ក្រុមអង្គការសង្គមស៊ីវិលគ្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី១០ ធ្នូ ដើមសប្ដាហ៍ក្រោយនេះ ដោយមានអ្នកចូលរួមប្រមាណ ២ពាន់នាក់។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងដើរថយក្រោយ ដូច្នេះការពញាក់អារម្មណ៍ឱ្យរដ្ឋាភិបាលងាកមកគោរពសិទ្ធិមនុស្សឡើងវិញ គឺជារឿងចាំបាច់។
នាយកប្រតិបត្តិអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក ណៃ វ៉ង់ដា ដែលជាអ្នកសម្របសម្រួលរៀបចំទិវាសិទ្ធិមនុស្ស១០ ធ្នូ ឱ្យអាស៊ីសេរីដឹងថា សមាសភាពអ្នកចូលរួមក្នុងព្រឹត្តិការណ៍នោះ មានដូចជា មន្ត្រីទូតបរទេស ម្ចាស់ជំនួយ អាជ្ញាធររដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ លោកថា កម្មវិធីនោះមានរបៀបវារៈជាច្រើន ដូចជា ការថ្លែងសាររបស់ពលរដ្ឋ និងជនជាតិដើមភាគតិចដែលរងគ្រោះដោយការរំលោភសិទ្ធិមនុស្ស ចំណាប់អារម្មណ៍របស់អង្គទូតបរទេស និងមន្ត្រីរដ្ឋាភិបាលចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សំណើរបស់ក្រុមអង្គការសង្គមស៊ីវិលទាក់ទងនឹងការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សក្នុងវិស័យមួយចំនួននៅកម្ពុជាជាដើម។ លោកបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលនឹងមិនហែក្បួនឡើយ ប៉ុន្តែនឹងមានការដាក់ជូនអនុសាសន៍មួយចំនួនទៅរដ្ឋាភិបាលទាក់ទងនឹងការលើកស្ទួយ និងគោរពសិទ្ធិមនុស្ស៖ «ការគោរពសិទ្ធិមនុស្សក្នុងរយៈពេលកន្លងទៅនេះ នៅមានកម្រិតនៅឡើយ ដូច្នេះហើយបានជាក្រុមអង្គការសង្គមស៊ីវិលខិតខំប្រឹងប្រែងតស៊ូមតិ និងរៀបចំពិធីដើម្បីពញាក់អារម្មណ៍រដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យងាកមកគោរពសិទ្ធិមនុស្ស និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យឡើងវិញ»
អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) អះអាងថា ក្រៅពីចូលរួមទិវាសិទ្ធិមនុស្ស ១០ ធ្នូ នៅទីលានប្រជាធិបតេយ្យនេះ លីកាដូ នឹងរៀបចំកម្មវិធីផ្ទាល់ខ្លួនពីរផ្សេងទៀត គឺការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិជាមួយសហគមន៍រងគ្រោះដីធ្លីចំនួន ១១សហគមន៍ ក្នុងខេត្តចំនួន៩ ព្រមទាំងការចែកជូនម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ដល់ស្ត្រី និងកុមារដែលកំពុងជាប់ឃុំនៅទូទាំងប្រទេស។
ចំណែក ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា បណ្ដុំអង្គការសមាគមរបស់លោកមិនរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិទេ ប៉ុន្តែខាងលោកនឹងទៅចូលរួមទិវានេះនៅទីលានប្រជាធិបតេយ្យជាមួយក្រុមអង្គការសង្គមស៊ីវិលដទៃទៀត។ លោកបញ្ជាក់ថា មូលហេតុដែលលោកមិនរៀបចំកម្មវិធីដាច់ដោយឡែក ពីព្រោះកុំឱ្យបែកសំឡេងក្រុមសង្គមស៊ីវិលដែលមានជំហរប្រហាក់ប្រហែលគ្នារឿងសិទ្ធិមនុស្សនេះ។ លោក រ៉ុង ឈុន វាយតម្លៃថា សិទ្ធិសេរីភាពនៅកម្ពុជាសព្វថ្ងៃ ស្ទើរតែធ្លាក់ដល់ក្រោមសូន្យ ហើយបញ្ហានេះបណ្តាលមកពីវិបត្តិនយោបាយដែលអូសបន្លាយមកទល់ពេលបច្ចុប្បន្ន។ លោកជឿជាក់ថា ប្រសិនបើមានដំណោះស្រាយនយោបាយ នោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអាចនឹងមានភាពប្រសើរឡើងវិញ៖ «យើងចង់ឃើញរដ្ឋាភិបាលត្រូវតែសម្របសម្រួលទទួលយកនូវសំណើដែលសហភាពអឺរ៉ុបបានរកឃើញនៅក្នុងរបាយការណ៍ជាបឋមមាន ៥ចំណុច មានការរំលោភសិទ្ធិនយោបាយ រំលោភសិទ្ធិពលរដ្ឋ រំលោភសិទ្ធិដីធ្លី រំលោភសិទ្ធិសង្គម និងវប្បធម៌។ រដ្ឋាភិបាលត្រូវតែឆ្លើយតបជាវិជ្ជមានក្នុងគោលបំណងដើម្បីតម្កល់នូវផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំ»។
ក្រៅពីក្រុមអង្គការសង្គមស៊ីវិល ស្ថាប័នសិទ្ធិមនុស្សនៃរបបក្រុងភ្នំពេញក៏គ្រោងរៀបចំអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូនេះដែរ។ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យដឹងថា កម្មវិធីនេះនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១០ ធ្នូ ខាងមុខ ហើយនិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោកអះអាងដដែលជាដដែលថា ការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជាកំពុងមានដំណើរការល្អទៅមុខ។ លោកយល់ថា ទស្សនៈរបស់ក្រុមអង្គការសង្គមស៊ីវិលដែលថាសិទ្ធិសេរីភាពនៅកម្ពុជាកំពុងធ្លាក់ចុះនោះ ធ្វើឡើងដោយមើលតែមួយជ្រុងអំពីការអនុវត្តច្បាប់លើសកម្មជននយោបាយ និងមិនផ្អែកលើទិដ្ឋភាពបច្ចេកទេសនៃបញ្ហាសិទ្ធិមនុស្សឡើយ៖ «ការអនុវត្តសិទ្ធិសេរីភាពមានការរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់ ហើយការអនុវត្តច្បាប់ទៅលើសកម្មជនសិទ្ធិមនុស្ស ក៏ដូចសកម្មជននយោបាយមួយចំនួនតូចនោះ អាហ្នឹងគឺជាយន្តការអនុវត្តច្បាប់ធម្មតា ដើម្បីទប់ស្កាត់ និងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម»។
សហគមន៍អន្តរជាតិបានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះដុនដាបខ្លាំង ដោយសារតែរបបក្រុងភ្នំពេញបានចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ រំលាយគណបក្សសង្គ្រោះជាតិ និងហាមប្រាមសិទ្ធិនយោបាយរបស់មន្ត្រីបក្សនេះចំនួន ១១៨នាក់។ បន្ថែមពីលើនេះ របបក្រុងភ្នំពេញបានយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្ររបស់បក្សប្រឆាំងទៅចែកគ្នាកាន់កាប់ ព្រមទាំងរៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ច កាលពីចុងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។ ជាងនេះទៅទៀត របបលោក ហ៊ុន សែន បានបង្កើនការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងឥតឈប់ឈរ មានជាអាទិ៍ ការកោះហៅ ការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនមន្ត្រីបក្សប្រឆាំងរាប់រយនាក់ ក្រោមបទចោទរួមគំនិតក្បត់ជាតិ ស្របពេលសកម្មជនបក្សប្រឆាំង ១៣នាក់ នៅរាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខលួចវាយប្រហារបណ្ដាលឱ្យរងរបួសធ្ងន់ជាបន្តបន្ទាប់ ហើយមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់នាំខ្លួន ជនសង្ស័យណាម្នាក់មកផ្ដន្ទាទោសនៅឡើយទេ។
ទន្ទឹមនឹងការកម្ចាត់គណបក្សប្រឆាំង របបលោក ហ៊ុន សែន បានវាយបង្ក្រាបឥតស្រាកស្រាន្តទៅលើក្រុមអង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នព័ត៌មានឯករាជ្យផងដែរ ជាពិសេសរបបនេះបានរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ទាំងនៅក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ីនធឺណិត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែដើរថយក្រោយ ដោយសារតែការរឹតត្បិតពីអាជ្ញាធររដ្ឋាភិបាល។ លោកកត់សម្គាល់ថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ សេរីភាពអង្គការសង្គមស៊ីវិល សេរីភាពសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ព្រមទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បួករួមទាំងសិទ្ធិការងារ និងសិទ្ធិដីធ្លីជាដើម នៅតែស្ថិតក្រោមការគាបសង្កត់ និងការតាមឃ្លាំមើលពីអាជ្ញាធរ។ លោកវាយតម្លៃជារួមថា រដ្ឋាភិបាលមិនទាន់គោរពឱ្យបានពេញលេញនូវខ្លឹមសាររដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិទាំងឡាយស្តីពីសិទ្ធិមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័ននោះនៅឡើយទេ៖ «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយហ្នឹង ជាបញ្ហាសំខាន់ ជាបញ្ហាចម្រូងចម្រាសពេលបច្ចុប្បន្នហ្នឹង ហើយក៏មិនប្រាកដថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ហ្នឹង យើងធ្វើបានល្អប្រសើរនោះដែរ។ វានៅមានចំណុចខ្វះខាតដែរ អ៊ីចឹងរដ្ឋាភិបាលក្នុងនាមរដ្ឋជាភាគីនៃអនុសញ្ញា ឬកតិកាសញ្ញាដែលយើងផ្តល់សច្ចាប័ន ត្រូវតែមានកាតព្វកិច្ចក្នុងការគោរព និងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។
ជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះ សហភាពអឺរ៉ុបបានគូសបញ្ជាក់ក្នុង របាយការណ៍បឋមរបស់ខ្លួនថា មានតែសិទ្ធិការងារ និងសិទ្ធិដីធ្លីទេ ដែលមានការវិវឌ្ឍទៅមុខជាក់ស្ដែង ប៉ុន្តែសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយវិញ មានលក្ខណៈកាន់តែដុនដាប ក្នុងរយៈពេល៩ ខែដែលអឺរ៉ុបបានតាមដានយ៉ាងដិតដល់អំពីស្ថានការណ៍នៅកម្ពុជា។ សហភាពអឺរ៉ុបបានរកឃើញថា ករណីរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធលើគោលការណ៍នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) នៅតែកើតមាននៅកម្ពុជា ហើយការរំលោភបំពានធ្ងន់ធ្ងរទាំងនេះជាមូលហេតុដែលនាំទៅរកការព្យួរការអនុគ្រោះពន្ធ EBA។ សហភាពអឺរ៉ុបសង្កត់ធ្ងន់ថា របបក្រុងភ្នំពេញមិនបានកែលម្អស្ថានភាពអាក្រក់ទាំងឡាយឱ្យប្រសើរឡើងវិញ ដើម្បីបន្តទទួលបានការអនុគ្រោះពន្ធ EBA ឡើយ ផ្ទុយទៅវិញរបបនេះ ថែមទាំងបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺនជាងមុនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។