ្វើការមជ្ឈមណ្ឌលទីក្រុងហេងហេងបានជាងមួយឆ្នាំ ហើយថៅកែចាត់ឱ្យលោកយាមកាមបុគ្គលិកណាដែលមានបំណងរត់គេចខ្លួន៖
«កាលខ្ញុំនៅចូលជាង ៤រយនាក់(៤០០)សន្តិសុខ។ គេឱ្យតែយាមខាងៗ គេដាក់ឆត្រឱ្យយើងអង្គុយ គេដាក់នៅកន្លែងវាលៗ យាមកុំឱ្យវៀតណាមគេរត់ហ្នឹង។ រត់រហូតតើបង ផ្លោះរបងរត់ទៅបាត់ៗ ចាប់ម៉េចទាន់ពួកវា រត់លឿនៗណាស់លួចលុយក្រុមហ៊ុន។ គាត់[ជនជាតិវៀតណាម]ច្រើនតែលុយមក អត់មានពាក់ស្បែកជើងអត់មានអីទេ សុទ្ធតែភក់។ ជនជាតិចិនគេចេញចូលសេរី គេចង់ទៅណាក៏បាន។ ទាស់តែបុគ្គលិកខ្មែរ បុគ្គលិកវៀតណាម បុគ្គលិកវៀតណាមចេញក្រៅអត់បានហ្មង ចេញបានតែខ្មែរទាល់តែ[ថ្ងៃឈប់សម្រាក] (Day off)ទៀត»។
អតីតសន្តិសុខរូបនេះ បញ្ជាក់ថា បុគ្គលិកទាំងអស់ក្នុងអគារក្រុមហ៊ុនថៅកែមិនអនុញ្ញាតចេញចូលដោយសេរីដូចជាកម្មកររោងចក្រទេ។ លោកថា សម្រាប់ជនជាតិចិនវិញគឺអាចចេញចូលដោយសេរី។
មជ្ឈមណ្ឌល ទីក្រុងហេងហេង ស្ថិតនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម ដែលស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ មជ្ឈមណ្ឌលនេះជាគឺជារបស់ក្រុមហ៊ុន ហេង ហ៊ី អ៊ីនវេសមែន អេន ឌីវើលុបមែន គ្រុប (Heng Heng Investment and Development Group Co.,LTD) ហើយម្ចាស់ក្រុមហ៊ុននេះមានឈ្មោះ ស៊ូ លៀងហ្សេង (Su Liangseng) ដែលជាអ្នកជំនួញជនជាតិចិនដែលសិទ្ធិនឹងរដ្ឋាភិបាល លោក ហ៊ុន សែន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងក្រុមហ៊ុន ហេង ហ៊ី អ៊ីនវេសមែន និងអភិបាលរងខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះ បានទេនៅថ្ងៃទី២២ ខែមករា។
ថ្វីដ្បិត អភិបាលក្រុងបាវិត លោក លឹម សៀងហេង បានបដិសេធថា នៅមជ្ឈមណ្ឌលទីក្រុងហេងហេងពុំមានករណីបង្ខាំងមនុស្សធ្វើទារុណកម្មក៏ដោយ ក៏លោកមិនបានបញ្ជាក់ពីប្រភេទអាជីវកម្មក្នុងមជ្ឈមណ្ឌលនេះ និងបង្ហាញរបាយការណ៍ស៊ើបអង្កេតបង្ហាញឱ្យមហាជនមានជំនឿចិត្តនៅឡើយទេ។ កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២២ កន្លងទៅសមត្ថកិច្ចខេត្តស្វាយរៀងបានឃាត់ខ្លួនជនជាតិវៀតណាមជិត៣រយនាក់ឆ្លងដែនខុសច្បាប់ចូលធ្វើការក្នុងក្រុងបាវិត។ ក្រៅពីនេះ អាជ្ញាធរបានចុះស្រាវជ្រាវ និងជួយសង្គ្រោះជនរងគ្រោះជាបន្តបន្ទាប់ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់លើកឡើងថា ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ជាទីតាំងប្រឈមមានការជួញដូរមនុស្ស។
របាយការណ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែសីហា មកដល់ខែវិច្ឆិកា ឆ្នាំ២០២២ បានរកឃើញជនរងគ្រោះជាង ១ពាន់នាក់ (១.១២២) ក្នុងនោះស្រីជាង ១នាក់ (១២១)។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ត្រូវបានកំណត់អត្តសញ្ញាណថា មានជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំង និងការធ្វើពលកម្មដោយបង្ខំចំនួនជាង ១រយនាក់ (១៥៣) ក្នុងនោះស្រី ១៨នាក់។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រាល់សេចក្ដីរាយការណ៍របស់ពលរដ្ឋ ពិសេសពាក់ព័ន្ធរឿងអំពើជួញដូរមនុស្ស អាជ្ញាធរគួរស៊ើបអង្កេតឱ្យបានល្អិតល្អន់ និងពុំគួរដាក់សម្ពាធពលរដ្ឋដែលបានរាយការណ៍នោះទេ។ លោកបញ្ជាក់ថា អំពើជួញដូរមនុស្សនៅកម្ពុជានៅតែក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ដ្បិតឧក្រិដ្ឋជនមានវិធីសាស្រ្តកាន់តែទំនើបក្នុងប្រតិបត្តិការជួញដូរមនុស្សនៅកម្ពុជា៖
«អង្គការលីកាដូ យើងនៅតែមានការព្រួយបារម្ភ។ អ៊ីចឹងហើយនៅតែទទូចថា ប្រសិនជាមានការទទួលព័ត៌មានបងប្អូនប្រជាពលរដ្ឋ ឬបងប្អូនកម្មករធ្វើការនៅទីនោះហើយមានព័ត៌មានដែលអាចនាំឱ្យមានការជួញដូរមនុស្ស ឬភាពប្រឈមរបស់កម្មករនៅទីនោះគួរតែអាជ្ញាធរចាត់វិធានការទៅតាមផ្លូវច្បាប់»។
របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា មកកម្រិតទី៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់បំផុត និងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។ អាមេរិករកឃើញថា កម្ពុជាដើរថយក្រោយក្នុងការលុបបំបាត់ការជួញដូរមនុស្សនេះ ដោយសារបញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជនដែលប្រព្រឹត្តនូវអំពើជួញដូរមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។