អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក នៅថ្ងៃទី២៥ ខែមេសានេះ ថាអ្នកស្រីបានស្នើសុំសួរសុខទុក្ខលោក កឹម សុខា ក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅចុងខែនេះដែរ ប៉ុន្តែសំណើនេះ ត្រូវបានបដិសេធ ដូចលើកមុនៗ ដែរ។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រី កាលពីខែ មីនា ឆ្នាំ ២០១៨ កាលលោក កឹម សុខា នៅជាប់ឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង ចៅក្រមស៊ើបសួរ មិនអនុញ្ញាតឲ្យអ្នកស្រីជួបសួរសុខទុក្ខលោក កឹម សុខាដែរ។ ក្រោយមកទៀត ក្នុងដំណើរទស្សនកិច្ច កាលពីចុងខែ តុលា ឆ្នាំ ២០១៨ ដដែល គឺក្រោយពេលលោក កឹម សុខា ត្រូវបានផ្ទេរពីជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង មកជាប់ឃុំក្នុងផ្ទះ ក៏អ្នកស្រីមិនអាចជួបសួរសុខទុក្ខលោកបានដែរ ដោយសារសំណើរបស់អ្នកស្រី ត្រូវបានបដិសេធទៀត។
ក្នុងមួយឆ្នាំអ្នករាយការណ៍ពិសេសរូបនេះ ត្រូវបំពេញទស្សនកិច្ចពីរលើក នៅប្រទេសកម្ពុជា ដើម្បីតាមដានស្ថានការណ៍សិទ្ធិមនុស្ស។ អ្នកស្រីត្រូវរាយការណ៍អំពីស្ថានការណ៍នេះមួយឆ្នាំម្តង រាល់ខែ កញ្ញា នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទាំងពីរលើក កាលពីឆ្នាំ២០១៨ នោះ អ្នកស្រីបានទាមទារឲ្យរបបលោក ហ៊ុន សែន ទម្លាក់រាល់បទចោទប្រឆាំងលោក កឹម សុខា និង ដោះលែងប្រធានគណបក្សប្រឆាំងរូបនេះ។ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ អ្នកស្រីក៏បានទាមទារឲ្យរបបលោក ហ៊ុន សែន លើកបម្រាមដែលហាមឃាត់សិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទាំង ១១៨រូប។
អ្នកស្រី រ៉ូណា ស្ម៊ីត រាយការណ៍ប្រាប់ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីខែកញ្ញា ឆ្នាំ២០១៨ ថា របបលោក ហ៊ុន សែន គ្មានប្រជាធិបតេយ្យ និងក្លាយជារបបឯកបក្សទៅហើយ ព្រោះអ្វីៗ ស្ថិតក្រោមការត្រួតត្រា របស់គណបក្សកាន់អំណាចតែម្នាក់ឯង។ អ្នកស្រីរិះគន់ថា ការបោះឆ្នោតឆ្នាំ ២០១៨ កន្លងទៅនេះ ជាការបោះឆ្នោតមួយ ងាកចាកឆ្ងាយចេញ ពីគន្លងនៃប្រជាធិបតេយ្យ។ អ្នកស្រីស្នើឲ្យរបបនេះ ស្ដារស្ថានភាពអាក្រក់បច្ចុប្បន្ន ឲ្យវិលត្រឡប់ទៅរកសភាពដើមវិញ ដោយស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ស្របពេលដែលស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅតែអាក្រក់នេះ អ្នកស្រីនឹងទៅទស្សនកិច្ចនៅកម្ពុជារយៈពេល ១១ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា។
អ្នកស្រីនឹងជួបមន្ត្រីជាន់ខ្ពស់ក្នុងជួររបបលោក ហ៊ុន សែន តំណាងអង្គការសង្គមស៊ីវិល និង មន្ត្រីទូតបរទេសប្រចាំនៅកម្ពុជាផង។ អ្នកស្រីក៏នឹងចុះទៅប្រមូលព័ត៌មាន ដោយផ្ទាល់ដល់មូលដ្ឋាន សហគមន៍ដែលរងគ្រោះ ដោយសារការរំលោភសិទ្ធិមនុស្សផងដែរ។
មេធាវីការពារក្តីឲ្យលោក កឹម សុខា មួយរូប គឺលោក ផែង ហេង ប្រាប់អាស៊ីសេរីថា មន្រ្តីសិទ្ធិមនុស្សរូបនេះ គួរតែអាចចូលជួបសួរសុខទុក្ខលោក កឹម សុខា បាន ព្រោះសូម្បីតែអ្នកទោសនៅពន្ធនាគារ ក៏មន្ត្រីសិទ្ធិមនុស្សនៃអង្គការសង្គមស៊ីវិលអាចចូលជួបបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។