ប៉ូលិស​ឃាត់​ខ្លួន​អ្នក​កាសែត​ម្នាក់​ពី​បទ​ចែកចាយ​គ្រឿង​ញៀន

បុរស​ម្នាក់​នៅ​ខេត្ត​ក្រចេះ ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​កាសែត ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ចោទ​ថា បាន​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿង​ញៀន។

ជនសង្ស័យ​ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ក្រចេះ បញ្ជូន​ខ្លួន​ពី​កន្លែង​ប៉ូលិស​ព្រហ្មទណ្ឌ​ទៅ​កាន់​កន្លែង​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​ធ្វើ​កោសលវិច័យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា។

ក្នុង​ដំណើរ​ឆ្លង​កាត់​ការ​បញ្ជូន​ទៅ​ធ្វើ​កោសលវិច័យ ជន​នោះ​បាន​ប្រាប់​ប៉ូលិស​ថា ខ្លួន​នៅ​ក្នុង​សមាគម​អ្នក​កាសែត​មួយ ៖ «ឡុង វិន ទើប​ចូល​បាន​ប៉ុន្មាន​ខែ សមាគម​ឃ្លាំ​មើល​កម្ពុជា ប៉ុន្តែ​អត់​ដែល​ដើរ​នៅ​តែ​ផ្ទះ នៅ​ស្ទឹងត្រែង...»

ស្នងការ​រង​ខេត្ត​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ គឺ​លោក អ៊ុំ ភី បាន​ឲ្យ​ដឹង​ថា ឈ្មោះ ឡុង វិន ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ជាមួយ​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន (Methamphetamine) ចំនួន ២​កញ្ចប់ និង​អាវុធ​ខ្លី​មួយ​ដើម​ផង នៅ​ភូមិ​ឫស្សីចា ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។

ជន​សង្ស័យ​ឈ្មោះ ឡុង វិន បាន​អះអាង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​សមាគម​អ្នក​កាសែត​ឃ្លាំមើល​កម្ពុជា ប៉ុន្តែ​លោក​ស្នងការ​រង អ៊ុំ ភី បាន​បញ្ជាក់​ថា ឃើញ​មាន​តែ​ក្រដាស​គូសវាស​បែង​ចែក​មុខងារ តែ​គ្មាន​ហត្ថលេខា ឬ​ត្រា​បញ្ជាក់​ឡើយ ដែល​លោក​មិន​ទាន់​អាច​សន្និដ្ឋាន​ថា ជា​អ្នក​កាសែត ឬ​ជា​អ្វី​បាន​នៅ​ឡើយ។

លោក​បន្ត​ថា ៖ «មិន​មែន​អ្នក​កាសែត​ទេ គ្រាន់​វា​មាន​តារាង​រចនាសម្ព័ន្ធ អត់​មាន​ស៊ីញេ​អី​ផង មិន​យក​ជា​ផ្លូវការ​ទេ គ្រាន់​តែ​មាន​តារាង​រចនាសម្ព័ន្ធ​អ្នក​ណា​ធ្វើ​អីៗ...»

លោក ជុំ កាណាល់ ប្រធាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា លោក​មិន​ដែល​បាន​ដឹង​ថា មាន​បង្កើត​សមាគម​កាសែត​ឃ្លាំ​មើល​កម្ពុជា​នេះ​ពី​ពេល​ណា​នៅ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា វិជ្ជាជីវៈ​ត្រូវ​ចែក​ឲ្យ​ដាច់​ពី​បទល្មើស ៖ «វិជ្ជាជីវៈ​សារព័ត៌មាន​យើង​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​តួនាទី​របស់​ខ្លួន ប៉ុន្តែ​ចំពោះ​ច្បាប់​គឺ​យើង​ត្រូវ​គោរព​ច្បាប់ បើ​ធ្វើ​អ្វី​ខុស​ឆ្គង ដូច​ជា​ពិសេស​បញ្ហា​ចែក​គ្រឿង​ញៀន​ទៅ​កាង​ឈើ​រក​ស៊ី​បទល្មើស​អ្វី​ផ្សេងៗ​ខុស​ច្បាប់ អា​ហ្នឹង​គឺ​ខុស​ត្រូវ​ទទួល​ទោស​តាម​ច្បាប់»

ស្នងការ​រង អ៊ុំ ភី បាន​ឲ្យ​ដឹង​ថា នឹង​រៀបចំ​បែបបទ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៣០ មិថុនា នេះ។ លោក អ៊ុំ ភី បញ្ជាក់​បន្ថែម​ថា បញ្ហា​បទល្មើស​គ្រឿង​ញៀន​ឆមាស​ដើម​ឆ្នាំ​នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​ទៅ តែ​មិន​បាន​បញ្ជាក់​ពី​តួលេខ​ឡើយ៕