សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាម ក្រោយពេលចាប់ខ្លួនកសិករខ្មែរក្រោមម្នាក់ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីឆ្នាំ ២០២០។
អាជ្ញាធរវៀតណាមនៅខេត្តក្រមួនស បានចាប់ខ្លួនលោក ហ្វិន វ៉ាំងឌែប កាលពីថ្ងៃទី៨ មិថុនា ក្រោយពេលអាជ្ញាធរខេត្តនេះ បានអញ្ជើញលោកទៅ ការិយាល័យប៉ូលិស។ ការចាប់កសិករខ្មែរក្រោមនេះ ក្រោយពេលសាលាឧទ្ធរណ៍បានបដិសេធបណ្ដឹងឧទ្ធរណ៍របស់ លោកប្រឆាំងនឹងសាលក្រមតុលាការខេត្ត ដែលបានចាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ភិក្ខុ សឺង យ៉ឹងរតនា ចាត់ទុកការចាប់ខ្លួនលោក ហ្វិន វ៉ាំងឌែប នេះថា ជារឿងអយុត្តិធម៌ពីព្រោះអាជ្ញាធរវៀតណាមបានរំលោភយកដីខ្មែរក្រោម ហើយចាប់កសិករខ្មែរក្រោមដាក់ពន្ធនាគារថែមទៀត៖ «ការចាប់ខ្លួនលោក ហ្វិន វ៉ាំងឌែប សហព័ន្ធសូមថ្កោលទោស ចំពោះអាជ្ញាធរវៀតណាម។ សហព័ន្ធសុំឲ្យអាជ្ញាធរវៀតណាម ដោះលែងលោក ហ្វិន វ៉ាំងឌែប ជាបន្ទាន់»។
កាលពីខែឧសភា ឆ្នាំ២០២០ អាជ្ញាធរវៀតណាម ខេត្តក្រមួនស រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធប្រមាណជាង ១០០នាក់ បានចុះទៅរឹបអូសយកដីជាង ៣.០០០ហិកតារ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរក្រោមបានធ្វើការជំទាស់រហូតផ្ទុះជាអំពើហិង្សាបណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០នាក់រងបួស។ បន្ទាប់មកកាល ពីខែតុលា ឆ្នាំ២០២០ អាជ្ញាធរវៀតណាម ប្តឹងលោក ហ្វិន វ៉ាំងឌែប និងកសិករខ្មែរក្រោមបីនាក់ផ្សេងទៀតទៅកាន់តុលាការវៀតណាមពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ»។ បច្ចុប្បន្នសមត្ថកិច្ចវៀតណាមមិនទាន់ឃាត់ខ្លួនកសិករខ្មែរក្រោមបីនាក់ផ្សេងទៀត ដែលត្រូវតុលាការកាត់ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ៦ខែទៅមួយឆ្នាំនៅឡើយទេ ដោយសារតែពួកគេកំពុងប្ដឹងឧទ្ធរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។