លោក សម រង្ស៊ី ចោទ​ថា ត្រកូល​ហ៊ុន​បើកដៃ​ឱ្យ​ឧក្រិដ្ឋជន​បោកប្រាស់​តាម​អ៊ីនធឺណិត និង​ការ​ជួញ​ដូរ​មនុស្ស

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ចោទប្រកាន់​ថា ត្រកូល​ហ៊ុន​បាន​បើកដៃ​ឱ្យ​ឧក្រិដ្ឋជន​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​បោកប្រាស់​តាម​អ៊ីនធឺណិត និង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​។ ការ​ចោទប្រកាន់​របស់​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​អន្តរជាតិ​បាន​ចុះផ្សាយ​ថា ប្រទេស​កម្ពុជា​បាន​ក្លាយជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​ដ៏​ធំ​នៅ​អាស៊ីអាគ្នេយ៍។

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២៩ ខែមីនា​ដោយ​លើកឡើង​ថា មុខមាត់ និង​កិត្តិយស​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​កង្វក់​ដោយសារ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​។ លោក​ចោទ​ថា ត្រកូល​ហ៊ុន​ឃុបឃិត​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ដើម្បី​យក​ប្រទេស​កម្ពុជា​ធ្វើជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម និង​ការ​ជួញដូរ​មនុស្ស។

លោក សម រង្ស៊ី លើកឡើង​នេះ​បន្ទាប់​ពី​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ​រួមមាន​ស៊ីអិនអិន (CNN) និង​រ៉យទ័រ (Reuters) កាលពី​ថ្ងៃទី​២៨ ខែ​មីនា បាន​ចុះផ្សាយ​ពី​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​(Online Scam) ដោយ​ប៉ូលិស​អាំងទែប៉ូល​បាន​រក​ឃើញ​ការ​ជួញដូរ​មនុស្ស​នៅ​អាស៊ីអាគ្នេយ៍​បច្ចុប្បន្ន​នេះ​ជា​វិបត្តិ​សកល ហើយ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​ដ៏​ធំ​នៅ​អាស៊ីអាគ្នេយ៍។

សារព័ត៌មាន​រ៉យទ័រ (Reuters) កាលពី​ថ្ងៃទី​២៨ ខែ​មីនា បាន​ដកស្រង់​ប្រសាសន៍​អគ្គលេខាធិការ​នៃ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល លោក ចូហ្គេន ស្តូក (Jurgen Stock) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​សិង្ហបុរី (Singapore) កាលពី​ថ្ងៃទី​២៧ ខែមីនា ថា ឧក្រិដ្ឋកម្ម​នៃ​ការ​ជួញដូរ​មនុស្ស និង​កន្លែង​បោកប្រាស់​តាម​អ៊ីនធឺណិត​កំពុង​ផ្ទុះឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​បន្ត​ថា ក្រុម​ឧក្រិដ្ឋជន ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តាមរយៈ​ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​អាវុធ​ជាដើម ហើយ​អាច​រក​ប្រាក់​ចំណូល​ខុសច្បាប់​រហូត ៣​ទ្រី​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។ លោក ចូហ្គេន ស្តូក បញ្ជាក់​ថា ការ​គំរាមកំហែង​នៃ​ឧក្រិដ្ឋកម្ម​នៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍​បាន​ក្លាយ​ទៅជា​វិបត្តិ​ជួញដូរ​មនុស្ស​ជា​សកល​ដែល​មាន​ជនរងគ្រោះ​រាប់​លាន​នាក់ ទាំង​នៅ​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត និង​ជា​គោលដៅ។

លោក​ឱ្យ​ដឹង​ថា ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ទាំងនេះ គឺ​ជនរងគ្រោះ​នៅ​ទ្វីបអាស៊ី​ជារឿយៗ​ត្រូវ​បាន​បោក​បញ្ឆោត​ធ្វើការ​ងារ​នៅ​ជុំវិញ​តំបន់ បន្ទាប់មក​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​រួម​ទាំង​ការ​បង្ខំ​ឱ្យធ្វើ​ការ ការ​ឃុំខ្លួន​ដោយ​បំពាន ការ​ធ្វើ​ទារុណកម្ម​ជា​ញឹកញាប់​មាន​ជំនួយ​តិចតួច ឬ​គ្មាន​ពី​អាជ្ញាធរ​មូលដ្ឋាន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​២៩ ខែមីនា។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា អំពើពុករលួយ និង​ការអនុវត្ត​ច្បាប់​ធូររលុង​គឺជា​ដើមចម​នាំ​ឱ្យ​ឧក្រិដ្ឋជន​ងាយ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស និង​ការបោកប្រាស់​តាម​អ៊ីនធឺណិត​។ ប៉ុន្តែ​លោក​មើលឃើញ​ថា មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​មិន​ទាន់​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ទាំងនោះ​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ជឿជាក់​នៅឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជំរុញ​ដល់ រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញាចិត្ត​ដោះស្រាយ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​បន្ថែម​ទៀត​ពីព្រោះ​រឿង​នេះ​នឹង​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​សេដ្ឋកិច្ចជាតិ​ទៅ​ថ្ងៃ​ខាងមុខ​ផង​ដែរ។

លោក យង់ គិមអេង៖ «ការបោកប្រាស់​តាម​អ៊ីនធឺណិត​នេះ​វា​ជា​បញ្ហា​គ្រោះ​ធំ ស្មុគ្រស្មាញ​ណាស់​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លក្ខខណ្ឌ​អន្តរជាតិ​ដោយ​ស្មោះ​ត្រង់ ហើយ​ទូលំទូលាយ​ទៀត​ទើប​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​បាន ដូច​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល​លើកឡើង​អ៊ីចឹង​រឿង​លុយរាប់​ពាន់​លើ​ដុល្លារ​ឯនោះ ដែល​ក្រុម​បោកប្រាស់​អាច​ប្តូរ​បាន អ៊ីចឹង​អាច​ធ្វើ​ឱ្យ​ក្រុម​ហ្នឹង​មាន​ឥទ្ធិពល​ប៉ះពាល់​ទៅ​ដល់​សន្តិភាព សន្តិសុខ​ពិភពលោក និង​ប្រទេស​នីមួយ​ផង​បាទ»។

ចំណែក​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សរសេរ​សារ​នៅ​លើ​ប្រព័ន្ធ​អិច (X) ដោយ​មើលឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បញ្ចប់​ការ​ជួញដូរ​មនុស្ស ជាពិសេស​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត។ លោក​បន្ថែម​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែង​ឆ្លើយតប​ដោយ​គ្មាន​ភាព​ជឿជាក់ ហើយ​រក​លេស​រួចខ្លួន។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០២៣ បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុងចំណោម​ប្រទេស​ទាំង​បី ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន​ឡាវ (Laos) និង​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា​ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​បោកប្រាស់​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​ដោយ​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​។ របាយការណ៍​នោះ​ក៏បាន​រក​ឃើញ​ថា ជនរងគ្រោះ​ជាង​១០ ម៉ឺន​នាក់​ត្រូវ​បាន​ជួញដូរ​នៅក្នុង​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា។ ជនរងគ្រោះ​ទាំងនោះ​បាន​ប្រឈម​នឹង​ការ​គំរាមកំហែង និង​ការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ តាមរយៈ​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ អមនុស្សធម៌ ការ​ឃុំខ្លួន​ដោយ​បំពាន អំពើ​ហិង្សា​ផ្លូវភេទ ពលកម្ម​ដោយ​បង្ខំ និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត។

អង្គការ​សហប្រជាជាតិ​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាត់វិធានការ​រួមមាន ការកំណត់​អត្តសញ្ញាណ ការ​ការពារ​ជនរងគ្រោះ ការ​ធ្វើ​មាតុភូមិនិវត្តន៍ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ការ​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​ជនល្មើស​ដើម្បី​ឆ្លើយតប​អំពើ​ការ​ជួញដូរ​មនុស្ស និង​បោកប្រាស់​តាម​អ៊ីនធឺណិត​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។