ព្រះ​សង្ឃ បូរ បេត ត្រូវ​បាន​អាជ្ញាធរ​ថៃចាប់​ផ្សឹក និង​ប្រឈម​បញ្ចូន​ទៅ​កម្ពុជា

ព្រះសង្ឃ​មួយ​អង្គដែល​​ភៀស​​ព្រះកាយ​​នៅ​​ប្រទេសថៃ ​ព្រះនាម​ បូរ បេត ត្រូវបាន​​អាជ្ញាធរថៃ​ ចាប់ផ្សឹក​ និង​​ប្រឈម​​បញ្ចូន​​ទៅ​​ដាក់​ទោស​ទណ្ឌ​នៅ​កម្ពុជា។ ​រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហោះ​នៅលើ​ហ្វេសប៊ុក (Facebook)​ បង្ហាញថា​ អាជ្ញាធរថៃ​ជាច្រើននាក់ ​បាន​ចាប់​ព្រះកាយ​ព្រះអង្គ បូរ បេត​ ហើយ​នឹង​មាន​រូបភាព​ដែល​អាជ្ញាធរថៃ ​ឈរមើល​ព្រះអង្គ​ស្លៀក​ពាក់​ខោអាវ។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិលោក អឿ ណារិទ្ធិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ថ្លែងថា ​ព្រះតេជគុណ បូរ បេត ត្រូវបានអាជ្ញាធរថៃ​ចាប់ព្រះកាយ​នៅល្ងាច​​ថ្ងៃទី១ ​ខែ​ធ្នូ ​នៅក្នុងវត្តមួយស្ថិតក្នុង​ខេត្តសមុទ្រប្រាកាន (Samut Prakan) ប្រទេសថៃ។ លោក​បន្តថា​ ពេលនេះ អាជ្ញាធរថៃ ​បាន​ចាប់​ព្រះអង្គ​ផ្សឹក​រួចហើយ​ ប៉ុន្តែ​លោក​មិនដឹងថា​ ព្រះអង្គ​ត្រូវបានអាជ្ញាធរថៃ ​បញ្ចូន​ទៅឃុំ​នៅទីណា​នោះទេ​។ ​មន្ត្រីបក្សប្រឆាំងរូបនេះ ​កំពុង​ព្រួយ​បារម្ភថា ​ព្រះអង្គ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរកម្ពុជា​ ដើម្បី​ដាក់​ទោសទណ្ឌ។ លោក​សង្ស័យថា ​ការចាប់​ព្រះកាយ​ព្រះអង្គនេះ ​ប្រហែល​ជា​រដ្ឋាភិបាល​កម្ពុជា ​ជា​អ្នក​ស្នើសុំ​អាជ្ញាធរថៃ ​ដោយសារតែ​ព្រះអង្គ ​តែងតែ​បង្ហោះសារ​រិះគន់​ភាព​អសកម្មរបស់​រដ្ឋាភិបាល ​និង​បញ្ហា​សង្គម​កម្ពុជា។

រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហោះ​នៅលើ​ហ្វេសប៊ុក (Facebook)​ បង្ហាញថា ​អាជ្ញាធរ​ថៃ​ជាច្រើននាក់ ​បាន​ចាប់​ព្រះកាយ​ព្រះអង្គ បូរ បេត​ ហើយ​នឹង​មាន​រូបភាព​ដែល​អាជ្ញាធរថៃ ​ឈរមើល​ព្រះអង្គ​ស្លៀក​ពាក់​ខោអាវ។

Bor Bet Monk Thailand Arrested on 01_12_2021_01.jpg
អាជ្ញាធរថៃចាប់ព្រះកាយព្រះសង្ឃ បូរ បេត ផ្សឹកនៅក្នុងវត្តមួយស្ថិតក្នុង​ខេត្តសមុទ្រប្រាកាន(Samut Prakan)ត ប្រទេសថៃ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ បណ្តាញសង្គម ឡេងសុទ្ធារី)

ព្រះតេជព្រះគុណ បូរ បេត បាន​ភៀស​ព្រះ​កាយ​មកគង់នៅ​​ប្រទេស​ថៃ ​កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ​ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរកម្ពុជា ​ក្រោយ​ពេលព្រះអង្គ​ចូលរួម​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីពលោក រ៉ុង ឈុន​។ ព្រះអង្គ​ត្រូវបានការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកជនភៀស​ខ្លួន (UNHCR ) ​នៅប្រទេសថៃ ​ទទួលស្គាល់​ឋានៈជា​ជនភៀស​ខ្លួន​រួចហើយ។ ក្នុង​ពេលគង់​នៅ​ប្រទេសថៃ​ ព្រះសង្ឃ​ដែល​មាន​ព្រះជន ​៣៤​វស្សាអង្គនេះ​ តែងតែ​បង្ហោះសារ​រិះគន់​រដ្ឋាភិបាលលោក ហ៊ុន សែន ​ជាបន្តបន្ទាប់​ពាក់ព័ន្ធនឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការបំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ ព្រមទាំង​ការបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម។

Bor Bet Monk Thailand Arrested on 01_12_2021_02.jpg
ព្រះសង្ឃ បូរ បេត ក្រោយពីអាជ្ញាធរថៃចាប់ផ្សឹកនៅក្នុងវត្តមួយស្ថិតក្នុង​ខេត្តសមុទ្រប្រាកាន(Samut Prakan) ប្រទេសថៃ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ បណ្តាញសង្គម ឡេងសុទ្ធារី)

កាលពី​ខែវិច្ឆិកា ​កន្លងទៅ ​អាជ្ញាធរថៃ ​បាន​បញ្ចូន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ៤នាក់​ហើយ​ ទៅឲ្យ​អាជ្ញាធរកម្ពុជា​ យក​ទៅ​ដាក់ឃុំ​ក្នុង​ពន្ធនាគារព្រៃស​ នៅរាជធានីភ្នំពេញ តាមសំណើររបស់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការចាប់ខ្លួន​សកម្មជន​បក្សប្រឆាំង​និង​ព្រះតេជគុណ​ បូរ បេតនេះ ​គឺ​បន្ទាប់ពី​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាសថា ​លោក​នឹងតាម​កម្ទេច​ក្រុម​ប្រឆាំង​ឲ្យដល់ទីបំផុត។

ក្រុមឃ្លាំ​មើល​បញ្ហាសង្គម ​និង​ក្រុមអង្គការសិទ្ធិមនុស្ស​ បាន​ថ្កោល​ទោស​ជាបន្ត​បន្ទាប់​ទៅ​រដ្ឋាភិបាលថៃ និង​រដ្ឋាភិបាលកម្ពុជាថា កំពុងរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​និងមិនអាចទទួលយកបានឡើយ។ ពួកគេបន្តថា ​ទង្វើនេះ ​គឺជា​ជួយ​គ្នាទៅ​វិញ​ទៅមក​ ដើម្បី​ពង្រឹង​អំណាច​ផ្តាច់ការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។