សាលាដំបូងរាជធានីភ្នំពេញពន្យារពេលប្រកាសសេចក្ដីសម្រេចដោះលែង ឬពន្យារពេលនៃការឃុំខ្លួនអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីរនាក់ ដែលកំពុងជាប់ឃុំ ជុំវិញបទចោទលួចផលិតព័ត៌មានសម្ងាត់បញ្ជូនទៅរដ្ឋបរទេសទៅថ្ងៃសុក្រ ទី១៨ ឧសភា។
មេធាវីការពារក្ដីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប លោក កែវ វន្នី ថ្លែងថា ការកោះហៅលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ របស់តុលាការក្រុងភ្នំពេញនេះ គឺដើម្បីអនុវត្តនីតិវិធីតទល់គ្នារវាងតំណាងអយ្យការ និងភាគីជនជាប់ចោទ។ លោក កែវ វន្នី អះអាងថា ខាងតំណាងអយ្យការបានស្នើសុំឱ្យចៅក្រមពន្យារពេលឃុំខ្លួនលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បន្តទៅទៀត ដោយសំអាងថា នីតិវិធីស៊ើបសួរមិនទាន់ចប់ ហើយរឿងនេះគឺជាករណីបទល្មើសឧក្រិដ្ឋដែលមានលក្ខណៈធ្ងន់ធ្ងរ។ លោក កែវ វន្នី បានស្នើសុំឱ្យតុលាការដោះលែងអតីតបុគ្គលិកអាស៊ីសេរីអ្នកទាំងពីរឱ្យនៅក្រៅឃុំបណ្ដោះអាសន្នសិន ដោយសំអាងថា ការឃុំខ្លួនអ្នកទាំងពីរលើសរយៈពេល ៦ ខែ គឺជាការអនុវត្តខុសនីតិវិធី ហើយម្យ៉ាងវិញទៀតទាំងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ សុទ្ធតែបានសហការយ៉ាងល្អនៅគ្រប់កិច្ចដំណើរការនីតិវិធីរបស់តុលាការ៖ «ការឃុំខ្លួននេះវាមានរយៈពេលយូរហើយ អ៊ីចឹងវាសមរម្យក្នុងការស្វែងរកការពិត។ ប្រសិនបើគាត់ធ្វើខុសមែន គឺខាងតុលាការ ឬក៏សមត្ថកិច្ចពិតជាបានរកឃើញភស្តុតាងដាក់បន្ទុកទៅលើគាត់ហើយ ហើយជាពិសេស គឺសម្ភារៈ កុំព្យូទ័រ ទាំងលេខកូដសម្ងាត់ទូរស័ព្ទទាំងអស់ គឺកូនក្តីរបស់ខ្ញុំទាំងពីរនាក់បានសហការផ្ដល់ជូនសមត្ថកិច្ចតាំងពីដើមមក ដូច្នេះអត់មានអ្វីត្រូវលាក់បាំងទេ។ គាត់ក៏មិនភ័យខ្លាចក្នុងការសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកការពិតនោះទេ»។
លោក កែវ វន្នី អះអាងថា កូនក្តីលោកបានបញ្ជាក់ប្រាប់តុលាការសាជាថ្មីទៀតថា អ្នកទាំងពីរមិនបានប្រព្រឹត្តិដូចការចោទប្រកាន់នោះទេ និងបានសំណូមពរដល់តុលាការឱ្យដោះលែងពួកគេ ដើម្បីបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ក្រោយបែកគ្នាអស់រយៈពេលជាង ៦ខែកន្លងទៅនេះ។ មេធាវីរូបនេះនៅតែជឿជាក់ថា កូនក្តីរបស់លោកទាំងពីរគ្មានកំហុសអ្វីនោះទេ ហើយការឃុំខ្លួនអ្នកទាំងពីរក្នុងរយៈកាលកន្លងទៅនេះ គឺជារឿងអយុត្តិធម៌៖ «តុលាការ និងសមត្ថកិច្ចពុំបានបង្ហាញនូវភស្តុតាងណាមួយដែលបង្ហាញថា ពួកគាត់ទាំងពីរប្រព្រឹត្តដូចបទចោទនោះទេ។ កាលណាពួកគាត់អត់បានធ្វើខុស ហើយយើងចាប់ យើងឃុំខ្លួនអ្នកស្លូតត្រង់រយៈពេលជាច្រើនខែក្នុងពន្ធនាគារ វាមិនមែនជាការសម្រាកលេងនៅផ្ទះទេ វាមានការលំបាកណាស់ បាត់បង់សិទ្ធិសេរីភាព និងអ្វីៗគ្រប់បែបយ៉ាង ដូច្នេះវាពិតជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ទាំងពីរនាក់»។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការបទចោទលួចផលិតព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតោន តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ។ អ្នកទាំងពីរត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលជាង ៦ ខែហើយ ដោយមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ តែងបដិសេធការចោទប្រកាន់របស់តុលាការ។ ចំណែក អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិវិញ ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការចាប់ខ្លួនអ្នកទាំងពីរនេះដែរ ដោយពួកគេចាត់ទុកថា នេះជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងមូលដ្ឋានច្បាប់ត្រឹមត្រូវ។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានហៅអ្នកទាំងពីរថា ជាអ្នកទោសមនសិការ និងទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងពួកគេដោយឥតលក្ខខណ្ឌ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែងថា សំណុំរឿងរបស់អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបនេះ គឺជារឿងអយុត្តិធម៌ ហើយតុលាការគួរតែពិចារណាទៅលើគោលការណ៍នៃការគោរពសិទ្ធិមនុស្សទាក់ទងការឃុំខ្លួនអ្នកទាំងពីរ។ លោកបន្តថា តុលាការគួរតែដោះលែងអ្នកទាំងពីរឱ្យនៅក្រៅឃុំ ព្រោះរយៈពេល ៦ ខែកន្លងទៅនេះ គួរតែគ្រប់គ្រាន់ហើយសម្រាប់តុលាការក្នុងការវិនិច្ឆ័យលើសំណុំរឿងអ្នកទាំងពីរ៖ «ខាងតុលាការសូមពិចារណាទៅលើគោលការណ៍នៃសិទ្ធិសេរីភាពរបស់មនុស្ស។ ចៅក្រមដែលកាន់រឿង ជាពិសេសព្រះរាជអាជ្ញាដែលចោទប្រកាន់ បើសិនបានដឹងហើយថា ករណីនេះមិនសក្ដិសមនឹងទទួលបទចោទនេះ មិនគួរឃុំខ្លួនក្នុងបទល្មើសនេះ គួរតែក្លាហានសម្រេចដោយឆន្ទានុសិទ្ធិដើម្បីដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពវិញ ព្រោះរយៈពេល ៦ខែនេះ អ្នកទាំងពីរបានបែកបាក់ឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ ក្នុងករណីនេះ បើសិនចំណាត់ការរបស់តុលាការធ្វើឡើងដោយភាពអយុត្តិធម៌ នោះនឹងមានការថ្កោលទោសពីមហាជន»។
កាលពីថ្ងៃទី១៥ ឧសភា អង្គការសិទ្ធិមនុស្សមួយមានមូលដ្ឋាននៅទីក្រុងបាងកក ឈ្មោះវេទិកាអាស៊ី (FORUM-ASIA) ដែលមានសមាជិក ៥៨ អង្គការ មកពីប្រទេសចំនួន ១៩ នៅទ្វីបអាស៊ី បានទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពវិញ។ អង្គការ FORUM-ASIA ចាត់ទុកការចោទប្រកាន់លើលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ថាជារឿងប្រឌិត និងរំលោភបំពានសិទ្ធិអ្នកទាំងពីរយ៉ាងធ្ងន់ធ្ងរ។ អង្គការនេះបញ្ជាក់ទៀតថា ការមិនព្រមដោះលែងអ្នកទាំងពីរ ហើយបន្ថែមបទចោទថ្មី បង្ហាញឱ្យឃើញថា របបលោក ហ៊ុន សែន មិនត្រឹមតែកំពុងរំលោភបំពានច្បាប់ជាតិនោះទេ ប៉ុន្តែក៏កំពុងរំលោភអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ៕