មន្ត្រី​ការបរទេស​ជប៉ុន​គាំទ្រ​កម្ពុជា-​ថៃ​ចរចា​ជម្លោះ​ព្រំដែន​ទ្វេ​ភាគី

អនុ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក យុតាកា បានូ (Yutaka Banno) ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​មក​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​កុម្ភៈ បាន​សម្ដែង​ការ​គាំទ្រ​ឲ្យ​កម្ពុជា ធ្វើការ​ចរចា​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ថៃ។

ក្រោយ​ពី​កិច្ចប្រជុំ​នៅ​ទីស្តីការ​ក្រសួង​ការបរទេស​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​កុម្ភៈ រវាង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជាមួយ​អនុ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក យុតាកា បានូ លោក កុយ គួង អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើក​ឡើង​ថា អ្វីៗ​បង្ក​ដោយ​ភាគី​ថៃ គឺ​ជា​ការ​ឈ្លានពាន​មក​លើ​កម្ពុជា។

លោក កុយ គួង ក៏​បាន​លើក​យក​ប្រសាសន៍​របស់​អនុ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន មក​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្ទុះ​អាវុធ​តាម​ព្រំដែន​កម្ពុជា និង​ថៃ ព្រោះ​ប្រទេស​ទាំង​ពីរ ជា​មិត្តភក្ត្រ​របស់​ប្រទេស​ជប៉ុន ហើយ​រដ្ឋាភិបាល​ជប៉ុន ក៏​សង្ឃឹម​ថា ជម្លោះ​នេះ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ៖ «ទាក់ទង​នឹង​បញ្ហា​ជម្លោះ​ខ្មែរ-​ថៃ លោក​បាន​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ...។ កម្ពុជា ក៏​ជា​មិត្ត​របស់​ជប៉ុន ថៃ​ក៏​ជា​មិត្ត​របស់​ជប៉ុន ដូច្នេះ​ហើយ​លោក​សង្ឃឹម​ថា ប្រទេស​ទាំង​២ អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​បាន ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ»

លោក យុតាកា បានូ អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​មក​កាន់​កម្ពុជា នៅ​ពេល​នេះ ដើម្បី​ចូល​រួម​ពិធី​បើក​ការដ្ឋាន​សម្ពោធ​ការ​សាងសង់​ស្ពាន​អ្នក​លឿង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១១៕