កូដករ​ណាហ្គាវើលដ៍​លោកស្រី សុខ រតនា ទទួលរង​នូវ​ក្ដី​សោកសង្រេង​ក្រោយ​ស្លាប់​កូន​ក្នុង​ផ្ទៃ

0:00 / 0:00

កម្មករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (NagaWorld) ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​រុញច្រាន​បណ្ដាល​ឱ្យ​ស្លាប់​ទារក​ក្នុង​ផ្ទៃ គឺ លោកស្រី សុខ រតនា មក​ដល់​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម និង​គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​ម្ហូបអាហារ​សម្រាប់​បំប៉ន​សុខភាព​ឡើងវិញ​ឡើយ។ លោកស្រី សុខ រតនា ថា ការ​បាត់បង់​កូន​ក្នុង​ផ្ទៃ​នេះ​គឺជា​អំពើ​និទ្ទណ្ឌភាព​មួយ ដែល​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​លោកស្រី​ស្លុតចិត្ត និង​ទទួលរង​ក្ដី​សោកសង្រេង​ដែល​មិនអាច​បំភ្លេច​បាន។

កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ម្នាក់​គឺ​លោកស្រី សុខ រតនា លើកឡើង​ទាំង​អួល​ដើម ក ថា​លោកស្រី និង​ប្តី ព្រមទាំង​បងប្អូន​សាច់ញាតិ សោកសង្រេង និង​សោកស្ដាយ​បំផុត​ពេល​បាត់បង់​ទារក​ក្នុង​ផ្ទៃ ដោយសារ​កម្លាំង​សមត្ថកិច្ច​រុញច្រាន។ លោកស្រី​មិន​នឹង​ស្មាន​ថា ការប្រើ​សិទ្ធ​ជា​មូលដ្ឋាន​របស់​លោក​ស្រី ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បន​ល្បែង​ណាហ្គាវើលដ៍ គោរព​ច្បាប់​កម្ពុជា បែរជា​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា​រហូត​បាត់បង់​កូន​ក្នុង​ផ្ទៃ និង​ស្ទើរ​បាត់បង់​ជីវិត​ខ្លួនឯង​បែប​នេះ​ឡើយ​។ លោកស្រី​ឱ្យដឹង​ថា ថ្វី​ត្បិត​មក​ដល់​ពេល​នេះ ការ​ធ្លាក់​ឈាម​ភាព​ថមថយ​យ៉ាងណាក្ដី ប៉ុន្តែ លោកស្រី​នៅ​មាន​អាការៈ​ចុក​ពោះ​ម្ដងម្កាល និង​ខ្សោះ​អស់​កម្លាំង។

លោកស្រី សុខ រតនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រូពេទ្យ​បាន​ឱ្យ​លោកស្រី បន្ត​ការ​តាមដាន​សុខភាព​ខ្លួន​ឯង និង​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាប្រចាំ ដោយសារ​លោកស្រី​បាន​ធ្លាក់​ឈាម​ច្រើន​ក្នុង​អំឡុង​ពេល​ដែល​កូន​បាន​ស្លាប់​ក្នុង​ផ្ទៃ។ លោកស្រី​បន្ត​ថា ម្យ៉ាង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ម្យ៉ាង​សុខភាព​កំពុង​គ្រាំគ្រា ចំណែកឯ​ការងារ ក៏​ត្រូវ​ក្រុមហ៊ុន​បាន​ផ្អាក លោកស្រី​ត្រូវ​ចាយវាយ​ត្បិតត្បៀត​បំផុត និង​គ្មាន​ប្រាក់​សម្រាប់​ទិញ​ម្ហូប​អាហារ​សម្រាប់​បំប៉ន​សុខភាព​ឡើងវិញ​នោះ​ទេ។

លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ទោះបី​លោកស្រី​មាន​សុខភាព​ប្រសើរ​ឡើយ​វិញ​ក៏ដោយ វេជ្ជបណ្ឌិត​បាន​ហាមប្រាម មិន​ឱ្យ​លោកស្រី​យក​កូន ក្នុង​រយៈពេល​យូរ​អង្វែង ដោយសារតែ​តួ​ស្បូន​មាន​ភាព​ស្ដើង ពោល​បើ​លោកស្រី​បន្ត​យក​កូន នឹង​អាច​ប្រឈម​រលូត​ម្ដង​ទៀត៖ «ជាក់ស្ដែង​ ឥឡូវ​ហ្នឹង​វា​ពិបាក​ខ្លាំង​ រឿង​បញ្ហា​លុយ​កាក់​ ហើយ​ពេល​ដែល​ខ្ញុំ​មាន​បញ្ហា​តាំង​ពី​ថ្ងៃ​ទី១៦​ [ឧសភា] ធ្លាក់​ឈាម​ហ្នឹង​មក ​៦-៧​រយ ​[ដុល្លារ]​ ហើយ។ គ្រួសារ​យើង​ មាន​តែ​ខាង​គ្រួសារ​ [ប្តី] ហើយ​ប្រាក់​ខែ​គាត់​ក៏​មិន​ប៉ុន្មាន​ដែរ។ ទប់​អត់​ចង់​ជាប់​ទេ ណា​មួយ​ធនាគារ ណា​មួយ​ថ្លៃ​ពេទ្យ ណា​មួយ​ថ្លៃ​ហូប​ចុក​ ត្រូវ​ញ៉ាំ​អី​ប៉ូវ​ៗ ហើយ​យើង​អត់​លុយ។ អារម្មណ៍​ខ្ញុំឥឡូវ​ហ្នឹង ​ខ្ញុំ​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់។ ធម្មតា​ យើង​ស្រឡាញ់​កូន ទោះ​យើង​មាន​កូន​ពីរ កូន​បី​ក៏​ដោយ​ យើង​នៅ​តែ​ស្រឡាញ់​កូន​ដែរ»

ទោះជា​យ៉ាងណា លោកស្រី​ថា ការ​បាត់បង់​កូន​ជាទី​ស្រឡាញ់ នឹង​ធ្វើ​ឱ្យ​លោកស្រី​ដិតដាម​ភាព​ឈឺចាប់ និង​អារម្មណ៍​សោកស្ដាយ​អស់​មួយ​ជីវិត​។ លើស​ពី​នេះ លោកស្រី​បន្ត​ថា បញ្ហា​ដែល​បាន​កើតមាន​សម្រាប់​លោក​ស្រី​កន្លង​មក​នេះ វា​ជា​បទពិសោធន៍​មួយ បាន​បង្រៀន​ឱ្យ​លោកស្រី បាន​យល់​កាន់តែ​ច្បាស់​ថែមទៀត ពី​ទង្វើ​របស់​អាជ្ញាធរ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​បន្សល់​ការ​ឈឺចាប់​លើ​លោកស្រី និង​ក្រុម​គ្រួសារ។

លោកស្រី សុខ រតនា រៀបរាប់​បន្ត​ថា ការ​ចេញ​ទាមទារ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង ៥​ខែ​កន្លង​មក​នេះ លោកស្រី និង​កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រី​ផ្សេង​ទៀត បាន​ទទួល​រង​ភាព​អយុត្តិធម៌​ផ្ទួនៗ​គ្នា​។ លោកស្រី​ថា ការ​ចេញ​តវ៉ា​ដំណោះស្រាយ​ការងារ​នេះ ស្ទើរ​កា្លយ​ជា​វិវាទ​ជាមួយ​អាជ្ញាធរ ដោយសារតែ​សមត្ថកិច្ច​តែងតែ​ដាក់​កម្លាំង​ចាំ​បង្ក្រាប​ដោយ​ហិង្សា​ទាំង​គ្មាន​ក្ដី​អាណិត លើ​កម្មករ​ដែល​កំពុង​រង​ការ​គាប់​សង្កត់​ពី​សំណាក់​ក្រុមហ៊ុន​បរទេស។ លោកស្រី​មិន​នឹក​ស្មាន​ថា ប្រទេស​កម្ពុជា​ដែល​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​មន្ត្រី​អាជ្ញាធរ​តែងតែ​អះអាង​ថា ជា​ប្រទេស​មាន​សន្តិភាព​ផង​នោះ ប៉ុន្តែ​ពេល​ដែល​កម្មករ​គ្រាន់តែ​សិទ្ធិ​ស្របច្បាប់​ទាម​ទាម​ឱ្យ​មាន​សហជីព​នៅ​កន្លែងធ្វើការ ដើម្បី​ឱ្យ​មាន​តុល្យភាព​ការងារ​ជាមួយ​ថៅកែ បែប​ជា​រង​ការ​បង្ក្រាប​ដាក់​គំនាប់​លើ​ពលរដ្ឋ​គ្រប់​ទម្រង់​បែបនេះ​ឡើយ​។

លោកស្រី​វាយ​តម្លៃ​ថា ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​លើ​កូដករ​ឥត​ឈប់ឈរ​នេះ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​មន្ត្រី​អាជ្ញាធរ មាន​ការ​រៀប​ចំ​ជា​ប្រព័ន្ធ​ជាមួយ​ភាគី​ក្រុមហ៊ុន ដើម្បី​ដាក់​សម្ពាធ​លើ​ពលរដ្ឋ​ខ្លួនឯង​។ លោកស្រី សុខ រតនា រិះគន់​ថា រដ្ឋាភិបាល​គួរតែ​រៀបចំ​កញ្ចប់​ថវិកា​ឡើងវិញ ក្នុង​ការ​បើក​វគ្គប​ណ្តុះ​បណ្តាល​ជាថ្មី សម្រាប់​អប់រំ​មន្ត្រី​ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ និង​ធ្វើ​ការណែនាំ​មន្ត្រី​អាជ្ញាធរ​ទាំងនោះ​ឱ្យ​បំពេញ​តួនាទី​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​ការងារ​របស់​ខ្លួន៖ «មិន​បាន​ប្រើ​វិជ្ជា​ជីវៈ ជា​អាជ្ញាធរ​របស់​គាត់​ហ្នឹង​តិច​តែ​ម្ដង។ ទង្វើ​ជាក់ស្ដែង​តាម​ការ​ឡៃវ៍ (Live) មិន​ដឹង​ថា​ពួកគាត់​ [អាជ្ញាធរ] ប្រើ​ច្បាប់​ព្រៃ​អី​ មក​លើ​ពួកខ្ញុំ​ទេ ព្រោះ​ អាជ្ញាធរ​មួយៗ​ ឆ្លង​កាត់​ការ​វឹក ការ​ហាត់ រៀន​សូត្រ​ មិន​មែន​ គេ​យក​អ្នក​ល្ងង់​ទៅ​ធ្វើ​ជា​អាជ្ញាធរ​ទេ។ គាត់​អនុវត្ត​នេះ​ មិន​ដឹង​យក​ច្បាប់​ព្រៃ​អី​មក​អនុវត្ត​ជា​មួយ​ពួក​ខ្ញុំ​ទេ បាន​ជា​គាត់​អត់​មាន​ចិត្ត​ជា​មនុស្ស​អី​តិច​តែ​ម្ដង។ សុទ្ធ​តែ​ខ្មែរ​ដូច​គ្នា​ តែ​គាត់ [អាជ្ញាធរ] យក​ច្បាប់​ព្រៃ មក​អនុវត្តលើ​មនុស្ស​ ដែល​មាន​សិទ្ធិ​រស់​នៅ​ក្នុង​សង្គម​ មួយ​ហ្នឹង​គេ។ រួច​គាត់​យក​ច្បាប់​ព្រៃ​មក​អនុវត្ត មិន​មែន​ជា​ច្បាប់​ពិត​ប្រាកដ​ មិនមែន​ជា​វិជ្ជាជីវៈរបស់​គាត់​ទេ គឺ​ច្បាប់​ព្រៃ​ហ្មង»

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ដើម្បី​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១ មិថុនា។

វិទ្យុ​អាស៊ីសេរី ក៏​បាន​ទាក់ទង​សុំ​ប្រតិកម្ម​ករណី​រលូត​របស់​កូដករ​ណាហ្គា​វើក​ដ៍​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្តា ក៏ប៉ុន្តែ​ពុំ​ទទួល​បាន​ការ​ឆ្លើយតប គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។

​ចំណែកឯអ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្ដា អ៊​ន សោកស្ដាយ​ចំពោះ​កូដករ​ណាហ្គាវើលដ៍ ដែល​មាន​ករណី​រលូន​កូន​នេះ​។ ទោះ​យ៉ាងណា លោក​ថ្លែង​ការពារ​ថា ករណី​រលូត​កូន​របស់​កូដករ​ណាហ្គា​វើលដ៍​នេះ មិនអាច​សន្និដ្ឋាន​បាន​ថា បណ្ដាលមកពី​ការ​រុញច្រាន​ពី​ក្រុម​កម្លាំង​សមត្ថកិច្ច​បាន​ឡើយ​។ លោក កត្ដា អ៊ន មានប្រសាសន៍​ថា បើ​ជនរងគ្រោះ​មាន​ភស្តុតាង​គ្រប់គ្រាន់ លោក​ជំរុញ​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង និង​ចាត់តាំង​មេធាវី​ដើម្បី​តតាំង​ក្ដី​តាមផ្លូវ​តុលាការ៖ «តាម​សម្ដី តាម​ការ​មើល​ឃើញ យើង​សន្និដ្ឋាន​​រឿង​នេះថា​ មក​ពី​សមត្ថកិច្ច យើង​មិន​អាច​សន្និដ្ឋាន​ អ៊ីចឹង​បាន​ទេ។ មាន​តែ​ក្រុម​គ្រូពេទ្យ​ជំនាញ​ទេ​ ដែល​អាច​វាយ​តម្លៃ​ថា ករណី​រលូត​កូន​នេះ មក​ពី​មូលហេតុ​អ្វី? ដូច្នេះ​ មាន​តែ​គ្រូ​ពេទ្យជំនាញ​ យើង​មិន​អាច​សន្និដ្ឋាន​​ថា អ៊ី​ចេះ ថា​អ៊ីចុះ​បាន​ទេ។ យើង​អនុវត្ត​ច្បាប់។​ ដូច្នេះ​ សមភាព​ចំពោះ​មុខ​ច្បាប់ ទាំង​បង​ប្អូន​កម្មករ​​ណាហ្គាវើលដ៍​ ទាំង​សមត្ថកិច្ច​ មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»

ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី សុខ រតនា បញ្ជាក់​ថា ក្រោយ​ពី​មាន​ករណី​កម្លាំង​អាជ្ញាធរ រុញច្រាន​ខ្ទប់​នឹង​បង្កាន់​ដៃ​រថយន្ត​កាល​ពី​ថ្ងៃទី​១១ ឧសភា នៅ​ថ្ងៃ​បន្ទាប់​លោកស្រី​បាន​ទៅ​ពិនិត្យ​អេកូ ដោយ​គ្រូពេទ្យ​សន្និដ្ឋាន​ថា កូនលោក​ស្រី​មាន​សង្ឃឹម​រស់​ត្រឹមតែ​ ៥០​ភាគរយ​តែប៉ុណ្ណោះ ដោយសារ​តែ​មាន​ដំ​ឈាម​កក​ក្បែរ​ទារក​។ លោកស្រី​ឱ្យ​ដឹង នឹង​រៀបចំ​ឯកសារ​ភស្តុតាង​មួយចំនួន និង​សិក្សា​ជាមួយ​រក​មេធាវី​ដាក់ពាក្យ​បណ្ដឹង​ឆាប់ៗ​ នេះ​។ ទោះ​យ៉ាងណាក្ដី លោកស្រី​មិន​រំពឹង​ថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ដោយ​លោកស្រី​មើល​ឃើញ​ថា តុលាការ​ខ្វះ​ភាព​ឯករាជ្យ៖ «ដំណាក់​កាលទី​មួយ​ដែល​ខ្ញុំ​បាន​ធ្លាក់​ឈាម​ហ្នឹង​គាត់ [គ្រូ​ពេទ្យ​]ថា​ [ទារក​មិន​សង្ឃឹម​រស់ ​៥០%​ សង្ឃឹម​រស់ ​៥០%] ព្រោះ​មាន​ដុំ​ឈាម​នៅ​ក្នុង​ស្បូន​ កូន​ខ្ញុំ​វា​អត់​ល្អ។ គាត់​ [គ្រូ​ពេទ្យ] ណែនាំ​ អត់​ឱ្យ​ទុក​ទេ។ គាត់​ [គ្រូ​ពេទ្យ] សួរ​ខ្ញុំ​ដែរ​ ថា​ខ្ញុំ​​មាន​ប៉ះ​អី​អត់? ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ដួល​អុក​គូទ។ គាត់​ [គ្រូ​ពេទ្យ] ថា​អ៊ីចឹង​បាន​អ៊ីចឹង​ គាត់​មក​ពី​យើង​ដួល​អុក​គូទ។ បើ​និយាយ​ពី​រឿង​សង្ឃឹម​វិញ ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​ ដូចជា​មិន​សូវ​សង្ឃឹម​ទេ ព្រោះ​ប្រធាន​សហជីព​របស់​ខ្ញុំ​ជាប់​គុក ៩អាទិត្យ​ ទាំង​អយុត្តិធម៌​។ ឥឡូវ​ហ្នឹង​អត់​ទាន់​ទម្លាក់​បទ​ចោទ​ទេ។ ឥឡូវ​ខ្ញុំ​ផ្ទាល់​ចុះ ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ហ្នឹង​ មិន​ដឹង​ថា​ទទួល​បាន​យុត្តិធម៌​ពី​អ្នកណា? ឥឡូវ​សួរ​ថា​ អ្នកណា​ដែល​អាច​ផ្តល់​យុត្តិធម៌​ឱ្យ​ខ្ញុំ​បាន?»

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​សមត្ថកិច្ច​ប្រើ​អំពើ​លើ​កូដករ​រហូត​បាត់បង់​កូដ​ករ​ក្នុង​ផ្ទៃ​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ លោក​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ​តាម​ចាប់​ជន​ដៃដល់​មក​ផ្ដន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៖ «ការ​ដោះស្រាយ​បែប​វិវាទ​ការងារ​ មិនមែន​ ជា​ការ​ដោះស្រាយ​តាម​របៀប​ប្រើប្រាស់​អំពើ​ហិង្សា ការ​រុញ​ច្រាន ការ​ទប់ស្កាត់​ណា​មួយ​ទេ។ ប្រសិន​បើ​បញ្ហា​នេះ នៅ​តែ​បន្ត យើង​ឃើញ​ហើយ អំពើ​ហិង្សា​ការ​រុញ​ច្រាន គ្នា​នៅ​តែ​បន្ត​ទៀត​ ការ​ប៉ះពាល់​កើត​ឡើង​បន្ត​ទៅ​ទៀត។ ជាពិសេស​ ក្រុម​កូដករ ហើយ​ក៏​សមត្ថកិច្ច​ផង​ដែរ។ អ៊ីចឹង​យូរៗ​ ទៅ វា​ទៅ​ជា​ការ​វិវាទ ឬ​ជា​ការ​ចង​គំនុំ គ្នា​រវាង​ក្រុម​កូដករ​ ជាមួយ​នឹង​អាជ្ញាធរ​ បង្ក្រាប​ហ្នឹង​ទៅ​វិញ»

លោក អំ សំអាត បារម្ភ​ថា បើ​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ នៅតែ​គ្មាន​ច្រកចេញ ក្រុម​កម្មករ​នឹង​បន្ត​រង​ការ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដែល​អាច​ឈាន​ដល់​ការ​ចោទប្រកាន់ និង​ចាប់ខ្លួន​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ជាថ្មី​ម្ដង​ទៀត។

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើ​លដ៍​រាប់​រយ​នាក់ បាន​ចេញ​ធ្វើ​កូដករ​ដោយ​សន្តិវិធី​អស់​រយៈពេល​ជាង​ ៥​ខែ​មក​ហើយ ដើម្បី​ឱ្យ​ភាគី​ថៅកែ​គោរព​សិទ្ធ​កម្មករ​នៅ​កន្លែងធ្វើការ​។ ប៉ុន្តែ មក​ដល់​ពេល​នេះ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ត្រឹមតែ​មិន​ជួយ​រក​ដំណោះស្រាយ​ឱ្យ​ពួកគាត់​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ប៉ុន្តែ​បែរជា​ប្រើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ពួកគាត់​ឥត​ឈប់ឈរ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។ ក្រៅ​ពី​នេះ មាន​ករណី​កម្មករ​រលូត​កូន​ដោយសារតែ​ការ​ចេញ​ទាមទារ​សិទ្ធ​សេរីភាព​ការងារ នេះ​កន្លង​តុលាការ​ក៏បាន​ចាប់​សហជីព និង​សមាជិក​សរុប​ ១៥​នាក់​ដាក់​ពន្ធនាគារ​។ មក​ដល់​ពេលនេះ ពួកគាត់​នៅ​មិន​ទាន់​មាន​ការ​ទម្លាក់​បទ​ចោទ​ពី​តុលាការ​នៅ​ឡើយ។

លោកស្រី សុខ រតនា និង​ក្រុម​កម្មករ នៅ​តែ​ទន្ទឹម​រង់ចាំ​ពន្លឺយុត្តិធម៌ ដោយ​ពួកគេ​ទាមទារ​ដល់​រដ្ឋាភិបាល​គួរ​សើរើ​អង្គហេតុ​នៃ​វិវាទ​ការងារ​នេះ​ឡើងវិញ ដើម្បី​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​ប្រកប​ដោយ​តម្លាភាព​។ លោកស្រី សុខ រតនា ក៏​ទន្ទឹម​រង់ចាំ​មើល​ថា ស្ថាប័ន​ពាក់ព័ន្ធ បើក​ការស៊ើបអង្កេត​ដល់​កម្រិត​ណា ចំពោះ​ជន​ដៃដល់​រុញច្រាន​លោកស្រី​រហូត​សម្លាប់​កូន​ក្នុង​ផ្ទៃ​នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។