តំណាងសហគមន៍ការពារធម្មជាតិតំបន់ភ្នំអន្លង់ស្វាយម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យវិទ្យុអាស៊ីសេរីដឹងថា នៅវេលាម៉ោង ៤ និង ៣០នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ មានជនមិនស្គាល់មុខមួយក្រុម បានប្រើប្រាស់រថយន្តគិលានសង្គ្រោះ របស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ទៅដឹកឈើប្រណិត ២បន្ទះ ដែលមានទទឹង ១ម៉ែត្រ១តឹក បណ្តោយ ២ម៉ែត្រកន្លះ និងកម្រាស់មួយតឹក ចេញពីតំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ ស្ថិតក្នុងភូមិដូង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភពបន្តឲ្យដឹងដែរថា កន្លងទៅមានការប្រើប្រាស់រថយន្តគិលានសង្គ្រោះដឹកឈើប្រណិតបែបនេះ បានកើតឡើងជាច្រើនដងរួចមកហើយ ដោយមានមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំក្បាលទឹក ជាអ្នកជួយសម្របសម្រួល និងមើលផ្លូវឲ្យផងដែរ ៖ «ឡាននោះមានដាក់ថា ស្រុកប្រតិបត្តិខេត្តកំពង់ឆ្នាំង។ ខ្ញុំឆ្ងល់ថា ហេតុអីបានជាឡានសង្គ្រោះបន្ទាន់របស់ខេត្តបែរជាដឹកឈើអីអ៊ីចឹង? ឡាននោះមានដាក់ផ្លាក រដ្ឋ១២ ២០០៣១»។
ប្រភពដដែលក៏បានឲ្យដឹងទៀតថា គេឃើញនៅមានឈើប្រណិតជាច្រើនទៀតដែលជនខិលខូចបានលួចកាប់ និងអារទុកជាស្រេច លាក់នៅក្នុងព្រៃតំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ រង់ចាំឱកាសល្អដើម្បីដឹកជញ្ជូនចេញ ដែលគេសង្ស័យថា អាចមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរជំនាញ និងអាជ្ញាធរប៉ូលិសមូលដ្ឋានផងដែរ ទើបគ្មាននរណាធ្វើដឹងឮយ៉ាងដូច្នេះ៕