អស់រយៈពេលជាច្រើនឆ្នាំនេះកម្ពុជាហាក់ល្បីល្បាញណាស់ ខាងរំលោភសិទ្ធិការងារជាពិសេសបញ្ហាក្រុមកូដករណាហ្គាវើល៍ និងបញ្ហារំលោភសិទ្ធិមនុស្សពីសំណាក់អ្នកមានលុយ មានអំណាចដែលកើតមានមកជាហូរហែ។ ទោះបីជាបញ្ហានេះ អង្គការជាតិ និងអន្តរជាតិចេញរបាយការណ៍រកឃើញថា មានការរំលោភច្បាប់ការងារពីសំណាក់ថៅកែមកលើកម្មករក៏ដោយចុះ រដ្ឋាភិបាលលោកហ៊ុន សែន ហាក់មិនរកដំណោះស្រាយក្នុងរឿងនេះបានឡើយ។
ការរកដំណោះស្រាយបញ្ហាពីការរំលោភសិទ្ធិការងាររបស់ក្រុមហ៊ុនបនល្បែង ណាហ្គាវើល៍ មិនបានរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះ ធ្វើឱ្យសាធារណជនមួយចំនួនបង្ហាញការមិនពេញចិត្ត ហើយថាជាអ្នកនៅពីក្រោយនៃការបណ្ដែតបណ្ដោយឲ្យអាជ្ញាធរទាំងនោះធ្វើទុក្ខបុម្នេញក្រុមកូដកររហូតដល់អ្នកខ្លះរលូតកូន និងអ្នកខ្លះទៀតរង់ការប្រើអំពើហិង្សាធ្ងន់ធ្ងរពីសំណាក់កងកម្លាំងសន្តិសុខទាំងអយុត្តិធម៌។
ហេតុអ្វីបានជារដ្ឋាភិបាល លោក សែន រកដំណោះស្រាយវិវាទការងារបុគ្គលិកក្រុមហ៊ុនណាហ្គាវើល៍មិនបាន?
ថ្វីត្បិតតែកន្លងទៅ មេដឹកនាំជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង បានចេញមុខជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីជម្លោះនេះឈានទៅដល់ការចាប់ខ្លួនតំណាងសហជីព១១នាក់ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទ «ញុះញង់» បន្ទប់ពីពួកគេតវ៉ាអហិង្សាទាមទារលក្ខខណ្ឌការងារក៏ដោយ មកដល់ពេលនេះជិតមួយឆ្នាំទៅហើយ មិនមានដំណោះស្រាយនោះទេ។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នេះធ្វើឡើងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២។ លោកថា ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ព្រោះតែវិវាទការងារ រវាងក្រុមហ៊ុន និងកូដករ។ ដូច្នេះ លោកស្នើឱ្យគណៈកម្មការដោះស្រាយវិវាទការងារនៃក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែប្រកាន់ជំហរសម្របសម្រួល ដើម្បីដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។
ការចេញអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កន្លងទៅនេះ សាធារណជន រួមនឹងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិកម្មករមើលឃើញថា មិនអាចមានប្រសិទ្ធភាពឈានដល់ការបញ្ចប់វិវាទការងាររបស់កូដករណាហ្គាវើលដ៍នោះទេ ដរាបណាមិនមានការអន្តរាគមន៍ជាផ្លូវការពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេនោះ។
ចាប់តាំងពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ មករា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីបានចាប់ខ្លួនកូដករ សកម្មជនសហជីព និងថ្នាក់ដឹកនាំសហជីពសរុបចំនួន ២៩នាក់ ក្នុងនោះមានអ្នករត់ម៉ូតូកង់បី និងស្ត្រីមានផ្ទៃពោះ។ ក្រោយមក សមត្ថកិច្ចបានដោះលែងមនុស្ស២១នាក់ឲ្យត្រឡប់ទៅផ្ទះវិញ ដោយធ្វើកិច្ចសន្យាឈប់ចូលរួមការតវ៉ាទៀត។
ករណីចាប់ខ្លួននេះដដែល ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព៧នាក់ទៀត ត្រូវបានតុលាការក្រុងភ្នំពេញឃុំខ្លួននៅពន្ធនាគារព្រៃស ដោយចោទពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រោយមកទៀត អាជ្ញាធរបានចាប់ខ្លួន៣នាក់បន្ថែម ចោទពីបទ រំលោភបំពានវិធានការសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ តែយ៉ាងណាអ្នកទាំងនោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រោយពីមានការអន្តរគមន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
ថ្វីត្បិតតែក្រុមតំណាងកូដករទាំងនោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នក៏ពិតមែន បញ្ហាមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ខណៈដែលកូដករនៅមិនទាន់អាចចូលធ្វើការបានឡើងវិញដដែល។ ដូច្នេះក្រុមកូដករនៅតែបន្តធ្វើការទាមទារជារៀងរាល់ថ្ងៃ។ ការចេញតវ៉ារបស់ពួកគេនេះ មានការប្រើអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ ដោយចាប់រុញចូលឡានយកទៅទម្លាក់ចោលនៅជាយក្រុងភ្នំពេញ ព្រោះមិនឱ្យគេចេញមកតវ៉ានៅមុខអគារក្រុមហ៊ុន។
ជុំវិញរឿងនេះអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែមិថុនាថា វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាបញ្ហាមួយដែលជាប់ពាក់ព័ន្ធរវាងក្រុមហ៊ុន និងបុគ្គលិក ប៉ុន្តែដល់ពេលនេះអស់រយៈពេលជិត១ឆ្នាំទៅហើយ កូដករទាំងនោះមានតែរងការចោទប្រកាន់ពីស្ថាប័នរដ្ឋ។
លោកបន្តថា អាជ្ញាធរមិនប្រកាន់នូវគោលជំហរត្រឹមត្រូវដើម្បីដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញ តែងតែរកលេសដើម្បីដាក់បន្ទុកលើកូដករទាំងគ្មានកំហុស។
លោកសង្កេតឃើញថា បញ្ហានេះមិនត្រូវបានដោះស្រាយ ដោយសារតែអាជ្ញាធរគ្មានឆន្ទៈពិតប្រាកដ ហើយអាជ្ញាធរតែងតែមើលឃើញពីភាពអវិជ្ជមានរបស់ក្រុមកូដករថា មានចេតនាដាក់បន្ទុកលើរដ្ឋាភិបាល។ លោកលើកឡើងថា បើរដ្ឋាភិបាលនៅតែព្រងើយកន្តើយ មិនព្រមជួយអន្តរាគមន៍ទេនោះ វាអាចជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុនផ្សេងទៀតដែលមិនគោរពច្បាប់ ហើយអ្នកទាំងនោះនឹងធ្វើតាមតែអំពើចិត្តរបស់អ្នកមានលុយ មានអំណាច៖ «ជាការពិតជាក់ស្ដែងយើងឃើញថារឿងបញ្ហាដែលកូដករធ្វើឡើងគឺជារឿងពិតកើតចេញពីការរើសអើងទៅលើក្រុមកូដករ និងសមាជិកដឹកនាំខាងសហជីពដែលជាសហជីពមួយដែលមានភាពឯករាជ្យនៅក្នុងហ្នឹង ( នៅក្នុងក្រុមហ៊ុន ) ហើយជាបញ្ហាដែលគេមើលទៅហាក់ដូចជាមិនចង់ឱ្យសហជីពដែលមានភាពឯករាជ្យហ៊ានការពារសិទ្ធិ និងផលប្រយោជន៍របស់កូដករនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ហ្នឹង គឺមិនត្រូវបានឱ្យមានវត្តមានបន្តការងាររបស់ខ្លួននៅក្នុងហ្នឹង។ អ៊ីចឹង រឿងសំខាន់គឺរឿងនេះឯងដែលមិនចង់ឱ្យមាន»។
លោកបន្តថា បើសិនជារដ្ឋាភិបាលចង់ដោះស្រាយបញ្ហាខាងលើនេះមិនមានអ្វីពិបាកនោះទេ គឺអាជ្ញាធរ និងភាគីពាក់ព័ន្ធត្រូវឈរក្នុងគោលការណ៍នីតិវិធីត្រឹមត្រូវ ។ ការលើកឡើងនេះដោយសារតែ លោកមើលឃើញថា កន្លងទៅអាជ្ញាធរហាក់ដូចមិន គោរពច្បាប់ជាតិ និងអន្តរជាតិស្ដីពីសិទ្ធិការងាររបស់កម្មករនោះទេ។ ដូច្នេះ លោកមើលឃើញថា អ្វីដែលជាបញ្ហានៅពីក្រោយនៃវិវាទនេះ ព្រោះក្រុមហ៊ុនចង់បញ្ឈប់ក្រុមសហជីពឯករាជ្យដែលតែងតែការពារសិទ្ធិកម្មករ។
ដោយឡែក អ្នកឃ្លាំមើលស្ថានការណ៍សិទ្ធិការងារ និងជាប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី ទេព ផល្លីន មើលឃើញថា បញ្ហាវិវាទការងារនៅក្រុមហ៊ុនល្បែងកាស៊ីណូណាហ្គាវើលដ៍នេះ បង្ហាញឱ្យឃើញថា ប្រព័ន្ធរដ្ឋនៅកម្ពុជាហាក់មិនមានប្រសិទ្ធភាពត្រឹមត្រូវដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហានោះទេ។
អ្នកឃ្លាំមើលសិទ្ធិការងាររូបនេះបន្តថា បើសិនជារដ្ឋាភិបាល លោក ហ៊ុន សែន អាចដោះស្រាយបញ្ហាវិវាទការងារមួយនេះបានត្រឹមត្រូវ អ្នកដែលចំណេញគឺមុខមាត់រដ្ឋាភិបាល ហើយប្រជាពលរដ្ឋមានជំនឿចិត្តកាន់តែខ្លាំងលើប្រព័ន្ធរដ្ឋជាដើម ប៉ុន្តែបើសកម្មភាពបង្ក្រាបដោយហិង្សារបស់អាជ្ញាធរមកលើកូដករដូចបច្ចុប្បន្ននេះ អ្នកស្រីសង្កេតឃើញថា រដ្ឋខ្លួនឯងទេ ដែលរងការរិះគន់ខ្លាំងពីសំណាកប្រជាពលរដ្ឋ និងអន្តរជាតិ។
«[ អាជ្ញាធរ ] យកទ្រព្យសម្បត្តិរបស់ជាតិទៅការពារក្រុមឯកជន [ ក្រុមហ៊ុនណាហ្គាវើលដ៍ ] ដែលជាកន្លែងល្បែង។ អ៊ីចឹងកន្លែងហ្នឹងដែលទាស់ភ្នែកមិនសមហេតុសមផលតែម្ដង ព្រោះថាមិនសមរម្យក្នុងនាមជាអាជ្ញាធរ ហើយប្រើប្រាស់តួនាទីពាក្យឯកសណ្ឋានទាំងអស់ហ្នឹង សាលាក្រុងហ្នឹងអ្នកបញ្ជារដឹកកម្មករឡើងឡានចេញយុទ្ធសាស្ត្រអីផ្សេងៗ ក្នុងការចាប់កម្មករដាក់ឡានក្រុងពីមួយកន្លែងទៅមួយកន្លែង ...»។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា មើលឃើញស្រដៀងគ្នាថា ទាំងក្រុមហ៊ុន និងកូករគឺស្ថិតក្រោមចរន្តនៃច្បាប់ បើសិនជាអាជ្ញាធរមានឆន្ទៈពិតប្រាកដមែននោះ មិនមានអ្វីដែលពិបាកនោះឡើយ។ លោកបារម្ភថា បើសិនជារដ្ឋាភិបាល លោក ហ៊ុន សែន មិនព្រមដោះស្រាយឱ្យត្រឹមត្រូវទេនោះ កម្ពុជានឹងប្រឈមបញ្ហាសេដ្ឋកិច្ចក្នុងការដាក់ទណ្ឌកម្មមួយចំនួនបន្ថែមទៀត ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក តាមរយៈអង្គការពលកម្មអន្តរជាតិ (ILO) ដែលតែងតែឃ្លាំមើលពីបញ្ហាទាំងនេះ បើសិនជារកឃើញថាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «រឿងដែលមិនអាចដោះស្រាយបាន សមត្ថភាពរបស់អាជ្ញាធរក្នុងការដោះ ឬក៏ឆន្ទៈរបស់អាជ្ញាធរក្នុងការដោះស្រាយ។ តើអាជ្ញាធរលោកមានឆន្ទៈក្នុងការដោះរឿងហ្នឹង បញ្ចប់រឿងហ្នឹងឬមួយក៏លោកមិនមានឆន្ទៈក្នុងការដោះទេ ឬក៏មិនមានឆន្ទៈក្នុងការបញ្ចប់រឿងហ្នឹងទេ ? បើខ្ញុំមើលមកជិតមួយឆ្នាំហើយគឺ ហាក់ដូចជាអាជ្ញាធរលោកមិនមានឆន្ទៈក្នុងការដោះស្រាយរឿងហ្នឹងឱ្យបញ្ចប់»។
វិទ្យុអាស៊ីសេរីមិនអាចសុំឆ្លើយបំភ្លឺជុំវិញបញ្ហានេះបានទេ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ចំណែក អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ក៏មិនអាចទាក់ទងបាន។
បញ្ហារំលោភសិទ្ធិការងាររបស់ក្រុមហ៊ុនបរទេសនេះបានអូសបន្លាយមកជាយូរហើយ បើទោះបីជាក្រុមកូដករទាំងនោះបានធ្វើគ្រប់មធ្យោបាយដើម្បីស្វែងរកការអន្តរគមន៍ទៅខាងស្ថាប័នរដ្ឋក៏ដោយ ប៉ុន្តែសំឡេងទាំងនោះមិនមានការឆ្លើយតបពីលោក ហ៊ុន សែន នោះទេ។ មិនខុសអ្វី កាលពីថ្មីៗនេះ កូដករណាហ្គាវើលដ៍ជាង ១០០នាក់នៅព្រឹកថ្ងៃទី២០ ខែមិថុនា ក៏បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា ដើម្បីស្នើឱ្យជួយអន្តរាគមន៍រកដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្តែមិនទាន់ឃើញមានការឆ្លើយណាមួយនៅឡើយនោះទេ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្ស លោក សឹង សែនករុណា ផ្ដល់ជាអនុសាសន៍ថា និងដំណោះស្រាយថា កម្ពុជាគួរតែពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះក្រុមហ៊ុនបរទេសទាំងឡាយដែលមកវិនិយោគនៅក្នុងស្រុក គឺត្រូវមានតម្លាភាពក្នុងការគោរពច្បាប់ការងារ ហើយក្រសួងពាក់ព័ន្ធត្រូវតាមដាន និងវាយតម្លៃឱ្យត្រឹមត្រូវ ជៀសវាងការមិនគោរពច្បាប់របស់ក្រុមហ៊ុនទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។