គ្រួសារ​លោកបណ្ឌិត កែម ឡី គ្រោង​ធ្វើ​ខួប​៧​ឆ្នាំ​នៅ​ប្រទេស​អូស្ត្រាលី ​នៅ​ថ្ងៃទី​៩ ខែ​កក្កដា

ដោយ សុជីវី
2023.06.26
គ្រួសារ​លោកបណ្ឌិត កែម ឡី គ្រោង​ធ្វើ​ខួប​៧​ឆ្នាំ​នៅ​ប្រទេស​អូស្ត្រាលី ​នៅ​ថ្ងៃទី​៩ ខែ​កក្កដា ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី បូ រចនា (កណ្ដាល) ចូលរួម​ជាមួយសហគមន៍​ខ្មែរ​រស់នៅ​ទីក្រុង​អាដដេលេត (Adelaide) រដ្ឋ​អូស្ត្រាលី​ខាងត្បូង ប្រទេស​អូស្ត្រាលី ប្រារព្ធ​ពិធីបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​បី​ឆ្នាំ​ជូន​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩។
Photo courtesy of CANNTV

គ្រួសារ​លោក​បណ្ឌិត កែម ឡី ដែល​រួមមាន​អ្នកស្រី ប៊ូ រចនា និង​កូនៗ​ទាំង​៥​នាក់ របស់​លោក គ្រោង​នឹង​ធ្វើ​បុណ្យខួប​៧​ឆ្នាំ នៅ​ថ្ងៃអាទិត្យ​ទី​៩ ខែកក្កដា នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នៃ​ប្រទេស​អូស្ត្រាលី (Australia)

កម្មវិធី​បុណ្យ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី ប៊ូ រចនា កាលពី​យប់​ថ្ងៃទី​២៥ ខែ​មិថុនា ឱ្យ​ដឹង​ថា ពិធី​បុណ្យខួប​៧​ឆ្នាំនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​វ៉ិកតូរីយ៉ា នៅ​ក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វ៉ិកតូរីយ៉ា។

ពិធីបុណ្យ​នេះ​នឹង​ចាប់ផ្ដើម​ពី​ម៉ោង ៩​ព្រឹក និង​បញ្ចប់​ទៅវិញ​នៅ​ម៉ោង​២​រសៀល ដោយ​មាន​ពិធី​រាប់បាត្រ ធម្មទេសនា ដារ​បង្សុកូល និង​ការ​ថ្លែងអំណរគុណ​របស់​អ្នកស្រី ប៊ូ រចនា។

គិត​ត្រឹម​ថ្ងៃ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣​នេះ មាន​រយៈពេល​៧​ឆ្នាំ​ហើយ ដែល​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​។ សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នេះ តុលាការ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​សារភាព​អះអាង​ថា បាន​បាញ់សម្លាប់​លោក កែម ឡី ដែល​មិន​ព្រម​សង​ប្រាក់​ជំពាក់​ចំនួន ៣.០០០​ដុល្លារ​។ តែ​ទោះជា​យ៉ាងណា ក្រោយ​មានការ​រិះគន់​ខ្លាំងៗ ពី​សាធារណជន តុលាការក្រុង​ភ្នំពេញ​បានសម្រេច​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​យក​មក​ផ្ដន្ទាទោស ក៏ប៉ុន្តែ​តុលាការ​មិនបាន​ផ្ដល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទីពីរ​នេះ​ឡើយ រហូត​មក​ដល់​ពេល​នេះ។

ទាក់ទង​នឹង​ពិធី​បុណ្យខួប​៧​ឆ្នាំនេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​មរណភាព​បណ្ឌិត កែម ឡី តាមរយៈ​សកម្មភាព​ផ្សេងៗ​គ្នា​ចំនួន​៥ ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ នឹករលឹក និង​ទាមទារ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។

ចំណែក​ក្រុម​យុវជន​សកម្ម​នឹង​ការងារ​សង្គម ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ក៏​គ្រោង​រៀបចំ​ពិធី​រំឭក​ខួប​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី​១០ ខែ​កក្កដា ខាងមុខ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
សាច់ញាតិ និង​សហជីព ទាមទារ​តុលាការ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ បន្ទាប់​ពី​ឃុំ​ខ្លួន​រយៈ​ពេល ១ឆ្នាំ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។