ព្រះតេជព្រះគុណ សយ សាត ដែលអាជ្ញាធរមន្ត្រីសង្ឃ និងខេត្តបាត់ដំបងចាប់ផ្សឹកកាលពីពេលថ្មីៗនេះ បានបួសជាព្រះសង្ឃ ក្រោយនិមន្តទៅដល់កន្លែងមានសុវត្ថិភាព។ ព្រះអង្គមានថេរដីកាថា មូលហេតុដែលនិមន្តទៅរកកន្លែងមានសុវត្ថិភាពដោយសារ អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន តាមធ្វើទុក្ខបុកម្នេញព្រះអង្គជាបន្តបន្ទាប់ ទើបធ្វើឱ្យមិនអាចគង់នៅក្នុងប្រទេសបាន។
ព្រះតេជព្រះគុណ សយ សាត បាននិមន្តចាកចេញពីកម្ពុជាទៅដល់ទីកន្លែងមានសុវត្ថិភាពហើយ កាលពីថ្ងៃទី១៥ មីនា។ ព្រះអង្គបានបួសជាព្រះសង្ឃភ្លាមៗក្រោយពីឆ្លងដែនទៅដល់វត្តមួយនៅទីក្រុងបាងកក ប្រទេសថៃ។
ព្រះតេជព្រះគុណ សយ សាត មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ មីនា ថា មូលហេតុដែលព្រះអង្គបួសជាថ្មី និងចាកចេញពីកម្ពុជានេះ ដោយសារព្រះអង្គមើលឃើញពីភាពអយុត្តិធម៌សង្គមកើតឡើងស្ទើរជារៀងរាល់ថ្ងៃ ។ ព្រះអង្គបន្តថា ព្រះអង្គមិនចង់ចាកចេញពីប្រទេសកំណើតទេ ប្រសិនបើអាជ្ញាធរមិនធ្វើទុក្ខបុកម្នេញព្រះអង្គ។ ប៉ុន្តែ ព្រះអង្គបញ្ជាក់ថា ក្រោយពីមន្ត្រីសង្ឃនិងអាជ្ញាធរខេត្តបាត់ដំបងចាប់ផ្សឹកព្រះអង្គទាំងកម្រោលកាលពីថ្ងៃទី៩ ខែមីនាមក ស្រាប់តែមានអាជ្ញាធរតាំងពីខេត្តបាត់ដំបង ដល់រាជធានីភ្នំពេញបានបណ្ដាក់គ្នាតាមឃ្លាំមើលព្រះអង្គជាបន្តបន្ទាប់ ដែលធ្វើឱ្យព្រះអង្គមិនអាចគង់នៅកម្ពុជាបាន។
ព្រះតេជព្រះគុណ សយ សាត ៖«ប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ ប៉ុន្តែស្ដេចមន្ត្រីសេដ្ឋីអ្នកមានអត់គោរពច្បាប់ទេ ម្ល៉ោះហើយឃើញការមានគំនាបច្រើនពេកបានអាត្មាភៀសព្រះកាយ ដើម្បីឱ្យអន្តរជាតិដឹងថា ប្រទេសកម្ពុជាកំពុងតែមានការរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិ។ ម្ល៉ោះហើយអាត្មាជាព្រះសង្ឃគឺត្រូវតែតស៊ូដើម្បីធ្វើយ៉ាងណាឱ្យមានសីលធម៌របស់កម្ពុជា ក្លាយទៅជាទំនៀមទម្លាប់ល្អមួយនៅក្នុងសង្គមយើងអាចទទួលយកបាន»។
ព្រះអង្គបន្តថា ក្រោយពីព្រះអង្គទៅកន្លែងមានសុវត្ថិភាពហើយ ព្រះអង្គនឹងបន្តធ្វើសកម្មភាពបណ្ដាញសង្គមហ្វេសប៊ុកដើម្បីទាមទារឱ្យរដ្ឋាភិបាលឯកបក្សងាកមកដើរតាមគន្លងប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពវិញ តាមលទ្ធភាពដែលព្រះអង្គអាចធ្វើបាន។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ពុំមានអាជ្ញាធរណាតាមធ្វើទុក្ខបុកម្នេញលើព្រះអង្គ សយ សាត ដូចការចោទប្រកាន់ឡើយ។ លោក សុខ ឥសាន ចាត់ទុកថា ការភៀសព្រះកាយរបស់ព្រះអង្គរូបនេះ ជាសកម្មភាពលំអៀងនិន្នាការនយោបាយដោយសារព្រះអង្គចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។
លោក សុខ ឥសាន៖«លោក សាត នឹងមានពីណាទៅចាប់លោក គេគ្រាន់តែហៅទៅសួរនាំតើ ។ សួរនាំហើយគេដោះលែងវិញហើយ ដល់ពេលគេដោះលែងវិញអាហ្នឹងមានឱកាសលោករត់បណ្ដោយ អាហ្នឹងគឺថា រុញស៊ីក្លូបណ្ដោយទូក រុញទូកបណ្ដោយទឹកយកលេសហ្នឹងហើយ។ពីព្រោះអីភាពពិតជាក់ស្ដែងសួរថាអ្នកណាធ្វើបាបលោក អាការអញ្ជើញនិមន្តទៅសួរនាំអាហ្នឹងជារឿងរបស់សមត្ថកិច្ច ហើយបើយើងអត់មានពិរុទ្ធភាពអាហ្នឹងគេអត់មានធ្វើអីយើងកើតទេ»។
បើទោះបីជាលោក សុខ ឥសាន ខំថ្លែងការពារអាជ្ញាធររដ្ឋាភិបាលថា មិនបានធ្វើទុក្ខបុកម្នេញមកលើព្រះអង្គក្ដី ក៏ព្រះតេជព្រះគុណ សយ សាត ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ព្រះកាយ និងចាប់ផ្សឹក នៅស្រុកមោងឫស្សី នៅពេលព្រះអង្គនិមន្តធ្វើធម្មយាត្រាផ្សាយមេត្តាធម៌ សុំសុខសន្តិភាពក្នុងប្រទេស និងទាមទារដំណោះស្រាយជាតិ កាលពីថ្ងៃទី៩ ខែមីនា។ សមត្ថកិច្ច មន្ត្រីសង្ឃ អភិបាលស្រុកមោងឫស្សី ចោទប្រកាន់ព្រះតេជព្រះគុណ ថា ធ្វើធម្មយាត្រាគ្មានការអនុញ្ញាត និងមានពាក់ព័ន្ធជាមួយគណបក្សនយោបាយ។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក នី សុខា មើលឃើញថា សកម្មភាពរបស់ព្រះអង្គ សយ សាត ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របតាមរដ្ឋធម្មនុញ្ញ និងពុំមែនជាទង្វើសុខច្បាប់ឡើយ។ លោកបន្តថា ករណីដែលអាជ្ញាធរចាប់ផ្សឹកនិងតាមឃ្លាំមើលព្រះអង្គទៅវិញទេ ដែល ជាការគំរាមកំហែងនិងរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយខុសច្បាប់។
លោក នី សុខា៖ «មួយរយៈកាលកន្លងមកនេះយើងបានឃើញទាំងអស់គ្នាហើយថា នៅពេលលោកធ្វើធម្មយាត្រាតែអង្គឯងនេះលោកអត់បានបញ្ចប់ធម្មយាត្រាដល់គោលដៅទេ គឺថាត្រូវបានអាជ្ញាធរហ្នឹងលោកឃាត់តាមផ្លូវជាពិសេសទៅដល់ខេត្តបាត់ដំបងនឹងគឺថាមានការចាប់ផ្សឹកលោកជាដើម។ អីចឹងខ្ញុំគិតឃើញថា ទិដ្ឋភាពទាំងអស់នេះចង់មិនចង់វាអាចធ្វើឱ្យលោកព្រួយបារម្ភពីសុវត្ថិភាព និងមានការភ័យខ្លាចក៏អាចថាបាន។ ពីព្រោះយើងឃើញហើយនៅពេលដែលលោក ធ្វើធម្មយាត្រាត្រូវបានអាជ្ញាធរចាប់ ហើយចុងក្រោយនេះក៏យើងឃើញមានដីកាកោះហៅរបស់តុលាការទាក់ទងនឹងរឿងពីមុនៗមករបស់លោកអីចឹង»។
ព្រះតេជព្រះគុណ សយ សាត ព្រះជន្ម ៧២វស្សា ជាព្រះសង្ឃខ្មែរមួយអង្គដែលមិនខ្លាចការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ដោយព្រះអង្គហ៊ានចេញមកធ្វើធម្មយាត្រានិមន្តដោយថ្មើរជើងស្នើបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកធ្វើការងារសង្គម និងទាមទារលើកកម្ពស់សីលធម៌សង្គម។ ព្រះសង្ឃអង្គនេះ ត្រូវបានព្រះចៅអធិការវត្តបណ្ដេញចេញពីវត្ត និងត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាចោទព្រះតេជព្រះគុណពីបទ កាប់ទន្ទ្រានដីព្រៃដោយសារតែព្រះតេជព្រះគុណបានចូលរួមធ្វើធម្មយាត្រា ជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកតស៊ូមតិផ្សេងទៀត។ ព្រះអង្គមានថេរដីកាថា បើទៅបីជាអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញមកលើព្រះអង្គបែបនេះក្ដី ក៏ព្រះអង្គនៅតែបន្តចូលរួមធ្វើសកម្មភាពសង្គមដដែលហើយធ្វើសកម្មភាពរហូតរដ្ឋាភិបាលឯកបក្សមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។