អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រីរ៉ូណា ស្មីត (Rhona Smith) ជំរុញឲ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការសម្រេចថាទៅ ឬមិនទៅបោះឆ្នោត និងថ្កោលទោសឲ្យបានច្បាស់លាស់ ចំពោះការបំភិតបំភ័យម្ចាស់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ។ នេះបើតាមសាររបស់អ្នកស្រីដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃសុក្រ ទី២០ ខែកក្កដា។
អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) សម្ដែងក្ដីព្រួយបារម្ភ នៅពេលនេះ ដោយសារតែអាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈពីអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។ អ្នកស្រីមានប្រសាសន៍ថា ទង្វើនេះបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងការភាន់ច្រឡំដល់ម្ចាស់ឆ្នោត។
កាលពីខែឧសភា អ្នកស្រី រ៉ូណា ស្មីត ធ្លាប់លើកឡើងថា ការបោះឆ្នោតដែលមិនមានគណបក្សប្រឆាំងចូលរួម គឺមិនអាចចាត់ទុកថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវតាមបែបប្រជាធិបតេយ្យនោះទេ។ អ្នកស្រីបានអំពាវនាវឲ្យរបបលោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន រំលាយ និងផ្ដល់សិទ្ធិសេរីភាពធ្វើនយោបាយដល់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទាំង ១១៨រូបវិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។