មេសហជីពលើកឡើងថា សហជីពមានសិទ្ធិទទួលជំនួយមនុស្សធម៌ពីប្រភពស្របច្បាប់។ ពួកគាត់លើកឡើងថា ធនាគារក្នុងស្រុកដែលបដិសេធពុំបើកប្រាក់មូលនិធិមនុស្សធម៌គឺជារឿងមិនត្រឹមត្រូវ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន៥ពាន់ ១៥០ ដុល្លារ ចូលគណនីធនាគាររបស់សហជីពបុគ្គលិកណាហ្គាវើលដ៍ពីអង្គការមូលនិធិអន្តរជាតិមួយ ដើម្បីជួយដល់ក្រុមស្ត្រីសហជីពក្រីក្រ។
ក្រុមមេដឹកនាំសហជីពឯករាជ្យបញ្ជាក់ថាស្ថាប័នរដ្ឋអង្គការសង្គមស៊ីវិល សហជីព និងប្រជាពលរដ្ឋខ្មែរទូទៅជាពិសេសកម្មករដែលខ្វះខាតផ្នែកជីវភាពមានសិទ្ធិទទួលបានជំនួយសង្គ្រោះពីស្ថាប័នអង្គការនៅក្រៅប្រទេសបើសិនជំនួយមនុស្សធម៌នោះមានប្រភពច្បាស់លាស់និងស្របតាមច្បាប់។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ សង្កេតឃើញថាកន្លងមកជំនួយជួយដល់ជនក្រីក្រតែងតែធ្វើឡើងជាហូរហែនៅក្នុងប្រទេសដោយពុំមានឧបសគ្គដូចករណីសហជីពណាហ្គាវើលដ៍ពេលនេះទេ។លោកថាបើសិនធនាគារមិនមានដីកាពីតុលាការឬសេចក្តីសម្រេចពីរដ្ឋាភិបាលក្នុងការររាំងរឿងបើកប្រាក់នេះគឺគ្មានលក្ខខណ្ឌណាដែលធនាគារអេប៊ីអេគ្រាន់តែសំអាងហេតុផលផ្ទាល់មាត់ហើយសម្រេចមិនបើកប្រាក់មូលនិធិឱ្យសមាជិកសហជីពណាហ្គាវើលដ៍នោះឡើយ៖
«មិនថារឿងហ្នឹងទេរឿងផ្សេងក៏ដោយ យើងឃើញថារឿងខ្លះច្បាប់មិនតម្រូវទេតែគាត់(ធនាគារ) ខ្លាចខ្លួនឯងដោយសារការណែនាំឬបារម្ភពាក់ព័ន្ធអ៊ីចឹងទៅខ្ញុំគិតថាជាទូទៅវាអាចមានការណែនាំណាមួយដើម្បីឱ្យពិចារណាចំពោះក្រុមកូដករដែលធ្វើកូដកម្មនៅក្នុងក្រុមហ៊ុនណាហ្គាហ្នឹងបាទ»។
ស្រដៀងគ្នានេះដែរប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថាអង្គការសង្គមស៊ីវិលរួមទាំងរដ្ឋាភិបាលតែងតែទទួលបានមូលនិធិមនុស្សធម៌ពីអង្គការអន្តរជាតិដែរ។លោកយល់ថាមូលនិធិសង្គ្រោះបន្ទាន់ដែលបានផ្ទេរប្រាក់ចេញពីធនាគាររបស់អូស្រ្តាលីតែធនាគារអេប៊ីអេបែរជាមិនបើកប្រាក់ឲ្យអ្នកទទួលនោះគឺជារឿងអយុត្តិធម៌សម្រាប់កម្មករដែលត្រូវការជំនួយនោះបន្ទាន់ ដើម្បីដោះស្រាយជីវភាព។ទន្ទឹមនឹងនេះលោកទទូចដល់រដ្ឋាភិបាលល្មមដល់ពេលបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ដើម្បីគ្រប់ភាគីអាចទទួលយកបាន៖
«បើសិនជារឿងហ្នឹងយកហេតុផលនេះនៃការតវ៉ាធ្វើកូដកម្មដោយសន្តិវិធីរបស់បងប្អូនកូដករណាហ្គាវើលដ៍វាជារឿងមួយដែលខ្ញុំគិតថាជារឿងអយុត្តិធម៌និងជាការផ្សំគំនិតមិនបានចូលរួមគោរពតាមស្មារតីរដ្ឋធម្មនុញ្ញស្មារតីច្បាប់ការងារឬក៏ច្បាប់សហជីពនិងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ។តើហេតុអ្វីលម្អៀងជាមួយពួកយើងជាសហជីពសម្បើមម៉្លេះចំពោះកញ្ចប់ថវិកានេះ»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន ៥ពាន់ ១៥០ដុល្លារ ចូលគណនីធនាគាររបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ៣នាក់ ពីអង្គការក្រៅរដ្ឋាភិបាលមួយនៅប្រទេសអូស្ត្រាលីឈ្មោះមូលនិធិសង្គ្រោះបន្ទាន់ (Urgent Action Fund) ដើម្បីជួយដល់ក្រុមស្រ្តីសហជីពក្រីក្រនៅកម្ពុជា។
មូលនិធិសង្គ្រោះបន្ទាន់បានផ្ញើប្រាក់នោះមកក្នុងអំឡុងខែតុលា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានធនាគារផ្អឹបទុកដោយមិនព្រមបើកឲ្យឡើយ។ថ្មីៗនេះទោះបីជាមានការពន្យល់ហេតុផលបែបណាក៏ដោយក៏ធនាគារអេប៊ីអេមិនបើកប្រាក់ឲ្យដែរដោយចុងក្រោយនេះបានសម្រេចបញ្ជូនប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញក្រោមហេតុផលបុគ្គលទាំងនោះមានវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍និងខ្វះព័ត៌មានបញ្ជាក់ពីប្រភពលុយនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី និងនាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA) លោក អ៊ិន ចាន់នី ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ខែមករា។ចំណែកធនាគារអេប៊ីអេ (ABA) ក៏មិនអាចទាក់ទងបានដែរ។
ទោះយ៉ាងណាអនុប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈឹម សុខន ប្រាប់វិទ្យុអាស៊ីសេរីថា លុយដែលមូលនិធិផ្ញើមកនោះគឺមានប្រភពត្រឹមត្រូវក្នុងគោលបំណងជួយដល់សមាជិកសហជីពរងគ្រោះ ស្ត្រីមានផ្ទៃរួមទាំងក្មេងនៅក្នុងបន្ទុក។ប៉ុន្តែអ្នកស្រីខកចិត្តចំពោះធនាគារអេប៊ីអេយកបញ្ហាវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍មកភ្ជាប់រឿងជំនួយមនុស្សធម៌ដែលធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្តទៅវិញ។ អ្នកស្រី ឈឹម សុខន ថា មកដល់ពេលនេះអ្នកស្រីមិនទាន់ទទួលព័ត៌មានអំពីប្រាក់ ដែលធនាគារវេរត្រឡប់ទៅវិញនោះខាងមូលនិធិទទួលបានឬនៅទេ៖
«កុំយកវិវាទរបស់ណាហ្គាហ្នឹងមកផ្តាច់រឿងមនុស្សធម៌របស់បុគ្គលិកកម្មករពីព្រោះលុយនេះមិនមែនជាលុយកង្វក់ទេវាជាលុយមានប្រភពត្រឹមត្រូវហើយគេជួយហ្នឹងជាមនុស្សធម៌ទេសម្រាប់ជួយដល់បុគ្គលិកកម្មករដែលខ្វះខាតផ្នែកសេដ្ឋកិច្ចហ្នឹង»។
កន្លងទៅប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ គឺជាអ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ទៅអង្គការមូលនិធិសង្គ្រោះបន្ទាន់ដើម្បីស្នើសុំថវិកាផ្តល់ដល់បុគ្គលិក និងកម្មការិនីដែលទីទាល់ក្ររួមមានស្ត្រីមានផ្ទៃពោះនិងមានកូនតូចៗក្នុងបន្ទុក។
កន្លងមកកម្មករនិយោជិតដែលជាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រីបានតស៊ូមតិដើម្បីការពារសិទ្ធិសេរីភាពសហជីពនិងសិទ្ធិការងាររបស់ខ្លួនអស់ជាច្រើនខែមកហើយគឺចាប់តាំងពីចុងខែធ្នូឆ្នាំ២០២១ប៉ុន្តែមកដល់ពេលនេះពួកគេនៅតែមិនបានដំណោះស្រាយនៅឡើយ។លើសពីនេះការអូសបន្លាយពេលវេលាមិនព្រមផ្ដល់ដំណោះស្រាយដល់កូដករក៏ជាចេតនារបស់ក្រុមហ៊ុនក្នុងការដាក់គំនាបផ្នែកសេដ្ឋកិច្ចដល់អ្នកតវ៉ាជាការបង្ខំឱ្យបោះបង់ការទាមទារយុត្តិធម៌និងសិទ្ធិការងាររបស់ខ្លួនដ្បិតអ្នកចេញតស៊ូមតិមិនមានប្រាក់ខែនិងចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ពួកគេនៅតែប្ដេជ្ញាចិត្តថាដើម្បីការពារសេរីភាពសហជីព សិទ្ធិការងារ និងយុត្តិធម៌សង្គមកម្មករនិយោជិតសុខចិត្តប្រឈមនឹងការលំបាកផ្នែកជីវភាពទាំងគ្មានចំណូលរីឯការចំណាយមានសព្វមុខតាំងពីម្ហូបអាហារថ្លៃឈ្នួលផ្ទះទឹកភ្លើងការសិក្សារបស់កូនថ្នាំព្យាបាលជំងឺនិងបំណុលជាដើម។តែទោះជាយ៉ាងណាពួកគេនៅតែមានឆន្ទៈក្នុងការតស៊ូមតិបន្តទៀតរហូតដល់មានដំណោះស្រាយ។ ពួកគេតែងអំពាវនាវរកជំនួយមនុស្សធម៌ពីសាធារណជន ដើម្បីដោះស្រាយជីវភាពនិងជួយសម្រួលដល់ការរស់នៅរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។