តុលាការកំពូលសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿង កញ្ញា ឈឹម ស៊ីថរ ទៅសប្ដាហ៍ក្រោយ
2023.03.15

តុលាការកំពូលបើកសវនាការជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ នៅព្រឹកថ្ងៃទី១៥ មីនារួចរាល់ហើយ។ តុលាការនឹងប្រកាសសាលដីកាសម្រេចក្ដីនៅចុងខែមីនា។ ក្រុមសហជីព និងអង្គការស៊ីវិលយល់ឃើញថា តុលាការគួរតែអនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះកញ្ញាមិនបានប្រព្រឹត្តអ្វីខុសច្បាប់ឡើយ។
ក្រោយបើកសវនាការជំនុំជម្រះរយៈពេលជាង ១ម៉ោងរួច តុលាការក៏បញ្ចប់ការជំនុំជម្រះលើសំណើរបស់កញ្ញា ឈឹម ស៊ីថរ សុំនៅក្រៅឃុំនេះ។ តុលាការកំពូល បានកំណត់ថ្ងៃប្រកាសសាលដីកានៅថ្ងៃទី២៤ មីនា។ ការជំនុំជម្រះក្ដីនេះធ្វើឡើងតាមសំណើរបស់មេធាវីការពារក្ដី ដែលបានស្នើសុំឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំបណ្ដោះអាសន្ន។
តំណាងសហជីពប្រចាំនៅក្រុមហ៊ុន បនល្បែងណាហ្គាវើលដ៍ លោកស្រី ឃ្លាំង សុបិន្ត ប្រាប់វិទ្យុអាស៊ីសេរីថា នៅក្នុងបន្ទប់ជំនុំជម្រះចៅក្រមមិនបានសាកសួរ កញ្ញា ឈឹម ស៊ីថរ នោះទេ ប៉ុន្តែបានផ្ដល់ឱកាសឱ្យកញ្ញា ឈឹម ស៊ីថរ ស្នើសុំជាលើកចុងក្រោយ ។ កញ្ញា សុំស្នើតុលាការកំពូលឱ្យដោះលែង កញ្ញា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារកញ្ញាមិនបានប្រព្រឹត្តខុសច្បាប់នោះទេ។ កញ្ញាចង់ត្រឡប់ទៅផ្ទះ ដើម្បីមើលថែម្ដាយចាស់ជរា និងខ្លួនកញ្ញាផ្ទាល់ឈឺចង្កេះខ្លាំង នៅស្របពេលការជាប់ឃុំក្នុងពន្ធនាគារមានលក្ខណ: តូចចង្អៀត ដែលធ្វើឲ្យកញ្ញាកាន់តែលំបាក។ លោកស្រី ឃ្លាំង សុបិន្ត រៀបរាប់ទៀតថា តុលាការគួរតែពិចារណាលើសំណុំរឿងកញ្ញា ឈឹម ស៊ីថរ ម្ដងទៀតពីព្រោះកញ្ញាមិនបានប្រព្រឹត្តខុសបម្រាមរបស់តុលាការនោះទេ។
លោកស្រី ឃ្លាំង សុបិន្ត៖ «ខ្ញុំយល់ថា អត់យុត្តិធម៌ទេ ព្រោះរឿងតាំងពីដើមមក គឺតែវិវាទជាមួយថៅកែ ជាមួយកម្មករទេ ហើយបែរជាប្ដឹងរឿងញុះញង់ ហើយបើយើងសម្លឹងមើលធាតុពិតនោះ គឺនីតិវិធីធ្វើកូដកម្ម ខាងសហជីពខាងកម្មករ គឺពួកយើងធ្វើទៅតាមនីតិវិធីច្បាប់ ច្បាប់ឱ្យធ្វើម៉េច គឺយើងធ្វើតាម រហូតដល់ពេលដែរយើងចាប់ផ្ដើមប្រើសិទ្ធិរបស់យើងបែរជាចោទយើងថា ញុះញង់ហើយចាប់ពួកយើងដាក់គុក»។
សវនាការកាលពីព្រឹកទី១៥ មីនា មានមេធាវីចំនួន ៣រូបបានចូលរួម រួមមាន លោក សំ ចំរើន និងមេធារី ២រូបទៀតមកពីអង្គការលីកាដូ ។ សហមេធាវីបានលើកឡើងថា កូនក្ដីរបស់ពួកគេ មានចំនួន ៩នាក់ មិនបានទទួលបម្រាមណាមួយពីតុលាការនោះទេ ហើយការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទី២ ដោយសំអាងថា មិនគោរពបម្រាមតុលាការ គឺមិនសមហេតុផលឡើយ។ ថ្វីត្បិតតុលាការមិនទាន់សម្រេចសេចក្ដី ឬប្រកាសសាលដីកា ជុំវិញនឹងសំណើសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ យ៉ាងណាក៏ដោយ ក៏ក្រុមកូដករណាហ្គាវើលដ៍ជាង ៤០នាក់ និងអង្គការសង្គមស៊ីវិលមួយចំនួន ឃ្លាំមើលពីខាងក្រៅ និងស្រែកផ្ដល់កម្លាំងចិត្តឱ្យកញ្ញា ថា ពួកគេនៅតែរង់ចាំ កញ្ញា ស៊ីថរ មកវិញ។ ខណៈកម្លាំងសមត្ថកិច្ចប្រមាណ៣០នាក់ ក៏ត្រូវបានដាក់ពង្រាយខាងមុខតុលាការ។

ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនកុរណា មានប្រសាសន៍ថា កញ្ញា ឈឹម ស៊ីថរ មិនបានប្រព្រឹត្តខុសនោះទេ បើមើលតាមនីតិវិធីច្បាប់ ពីព្រោះ តុលាការមិនបានផ្ដល់ដំណឹងឱ្យកញ្ញា ឈឹម ស៊ីថរ បានដឹងអំពីបម្រាបជាមុននោះទេ មុនពេលកញ្ញា ឈឹម ស៊ីថរ ចាកចេញទៅក្រៅប្រទេសនោះ។ លោកបន្តថា តុលាការគួរតែទម្លាក់បទចោទលើ កញ្ញា ឈឹម ស៊ីថរ វិញ ដើម្បីកុំប្រព័ន្ធតុលាការកាន់តែទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិកាន់តែខ្លាំងថែមទៀត។
លោក ស៊ឹង សែនករុណា៖ «ក្នុងករណីសកម្មជនសង្គម សកម្មជនសហជីព ឬក៏សកម្មជននយោបាយក្ដី ក៏យើងកត់សម្គាល់ថា បើស្ថានភាពនយោបាយនៅក្នុងប្រទេសយើងនៅតែមិនទាន់មានភាពល្អប្រសើរបែបនេះ យើងពិបាកសង្ឃឹមថា ពួកគេមានសេរីភាពណាស់ហើយករណីទាំងអស់នេះ អាចនឹងបន្តធ្វើការចោទប្រកាន់ការចាប់ខ្លួន ឬក៏ឃុំខ្លួននេះនឹងអាចកើតឡើងបន្តទៀត តែទន្ទឹមនឹងនេះ យើងអត់ចង់ឃើញរូបភាពបែបនេះកើតឡើងទេ»។
សមត្ថកិច្ចចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទីពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូនទៅពន្ធនាគារព្រៃសវិញ ក្រោមបទចោទ ល្មើសបម្រាបរបស់តុលាការ ដែលហាមចេញក្រៅប្រទេស ក្រោយពី កញ្ញា វិលត្រឡប់មកពីការចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលី (Australia)។
នៅស្របពេលតុលាការកំពូលបើកសវនាការជំនុំជម្រះក្ដី កញ្ញា ឈឹម ស៊ីថរ នេះ ក្រុមសហជីពនៅតែបន្តទាមទារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ដដែល ដើម្បីឱ្យថៅកែចេញមកដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។ ពួកគេហាក់មិនអស់សង្ឃឹមនោះទេ ទន្ទឹមនឹងនេះ ពួកគេនាំគ្នាស្រែកទាមទារ ឱ្យតុលាការដោះលែងប្រធានសហជីពរបស់ខ្លួន គឺ កញ្ញា ឈឹម ស៊ីថរ និងស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ ដើម្បីបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៤ មីនា អំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងប្រធានសហជីពណាហ្គាវើលដ៍ (NagaWorld)កញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលបទចោទទាំងអស់ លើសមាជិកសហជីពណាហ្គាវើលដ៍ ៨នាក់ផ្សេងទៀត។ អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ ក៏ជំរុញដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ឥរិយាបថវាយប្រហារកាន់តែខ្លាំងឡើងៗ ទៅលើសហជីព ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គណបក្សប្រឆាំង និងក្រុមអ្នកការពារសិទ្ធិមនុស្ស ខណៈការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។ អង្គការសិទ្ធិមនុស្សអន្តរជាតិដដែលនេះ ក៏អំពាវនាវដល់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងដៃគូពាណិជ្ជកម្មជាមួយកម្ពុជាដទៃទៀត ឱ្យបញ្ជាក់ជំហរច្បាស់លាស់ថា ការបន្តការគាបសង្កត់បែបនេះ នឹងប៉ះពាល់ដល់ចំណងទំនាក់ទំនងជាមួយក្រុមប្រទេសទាំងនេះ។
កន្លងមក ក្រុមកូដករបានដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរដ្ឋសភា និងក្រសួងមហាផ្ទៃដែរ ប៉ុន្តែ ពុំមានការឆ្លើយតបជាវិជ្ជមានឡើយ។ លើសពីនេះ សាលារាជធានីភ្នំពេញ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ចំរ៉ុង និងមន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងជាមនុស្សជំនិតលោក ហ៊ុន ម៉ាណែត គឺលោក ហេង សួរ ព្រមទាំងប្រព័ន្ធឃោសនារបស់រដ្ឋាភិបាល បានព្យាយាមបង្កើនវោហារ ទូរស័ព្ទគំរាមកំហែង និងលាបពណ៌ ឬចោទប្រកាន់លើក្រុមកូដករថា ធ្វើការតវ៉ាខុសច្បាប់ និងស៊ីឈ្នួលសម្ដែងធ្វើកូដកម្មជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។