មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី គឺលោក សំ ទិត្យសីហា ប្រាប់អាស៊ីសេរីនៅថ្ងៃទី៥ ធ្នូថា លោកបានពិភាក្សាជាមួយកូនក្តីរបស់លោករួចហើយថា នឹងដាក់បណ្តឹងទាស់នឹងសាលដីកាសាលាឧទ្ធរណ៍ ទៅតុលាការកំពូល នៅអំឡុងសប្ដាហ៍ក្រោយនេះ។ លោកបញ្ជាក់ថា ការសម្រេចរបស់សាសាលាឧទ្ធរណ៍ដែលឱ្យកូនក្តីរបស់លោកជាប់ទោសបន្តទៅទៀតនោះ គឺជារឿងអយុត្តិធម៌ ព្រោះតុលាការជាន់ខ្ពស់មួយនេះហាក់មិនបានពិនិត្យមើលលើភស្តុតាងថ្មីដែលខាងមេធាវីបានដាក់ជូននោះឡើយ៖ «សាលាឧទ្ធរណ៍រក្សាសាលក្រមសាលាដំបូងទុកជាបានការ យើងសោកស្ដាយមែនទែន ដោយសារគាត់គ្រាន់តែជាអ្នកបកប្រែ ដើម្បីបានកម្រៃទេ ហើយចំណុចទីពីរតុលាការមិនបានយកភស្តុតាងថ្មីដែលខាងមេធាវីដាក់ជូនទៅនោះទេ។ ចំណុចទីបី បើយើងនិយាយពីព្យសនកម្ម ហើយនិងផលប៉ះពាល់ យើងសឹងតែមិនមានទេ ហើយអ្វីដែលសំខាន់មួយទៀត នៅពេលសវនាការ យើងអត់ឃើញមានដើមបណ្តឹងរដ្ឋប្បវេណីដើម្បីចូលមកឆ្លើយទេ»។
កាលពីសប្ដាហ៍មុន សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី របស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល មានន័យថា សកម្មជនសិទ្ធិការងាររូបនេះត្រូវជាប់ទោសបន្តទៅទៀត។ តុលាការក្រុងភ្នំពេញបានកាត់ទោសលោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” និងត្រូវបង់សំណងដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។ ដើមហេតុនៃរឿងនេះ គឺដោយសារលោក រ៉ាត់ រត្នមុនី បានជួយផលិតភាពយន្តឯកសារមួយស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។ វីដេអូនោះត្រូវបានរបបក្រុងភ្នំពេញចាត់ទុកថាជារឿងប្រឌិត ប៉ះពាល់ដល់ស្ត្រីខ្មែរ និងបំផ្លាញមុខមាត់កម្ពុជា។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតអាមេរិកផង បានពិនិត្យឃើញថា លោក រ៉ាត់ រត្នមុនី មិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ ហើយការសម្រេចផ្ដន្ទាទោសសកម្មជនសិទ្ធិការងាររូបនេះ គឺជារឿងអយុត្តិធម៌។ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតអាមេរិក បានទទូចឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាពវិញ។ គិតត្រឹមថ្ងៃទី៥ ធ្នូ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិតមួយឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។