សហជីពឯករាជ្យ និងអង្គការស៊ីវិលផ្នែកសិទ្ធិការងារ គ្រោងដាក់លិខិតទៅក្រុមហ៊ុនអ្នកបញ្ជាទិញ ឲ្យដាក់សម្ពាធភាគីពាក់ព័ន្ធរឿងសុវត្ថិភាពកម្មករ ដែលកំពុងឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើនឡើង។ ពួកគេថា ទាំងរដ្ឋាភិបាល និងថៅកែរោងចក្រ មិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពរបស់កម្មករនៅឡើយ។
តាំងពីផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ កាលពីថ្ងៃទី២០ ខែកុម្ភៈ រហូតមកដល់ពេលនេះ មានរោងចក្រជាង ៦០០ រោងចក្រហើយ និងមានកម្មកររាប់ពាន់នាក់ ឆ្លងជំងឺនេះ។ ក្នុងនោះមានកម្មករជាច្រើននាក់ រួមទាំងស្ត្រីដែលមានផ្ទៃពោះជិតគ្រប់ខែផង បានស្លាប់ដោយសារជំងឺនេះ។ ដំបូងៗមានតែរោងចក្រនៅភ្នំពេញ និងខេត្តកណ្តាល ដែលមានកម្មករឆ្លងជំងឺនេះច្រើនជាងគេ។ ប៉ុន្តែ ក្រោយរដ្ឋាភិបាលដកបម្រាមបិទខ្ទប់រាជធានីខេត្តរួចមក រោងចក្រជាច្រើន នៅតាមបណ្តាខេត្តដូចជាកំពង់ស្ពឺ កំពង់ចាម ស្វាយរៀង តាកែវ និងខេត្តព្រះសីហនុជាដើម ក៏ផ្ទុះការឆ្លងជំងឺនេះពេញបន្ទុកដែរ។
មន្ត្រីអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យ ថា បញ្ហាឆ្លងច្រើននៅតាមរោងចក្រនេះ បណ្តាលមកពីកត្តាធំៗជាច្រើន រួមមានការជិះរថយន្តប្រជ្រៀតគ្នាដូចម្រាមដៃ ដែលមិនអាចរក្សាគម្លាតសុវត្ថិភាពបាន ការរស់នៅផ្តុំគ្នាតាមបន្ទប់ជួល និងស្ថានភាពក្នុងរោងចក្រ ដែលមិនអាចរក្សាគម្លាតបានជាដើម។
ប៉ុន្តែ រដ្ឋាភិបាល និងថៅកែរោងចក្រ នៅតែមិនយកចិត្តទុកដាក់ក្នុងរឿងនេះ។ កាលពីដើមខែ ឧសភា គណៈកម្មការប្រឹក្សាការងារ ដាក់ចេញគោលការណ៍ ១៤ ចំណុចដែរ ដើម្បីបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ។ ប៉ុន្តែគ្មានចំណុចណាមួយ ចែងអំពីដំណោះស្រាយចំណុចទាំងអស់នេះនោះទេ។ កម្មករនៅតែត្រូវប្រថុយជីវិតទៅធ្វើការ ទាំងព្រលឹងចុងសក់ និងបណ្តោយខ្លួនតាមយថាកម្ម។
រូបភាពនៃកម្មកររោងចក្រ ផ្អើលឆោឡោ រត់ប្រសាចចេញពីរោងចក្រ ស្ទើរតែជាន់គ្នាស្លាប់ ឲ្យតែឮថាមានកម្មករណាម្នាក់នៅក្នុងរោងចក្រជាមួយគ្នាកើតជំងឺកូវីដ-១៩ នៅតែកើតមានជាញឹកញាប់។
កាលពីថ្ងៃទី២៦ ខែឧសភា កម្មករនៅរោងចក្រ A&J នៅតំបន់ព្រំដែនបាវិត ខេត្តស្វាយរៀង ប្រមាណ ពីរពាន់នាក់ នាំគ្នាសម្រុករត់ចេញពីរោងចក្រ ពេលមន្ត្រីសុខាភិបាលចុះយកសំណាកកម្មករ និងរកឃើញថា កម្មករជាច្រើនផ្ទុកជំងឺនេះ។ កាលពីដើមខែមីនា កម្មករប្រមាណ ៤០០ នាក់នៅរោងចក្រមួយ នៅខណ្ឌដង្កោ ក៏រត់ជាន់គ្នាដែរ ដោយសារភ័យខ្លាចឆ្លងជំងឺនេះ។ ប៉ុន្តែពួកគាត់ នៅតែគ្មានជម្រើសអ្វី ក្រៅពីបន្តទៅធ្វើការទាំងភ័យខ្លាចនេះដដែល ព្រោះគ្មានភាគីពាក់ព័ន្ធណា យកចិត្តទុកដាក់ក្នុងរឿងនេះ ឲ្យបានត្រឹមត្រូវនោះឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារ យល់ថា ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ជម្រើសចុងក្រោយ គឺមានតែការតស៊ូមតិជាមួយក្រុមហ៊ុនអ្នកបញ្ជាទិញប៉ុណ្ណោះ ទើបសង្ឃឹមថា អាចមានដំណោះស្រាយខ្លះ។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ថាអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យ កំពុងស្រង់ទិន្នន័យចំនួនរោងចក្រ និងកម្មករដែលឆ្លងជំងឺកូវីដ-១៩ និងក្រុមហ៊ុនអ្នកបញ្ជាទិញដែលពាក់ព័ន្ធ ដើម្បីរៀបចំជាលិខិតរួមគ្នាមួយ ឲ្យក្រុមហ៊ុនអ្នកបញ្ជាទិញទាំងនោះ ធ្វើយ៉ាងណាគិតគូរអំពីស្ថានភាពប្រឈមរបស់កម្មករបែបនេះ។ លោកបញ្ជាក់ថា លិខិតនោះ បានព្រាងរួចទៅហើយ៖ «រឿងពីរដែលយើងចង់ទាមទារហ្នឹង គឺរឿងសុខភាព និងសុវត្ថិភាពសម្រាប់កម្មករនិយោជិត អំឡុងពេលដែលរីករាលដាលហ្នឹង ដោយយើងមើលឃើញថា តួលេខហ្នឹងវាអត់មានការធ្លាក់ចុះមានតែការកើនឡើង។ រឿងទីពីរ គឺយើងចង់ឲ្យមានការធានាអំពីកាតព្វកិច្ច នៅក្នុងការធានានូវក្រមសីលធម៌សង្គម ដើម្បីផ្ដល់ប្រាក់ឈ្នួលអំឡុងពេលដែលកម្មករហ្នឹងត្រូវបានបិទខ្ទប់ ក្រុមហ៊ុនអ្នកបញ្ជាទិញត្រូវតែមានវិធានការជាក់លាក់ និងឆ្លើយតបទៅរាជរដ្ឋាភិបាល និងខាងរោងចក្រហ្នឹង ដើម្បីមានវិធានការជាក់លាក់»។
មន្ត្រីសហជីពឯករាជ្យ យល់ស្របគ្នាថា ក្រុមហ៊ុនអ្នកបញ្ជាទិញមានកាតព្វកិច្ច ក្នុង ការធានាអំពីលក្ខខណ្ឌប្រសើរក្នុងកន្លែងការងារ និងជាពិសេសនៅក្នុងពេលនេះ គឺសុវត្ថិភាពរបស់កម្មករ។ ប៉ុន្តែ ពួកគាត់ថា កន្លងមកក្រុមហ៊ុនអ្នកបញ្ជាទិញ ហាក់ដូចជានៅព្រងើយកន្តើយនៅក្នុងរឿងនេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លើកយកពាក្យស្លោករបស់ខាងអង្គការអភិរក្សសត្វព្រៃ ជាការចងកាតព្វកិច្ចក្រុមហ៊ុនអ្នកបញ្ជាទិញ ដើម្បីចូលរួមទទួលខុសត្រូវក្នុងរឿងនេះ។ ពាក្យស្លោកនោះ ថាបើនៅតែមានអ្នកទិញ ឬហូបសត្វព្រៃ ការបរបាញ់និងសម្លាប់សត្វព្រៃ ក៏នៅតែបន្តកើតមាន៖ «ដូចអ្នកបញ្ជាទិញ បើសិនគាត់នៅតែបញ្ជាទិញ មានន័យថាគាត់អាចជាអ្នកដែលជំរុញឲ្យមានការឆ្លង និងការស្លាប់ជាប្រយោលហ្នឹង ដូចគ្នាដែរ។ ប៉ុន្តែ សេដ្ឋកិច្ចវាធំជាង បើសិនជាពួកគាត់មិនបញ្ជាទិញ ពួកហ្នឹងដួលអត់មានអ្វី ក៏ជាបញ្ហាដែរ។ ដូច្នេះហើយ នៅកន្លែងហ្នឹងនៅមានភាពស្មុគស្មាញណាស់»។
ប៉ុន្តែ បើតាមគោលការណ៍របស់អ្នកបញ្ជាទិញ ដូចជាមិនមានភាពស្មុគស្មាញដល់ម្លឹងពេកនោះទេ។ សេចក្តីណែនាំអំពីការបង្ការជំងឺកូវីដ-១៩ របស់សមាគមអ្នកបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងរបស់អាមេរិក សម្រាប់រោងចក្រយកទៅអនុវត្ត ចែងច្បាស់អំពីកាតព្វកិច្ចរបស់ថៅកែរោងចក្រ ដែលត្រូវធ្វើយ៉ាងណា ធានាឲ្យមានការរក្សាគម្លាតសុវត្ថិភាពរបស់កម្មករ និងការការពារអាយុជីវិតកម្មករពីការឆ្លងនៃជំងឺកូវីដ-១៩ នេះ។
អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយរបស់សមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក (AAFA) លោក ណេត ហ៊ើម៉ិន (Nate Herman) ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ២៧ ខែ ឧសភា ថាថៅកែរោងចក្រទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ណែនាំនេះ។ លោកថាសមាគមន៍អ្នកបញ្ជាទិញនេះ នឹងបន្តជំរុញឲ្យថៅកែរោងចក្រ អនុវត្តវិធានការទាំងនេះ ឲ្យមានប្រសិទ្ធភាព។
មន្ត្រីសហជីពឯករាជ្យមួយរូបទៀត ថាក្រុមហ៊ុនអ្នកបញ្ជាទិញ គឺជាអ្នកដែលមានទឹកមាត់ប្រៃក្នុងការដាក់សម្ពាធឲ្យរដ្ឋាភិបាល និងថៅកែរោងចក្រ អនុវត្តវិធានការសុវត្ថិភាពកម្មករនេះ។ ក្នុងករណីខកខានមិនបានធ្វើតាម ក្រុមហ៊ុនបញ្ជាទិញត្រូវតែមានវិធានការជាក់ស្តែង ដើម្បីបង្ខំការអនុវត្តនេះ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា នេះជាពេលវេលាសមស្រមបំផុតមួយ សម្រាប់សមាគមអ្នកបញ្ជាទិញ ក្នុងការបង្ហាញឆន្ទៈពិតប្រាកដ ក្នុងការឈឺឆ្អាលអំពីសុខុមាលភាពរបស់កម្មករ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ធំ៖ «អ្នកដែលបានទទួលផលប្រយោជន៍ចំណេញច្រើនបំផុតគឺអ្នកបញ្ជាទិញហ្នឹងឯង។ អ្នកបន្ទាប់ទៀតគឺថៅកែក្រុមហ៊ុន ដែលជាអ្នកធ្វើការផ្ទាល់ជាមួយកម្មករនៅស្រុកខ្មែរ។ បើសិនណាពួកគាត់និយាយតាមសារព័ត៌មានជាសាធារណៈ ពួកគាត់គោរពក្រមសីលធម៌កម្មករ។ ប៉ុន្តែ អ្វីដែលជាទង្វើដែលយើងបានមើលឃើញហ្នឹង ហាក់ដូចពួកគាត់នៅស្ងៀម អត់បានខ្វាយខ្វល់»។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (ហៅកាត់ GMAC) លោក ខេន លូ (Ken Loo) ជុំវិញរឿងនេះ បាននៅឡើយទេ។
កន្លងមកសមាគមអ្នកបញ្ជាទិញទាំងនៅអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបផង សុទ្ធតែធ្លាប់បានចេញសេចក្តីថ្លែងការណ៍ និងសរសេរលិខិតទៅរដ្ឋាភិបាលលោក ហ៊ុន សែន រាល់ពេលដែលមានបញ្ហារំលោភសិទ្ធិកម្មករ ដូចជាមុនពេលដែលសហភាពអឺរ៉ុប គ្រោងកាត់ផ្តាច់ការអនុគ្រោះពន្ធ EBA ២០ ភាគរយជាដើម។
ប៉ុន្តែ តាំងពីផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ នៅមិនទាន់ឃើញមានសេចក្តីថ្លែងការណ៍ណាមួយរបស់សមាគមទាំងនេះនៅឡើយទេ។ មន្ត្រីអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យ សង្ឃឹមថាលិខិតរបស់ពួកគាត់ នឹងនាំឲ្យមានដំណោះស្រាយសមស្របមួយ ដើម្បីជួយការពារសុវត្ថិភាព និងអត្ថប្រយោជន៍កម្មករខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។