អង្គការយូណេស្កូ (UNESCO)ថា បញ្ហាបរិស្ថានជាច្រើននៅប្រទេសកម្ពុជាដែលទាមទារឱ្យមានការចូលរួមដោះស្រាយជាបន្ទាន់ ហើយបញ្ហារបស់អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថានគួរត្រូវបានការពារដូចគ្នា។ អ្នកសារព័ត៌មាន និងមន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាល និងអាជ្ញាធរគួរបើកលំហសេរីភាពសារព័ត៌មានដើម្បីអ្នកសារព័ត៌មានភាពងាយស្រួលក្នុងរាយការណ៍អំពីបញ្ហាបរិស្ថាន។
អង្គការយូណេស្កូប្រចាំកម្ពុជាលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៦ ខែមិថុនា ទាំងពិភពលោក និងប្រទេសកម្ពុជា កំពុងប្រឈមនឹងភាពអាសន្នផ្នែកបរិស្ថានដែលមិនធ្លាប់មានពីមុនមក។ បញ្ហាអាកាសធាតុធ្ងន់ធ្ងរដែលមិនអាចទាយទុកជាមុនបាន និងគ្រោះមហន្តរាយធម្មជាតិ កើតឡើងញឹកញាប់រួមមានបម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិយាកាស ដែលបានធ្វើឱ្យប៉ះពាល់ទៅលើសុខភាពសាធារណៈ។
អង្គការយូណេស្កូបន្តថា បញ្ហាបរិស្ថានជាច្រើនកំពុងកើតមានក្នុងប្រទេសកម្ពុជា ក្នុងនោះរួមទាំងនៅបឹងទន្លេសាបផងដែរ។ បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងជីវចម្រុះដែលត្រូវបានគេទទួលស្គាល់ជាសាកលថា ជាអ្នកផ្ដល់ជម្រកដល់ពពួកសត្វជាច្រើនប្រភេទ និងជាកន្លែងបង្កាត់ពូជដ៏ធំបំផុតសម្រាប់សត្វស្លាបទឹកធំៗជិត ១៥០ ប្រភេទនៅក្នុងតំបន់អាស៊ាន។ បឹងទន្លេសាបក៏បានដើរតួនាទីសំខាន់ក្នុងជីវភាពរស់ និងធានាសន្តិសុខស្បៀងរបស់ពលរដ្ឋជិត ៥ (៤.៦) លាននាក់ ដែលពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើបឹងនេះ។
អង្គការយូណេស្កូរកឃើញថា បឹងទន្លេសាបកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីកំណើនប្រជាជន ការនេសាទហួសកម្រិត ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសឹករិចរិលព្រៃឈើ ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្ដូរគម្របដី និងការបំពុល រួមទាំងការអនុវត្តកសិកម្ម និងឧស្សាហកម្មដែលមិនស្ថិតស្ថេរ។
បន្ថែមពីនេះ ការស្រាវជ្រាវ និងព្យាករណ៍បង្ហាញថា ការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០៥០ ជាពិសេសនៅរដូវប្រាំង សីតុណ្ហភាពនឹងកើនឡើងអតិបរមាពី ៣២ ដល់ ៣៥ អង្សាសេរដែលនាំឱ្យបឹងទន្លេសាបកាន់តែរីងស្ងួត ហើយការប្រែប្រួលនេះអាចនឹងមានព្យុះភ្លៀងខ្លាំងជាងមុនផងដែរ។
អង្គការយូណេស្កូលើកឡើងថា នៅអំឡុងពេលមានវិបត្តិសកលនេះ អ្នកសារព័ត៌មានដែលបានរាយការណ៍អំពីបរិស្ថានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសាធារណៈ និងជាអ្នកពាំនាំនូវបញ្ហាបរិស្ថានទៅកាន់សាធារណជនឱ្យចូលរួមដោះស្រាយ។ ទោះជាយ៉ាងណា អ្នកសារព័ត៌មានដែលរាយការណ៍អំពីបរិស្ថានទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកកំពុងទទួលរងការគំរាមកំហែង និងរួមបញ្ចូលអំពើហិង្សាលើរាងកាយ ការឃ្លាំមើល ការដាក់សម្ពាធ ការបំភិតបំភ័យ និងការរឹតត្បិតការផ្ដល់ព័ត៌មានជាដើម។
អ្នកសារព័ត៌មានឯករាជ្យ កញ្ញា ផុន សុទ្ធីរ័ត្ន លើកឡើងថា កញ្ញាបានជួបប្រឈមបញ្ហាមួយចំនួន ដោយសារការសរសេរព័ត៌មានពីបញ្ហាបរិស្ថាននាពេលកន្លងមក មានការរឹតត្បិតពីសំណាក់អាជ្ញាធរមូលដ្ឋានដែលហាមឃាត់ ឬគំរាមកំហែងនៅពេលដែលកញ្ញាព្យាយាមទៅកាន់តំបន់ការពារព្រៃឈើ ឬសហគមន៍ជនជាតិដើមភាគតិចដែលរងគ្រោះពីជម្លោះដីធ្លីជាដើម។ អ្នកសារព័ត៌មានវ័យក្មេងរូបនេះអះអាងថា កញ្ញាក៏មានភាពពិបាកក្នុងការសម្ភាសអាជ្ញាធរ និងរដ្ឋាភិបាលពីបញ្ហាបរិស្ថានទាំងនេះដែរ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានទេ នៅថ្ងៃទី៧ ខែមិថុនា។
ជុំវិញរឿងនេះ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរព្រងើយកន្តើយទៀតនោះទេ ចំពោះបញ្ហាបរិស្ថាន និងបញ្ហារបស់អ្នកសារព័ត៌មាន។ អ្នកស្រីថា រដ្ឋាភិបាលគួរតែបើកលំហទិន្នន័យពីបញ្ហាបរិស្ថាន និងការពារអ្នកសារព័ត៌មានឱ្យពួកគាត់អាចចុះទៅកាន់មូលដ្ឋានដោយសុវត្ថិភាព។
អ្នកស្រី ឆន សុគន្ធា ៖«ដោយសារអ្នកសារព័ត៌មានគឺជាអ្នកមានមាត់វែងនៅក្នុងការលើកបញ្ហារឿងបរិស្ថាន បញ្ហាធនធានធម្មជាតិ ឬក៏បញ្ហាផ្សេងៗទៀតនៅក្នុងសង្គម ដើម្បីដល់សាធារណជន ដើម្បីដល់បុគ្គល ឬអ្នកមានអំណាចដែលគាត់បានដឹងពីបញ្ហាទាំងអស់នោះ ហើយគាត់អាចដោះស្រាយ ឬយកចិត្តទុកដាក់»។
របាយការណ៍ជាតិ និងអន្តរជាតិបង្ហាញថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែបន្តធ្វើទុក្ខបុកម្នេញទៅលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឥតស្រាកស្រាន្ត។ ចំណែកអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថានក៏រងគ្រោះដូចគ្នាដែរ ជាក់ស្ដែងអាជ្ញាធរបានឃាត់ខ្លួន និងបណ្ដេញអ្នកសារព័ត៌មានមួយចំនួន នៅពេលពួកគេរាយការណ៍ក្នុងតំបន់ការពារព្រៃឈើដូចជាសួនសត្វភ្នំតាម៉ៅ និងដែនជម្រកសត្វព្រៃព្រះរការជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។