ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើ​ការ​នៅ​ថៃ​ស្វែង​យល់​ពី​សិទ្ធិ​ការងារ

តំណាង​ក្រុម​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ​ប្រមាណ ៥០នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ធ្នូ បាន​ចូល​រួម​វគ្គ​អប់រំ​អំពី​សិទ្ធិ​ការងារ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា​វគ្គ​អប់​រំ​នេះ​ជា​ប្រយោជន៍​ដល់​ពលករ ​ឱ្យ​បាន​ពួកគេ​យល់​ដឹង​ច្បាប់ ដើម្បី​​ដោះស្រាយ​នៅ​ពេល​ដែល​ពួកគាត់​មាន​បញ្ហា​ក្នុង​ពេល​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​។

តំណាង​ពលករ​ខ្មែរ​ធ្វើ​ការ​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ប្រទេស​ថៃ​ លោក រិន មករា​ ប្រាប់​អាស៊ី​សេរី​ក្រោយ​ពេល​បញ្ចប់​វគ្គ​​អប់រំ​ថា អ្នក​ចូល​ស្វែង​យល់​អំពី​សិទ្ធិ​ការងារ​នេះ​ភាគ​ច្រើន​ជា​តំណាង​ពលករ​ខ្មែរ​នៅ​ខេត្ត​ជុំ​វិញ​ទីក្រុង​បាងកក​ ដោយ​មាន​​អង្គការ​សហភាព​ការងារ​ផ្នែក​សំណង់​ហៅ​កាត់​ ស៊ី អឹម អាយ ហ្វាយ​ (CMIY)​ របស់​ថៃ ចុះ​ទៅ​អប់រំ​ពួកគាត់​ នៅ​ខេត្ត​សមុទ្រ​ប្រាកាន (Samut Prakan)។ លោក បន្ត​ថា ពលករ​​បាន​លើក​យក​បញ្ហា​សំខាន់​មួយ​ចំនួន​ដែល​ជួប​ប្រទះ​នៅ​កន្លែង​ធ្វើ​ការងារ​ដាក់​ជូន​ដល់​វាគ្មិន ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ មាន​ដូច​ជា ថៅកែ​មិន​ព្រម​បើក​ប្រាក់​ខែ​ជូន​ពលករ ​គ្រោះ​ថ្នាក់​ផ្សេង​នៅ​កន្លែង​ការងារ​ដោយ​មិន​មាន​អ្នក​ទទួល​ខុស​ត្រូវ និង​ករណី​រោងចក្រ​ខ្លះ​មិន​ព្រម​ចេញ​លិខិត​បញ្ជាក់​ជូន​ពលករ នៅ​ពេល​ដែល​ពួកគាត់​ប្ដូរ​កន្លែង​ការងារ​ជា​ដើម៖ «គឺ​គោល​បំណង​របស់​អង្គការ​គឺ​គាត់​ចង់​ឱ្យ​ពួក​ខ្ញុំ​ស្គាល់​ពី​សិទ្ធិ​របស់​ខ្លួន​ឯង​ កុំ​ឱ្យ​ខ្លាច​ ដូច​ជា​​មាន​ការ​ជួប​គ្រោះ​ថ្នាក់​ចរាចរ​​គេ​មិន​បង់​ប្រាក់​ឱ្យ​ យើង​អត់​ហ៊ាន​តវ៉ា​ត​អី​អីចឹង ។អីចឹង​គាត់​ផ្ដល់​ចំណេះ​ដឹង​ហ្នឹង​ឱ្យ​យើង​ហ៊ាន​ប្រឈម​​មុខ​ច្បាប់​ ហ៊ាន​ងើប​តស៊ូ​នូវ​អ្វី​ដែល​ថៅកែ​រំលោភ​មក​លើ​ពលករ​ហើយ​មិន​ទទួល​ខុស​ត្រូវ »

ពលករ​រោងចក្រ​កាប់​សាច់​ជ្រូក​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក លោក ហិន រាំប៊ូ ថ្លែង​ថា ​​​​លោក​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ​ ៩​ឆ្នាំ​ហើយ​ ប៉ុន្តែ​នៅ​តែ​រក​ប្រាក់​មិន​បាន​​ធ្វើ​ផ្ទះ​​សមរម្យ​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា នៅ​កន្លែង​ការងារ​របស់​លោក​មាន​ពលករ​ខ្មែរ​ប្រមាណ ​១ពាន់​នាក់​កំពុង​ធ្វើ​ការ​ ក្នុង​នោះ​មាន​ពលករ​ខ្លះ​ត្រូវ​បាន​ថៅកែ​ដក​ហូត​លិខិត​ឆ្លង​ដែន​ ដោយសារ​​មិន​ទាន់​សង​ប្រាក់​ដែល​​ខ្ចី​គេ​ធ្វើ​លិខិត​ឆ្លង​ដែន​​គ្រប់​នៅ​ឡើយ។ លោក​បន្ថែម​ថា ថៅកែ​ថៃ​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​មក​លើ​ពលករ​ខ្មែរ​ដូច​ការ​ជួយ​ពលករ​ជាតិ​សាសន៍​ដទៃ​នោះ​ទេ ហើយ​ពួក​លោក​ក៏​ធ្លាប់​ប្ដឹង​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ឱ្យ​ជួយ​ដែរ​ ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​ចុះ​មក​ជួយ​ពួកគាត់​នោះ​ទេ​ ដោយ​លើក​ហេតុ​ផល​ថា បុគ្គលិក​តិច​មិន​អាច​ជួយ​បាន​ទាន់​ពេល​។លោក​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​​បាន​​ការ​អប់រំ​សិទ្ធិ​ការងារ​នេះ​រួច​​ហើយ ​ធ្វើ​ឱ្យ​ពួក​លោក​​​មាន​ភាព​ក្លាហាន ព្រោះ​បាន​យល់​ដឹង​ពី​ច្បាប់​ការងារ និង​មាន​អង្គការ​ចាំ​ជួយ​​ប្រសិន​បើ​មាន​ពលករ​ណា​មាន​បញ្ហា​ពេល​បំពេញ​ការងារ​នៅ​ថ្ងៃ​ក្រោយ៖ «គេ​និយាយ​អំពី​បញ្ហា​រស់​នៅ​ក្នុង​សង្គម​​ថៃ​ យើង​បាន​សិទ្ធិ​អី​ខ្លះ​ ព្រោះ​បងប្អូន​ខ្មែរ​ភាគ​ច្រើន​​អត់​ដឹង​ថា​ការ​រស់​នៅ​ប្រទេស​ថៃ​មាន​សិទ្ធិ​របៀប​ម៉េច​ទេ​។នៅ​ក្នុង​នេះ​គាត់​បាន​និយាយ​ប្រាប់​ពួក​ខ្ញុំ​ថា​ យើង​មាន​សិទ្ធិ​គ្រប់​យ៉ាង​នូវ​អ្វី​ដែល​ធ្វើ​ស្រប​ច្បាប់​ប្រទេស​ថៃ​ និយាយ​ទៅ​គាត់​មិន​ឱ្យ​យើង​ខ្លាច​ថៅកែ​ ដូច​ពី​មុន​អី​ខ្ញុំ​ចេះ​តែ​ខ្លាច​ថៅកែ​ ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​បាន​អប់រំ​អីចឹង​ទៅ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ថា​យើង​បាន​អង្គការ​មួយ​មក​ជួយ​យើង​ ពេល​មាន​រឿង​អី​យើង​រក​គាត់​ឱ្យ​គាត់​ជួយ​ ពី​មុខ​មក​ពេល​មាន​បញ្ហា​អី​យើង​មិន​ទៅ​រក​អ្នក​ណា »

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ទទួល​បន្ទុក​ផ្នែក​ពលករ​ប្រចាំ​នៅ​ប្រទេស​ថៃ លោក ចិន សំណាង ដើម្បី​សុំ​​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៦ ធ្នូ ដោយ​ទូរស័ព្ទ​ចូល ​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាងណា ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ធ្លាប់​អះអាង​ថា ស្ថានទូត​តែងតែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​​ក្នុង​ប្រទេស​ថៃ​ជា​ប្រចាំ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគារ​ មាន​ប្រសាសន៍​ថា​ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដែល​រងគ្រោះ​ពេញ​បំពេញ​ការងារ​ភាគ​ច្រើន បណ្ដាល​មក​ពី​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ថៅកែ​ជនជាតិ​ថៃ​បន្ត​ធ្វើ​បាប​ពួកគាត់​ម្ដង​ហើយ​ម្ដង​ទៀត។លោក​បន្ត​ថា ការ​អប់រំ​នេះ​នឹង​ជួយ​ឱ្យ​ពលករ​យល់​ដឹង​អំពី​ច្បាប់​ការងារ ដើម្បី​ប្ដឹង​ទៅ​​អាជ្ញាធរ​ថៃ​ឱ្យ​ជួយ​រក​ខុស​ត្រូវ​ជូន​​ពួកគាត់​បាន៖ «ព្រោះ​កន្លង​មក​យើង​ឃើញ​មាន​ខ្មែរ​រង​គ្រោះ​ដោយសារ​ថៃ​ចាញ់​សម្លាប់​ ថៃ​ធ្វើ​បាប​ចាប់​បង្ខាំង​មនុស្ស​ឱ្យ​ស្រាត​ខោអាវ​​ វាយ​ក្បាល​ធ្វើ​ទារុណកម្ម​អី​ រហូត​ដល់​ពេល​នេះ​​ក៏​នៅ​មិន​ទាន់​មាន​យុត្តិធម៌​នៅ​ឡើយ​ទេ​។អីចឹង​បើ​មាន​ខាង​អង្គការ​នៅ​ប្រទេស​ថៃ​ ចាប់ផ្ដើម​ជួយ​ពង្រីក​និង​ពន្យល់​អំពី​ច្បាប់​នេះ​ គឺ​ស្រួល​ដល់​ខ្មែរ​ធ្វើ​ការ​ទាមទារ​ដោយ​សន្តិវិធី​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ថៃ​ដោះស្រាយ​ជូន​ពួកគាត់​បាន »

របាយ​ការណ៍​​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​​​មាន​ជាង​១ លាន​១ សែន​​នាក់ ក៏​ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់ស្មាន​ក្រៅ​ផ្លូវ​ការ​របស់​​អង្គការ សង់ត្រាល់ (CENTRAL) ពលករ​ខ្មែរ​នៅ​​ប្រទេស​ថៃ​អាច​មាន​​ចន្លោះ​ពី ១លាន ៨សែន ទៅ ២លាន​នាក់ ដោយ​រាប់​ទាំង​ពលករ​ស្របច្បាប់ និង​មិន​​ស្រប​ច្បាប់។

ពលករ​ដែល​ទទួល​បាន​អប់រំ​និយាយ​ថា​ អង្គការ​សហភាព​ការងារ​ផ្នែក​សំណង់​ ស៊ី អឹម អាយ ហ្វាយ (CMIY) នឹង​ជួយ​ផ្នែក​ច្បាប់​ដល់​ពលករ​ខ្មែរ​ ប្រសិន​បើ​ពួកគេ​​មាន​ការរំលោភ​សិទ្ធិ​ការងារ​ឬ​មាន​បញ្ហា​ផ្សេងៗ នៅ​ពេល​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ គឺ​អាច​ទាក់​ទង​ទៅ​កាន់​បុគ្គលិក​របស់​អង្គការ​នេះ​តាម​លេខ​ទូរស័ព្ទ ០៨៩ ៥៣៣ ៧៩៦៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។