តើ​អ្នក​រាយការណ៍​ពិសេស អ.ស.ប លើកឡើងពី​បញ្ហា​ប្រឈម​អ្វីខ្លះ​ពាក់ព័ន្ធ​នឹង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា?

សម្រាប់​ឆ្នាំ២០២២នេះក្រៅពី​បញ្ហា​ចាក់​ស្រេះ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្សជា​ពិសេស​បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​អំពើ​ជួញដូរ​មនុស្សនិង​អំពើ​រំលោភ​សិទ្ធិដី​ធ្លីនៅ​កម្ពុជា​នោះបញ្ហា​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​លោក វិទិត មុនតាប៊ន លើកយកមក​បញ្ចូល​ជា​ផ្នែកមួយ​នៃ​ផែនការ​កែលម្អ​សិទ្ធិ​មនុស្ស​១០-ចំណុច របស់​លោកដែល​លោក​ចង់ឃើញ​រដ្ឋាភិបាល​កម្ពុជា​អនុវត្តឱ្យបាន​ឆាប់​រហ័សនិង​ប្រកប​ដោយ​ប្រសិទ្ធភាព។

ផែនការ​កែលម្អ​សិទ្ធិមនុស្ស ១០-ចំណុច នេះ ត្រូវ​លោក វិទិត មុនតាប៊ន ហៅថា ជា «របៀប​វារៈ​សកម្មភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា» សម្លឹង​ឆ្ពោះ​ទៅ​មុខ។ ក្នុង​ចំណោម​ផែនការ​ទាំង ១០-ចំណុច​នោះ លោក វិទិត មុនតាប៊ន ចង់ឃើញ​រដ្ឋាភិបាល​កម្ពុជាបើក​លម្ហសង្គមស៊ីវិលនិង​នយោបាយក្នុង​នោះ​រាប់​បញ្ចូល​ទាំងការ​លុប​ចោលនិង​ការ​កែទម្រង់​ច្បាប់​នានា​ដែល​មាន​លក្ខណៈ​រិតត្បិត​យ៉ាង​ធ្ងន់ធ្ងរដូច​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​របាយការណ៍​នានា​របស់​យន្តការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​នូវ​ការ​ធ្វើទុក្ខ​បុក​ម្នេញ​មក​លើ​គណបក្ស​ប្រឆាំងក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​និង​ក្រុម​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀតដោយ​ត្រូវ​ដោះលែង​និង​ទម្លាក់​បទចោទ​ទាំងអស់​ប្រឆាំង​នឹង​ពួកគេ។

លោក វិទិត មុនតាប៊ន លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​បិទ​បញ្ចប់​បេសកកម្ម​របស់​លោកថាក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាច្រើនក្រុម​អ្នក​ការពារ​បរិស្ថានក្រុម​អ្នក​ធ្វើការ​ក្នុង​វិស័យ​ប្រព័ន្ធផ្សព្វផ្សាយនិង​អង្គការ​ពាក់ព័ន្ធ​ជា​ច្រើនសុទ្ធតែបាន​លើកឡើង​ពីកង្វល់​របស់​ពួកគេ​ប្រាប់ទៅ​លោក​ពី​ការ​កាន់​តែ​រួម​តូច​ទៅៗ​ឬ​ការ​រួមតូច​ស្រាប់​នៃ​លម្ហ​សង្គម​ស៊ីវិលនិង​នយោបាយ​នៅ​កម្ពុជា។

លោក​ថាពួកគេ​ភាគច្រើន​បាន​ត្អូញត្អែពី​ការ​បំភិតបំភ័យនិងការ​យាយី​ពី​សំណាក់​អាជ្ញាធរខណៈ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ផ្តន្ទាទោសនិង​ចាប់​ដាក់​គុក​ដោយ​សារ​តែការ​បំពេញ​ការងារ​របស់​ពួកគេនិង​បទចោទ​ព្រហ្មទណ្ឌ​មក​លើ​ពួកគេ៖ « ស្របពេល​ជាមួយ​គ្នា​នេះ ច្បាប់​ជា​ច្រើន​កំពុង​រឹតត្បិត​ការងារ​របស់​ប្រព័ន្ធផ្សព្វផ្សាយ បន្ថែមទៅលើ​បទប្បញ្ញត្តិព្រហ្មទណ្ឌ​ជាច្រើន​ ក៏នៅមាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ទូរគមនាគមន៍ និង​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រកទ្វារ​អ៊ីនថឺណិត​ជាតិ ដែល​ចាំបាច់​ត្រូវ​តែ​លុប​ចោល។ អនុក្រិត្យ​ច្រកទ្វារអ៊ីនថឺណិត​ជាតិ​នេះ បើក​ផ្លូវ​ឱ្យ​មាន​ការ​ឈ្លប​យកការណ៍​កាន់​តែ​ខ្លាំង​ ដែល​គឺជាការ​រំលោភ​មិនមែន​តែទៅ​លើសេរីភាព​នៃការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ​ទេ តែថែម​ទាំងរំលោភ​ដល់​សិទ្ធិឯកជន​ភាព និង​អារម្មណ៍​អំពី​សុវត្ថិភាព និង​សន្តិសុខ​ក្នុង​ចំណោម​អ្នកធ្វើការ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ ​និង​បុគ្គល​ពាក់ព័ន្ធ​ដទៃ​ទៀត។ ក្រៅពីនោះ ក៏មាន​ការ​បរិយាយ​អំពីភាព​មិន​ឯករាជ្យ ​នៃ​ប្រព័ន្ធយុត្តិធម៌ និង​កង្វះភ្នាក់​ងារ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​គុណភាព »

វិទ្យុ​អាស៊ីសេរីមិនអាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ដើម្បី​សុំប្រតិកម្ម​ជុំវិញ​ការ​រក​ឃើញនិង​ការ​ស្នើឡើង​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិនេះបាន​នៅ​ឡើយ​ទេគិតត្រឹម​ថ្ងៃទី២៨ ខែសីហា។

ទោះយ៉ាងណា ភ្លាមៗ​ក្រោយ​ការ​បញ្ចប់ដំណើរ​បេសកកម្មការងារ​របស់​លោក វិទិត ម៉ុនតាប៊ន នៅ​កម្ពុជាក្រសួង​ការបរទេស​កម្ពុជាបានសម្តែង​ពីការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេចក្តីថ្លែងការណ៍​បញ្ចប់​បេសកកម្ម​របស់​លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន នេះ។ ក្រសួងថា សេចក្តីថ្លែងការណ៍​របស់​លោក វិទិត មុនតាប៊ន នៅតែ «មាន​ភាព​លម្អៀង» «មាន​ការរើសអើង​យ៉ាង​ខ្លាំង» និង «គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់» នៅលើ​បញ្ហា​មួយ​ចំនួន។ ក្រសួងថា ការស្រែក​ទាមទារ​ជាច្រើន​លើកច្រើន​សារ​របស់​អ្នករាយការណ៍​ពិសេសគឺ​ពោរពេញ​ទៅដោយ​ភាព​ផ្ទុយ​គ្នាតួយ់ាង​ដូចជាខណៈពេល​ដែល​ស្នើឱ្យ​រដ្ឋាភិបាល «អនុវត្តច្បាប់​ផ្សេងៗ​ទាក់ទង​នឹង​ទូរគមនាគមន៍ដើម្បី​កំណត់​អត្តសញ្ញាណ​ករណី​ឆបោក» និង «អនុវត្តវិធាន​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុងការ​ស៊ើបអង្កេត​ករណី​ទាំង​នោះ» អ្នក​រាយការណ៍​ពិសេស​បែជា​ទទូច​ឱ្យ​លុបចោល​អនុក្រឹត្យ​ទាក់ទង​នឹង​ទូរគមនាគមន៍ដែល​ក្រសួង​អះអាង​ថាមាន​គោលបំណង​រារាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនថឺណិតនិង​ប្រមូល​ចំណូល​ជាតិ​ទៅ​វិញ។

អ្នក​ជំនាញ​ផ្នែក​វិស័យ​សារព័ត៌មាននិង​ប្រព័ន្ធផ្សព្វផ្សាយនិងជានាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) លោក ណុប វី ប្រាប់ វិទ្យុអាស៊ីសេរីថា ការលើកឡើង​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​នា​ពេល​នេះជុំវិញ​បញ្ហាធ្លាក់​ចុះសេរីភាព​សារព័ត៌មាននិងស្ថានភាព​ធ្វើទុក្ខបុកម្នេញ​មកលើ​អ្នកសារព័ត៌មាន​ដែល​កំពុង​តែ​អនុវត្ត​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជាគឺមិនខុសគ្នា​ទៅនឹង​របាយការណ៍​របស់​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ដែល​បាន​រក​ឃើញនិង​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ៖« យើង​ឃើញហើយ​ចាប់​តាំង​ពី​ឆ្នាំ២០១៧មក​ សូម្បី​តែ​អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី ក៏ស្ថិត​នៅ​ក្រោម​ការចោទ​ប្រកាន់​ដោយ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​នេះ​ផង​ដែរ យើងក៏​ឃើញមាន​អ្នកសារព័ត៌មាន​ផ្សេងៗ​ទៀត ដូចជា លោក សុខ ឧត្តម នៅខេត្តកំពង់ឆ្នាំង ករណីរបស់លោក យួន ឈីវ នៅឯខេត្តកោះកុង​អីហ្នុង​គឺ​សុទ្ធ​តែ​ត្រូវបាន​ប្រើប្រាស់ច្បាប់​ស្តីពី​ក្រមព្រហ្មទណ្ឌ​ដើម្បី​យក​មក​ចាត់​វិធានការ​ទៅ​លើ​ពួកគាត់ ។ ដូច្នេះហើយ វាគឺជាផ្នែកមួយយ៉ាង​សំខាន់​ដែលបង្ហាញ​ឱ្យឃើញ​នូវការ​ប្រើប្រាស់​វិធានការ​ច្បាប់​ដើម្បី​ធ្វើទុក្ខបុកម្នេញ​មក​លើ​អ្នក​សារព័ត៌មាន »

លោក ណុប វី យល់ថា រដ្ឋាភិបាល​គួរតែ​ទទួល​យក​អនុសាសន៍​របស់​ក្រុម​អង្គការ​សង្គមស៊ីវិលនិង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទាំង​នេះទៅ​កែ​លម្អដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការ​បាត់បង់​ទំនុក​ចិត្ត​ពី​ពលរដ្ឋឬក៏ឈាន​ទៅ​ប៉ះពាល់​ដល់​ស្ថេរភាពនិង​សន្តិភាព​របស់​ប្រទេស​ជាតិ​ទាំង​មូល​នាពេល​អនាគត៖ « ខ្ញុំចង់​ជម្រាប​ជូន​ថា យើង​កំពុងតែ​ធ្វើកិច្ចកា​រងារ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ដើម្បី​ជួយ​ទៅ​ដល់​រដ្ឋាភិបាល​ទេ រឿងអ្វី​ដែល​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ ហើយនឹង​យក​ចិត្ត​ទុក​ដាក់​គឺ​រឿង​បញ្ហា​ដែលកំពុង​កើត​មាន​ឡើងរ​បស់​ប្រជាពលរដ្ឋ ឬរឿងដែល​ប្រជាពលរដ្ឋ​គាត់លើក​ពី​ក្តី​កង្វល់​ផ្សេងៗ​ជូន​មក​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ។ ដូច្នេះ បើសិនជា​រដ្ឋាភិបាល​មិន​ខ្វាយខ្វល់ ​ឬ​មិន​អើពើ​ចំពោះ​អ្វី​ដែល​យើង​បាន​លើក​ឡើង អ្វីដែល​ជាការ​លើកឡើង​នូវការ​ព្រួយបារម្ភ​ម្តង​ហើយ​ម្តង​ទៀត​ទាំង​នេះទេ ខ្ញុំគិតថា វានឹងមាន​ផលប៉ះពាល់​ទៅ​ដល់​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​មកកាន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល មកកាន់​រដ្ឋាភិបាល​ទាំងមូល វានឹងធ្វើឱ្យ​មាន​ឥទ្ធិពល​ប៉ះពាល់​ជា​អវិជ្ជមាន​ចំពោះ​ស្ថិរភាព និង​ចំពោះ​សន្តិភាព​ដែល​យើង​កំពុង​តែ​មាន »

យ៉ាងហោច​ណាស់មាន​រឿងរ៉ាវចម្រូង​ចម្រាស​លេចធ្លោ​មួយ​ទាក់ទង​នឹង​ការ​ប្រើអំពើ​ហិង្សាទៅ​លើ​ក្រុម​អ្នកសារព័ត៌មាន​បានកើត​ឡើង​នៅ​ថ្ងៃទីពីរ​ក្នុងពេល​ដែលអ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​កំពុង​ពេញ​បេសកកម្ម​ការងារ​នៅ​កម្ពុជា។កាលពី​ថ្ងៃទី១៦ ខែសីហា អ្នកសារព័ត៌មាន​ចំនួន​៥​នាក់​មក​ពី​អង្គភាព​សារព័ត៌មានវីអូឌី (VOD) និង​យុវជន​ខ្មែរថាវរៈ​ចំនួន ៤នាក់​ត្រូវបាន​ឃាត់​ខ្លួន​អស់​រយៈពេល​ប្រមាណ ៧ម៉ោង នៅក្នុង​តំបន់​ព្រៃភ្នំតាម៉ៅ ដោយ​មន្ត្រី​កងអង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុកបាទី ខេត្តតាកែវ។ ពួកគេ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​នៅ​ល្ងាច​ថ្ងៃដដែល​ ក្រោយ​ពី​អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​ពួកគេ​ផ្តិតមេដៃលើ​ «កិច្ចសន្យា» ដែល​សរសេរ​ថា អ្នកសារព័ត៌មាន​បាន​បង្ហោះ​ដ្រូន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ទើបនឹង​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា កាល​ពី​ដើម​ខែសីហា ​បាន​សន្និដ្ឋាន​ថា ខណៈកម្ពុជា​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​បោះឆ្នោត​ម្តង​ទៀត​នៅ​ឆ្នាំ២០២៣ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​នេះគឺ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។ របាយការណ៍​រក​ឃើញ​ថា អ្នក​សារព័ត៌មាន​ដែល​បច្ចុប្បន្ននេះ​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេសកំពុង​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន និង​រងសម្ពាធ​ក្នុង​ទម្រង់​ផ្សេងៗ ជាពិសេស​តាមរយៈ​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​លើការងារ​របស់​ពួកគេ។ របាយការណ៍​បាន​ផ្តល់​អនុសាសន៍មួយចំនួន​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការការពារ​សេរីភាព​អ្នកសារព័ត៌មាន​ពីការ​ជ្រៀត​ជ្រែក សេរីភាព​ពីការ​ត្រួត​ពិនិត្យ​ សិទ្ធិទទួល​បាន​ព័ត៌មាន​ ពហុភាព​នៃ​សំឡេងនៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ និង​បញ្ហា​ប្រឈម​ដែល​អ្នក​សារព័ត៌មាន​ស្ត្រី​ប្រឈម​មុខជាដើម។

កម្ពុជា​ជាប់​លេខ​១៤២ ក្នុង​ចំណោម​១៨០​ប្រទេស​នៅទូទាំង​ពិភពលោក​ ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​មាន​សេរីភាព​សារព័ត៌មាន​មិន​ល្អ ឬរឹត​ត្បិត​ខ្លាំង ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០២២ របស់អង្គការអ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។