ប្រាក់លើកទឹកចិត្តដែលឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាលដោយអនុវត្តន៍ថវិកាជំនួយដើម្បីផ្ដល់ជូនមន្ត្រីរាជការក្នុងស្ថាប័នសុខាភិបាលត្រូវបានបុគ្គលិកមន្ទីរពេទ្យបង្អែកស្រុកចម្ការលើលើកឡើងថាត្រូវបានអ្នកគ្រប់គ្រងមន្ទីរពេទ្យនោះមិនបានបើកជូនតាមការកំណត់។
បុគ្គលិកមន្ទីរពេទ្យដែលផ្ដល់សម្ភាសន៍ដោយសុទ្ធតែមិនហ៊ានបញ្ចេញឈ្មោះបានឲ្យដឹងថាប្រាក់លើកទឹកចិត្តនោះត្រូវបានផ្ដល់ជូនម្នាក់ៗ តាមឋានៈមានពី៧០ ទៅជាង១០០ដុល្លារក្នុងមួយខែ ប៉ុន្តែនាយផ្នែកគ្រប់គ្រងនៅទីនោះបើកជូនមិនគ្រប់ទេ ដោយកាត់ទៅលើការធ្វើការងារទៅវិញ។ ពេទ្យឆ្មបដែលមិនសប្បាយចិត្តនោះបានលើកឡើងថាអ្នកស្រីត្រូវកាត់អស់៣០% ៖ "ប្រធានការិយាល័យបានកាត់ប្រាក់ខែបុគ្គលិកដូចខ្ញុំឆ្មបគិលានុបដ្ឋាកធម្មតាអ៊ីចឹង យើងកុងត្រាគេ ១១០ដុល្លារតែដល់ពេលបើកបានតែជាង៧០ ទេ អ្នកនៅការិយាល័យហ្នឹងគឺចុះមកវាយកតម្លៃមិនមែនគាត់កាត់ត្រឹមមន្ទីរពេទ្យទេ មណ្ឌលសុខភាពក៏កាត់ដែរការិយាល័យចម្ការលើស្ទឹងត្រង់មាន ១៣មណ្ឌលសុខភាព"។
បុគ្គលិកដទៃទៀតបានលើកឡើងពីការមិនសប្បាយចិត្តប្រហាក់ប្រហែលគ្នាដែរ អំពីការកាត់នេះដោយពួកគេទាមទារឲ្យប្រាក់នោះបើកជូនដូចក្នុងកិច្ចសន្យា ៖ "យើងមិនចង់ឲ្យកាត់អ៊ីចឹងលុយក្នុងកិច្ចសន្យាប៉ុន្មានឲ្យបានប៉ុណ្ណឹងដូចខ្ញុំអាំងហ្វៀមីញេ (infirmier) បាន ៧១ដុល្លារប៉ុន្តែបើកមិនដែលបានទេនយោបាយហ្នឹងខុសពីកិច្ចសន្យា"។
បុគ្គលិកពេទ្យទាំងអស់នោះបានអះអាងថា ការវាយតម្លៃការងារដើម្បីទទួលប្រាក់ឧបត្ថម្ភនោះ គឺធ្វើឡើងដោយគ្មានតម្លាភាព។
លោក ជា អៀកឆាយ ដែលត្រូវបុគ្គលិកពេទ្យទាំងនោះចោទប្រកាន់ថាបានកាត់ប្រាក់លើកទឹកចិត្តគ្មានតម្លាភាពនោះបានជម្រាបកាលពីថ្ងៃទី២៦ ថាលោកបានស្គាល់ហើយអ្នកបង្កចលាចលនៅទីនោះមានប្រមាណតែប្រាំ ឬប្រាំមួយនាក់ប៉ុណ្ណោះក្នុងការវាយតម្លៃហើយលោកថាទីភ្នាក់ងារប្រតិបត្តិការពិសេសមិនមែនធ្វើតែម្នាក់លោកទេ ៖ "វាយតម្លៃហ្នឹងមិនមែនតែខ្ញុំដែលជាប្រធានមើលតែឯងទេ មានក្រុមខ្ញុំ ៦នាក់ ចូលរួមវាយតម្លៃប្រចាំត្រីមាសគេដាក់ឧបករណ៍សម្រាប់ឲ្យពួកខ្ញុំជាអ្នកគ្រប់គ្រងអនុវត្តមើលទៅការផ្ដល់សេវាត្រួតពិនិត្យមើលស្ថានភាពទូទៅដូចអនាម័យគុណភាពឯកសារ និងបទបញ្ជាផ្ទៃក្នុង"។
លោក ជា អៀកឆាយ បានបន្ថែមថា តាមពិតគឺពួកគាត់មិនទទួលខុសត្រូវខ្លួនឯងដោយចង់បានប្រាក់នោះមកចាយវាយដោយមិនធ្វើការដោយលោកបញ្ជាក់ថា ប្រព័ន្ធហ្នឹងគេធ្វើមិនឲ្យយើងយកលុយចាយស្រួលទេ ហើយថាមានអង្គការចំនួន៧ បានឃ្លាំត្រួតពិនិត្យមើលពីលើទៀតហើយថាគណៈកម្មការសវនកម្ម បានចុះត្រួតពិនិត្យជាប្រចាំ ដោយពុំមានចោទថាគ្មានតម្លាភាពឡើយ។ លោក អៀក ឆាយ បន្ថែមទៀតថា ប្រាក់ដែលបានកាត់នោះ គឺទុកជាកញ្ចប់សម្រាប់ចែកជូនបុគ្គលិកគ្នាគាត់ដែលសកម្ម ដូច្នេះមិនអាចទទួលប្រាក់នេះដោយគ្មានការវាយតម្លៃឡើយ៕