សង្គមស៊ីវិលស្នើភាគីពាក់ព័ន្ធផ្ដល់ដំណោះស្រាយជូនសហគមន៍រងគ្រោះក្នុងជម្លោះជាមួយក្រុមហ៊ុនថៃមិត្រផូល
2020.11.19
សង្គមស៊ីវិលចំនួន ៣ អង្គការ អំពាវនាវសាជាថ្មីដល់ភាគីពាក់ព័ន្ធ ឲ្យផ្ដល់ដំណោះស្រាយជូនសហគមន៍រងគ្រោះក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្កររបស់ថៃមួយ ឈ្មោះ មិត្រផូល (Mitr Phol) ឬ មិត្រផុន អានជាភាសាថៃ។ សង្គមស៊ីវិលទាំងបីនោះ រួមមាន អង្គការសមធម៌កម្ពុជា អង្គការអាយឌីអាយ (IDI) និងអង្គការលីកាដូ។
ពួកគេអំពាវនាវដល់ក្រុមហ៊ុន មិត្រផូល ឲ្យចូលខ្លួនជាបន្ទាន់មកពិភាក្សាស្វែងរកដំណោះស្រាយជាមួយអ្នកតំណាងគ្រួសារដែលរងផលប៉ះពាល់ និងចាត់វិធានការរកដំណោះស្រាយឲ្យបានសមស្រប។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលទាំង៣នេះ ក៏អំពាវនាវដល់ស្ថាប័ន និងម៉ាកល្បីៗ ដូចជា ក្រុមហ៊ុនកូកាកូឡា (Coca Cola) និងក្រុមហ៊ុនណេស្លេ (Nestle) ដែលបន្តទិញស្ករពីក្រុមហ៊ុន មិត្រផូល នេះ ឲ្យប្រើប្រាស់ឥទ្ធិពលរួមគ្នា ក្នុងការទាមទារឲ្យក្រុមហ៊ុនមួយនេះ ផ្ដល់យុត្តិធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់។
ការអំពាវនាវនេះ កើតមានឡើងស្របពេលដែលអង្គការសហប្រជាជាតិ កំពុងបើកសម័យប្រជុំលើកទី៩ ស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ វិច្ឆិកា។
អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលប្រជាកសិករខ្មែរជាង៧០០គ្រួសារនៅខេត្តបន្ទាយមានជ័យ បានរងគ្រោះពីការរឹបអូសយកដីធ្លីដោយបង្ខំ និងការដកហូតផលដំណាំស្រូវរបស់ពួកគាត់ យកទៅធ្វើជាចម្ការអំពៅ ពីសំណាក់ក្រុមហ៊ុនថៃ មិត្រផូល ដោយមានការសហការពីកងកម្លាំងប្រដាប់អាវុធកម្ពុជា។ សហគមន៍ដែលរងផលប៉ះពាល់ បានប្ដឹងក្រុមហ៊ុននេះ ទៅតុលាការនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១៨។ បច្ចុប្បន្ន បណ្ដឹងសមូហភាពរបស់ពួកគេ ត្រូវតុលាការប្រទេសថៃ ទទួលយកទៅពិចារណា ក៏ប៉ុន្តែ នៅពុំទាន់បើកសវនាការនៅឡើយទេ។ សង្គមស៊ីវិលទាំងបីនេះ គូសបញ្ជាក់ថា សហគមន៍មិនគួរទទួលរងការស៊ូទ្រាំចំពោះដំណើរការក្តីដែលអូសបន្លាយពេលយូរ ដើម្បីទទួលបាននូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។