“​លំហ​សេរីភាព​​ពលរដ្ឋ​ ​និង​​សិទ្ធិ​នយោបាយ​​នៅ​​កម្ពុជា​ ​កាន់​តែ​​រួម​តូច​​និង​​ដើរ​ថយ​ក្រោយ​”

ដោយ មួង ណារ៉េត
2022.03.29
“​លំហ​សេរីភាព​​ពលរដ្ឋ​ ​និង​​សិទ្ធិ​នយោបាយ​​នៅ​​កម្ពុជា​ ​កាន់​តែ​​រួម​តូច​​និង​​ដើរ​ថយ​ក្រោយ​” លោក​ វិទិត​ ​មុនតាប៊ន​ (​Vitit​ ​Muntarbhorn​) អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។
រូប៖ OHCHR

មន្រ្តី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​រាយការណ៍​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​ថា​លំហ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ ​កាន់តែ​រួម​តូច​ ​និង​ដើរថយក្រោយ​ ​ដោយសារតែ​ការ​គ្រប់គ្រង​ប្រទេស​បែប​ឯក​បក្ស​។​ ​មន្រ្តី​រូប​នេះ​ ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទាំងអស់​នៅ​កម្ពុជា​ ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ ​និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​ ​រួម​ទាំង​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ការ​ជួប​ប្រជុំ​។

អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោក​ វិទិត​ ​មុនតាប៊ន​ (​Vitit​ ​Muntarbhorn​) ​ថា​ ទិដ្ឋភាព​សិទ្ធិមនុស្ស​ ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​​ក្នុង​ប្រទេស​កម្ពុជា នៅតែ​បង្ក​ការ​ព្រួយបារម្ភ​លើ​វិ​ស័យ​ជាច្រើន​ ​ជាពិសេស​ក្នុងពេលដែល​កាន់តែ​ខិត​ជិតដល់​ការបោះឆ្នោត​ឃុំ​សង្កាត់​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ ​នៅ​ខែ​មិថុនា​ ​ខាងមុខនេះ​។​

ទោះ​ជា​លោក​ទទួលស្គាល់​​ថា ​កម្ពុជា​បាន​កែ​លម្អ​ទាក់ទង​ទៅ​នឹង​សេចក្តីព្រាងច្បាប់​ថ្មីៗ​ ​ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​សំណុំ​រឿង​​កក​ស្ទះ​នៅ​តុលាការ​ ​និង​វ​ឌ្ឍនភាព​ឆ្ពោះទៅ​រកការ​បង្កើត​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ជាដើម​ក្ដី​ ​ក៏​លោក​ថា ​កម្ពុជា​នៅ​មាន​បញ្ហា​ជាច្រើន​ ​ទាក់ទង​នឹង​ការ​បិទ​លំហ​សេរីភាព​ពលរដ្ឋ​ ​និង​សេរីភាព​និង​សិទ្ធិ​នយោបាយ​ ​បញ្ហា​សវនាការ​លើ​សំណុំរឿង​ដែល​មាន​ចរិត​នយោបាយ​ ​និង​ការ​ចាប់ខ្លួន​អ្នកនយោបាយ​ ​​និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធ​នាគា​រ​ជាដើម​។

សេចក្តីរាយការណ៍​របស់​លោក​ វិទិត​ ​មុន​តាប៊ន​ ​ថ្លែង​នៅចំពោះមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​នៅ​ទីក្រុង​ហ្សឺណែវ​​​(​Geneva​)​ ​នៅ​ប្រទេស​ស្វ៊ី​ស ​​(S​wit​z​e​r​land​)​​ ​កាលពី​ថ្ងៃ​ទី​​២​៩​ ​ខែ​​មីនា​ ​សង្កត់ធ្ងន់​ជាពិសេស​ទៅលើ​បរាជ័យ​របស់​កម្ពុជា​ ​ដែល​ខក​ខានមិនបាន​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ ​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នៅ​កម្ពុជា​។

ឆ្លើយតប​ទៅ​នឹង​ចំណុច​អវិជ្ជមាន​ទាំងនេះ​ ​មន្រ្តី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ច្រានចោល​ការ​លើកឡើង​នោះ​ភ្លាម​ៗ​។​ ​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​លោក​ ​កត្តា​ អ៊ន​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៩​ ​ខែ​​មីនា​ ​ថា​នៅ​កម្ពុជា​គ្មាន​ការរំលោភ​សិទ្ធិមនុស្ស​នោះ​ទេ​ ​គឺ​មានតែ​អ្នកនយោបាយ​ ​និង​សកម្មជន​រំលោភច្បាប់​។​

លោក​ចោទ​អ្នករាយការណ៍​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​រូប​នេះ​ ​ថា​យល់​ច្រឡំ​ន័យ​នៃ​ពាក្យ​រំលោភ​សិទ្ធិមនុស្ស​ ​និង​ការ​រំលោភច្បាប់៖ «អ្វី​ដែល​ជា​ការ​លើកឡើង​ ​គឺជា​ការយល់​ច្រឡំ​។​ អ៊‍ីចឹង​សកម្មជន​អង្គការសង្គម​ស៊ីវិល​ ​សកម្មជន​គណបក្ស​នយោបាយ​ផ្សេងៗ​ ​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ ​គឺជា​ជនល្មើស​នៅ​ក្នុង​ក្របខណ្ឌ​ច្បាប់ ​ជា​អ្នកនយោបាយ​ប្រព្រឹត្ត​ល្មើសច្បាប់​ ​មិនមែន​ជា​អ្នកនយោបាយ​ប្រព្រឹត្ត​បទ​នយោបាយ​ទេ​។​ អ៊‍ីចឹង​ច្បាប់​មាន​ភាព​ស្មើគ្នា​ណាស់​ ​នៅ​ក្នុង​ការ​អនុវត្ត​។​ ​យើង​មិន​អាច​អនុវត្ត​ច្បាប់​ស្ដង់​ដារ​ពីរ​ ​និង​សិទ្ធិមនុស្ស​ស្ដង់​ដារ​ពីរ​ទេ»។

លោក​ ​កត្តា​ អ៊ន​ ​បន្ត​អះអាង​ថា​ ​កម្ពុជា​មាន​លំហ​សេរីភាព​សម្រាប់​ពលរដ្ឋ​ទូទៅ​ ​និង​សម្រាប់​អ្នកនយោបាយ​ ​ដោយ​លោក​សម្អាង​ថា​ ​មាន​គណបក្ស​នយោបាយ​​៤៥​ ​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ ​និង​មាន​គណបក្ស​នយោបាយ​ចំនួន​ ​១៧​ ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាងមុខ​។​ មិនតែប៉ុណ្ណោះ​ ​លោក​ថា​ ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ​យ៉ាងហោចណាស់​៣​០​នាក់​ ​ក្នុងចំណោម​១​១​៨​នាក់​ ​ដែល​ជាប់​បម្រាម​នយោបាយ​ ​បាន​ទទួល​នីតិសម្បទា​ផ្នែក​នយោបាយ​​ឡើងវិញ​ ​និង​បើក​គណបក្ស​ថ្មី​ជាហូរហែ​រ​។​ ​លោក​អះអាង​ថា​ នោះ​​គឺជា​រូបភាព​នៃ​ការ​បើកចំហ​រ​សេរីភាព​នយោបាយ​ ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​សម្រាប់​​គ្រប់គ្នា​។​

ផ្ទុយពី​ការ​លើកឡើង​នេះ​ ​លោក​ វិទិត​ ​មុន​តាប៊ន​ (​Vitit​ ​Muntarbhorn​) ​ថា​មន្រ្តី​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​ ​នៅតែ​ជាប់​បម្រាម​នយោបាយ​ ​និង​មន្រ្តី​រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​ឲ្យ​ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ ​និង​រឿងក្តី​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​មន្រ្តី​បក្ស​ប្រឆាំង​ ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ​។

ស្រប​ពេល​ដែល​មន្រ្តី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​រំលោភ​សិទ្ធិមនុស្ស​ ​រូបភាព​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ ​និង​ការ​​រឹត​ត្បិត​​សិទ្ធិ​សេរីភាព​ចំពោះ​អ្នក​តវ៉ា​សិទ្ធិ​ការងារ​ ​និង​សហជីព​ ​ដូចជា​កូដករ​ក្រុមហ៊ុន​បនល្បែង​ណា​ហ្គាវើលដ៍ ​នៅតែ​បន្ត​កើតមាន​រាល់ថ្ងៃ​។​ ក្នុងពេលជាមួយគ្នា​នេះ​ ​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​ ​និង​ការគោរព​សិទ្ធិមនុស្ស​ ​ដូចជា​កញ្ញា​ ​សេង​ ​ធារី​ ​ក៏​បន្ត​រង​ការ​ធ្វើទុក្ខបុកម្នេញ​តាមផ្លូវ​តុលាការ​ ​និង​ការ​គំរាមកំហែង​គ្រប់រូប​ភាព​ពី​អាជ្ញាធរ​ ​និង​មន្រ្តី​បក្ស​កាន់អំណាច​។​

នៅ​ក្នុង​ថ្ងៃ​ដែល​អ្នករាយការណ៍​ពិសេស​ ​ថ្លែង​សារ​នៅ​អង្គការសហប្រជាជាតិ​ ​នៅ​ទីក្រុង​ហ្សឺណែវ​នៅ​ ​នៅ​កម្ពុជា​ឯណោះ​ ​អាជ្ញាធរ​កំពុង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​។​ ​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ ​ដែល​ជា​កូដករ​ ​ត្រូវ​ក្រុម​អាជ្ញាធរ​ធ្វើបាប​ ​និង​រារាំង​មិន​ឲ្យ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ ​និង​សហជីព​។​ 

កញ្ញា​ ​សេង​ ​ធារី​ ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ឥត​សំចៃ​មាត់​ ​និង​ជាសកម្ម​ជន​សង្គម​ ​និង​ធ្លាប់​គាំទ្រ​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក​ ​សម​ ​រង្ស៊ី ​កាលពី​ឆ្នាំ​២​០​១​៩​ ​នោះ​ ​ត្រូវ​មន្រ្តី​បក្ស​កាន់អំណាច​ ​គំរាម​ចាត់ការ​ជា​ចំហ​រ​តាម​ហ្វេសប៊ុក​។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ​និង​ជាមន្រ្តី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​ផង​នោះ​ ​គឺ​លោក​ ​ជុំ​ ​កុសល​ ​ដែល​ជា​ឧបករណ៍​ឃោសនា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​លោក​បាន​​សរសេរ​​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ដោយ​ប្រដូច​កញ្ញា​ ​សេង​ ​ធារី​ ​ទៅ​នឹង​មេរោគ​កូវីដ​-​១៩​ ​ដែល​លោក​ចោទ​ថា ​ជា​មេរោគ​សង្គម​ ​ដែល​គួរតែ​រក​វិធីការ​ពារ​កុំឲ្យ​រីក​សាយភាយ​ធំ​បាន​។​

កញ្ញា​ ​សេង​ ​ធារី​ ​ចាត់​ទុក​ចេតនា​នៃ​ការ​គំរាមកំហែង​ជា​ចំហ​រ​នេះ​ ​មិនមែន​ធ្វើឡើង​ដោយចៃដន្យ​នោះ​ទេ​។​ ​កញ្ញា​ថា ​លោក​ ​ជុំ​ ​កុសល​ ​ចេញ​សារ​គំរាម​នេះ​ ​ក្នុង​ថ្ងៃ​ដែល​អ្នករាយការណ៍​ពិសេស​ ​ថ្លែង​សារ​អំពី​ស្ថានភាព​អាក្រក់​ ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​ កញ្ញា​យល់ថា​ ​សារ​របស់​មន្រ្តី​បក្ស​កាន់អំណាច​នេះ​ ​គឺជា​ចេតនា​ចង់​បំបិទមាត់​អ្នក​ហ៊ាន​ចេញមុខ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ ​និង​យុត្តិធម៌​សង្គម​ ​ដែល​នៅសល់​ពី​ក្រុម​ ​គឺ​ក្រុម​កូដករ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ ​និង​ក្រុម​របស់​កញ្ញា៖ «ខ្ញុំ​ឮ​ថា​មិនមែន​ត្រឹមតែ​គាត់​ទេ​។​ ​ប៉ុន្តែ​មាន​មន្រ្តី​គណបក្សប្រជាជន​ផ្សេងៗ​ទៀត​ ​បាន​ប្រើ​ភាសា​ស្រដៀង​ៗ​គ្នា​ក្នុង​ការ​បង្ហោះ​រូបភាព​ខ្ញុំ​ ​នៅ​ក្នុង​ពេលវេលា​តែមួយ​ដែល​ទាក់ទិន​ជាមួយ​សារ​របស់​អ្នករាយការណ៍​ពិសេស​យូ​អិន​ (UN)»។​

ទោះ​ជា​រង​ការ​បំភិតបំភ័យ​ ​និង​គំរាមកំហែង​យ៉ាងនេះ​ក្តី​ ​ក៏​កញ្ញា​ ​សេង​ ​ធារី​ ​អះអាង​ថា ​កញ្ញា​មិន​ញញើត​ ​និង​ចុះញ៉ម​នោះ​ឡើយ​ ​ព្រោះ​អ្វី​ដែល​កញ្ញា​កំពុង​ធ្វើ​គឺជា​ទង្វើ​ស្រប​ច្បាប់​ ​និង​ជា​សិទ្ធិ​សេរីភាព​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​និង​ច្បាប់អន្តរជាតិ៖ «របប​ផ្ដាច់ការ​យើង​ដឹង​ហើយ​ពួកគាត់​ខ្លាច​ពន្លឺ​ ​ហើយ​ពន្លឺ​ហ្នឹង​ជា​ការពិត​ ​ជា​សេរីភាព​ ​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​ ​ចុងក្រោយ​គាត់​ខ្លាច​ប្រជាពលរដ្ឋ​ ​ពិសេស​ប្រជាពលរដ្ឋ​ត្រឹមត្រូវ​ ​ប្រជាពលរដ្ឋ​អង់អាច​ក្លាហាន​ ​ហើយ​ចេះ​របៀប​នៅ​ក្នុង​ការ​តស៊ូ​ដោយ​សន្តិវិធី​។​ ​ខ្ញុំ​នឹង​នៅ​បន្ត​សកម្មភាព​របស់​ខ្ញុំ​នៅ​ក្នុង​ការ​តស៊ូ​មតិ​ ​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ភាព​អយុត្តិធម៌​ ​ពីព្រោះ​ខ្ញុំ​មិន​អាច​អត់​ធ្វើ​បាន​។​ ​ខ្ញុំ​ត្រូវតែ​ធ្វើ​!»។

ការ​គំរាមកំហែង​ពី​មន្រ្តី​បក្ស​កាន់អំណាច​ ​និង​ការប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយ​ ​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​សំឡេង​ប្រឆាំង​ ​និង​សកម្មជន​សង្គម​ ​បាន​ក្លាយ​​ជា​​រឿង​សាមញ្ញ​នៅ​ក្នុង​សង្គម​ខ្មែរ​ ​ក្រោម​ការ​គ្រប់គ្រង​ប្រទេស​តាម​បែប​ឯក​បក្ស​នេះ​។​

មន្រ្តី​សិទ្ធិមនុស្ស​ក្នុងស្រុក​ ​ក៏​យល់ថា​ ​ស្ថានភាព​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ​។​

អ្នកនាំពាក្យ​សមាគម​អាដហុក​លោក​ ​ស៊ឹង​ ​សែន​ ​ករុណា​ ​សោកស្ដាយ​ដែល​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ​តែងតែ​ទាត់ចោល​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​ ​ដែល​ស្រាវជ្រាវ​ ​និង​ចងក្រង​ដោយ​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ ​និង​រក​វិធី​ឆ្លើយ​ដោះសារ​ ​ជាជាង​ដោះស្រាយបញ្ហា​។​ លោក​ថា ​វិធីសាស្រ្ត​ដោះសា​រ​បែប​នេះ​ ​លែង​មាន​ប្រសិទ្ធ​ភាព​ហើយ​ ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​ ​ដែល​ពលរដ្ឋ​ជាច្រើន​ចេះ​ប្រើប្រាស់​បណ្តាញ​សង្គម​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​បញ្ហា​សង្គម​នោះ​។ លោក​ស្នើ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​ ​កែប្រែ​ឥរិយា​បទ​បែប​នេះ​ ​ដើម្បី​ចេះ​ទទួលយក​ការពិត​ ​និង​រក​វិធី​ដោះស្រាយ​ ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ៖ «គេ​មើលឃើញ​អំពីអ្វី​ដែល​ជា​ការរំលោភ​សិទ្ធិមនុស្ស​ហ្នឹងឯង​! ​ហើយ​គាត់​ចេះតែ​គេ​ស​វេស​អ៊‍ីចឹង​ ​វា​មិនមែន​ជា​ដំណោះស្រាយ​ទេ​។​ ​ខ្ញុំ​ទទូច​ឲ្យ​មាន​ការសិក្សា​ឡើងវិញ​ ​ហើយ​ចេះ​ទទួលយក​ ​ហើយ​ធ្វើការ​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើង​ ​ដែល​ជា​រឿង​ត្រឹមត្រូវ​ ​និង​គួរ​ធ្វើ​»

កម្ពុជា​រង​ទណ្ឌកម្ម​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​ ​រឿង​មិនព្រម​ស្តារ​សិទ្ធិ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​ ​ក្រោយ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចោទប្រកាន់​លោក​ កឹម​ ​សុខា​ ​ពី​បទ​ក្បត់ជាតិ​ ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​និង​បណ្ដេញ​អង្គការសង្គម​ស៊ីវិល​ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។