អង្គការសហប្រជាជាតិអំពាវនាវឲ្យមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាត់វិធានការដោះស្រាយបញ្ហាជួញដូរមនុស្សគ្រប់រូបភាព ខណៈអង្គការអន្តរជាតិផ្នែកទេសន្តរប្រវេសន៍ (IOM) ប្រារព្ធខួបលើកទី២០ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស (UNHCR) ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងអង្គការអន្តរជាតិផ្នែកទេសន្តរប្រវេសន៍ នៅថ្ងៃទី៦ ខែធ្នូ អំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបង្ក្រាប និងទប់ស្កាត់ អត្រាកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែន នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស និងបញ្ហាសុវត្ថិភាពនៅដែនសមុទ្ទជាដើម។
អង្គការសហប្រជាជាតិក៏បានផ្តល់អនុសាសន៍ ៦ចំណុច ក្នុងនោះរួមមាន ស្នើដល់រដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ បង្កើតក្រុមឆ្លើយតបជាបន្ទាន់និងសកម្ម ដើម្បីប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ អនុសាសន៍នោះ ក៏បានជំរុញឱ្យមានការផ្តោតយកចិត្តទុកដាក់លើសេវាជួយដល់ជនរងគ្រោះនៃការជួញដូរមនុស្ស ការរត់ពន្ធមនុស្សតាមសមុទ្ទ និងការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ក្នុងនោះក្រុមការងាររួមទាំងនោះ ត្រូវសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីកាត់បន្ថយការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឹណិត។
ទន្ទឹមនេះដែរ អង្គការសហប្រជាជាតិ ក៏បានលើកទឹកចិត្តដល់រដ្ឋនីមួយៗ សហការភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីស្វែងរកមូលហេតុនៃការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស ដោយផ្អែកតាមស្តង់ដារការងារ និងសិទ្ធិមនុស្សអន្តរជាតិ ដើម្បីកាត់បន្ថយអត្រាជួញដូរមនុស្ស ជួយដល់ជនរងគ្រោះ និងជួយដល់ជនភៀសខ្លួនស្វែងរកការតាំងទីលំនៅនៅប្រទេសទី៣ ជាដើម។
ចំណែកនៅប្រទេសកម្ពុជាវិញ របាយការណ៍ក្រសួងមហាផ្ទៃឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បានចំនួន ១២២ករណី និងបានជួយសង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ ក្នុងនោះស្រី១៩០នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានក្មេងអាយុក្រោម ១៥ឆ្នាំ ចំនួន ១០០នាក់ និងក្មេងអាយុចន្លោះ ពី ១៥ទៅ ១៧ឆ្នាំ ចំនួន ២៩នាក់។ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន ១៤៧ករណី ក្នុងនោះ ជនសង្ស័យជាជនបរទេសចំនួន ២២នាក់ មាន ៤សញ្ជាតិ រួមមានចិន ថៃ វៀតណាម និងបង់ក្លាដេស។
ពាក់ព័ន្ធការបង្ខាំងមនុស្សឲ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈហ្វេសប៊ុករបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ រហូតចុងខែតុលាឆ្នាំ២០២២ សមត្ថកិច្ចទទួលបានពាក្យបណ្តឹង សរុប ៥៣៦ ករណី ជាប់ពាក់ព័ន្ធមនុស្សជិត ១ពាន់ ៤រយនាក់ (១.៣៨៣) និងជួយសង្គ្រោះជនរងគ្រោះចំនួន ៦៦១នាក់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ៨២នាក់ បិទក្រុមហ៊ុន ៥ទីតាំង និងកំពុងស្រាវជ្រាវក្រុមហ៊ុនជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។