អ្នក​ធ្វើ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​រិះគន់​អាជ្ញាធរ​​ដែល​តាម​រំលោភ​សិទ្ធិ​ពួកគាត់

ដោយ ឡេង ម៉ាលី
2023.02.02
Share on WhatsApp
Share on WhatsApp
អ្នក​ធ្វើ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​រិះគន់​អាជ្ញាធរ​​ដែល​តាម​រំលោភ​សិទ្ធិ​ពួកគាត់ ក្បួន​ហែ​ធម្ម​យាត្រា លើក​កម្ពស់​សីលធម៌​សង្គម នៅថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្បួន​ហែ​ធម្មយាត្រា លើកកម្ពស់​សីលធម៌​សង្គម រៀបចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ឈាន​ដល់​ថ្ងៃ​ទី២ ហើយ។ អ្នក​ចូលរួម​ នៅ​តែ​តាំង​ចិត្ត​មោះមុត​ធ្វើ​ដំណើរ​ថ្មើរជើង​រាប់​គីឡូម៉ែត្រ និង​ស្រែក​អំពាវនាវ​ឲ្យ​អ្នក​ដឹកនាំ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​សង្គម។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្បួន​ធម្មយាត្រា​នេះ មាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​លួច​ថត​រូប តាម​អុកឡុក និង​ការ​ហៅ​ទៅ​សួរ​នាំ​រក​លិខិត​អនុញ្ញាត​ផ្សេងៗ បើ​ទោះ​បី​ជា​ ក្រសួង​មហាផ្ទៃ​អនុញ្ញាត​រួច​ហើយ​ក្ដី។ សង្គម​ស៊ីវិល​ ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ គឺ​ជា​ការ​បំពាន​ច្បាប់​និង​រំលោភ​សិទ្ធិ​ពលរដ្ឋ។

ថ្ងៃ​ទី២ នៃ​ក្បួន​ធម្មយាត្រា «លើក​កម្ពស់​សីលធម៌​សង្គម» របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ គ្រូ​បង្រៀន សកម្មជន​សិទ្ធិ​មនុស្ស និង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ ៥០នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ហើយ​នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយាវី ឱ្យ​ដឹង​ថា ដំណើរ​ធម្មយាត្រា​ថ្មើរជើង​រយៈពេល ២ថ្ងៃ​នេះ ពុំ​មាន​បញ្ហា​សុខភាព​ឬ​គ្រោះថ្នាក់​ណា​មួយ​លើ​អ្នក​ចូលរួម​នោះ​ឡើយ ប៉ុន្តែ​អ្នកស្រី​សង្កេត​ឃើញ​មាន​ក្រុម​អាជ្ញាធរ​ក្នុង​ឈុត​ស៊ីវិល​តែង​មក​លួច​ថត​សកម្មភាព ឬ​សួរ​នាំ​រក​លិខិត​ផ្សេងៗ។ អ្នកស្រី​ថា សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងនេះ ហាក់​ផ្ទុយ​ពី​ការ​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​អនុញ្ញាត​ឱ្យ​សមាគម​ធ្វើ​ធម្មយាត្រា​ដោយ​គ្មាន​ការ​រារាំង។

លោកស្រី អ៊ុក ឆាយាវី៖ «គួរ​តែ​គាត់​ហ្នឹង​ (អាជ្ញាធរ)​ កុំ​បាច់​លួច​ (ថត)​ យើង​អត់​មាន​លាក់​បាំង​អី​ខុស​ច្បាប់ មិន​ចាំ​បាច់​លួច​ទេ»

ធម្មយាត្រា​នេះ ប្រព្រឹត្ត​ទៅ​មិន​សូវ​រលូន​នោះ​ឡើយ​តាំង​ពី​ថ្ងៃ​ចាប់ផ្ដើម​ដំបូង ដោយ​អាជ្ញាធរ​ដែល​តែងតែ​ឃ្លាំ​មើល និង​បង្ក​ឧបសគ្គ​ដល់​ក្បួន​ធម្មយាត្រា ដូច​ជា​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ដង្ហែ​ធម្មយាត្រា ចូល​បរិភោគ​បាយ និង​ស្នាក់​នៅ​តាម​វត្ត​អារាម ឬ​តាម​កន្លែង​សាធារណៈ និង​មក​សួរ​នាំ​រក​លិខិត​អនុញ្ញាត​ឱ្យ​ដង្ហែ​ក្បួន​ជាដើម។

ជាក់ស្ដែង កាល​ពី​ចាប់ផ្ដើម​ធម្មយាត្រា អាជ្ញាធរ​ខេត្ត​កណ្ដាល បាន​រារាំង​ មិន​អនុញ្ញាត​ឱ្យ​ក្រុម​ដង្ហែ​ធម្មយាត្រា​ស្នាក់នៅ​វត្ត​ជាច្រើន ស្ថិត​ក្នុង​ស្រុក​ពញាឮ​ ឡើយ។ អាជ្ញាធរ​បាន​ឱ្យ​អ្នក​ហែ​ក្បួន​ទៅ​សុំ​ផ្ទះ​អ្នក​ស្រុក​ដើម្បី​ស្នាក់នៅ​ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​មុខ​ច្រក​ចូល​ផ្ទះ​ដែល​ជា​ទិសដៅ​សម្រាក​ មាន​ក្រុម​ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​ប្រមាណ ៣០នាក់ បាន​មក​សួរ​នាំ​ និង​សួរ​រក​លិខិត​អនុញ្ញាត​ឱ្យ​ដង្ហែ​ក្បួន។ អ្នក​ធ្វើ​ធម្មយាត្រា​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បង្ក​ការ​រំខាន​ និង​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ បាន​ចេញ​លិខិត​ហៅ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដើម្បី​សាក​សួរ​បន្ថែម និង​ពិភាក្សា​ស្ដី​ពី​ការ​សម្រួល​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ និង​ទី​កន្លែង​បញ្ចប់​ការ​ដង្ហែ​ក្បួន​ធម្មយាត្រា ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍ សណ្ដាប់​ធ្នាប់​សាធារណៈ និង​ការ​ការពារ​ជំងឺ​កូវីដ១៩។

ឆ្លើយ​តប​នឹង​សំណើ​នេះ​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់​ថា​ គណៈកម្មការ​ធម្មយាត្រា​នឹង​ចាត់​តំណាង​ម្នាក់ ឱ្យ​ទៅ​ចូលរួម​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃ​ស្អែក។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​ នៅ​ថ្ងៃ​ទី២ កុម្ភៈ។

ទាក់ទិន​រឿង​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យ​ដឹង​ថា ក្រសួង​បាន​ផ្ដល់​ដំណឹង ដល់​អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត​រួច​ហើយ ពី​ការ​ដង្ហែ​ធម្មយាត្រា​នេះ។ លោក​បញ្ជាក់​ថា ត្បិត​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​ធ្វើ​ក្បួន​ហែ​ធម្មយាត្រា​ តែ​សកម្មភាព​នេះ​ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​សមត្ថកិច្ច​ និង​តម្រូវ​ឱ្យ​សមាគម​គ្រូ​បង្រៀន​សហការ​ជាមួយ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន។

លោក​ ខៀវ សុភ័គ៖ «ថោក​អ្វី​នឹង​ដៃ​ ថ្លៃ​អ្វី​នឹង​មាត់! សុំ​គេ​ទៅ! ទាក់ទង​គេ​ទៅ! ឱនលំទោន​គេ​ទៅ​! សហការ​គ្នា​ទៅ​! កុំ​ឱ្យ​តែ​យើង​ទៅ​ជេរ​គេ»

ក្បួន​ធម្មយាត្រា “លើក​កម្ពស់​សីលធម៌​សង្គម” ដើរ​ថ្មើរជើង ចេញ​ពី​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់ ដោយ​ឆ្លង​កាត់​ខេត្ត​កណ្ដាល កំពង់ស្ពឺ និង​កំពង់ឆ្នាំង។ នៅ​តាម​ផ្លូវ​ដង្ហែ​ធម្មយាត្រា​ពលរដ្ឋ​ខ្លះ​ប្រគេន​ភេសជ្ជៈ និង​ថ្នាំ​សង្កូវ​ដល់​ព្រះសង្ឃ​ និង​អ្នក​ដែល​ចូលរួម​ដង្ហែ។ អ្នក​ចូលរួម នាំ​គ្នា​កាន់​ទង់ជាតិ និង​ទង់​សាសនា ហើយ​អ្នក​ខ្លះ​ទៀត កាន់​រូបថត​អ្នក​ទោស​នយោបាយ ដូចជា​ កញ្ញា សេង ធារី និង​មេ​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាដើម។ ពួកគាត់​ ដើរ​ផង​ស្រែក​ផង​ឲ្យ​រដ្ឋាភិបាល ដោះ​លែង​អ្នក​ជាប់ឃុំ​ដោយសារ​នយោបាយ និង​ការ​អនុវត្តិ​សិទ្ធិ​សេរីភាព ហើយ​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​គំរាម​កំហែង​បង្ក​ការ​ឈឺ​ចាប់ ដោយ​ងាក​មក​ដោះ​ស្រាយ​ជម្លោះ​នយោបាយ ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ និង​ផ្សះផ្សា​ជាតិ​ឡើងវិញ។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ យល់​ឃើញ​ថា​ការ​បណ្ដោយ​ឱ្យ​មាន​ទង្វើ​និង​ពាក្យ​សម្ដី​ទាំងនេះ​កើតឡើង គឺ​ជា​ការ​សាប​ព្រោះ​វប្បធម៌​អាក្រក់ ដល់​អ្នក​នយោបាយ និង​យុវជន​ជំនាន់​ក្រោយ ប្រសិន​បើ​គ្មាន​ការ​ទប់ស្កាត់ ឬ​ពញ្ញាក់​ស្មារតី​បុគ្គល​ទាំង​នោះ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​ខេត្ត​-ក្រុង គួរ​ចូល​រួម​សហការ និង​ផ្ដល់​កិច្ច​ការពារ​ដល់​សមាគម​គ្រូ​បង្រៀន​ឱ្យ​ដល់​គោលដៅ ជាជាង​ការ​គំរាម​កំហែង​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​តម្លៃ​គុណធម៌​សង្គម​កាន់តែ​ធ្លាក់​ចុះ។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​តែ​ថែ​រក្សា​សុវត្ថិភាព​អ្នក​ចូលរួម​តាម​ដង​ផ្លូវ និង​ត្រូវ​ធានា​ថា​គ្មាន​ការ​រារាំង ឬ​សកម្មភាព​រំខាន​ផ្សេងៗ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ក្បួន​ហែ​ធម្មយាត្រា​នេះ។

លោក អំ សំអាត៖ «ការ​លើក​តម្កើង​សីលធម៌​នៅ​ក្នុង​សង្គម វា​ជា​រឿង​ល្អ​ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​ វា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ណាស់។ អ៊ីចឹង ធម្មយាត្រា ក្នុង​ការ​លើក​កម្ពស់​ទៅ​លើ​សីលធម៌​សង្គម​នេះ វា​ជា​រឿង​មួយ​ដែល​គួរ​តែ​គាំទ្រ និង​យក​ចិត្ត​ទុក​ដាក់​ទាំង​អស់​គ្នា»

ក្បួន​ហែ ឬ​សកម្មភាព​ផ្សេងៗ ដឹកនាំ​ដោយ​អង្គការ​សង្គម​ស៊ីវិល ឬ​សកម្មជន​ ភាគ​ច្រើន​តែង​មាន​ការ​ហាមឃាត់​ ឬ​ធ្វើ​ទុក្ខបុកម្នេញ​គំរាម​កំហែង​តាម​រូបភាព​ផ្សេងៗ ពី​សំណាក់​អាជ្ញាធរ ខុស​ពី​សកម្មភាព​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច តែងតែ​មាន​អាជ្ញាធរ​រៀបចំ​ការពារ​សុវត្ថិភាព ឬ​បិទ​ផ្លូវ​ទាំងមូល​ដើម្បី​សម្រួល​ចរាចរណ៍​ឱ្យ​ពួកគេ។

យ៉ាងណា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អ្នក​ចូលរួម​ប្រមាណ ៥០នាក់ នៅ​តែ​រក្សា​ជំហរ​បន្ត​ធម្មយាត្រា​ថ្មើរជើង ឱ្យ​ដល់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ឧកញ៉ា ឃ្លាំង មឿង ខេត្តពោធិ៍សាត់ ដើម្បី​បង្ហាញ​ពី​ការ​លះបង់ ដើម្បី​លើកស្ទួយ​សីលធម៌ គុណធម៌ និង​ឱ្យ​អ្នក​នយោបាយ​រួមគ្នា​គោរព និង​លើក​កម្ពស់​សីលធម៌​សង្គម​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។