អ្នក​​ឃ្លាំ​មើល​មិន​រំពឹង​ថា ​កម្ពុជា​​អាច​រួច​ផុត​ពី​ចំណាត់​ថ្នាក់​​ពូកែខាង​​រំលោភ​​ច្បាប់​​នៅ​​ឆ្នាំ២០២២​នេះ​ទេ

0:00 / 0:00

អ្នកវិភាគ អ្នក​សិទ្ធិមនុស្សនិង​អ្នកច្បាប់​មិនរំពឹង​ថាកម្ពុជា​នឹង​អាច​រួចខ្លួន​ពី​ចំណាត់​ថ្នាក់​ខាង​ពូកែ​រំលោភ​ច្បាប់ដែលអង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP)​បានចាត់​ថ្នាក់ឱ្យ​នោះឡើយ​សម្រាប់​ឆ្នាំ២០២២នេះ។ គម្រោង​យុត្តិធម៌​ពិភពលោក​កាល​ពី​ខែតុលា ឆ្នាំ២០២១ បាន​ចាត់​ថ្នាក់​កម្ពុជា​ឱ្យ​នៅ​បាតតារាង​ គឺនៅលេខ​រៀង១៣៨ ក្នុងចំណោម ១៣៩ប្រទេស។ តាម​ចំណាត់​នោះ​កម្ពុជា​គ្រាន់​បើតែ​ជាង​ប្រទេស​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) មួយគត់ ហើយ​អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា​(Myanmar) ឬភូមា ដែលមាន​រដ្ឋប្រហារ​យោធា​ទៅ​ទៀត។

មិនមែនជារឿងចម្លែកទេ រដ្ឋាភិបាល​កម្ពុជា​តែងតែ​បន្ត​បដិសេធ​របាយការណ៍ ឬ​ការចាត់ថ្នាក់​របស់​អង្គការ​អន្តរជាតិ​ធំៗ ដែល​បាន​ស្រាវជ្រាវ និង​ដាក់​ចំណាត់​ថ្នាក់​មិន​ល្អ​អំពី​កម្ពុជា។ ​រដ្ឋាភិបាល​ក៏​មិនសូវបាន​អើពើ​ដោះស្រាយ​បញ្ហា ដើម្បី​ឱ្យ​មាន​ការផ្លាស់ប្ដូរ​ឱ្យ​បាន​ប្រសើរ​ដែរ ក្នុង​នោះ​រាប់​ទាំង​ចំណាត់​ថ្នាក់​អាក្រក់​របស់​កម្ពុជា​នៅ​ក្នុង​បញ្ជី​នីតិរដ្ឋ ឬការគោរពច្បាប់​របស់​អង្គការ​យុត្តិធម៌​ពិភព​លោក​ផង។

អ្នក​សិក្សា​ការអភិវឌ្ឍន៍​លោក​បណ្ឌិត មាស នី ថ្លែង​ថា ទម្លាប់​មិន​ទទួល​ស្គាល់​របាយការណ៍​ស្រាវជ្រាវ ដែល​ចេញ​ដោយ​អង្គការ​នានា នៅ​លើ​ពិភព​លោក គឺ​ជា​សញ្ញា​បញ្ជាក់​​​ថា អ្វី​ដែល​គេ​បាន​វាយ​តម្លៃ​នោះ​នឹង​នៅ​តែ​កើត​មាន​ក្នុង​សង្គម​កម្ពុជា​តទៅទៀត ព្រោះ​រាល់​ការផ្លាស់ប្ដូរ​ណាមួយ​តែងតែ​ផ្អែក​ទៅ​តាម​ឆន្ទៈ​របស់​ក្រុម​អ្នកដឹកនាំ។ លោក​ថា ​ក្នុង​ឆ្នាំ​ថ្មី​២០២២​នេះ លោក​មិន​សង្ឃឹម​ថា កម្ពុជា​អាច​ចេញផុត​ពី​​ចំណាត់​ថ្នាក់​អាក្រក់​ផ្នែក​នីតិរដ្ឋ​នោះ​បាន​ទេ៖ « យើងអាចនិយាយបានថា​រដ្ឋាភិបាល​ក៏​មិនបាន​ជាខំប្រឹងកែប្រែអីឱ្យបានផ្លាស់ប្ដូរជាដុំកំភួន ទៅ​លើ​ប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ន​ទេ ឃើញ​ថាការ​​ជ្រៀតជ្រែក​នៃអ្នកនយោបាយ​អី ពីអ្នកមាន​អំណាចអី​ក៏​ទៅ​លើ​ប្រព័៏ន្ធតុលាការ ទៅលើប្រព័ន្ធយុត្តិធម៌​អី​នៅតែកើតឡើង ឬ​ក៏​នៅ​តែមានញឹកញាប់។ អីចឹង​ប្រសិន​បើរដ្ឋាភិបាល​គាត់ទទួល​យកថា​ មាន​ចំណុច​ត្រូវ​កែប្រែ​ហ្នឹង​សង្ឃឹម​ថា ​មានការកែប្រែ ប៉ុន្តែ​បើគាត់​មិនទទួលស្គាល់​ទេ គាត់​មិនទទួល​យករបាយករណ៍នទេ​ គឺ​អត់មានអី​កែប្រែទេ។ ចឹង​​​ស្អី ដែល​ធ្លាប់មាន​ពីមុនមក​នៅតែមាន​ដដែល»។

ទំនង​មិន​ខុស​ពី​ការ​លើកឡើង​របស់​អ្នក​តាមដាន​សង្គម​នេះ​ទេ ជា​ច្រើន​ឆ្នាំ​មក​ហើយ កម្ពុជា​នៅ​តែ​បន្តជាប់​ចំណាត់​ថ្នាក់​បាត​តារាង ជា​ប្រទេស ដែល​មាន​ចំណាត់​ថ្នាក់​អាក្រក់​ផ្នែក​នីតិរដ្ឋ​ក្នុង​បញ្ជី​ប្រចាំ​ឆ្នាំ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក។ ក្នុង​រយៈពេល២ឆ្នាំ​ចុងក្រោយ​ កម្ពុជា​បន្ត​ជាប់​ថ្នាក់​លេខ២​ចុងក្រោយ​គេ។ ក្នុង​ឆ្នាំ២០២០ អង្គការ​នេះ​បាន​ចាត់​ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ក្នុង​លេខរៀង​ទី​១២៧ ដែល​ជា​ចំណាត់ថ្នាក់​ទាប​បំផុត​ក្នុង​ចំណោម​១២៨ ប្រទេស។

មិន​ខុសគ្នា​នេះ​ដែរ​ក្នុង​ឆ្នាំ​២០២១ ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ អង្គការ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន (Washington DC) មួយ​នេះ បន្ត​ចាត់​ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​នៅ​លេខ​រៀង ១៣៨ ក្នុង​ចំណោម​ប្រទេស ចំនួន ១៣៩។ តាម​រយៈ​ចំណាត់​ថ្នាក់​នេះ កម្ពុជា​គ្រាន់បើ​ជាង​ប្រទេស​តែមួយ​គត់​គឺ​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela)។ ចំណែក​ប្រទេស​មីយ៉ាន់ម៉ា​ (Myanmar) ឬ​ភូមា វិញ សូម្បី​តែ​មានវិបត្តិរដ្ឋប្រហារ​ ​ក្នុងស្រុក​ក៏ដោយ ក៏​ចំណាត់ថ្នាក់​នីតិរដ្ឋ ទទួល​បាន​លេខ​១២៨ គ្រាន់បើ​ជាង​នៅ​កម្ពុជា​ដែល​អះអាង​ថា ជា​ប្រទេស​មាន​សុខ​សន្តិភាព។

លោក​បណ្ឌិត មាស នី បាន​លើក​ហេតុផល​បន្ថែម​ទៀត​ថា ​ក្រៅ​តែ​ពី​មិន​អើពើ​នឹង​ចំណាត់​ថ្នាក់​អាក្រក់​របស់​ខ្លួន អាជ្ញាធរ​នៅ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ ដែល​មាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ៖ « លម្ហ​នៃសេរីភាព​ក្នុង​ការតវ៉ា​ ការបញ្ចេញ​មតិអី​នៅ​ក្នុង​​ប្រទេស​យើង​នេះ ខ្ញុំ​មើលទៅ​មិនទាន់ឃើញមានការកែប្រែ​អី​ជាដុំកំភួន។ ដូច្នេះ​ការតវ៉ា​អីផ្សេងៗ​នៅតែស្ថិត​ក្រោមការគំរាមកំហែង ខ្ញុំ​មិននិយាយ​ថាគ្របើករណីតាំងអស់​ទេណាស់ ប៉ុន្តែ​ពិសេស​បំផុតគឺ​ការ​គំរាម​ផ្នែក​ចាប់ ចង ឬ​ប្រើតុលាការ​សម្រាប់​ជាឧបករណ៍​​សម្រាប់​មិនឱ្យ​មាន​ការតវ៉ា អីផ្សេងៗ​នៅ​តែកើតមាន ជាអលជ្ជី ជាធម្មតា​ដូចតែពីមុនដែរ»

អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក​បាន​វាយតម្លៃ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ការ​ផ្ដល់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នេះ គឺ​ធ្វើ​ឡើង​តាមរយៈ​ការសិក្សា​និង​វាយតម្លៃ​ដោយ​ផ្អែក​លើ​​ការស្ទង់មតិ​ប្រចាំឆ្នាំ​ថ្នាក់​ជាតិ​លើ​ក្រុម​គ្រួសារ​ជិត ១៤​ម៉ឺន​គ្រួសារ (១៣៨.០០០) និង​អ្នក​អនុវត្ត​ច្បាប់ ព្រមទាំង​អ្នក​ជំនាញ​ចំនួន​៤​ពាន់ ២​រយ​នាក់​​(៤.២០០)​នៅ​ជុំវិញ​ពិភពលោក។ ការ​វាយ​តម្លៃ​នោះ​ទៀត​សោត​ផ្អែក​ទៅ​លើ​ចំណុច​ជា​ធាតុផ្សំ​របស់​នីតិរដ្ឋ​ចំនួន​៨​រួមមាន ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុប​បំបាត់​អំពើ​ពុករលួយ រដ្ឋាភិបាល​បើក​ទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់ និង​សន្តិសុខ ការអនុវត្ត​បទប្បញ្ញត្តិ យុត្តិធម៌​ផ្នែក​រដ្ឋប្បវេណី និង​យុត្តិធម៌​ព្រហ្មទណ្ឌ។

ទាក់ទង​នឹង​រឿង​នេះ នាយករង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្សនៃ​អង្គការ​លីកាដូលោក អំ សំអាត ថ្លែង​ប្រាប់​វិទ្យុអាស៊ី​សេរី​ថា​ នីតិរដ្ឋ​នៅ​កម្ពុជា​ទំនង​មិនអាច​បាន​ប្រសើរ​ឡើង​ដែរ នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​តែ​ដុនដាប​នៅ​ឡើយ ​ទោះ​បី​រដ្ឋាភិបាល​អះអាង​ថា​កែទម្រង់​បណ្ដើរៗ​លើ​គ្រប់​វិស័យ រួម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​ក៏​ដោយ៖ « យើងឃើញថា​មល​ទល់​ពេល​នេះ​បរិបទ​នយោបាយ​នៅ​មិនទាន់មានភាព​ល្អប្រសើរ​ វានៅមានភាព​តាន​តឹង គឺ​​មាន​ការិះគន់ជាបន្តបន្ទាប់ ហើយ​ក៏មានការទាមទារ​ឱ្យ​មានការស្ដារ​ឡើងវិញ​នូវ​សិទ្ធិ​នយោបាយ​ទាក់ទងនឹង​​អ្នកយោបាយ​ ពលរដ្ឋ​ចូលរួម​ជាមួយ​អ្នកនយោបាយ​អីហ្នឹង ទី៣​យើង​ឃើញ​ថា​ឆន្ទៈ​នៃការកែទម្រង់ ប្រព័ន្ធ​តុលាការ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជាយើងហ្នឹង​ថាហាក់ដូចជានៅយឺត»

ទាក់ទង​នឹង​ការ​មិន​ទទួល​យក​របាយការណ៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន កាល​ពី​ខែ​តុលា ឆ្នាំ២០២១ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ជា​រឿង​ចម្លែក ដែល​ពិន្ទុ​នីតិរដ្ឋ​របស់​កម្ពុជា បែរ​ជា​ទៅ​ក្រោម​ប្រទេស​មួយ​ចំនួន ដែល​ប្រកាន់​របប​យោធា និង​ប្រទេស​ខ្លះ​ទៀត​កំពុង​តែ​ច្បាំង​គ្នា និង​ឡើង​កាន់​អំណាច​ដោយ​កម្លាំង​យោធា និង​រដ្ឋប្រហារ​ទៅវិញ។ លោក​ថែមទាំង​អះអាង​ថា ​នឹង​ណាត់ជួប និង​ជជែក​ជាមួយ​នាយក​ថ្នាក់​តំបន់ និង​ក្រុមការងារ របស់អង្គការ​គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) អំពី​វិធីសាស្ត្រ និង​ការវាយតម្លៃ​របស់​ពួកគេ។ តែ​ទោះ​ជា​យ៉ាងណា​នៅពេល​អ្នកយកព័ត៌មាន​វិទ្យុអាស៊ីសេរី​សាកសួរ​បន្ថែម​ពី​បញ្ហា​នេះ លោក ជិន ម៉ាលីន បាន​ត្រឹម​ឆ្លើយ​តប​ថា ​ឱ្យ​រង់ចាំ​តាម​ដាន​ព័ត៌មាន​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក។ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះលោក ជិន ម៉ាលីន មិន​បាន​បង្ហាញ​ព័ត៌មាន​នោះ​បន្ថែម​ទៀត​ឡើយ។

រីឯ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជាលោក ផៃ ស៊ីផាន វិញ​លោក​បញ្ជាក់​ប្រាប់​ជា​ថ្មី​ទៀត​ថា របាយការណ៍ និង​ចំណាត់​ថ្នាក់​អាក្រក់​ចេញ​ដោយ​អង្គការ (WJP) នេះ​ជា​របាយការណ៍ ដែល​គ្មាន​មូលដ្ឋាន មិន​អាច​ទុកចិត្ត​បាន ឬ​អាច​និយាយ​បាន​ថា​ ត្រឹម​ជា​របាយការណ៍​របស់​ក្រុម ដែល​មាន​របៀបវារៈ​មិនល្អ​ជាមួយ​កម្ពុជា។ លោក​ថា​រដ្ឋាភិបាល​បន្ត​កែទម្រង់​នីតិរដ្ឋ ដោយ​មិន​ចាំបាច់​ស្ដាប់​តាម​បញ្ជា​របស់​អង្គការ ឬ​ក្រុម​ណាមួយ​ឡើយ៖ «ភាសា​ដែល​អាក្រក់បំផុត​ហ្នឹង​ គឺ​យើង​អត់​ឈឺក្បាលជាមួយ​អង្គការ​ហ្នឹង​ទេ។ ​យើងធ្វើដើម្បីអនាគត​របស់​កូនចៅ​យើង។ ហេតុអ្វី​យើង​មិនឈឺក្បាល​នឹង​អង្គការ ដែល​ដាក់​យើង​ហ្នឹង​ម៉ោ ព្រោះតាមអ្វីដែល​យើង​មើលក្នុងការប្រៀបធៀបជាមួយ​នឹង​ចំណាត់ថ្នាក់​ជាមួយ​ប្រទេស​ដទៃទៀត​ ​ហើយយើងដឹងថាប្រទេសហ្នឹងមិនមាន​នីតិរដ្ឋទេ ​ហេតុម៉េចបាន​ជាប្រទេស​ហ្នឹង​មាន​​លេខ​ខ្ពស់​ជាង​ប្រទេស​កម្ពុជា? យើង​មិនបញ្ចេញ​ឈ្មោះទេ។ ដូច្នេះ​កន្លែង​ត្រងើហ្នឹង​គឺជាការលម្អៀងមួយ»

ទោះយ៉ាងណា ប្រធាន​ក្រុម​អ្នកច្បាប់ និង​ទីប្រឹក្សា​​អមរិន្ទលោក មេធាវី សុក សំអឿន វិញមើល​ឃើញ​ថា កម្ពុជា​ពិបាក​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌​ស្ថិតនៅ​ឯករាជ្យ​ណាស់​ព្រោះ​កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់គ្រង ដែល​តម្រូវ​ឱ្យ​ជ្រើសរើស​អ្នកតំណាង​រាស្រ្ត មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​តុលាការ ដែល​នៅ​ក្រោម​អំណាច​របស់​គណបក្ស​នយោបាយ៖ «ស្ថាប័នរដ្ឋយើង​សព្វថ្ងៃ​ផ្ទុយទៅហ្នឹង​គោលការណ៍​​ប្រជាធិបតេយ្យ​សេរី និយាយ​រួម​គឺ​អត់មាន​ការបែងចែក​អំណាច។​ ឧទាហរណ៍​ដូចជាសភា តំណាងរាស្រ្ត​ម្នាក់ៗ បើ​បាត់សមាជិកភាព​ពីបក្ស​កឺគាត់បាត់បង់អាសនៈ​របស់​តំណាងរាស្រ្តដែរ។ ចំណូចត្រង់​ហ្នឹង​គឺ​ស្រុកយើង​យក​គោលការណ៍​តាម​ប្រព័ន្ធ​សមមាត្រ​​តំណាងរាស្ត្រ​មិនមែន​ប្រជារាស្រ្ត​បោះឱ្យទេ គឺ​ប្រជារាស្រ្ត​បោះឱ្យបក្សទេ។ ដល់អីចឹង​ទៅ​នាំឱ្យ​តំណាងរាស្រ្ត​ខ្លាចមេបក្ស​ជាង​មេបក្ស​ខ្លាចតំណាងរាស្រ្ត»។

​អង្គការ​ជាតិ និង​អន្តរជាតិ​ ផ្តល់អនុសាសន៍​ថា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ កម្ពុជា​ត្រូវ​ចាប់​ផ្ដើម​ជាបន្ទាន់​នូវ​ការ​អនុវត្ត​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ពិតប្រាកដ គោរព​សិទ្ធិ​មនុស្ស បញ្ឈប់​រាល់​ការ​ធ្វើទុក្ខបុក​ម្នេញ ផ្នែក​នយោបាយ ធានា​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នា​ការ​អាច​អនុវត្ត​សិទ្ធិសេរីភាព​ជាមូលដ្ឋាន ធានា​ឯករាជ្យ របស់​ស្ថាប័នកំពូល​របស់​ជាតិ ទៅតាម​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​ច្បាប់​នានា ដែល​កម្ពុជា​ទទួល​ស្គាល់​យក​មក​អនុវត្ត នោះ​នឹង​អាច​ជួយ​ឱ្យ​ពិន្ទុ​នីតិរដ្ឋ​បាន​ប្រសើរ​មិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។