"ក្រុមហ៊ុន​ណាហ្គាវើលដ៏​កំពុង​រំលោភ​ច្បាប់​ការងារ​យ៉ាងដំណំ ក្រោយ​បញ្ឈប់​មេ​ដឹកនាំ​សហជីព​ទាំងអស់"

0:00 / 0:00

មន្ត្រី​សិទ្ធិ​ការងារ និង​សហជីព​ថា ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៏ (Naga World) កំពុង​រំលោភច្បាប់​ការងារ​យ៉ាង​ដំណំ ក្រោយ​បញ្ឈប់​មេដឹកនាំ​សហជីព​ទាំងអស់ ដោយ​យក​លេស​ថា ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ ក្រុមហ៊ុន​បាត់​ស្ថិរភាព​អាជីវកម្ម និង​មិន​អាច​ទុក​តំណាង​សហជីព​បាន។

មន្ត្រី​សិទ្ធិ​ការងារ​ថា ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៏ (Naga World) ដែល​ធ្លាប់​ជាប់​ឈ្មោះ​មិនល្អ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​រំលោភសិទ្ធិ​ការងារ លើក​នេះ​ហ៊ាន​រហូត​ដល់​បញ្ឈប់​តំណាង​បុគ្គលិក​ក្រុមហ៊ុន​ជា​ប្រព័ន្ធ។

ក្នុងចំណោម​បុគ្គលិក​ជាង ១​ពាន់ (១.៣២៩) នាក់ ដែល​ក្រុមហ៊ុន​បញ្ឈប់ ភាគច្រើន​ជា​សមាជិក​របស់​សហជីព សកម្មជន​សហជីព និង​ថ្នាក់ដឹកនាំ​សហជីព។ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ (CENTRAL) ថា ការ​បញ្ឈប់​តំណាង​សហជីព​ជា​ប្រព័ន្ធ​បែបនេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​ចេតនា​ដែល​ក្រុមហ៊ុន​បាន​គ្រោង​ធ្វើ និង​អនុវត្ត​តាម​វិធីសាស្ត្រ​ដូចគ្នា​កាលពី​ឆ្នាំ​២០០៩ ព្រោះ​ក្រុមហ៊ុន​មិន​ចង់​ឲ្យ​មាន​សហជីព​នៅ​កន្លែង​ការងារ៖ «ហើយ​វា​ក៏​មិនល្អ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ដែរ ព្រោះ​កាល​ពី​ឆ្នាំ​២០០៩ ករណី​ណាហ្គា​នេះ មាន​នៅ​របាយការណ៍​អង្គការ​ពលកម្ម​អន្តរជាតិ​ផ្នែក​ការងារ។ ឥឡូវនេះ ណាហ្គា​ហាក់ដូច​ជា​មាន​ចេតនា​មិន​ខុសពី​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លង​មក ទៅ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​សហជីព ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​សហជីព»។

កាល​ពី​ដើម​ឆ្នាំ​២០០៩ តំណាង​សហជីព ១៤​នាក់​នៃ​ក្រុមហ៊ុន​ណាហ្គា វើលដ៏ ត្រូវ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ពី​ការងារ ដោយសារ​ពួកគាត់​តវ៉ា​សុំ​ដំឡើង​ប្រាក់ខែ​បុគ្គលិក និង​លក្ខខណ្ឌ​ការងារ​សមរម្យ។ ពួកគាត់​តវ៉ា​ចំពោះ​ការ​បញ្ឈប់​នេះ​។ ក្រោយ​មក​ក្រុមហ៊ុន​បាន​ប្តឹង​បក​ទៅ​ពួកគាត់​វិញ ជា​ច្រើន​ករណី។ ការ​ធ្វើ​ទុក្ខបុកម្នេញ និង​បំពាន​សិទ្ធិ​ការងារ​របស់​សហជីព​នេះ ត្រូវ​បាន​កត់សម្គាល់​ក្នុង​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)។

១០​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​នេះ បាន​បញ្ឈប់​មេដឹកនាំ​សហជីព​នៅ​ទីនោះ គឺ​កញ្ញា ឈឹម ស៊ីថរ ក្រោយ​មេ​សហជីព​រូប​នេះ បើក​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់ខែ និង​ជីវភាព​រស់នៅ​សមរម្យ​ជូន​បុគ្គលិក​និយោជិត​នៅ​ក្រុមហ៊ុន​នេះ។ ប៉ុន្តែ ក្រោយ​ការ​តវ៉ា​ពី​បុគ្គលិក​និយោជិត​រាប់​ពាន់នាក់ យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ច្រើន​ខែ ឲ្យ​ក្រុមហ៊ុន​នេះ​បន្តការងារ​កញ្ញា ឈឹម ស៊ីថរ ទើប​ក្រុមហ៊ុន​ឲ្យ​កញ្ញា​ចូល​ធ្វើ​ការ​វិញ​។ ការ​ធ្វើ​ទុក្ខបុកម្នេញ​តំណាង​សហជីព​នេះ ត្រូវ​ខាង​គណៈកម្មការ​អឺរ៉ុប កត់សម្គាល់​ថា ជា​ផ្នែក​មួយ​នៃ​ការរំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​ដែរ មុននឹង​សម្រេច​ដក​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ EBA ២០%។

ឥឡូវ​ក្នុង​ឆ្នាំ ២០២១ នេះ​ក្រុមហ៊ុន​ណាហ្គា វើល​ដ៏ បញ្ឈប់​កញ្ញា ឈឹម ស៊ីថរ និង​ថ្នាក់ដឹកនាំ​សហជីព​ទាំងអស់​នៅ​ក្រុមហ៊ុន​នេះ​តែម្តង ដោយសារ​ពួកគាត់​បន្ត​តវ៉ា​ទាមទារ​សិទ្ធិ​បុគ្គលិក​និយោជិត ជាពិសេស​ការ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​អំពី​សុខុមាលភាព និង​សុវត្ថិភាព​បុគ្គលិក ក្នុង​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ជាង ៨​ពាន់​នាក់​នេះ អះអាង​ថា មកពី​ក្រុមហ៊ុន​បិទ​ដំណើរការ​មួយ​រយៈ និង​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ទើប​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​កម្មករ​ជាង ១​ពាន់​នាក់ និង​តំណាង​សហជីព​ទាំងអស់​បែបនេះ។

ផ្ទុយ​ពី​អ្វី​ដែល​ក្រុមហ៊ុន​នេះ​អះអាង​ថា ខ្លួន​មាន​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ដែល​ឈាន​ទៅ​បញ្ឈប់​បុគ្គលិក​ជិត ២០% បែបនេះ ពេញ​មួយឆ្នាំ ២០២០ ពេល​កម្ពុជា​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រុមហ៊ុន​នេះ រកបាន​ប្រាក់ចំណេញ​ជាង ១០០ លាន (១០២) ដុល្លារ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៏ (NAGA World) កញ្ញា ឈឹម ស៊ីថរ ថា នោះ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន​នេះ​ចង់​លុបបំបាត់​សហជីព​ជា​យូរ​មក​ហើយ ទើប​ឆ្លៀតឱកាស​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ បញ្ឈប់​សមាជិក សកម្មជន និង​ថ្នាក់ដឹកនាំ​សហជីព ជាមួយ​ការបញ្ឈប់​កម្មករ​ជាង ១​ពាន់​នាក់​ទៀត​នោះ៖ «គម្រោង​នៅក្នុង​ការ​កាត់​បុគ្គលិក​នេះ វា​មិន​សម​ហេតុ​សម​ផល​ខ្លាំង​មែនទែន​នោះ គឺ​នៅ​ពេល​ដែល​សកម្មជន​សហជីព និង​មេដឹកនាំ​សហជីព​ទាំងអស់ គឺ​សុទ្ធតែ​មានឈ្មោះ​កាត់​ទាំងអស់ ហើយ​គាត់​នៅ​ចិញ្ចឹមចិត្ត​នៅ​ក្នុង​លុបបំបាត់​សហជីព​។ បើ​គ្មាន​ការ​តវ៉ា បើ​គ្មាន​ការ​ជំទាស់​ទេ គឺ​ខែ​ខាងមុខ​នេះ គឺ​លែង​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា វើល​ដ៏ហើយ អស់​តែម្តង​ ! បើសិនជា​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រម្លាយ​សហជីព​ហ្នឹង​ចោល​បាន​ទៀត អាហ្នឹង​គឺ​ច្បាស់​តែម្តង»។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន​ណាហ្គា វើលដ៏ លោក ឌី សីហា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៤ ខែ​មិថុនា។

កន្លង​មក​ពេល​មាន​បញ្ហា​បែប​នេះ​កើត​ឡើង ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បាន​អន្តរាគមន៍​ខ្លះ​ដែរ​។ ប៉ុន្តែ សេចក្តី​សម្រេច​របស់​ស្ថាប័ន​នេះ មិន​ចង​កាតព្វកិច្ច​ឲ្យ​ក្រុមហ៊ុន ឲ្យ​ធ្វើ​តាម​នោះ​ឡើយ​។ ដូច្នេះ ក្រុមហ៊ុន​តែងតែ​ធ្វើ​ទៅ​តាម​ជំហរ​ក្រុមហ៊ុន​ក្នុង​ការ​បញ្ឈប់​តំណាង​សហជីព។

ប៉ុន្តែ​លើក​នេះ កញ្ញា ឈឹម ស៊ីថរ ថា បុគ្គលិក​កំពុង​ប្រមូល​ស្នាម​មេដៃ​បាន​ជាង ១.៨០០ នាក់​ហើយ ដើម្បី​ដាក់​បណ្ដឹង​ទៅ​ក្រសួង​ការងារ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ ចំណែក​មន្ត្រី​សិទ្ធិ​ការងារ​លោក ឃុន ថារ៉ូ វិញ លោក​ថា អង្គការ​លោក​នឹង​ដាក់​ពាក្យ​ប្តឹង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ឲ្យ​យកចិត្តទុកដាក់​ក្នុង​រឿង​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។