នគរបាល​ខេត្ត​កំពត​ត្រូវ​បាន​ចោទ​ថា​ប្រើ​អំពើ​ហិង្សា

ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​ទ្វី​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹក​ឈូរ ខេត្ត​កំពត ចោទ​ប្រកាន់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ថា ប្រើ​ហិង្សា​វាយ​ដំ និង​ចាប់​ឃុំ​ខ្លួន​នៅ​ស្នង​ការ​នគរបាល​ខេត្ត កាល​ពី​ថ្ងៃ​អង្គារ ទី​១០ ឧសភា ដោយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​ទៀត​ផង។

លោក ឌី រៀ ត្រូវ​ជា​ឪពុក​មា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា បុរស​ស្វិត​ជើង​ម្ខាង​ឈ្មោះ កេន ធា អាយុ​៣៦​ឆ្នាំ និង​ភរិយា​ឈ្មោះ យ៉ាន មុំ អាយុ​២៧​ឆ្នាំ កំពុង​ជាប់​ឃុំ​នៅ​ស្នង​ការ​ខេត្ត​កំពត រហូត​មក​ដល់​ថ្ងៃ​ពុធ ទី​១១ ឧសភា។

លោក​ថា​រឿង​ហេតុ​ចាប់​ឃុំ​នេះ បាន​កើត​ឡើង​នៅ​គ្រា​ដែល កេន ធា យក​បង្គោល​ឈើ​ទៅ​បោះ​លើ​ដី​របស់​ខ្លួន ដែល​រដ្ឋ​បាន​ពង្រីក​ផ្លូវ ហើយ​ឲ្យ​ថយ​ផ្ទះ​រុះរើ​ចេញ​ពី​អ័ក្ស ២៥​ម៉ែត្រ។ បុរស​ឈ្មោះ កេន ធា បាន​ព្រម​រុះ​ផ្ទះ​របស់​ខ្លួន​ចេញ​ហើយ ប៉ុន្តែ​មាន​អ្នក​ថ្មី​មក​បោះ​បង្គោល​រក​សង់​រោង​លើ​ដី​ចំណី​ផ្លូវ​គាត់​ថយ​ចេញ​នោះ។ ពេល​នោះ កេន ធា ក៏​យក​បង្គោល​ឈើ​ទៅ​បោះ​ដែរ ក្រោយ​មក​ក៏​ត្រូវ​ប៉ូលិស​ឃុំ​ចុះ​ទៅ​បង្ក​ជម្លោះ ទើប​ប៉ូលិស​ចាប់​ខ្លួន កេន ធា និង​វាយ​ដំ​ជា​ទម្ងន់។

អ្នក​ភូមិ​រស់​នៅ​ក្បែរ​នោះ បាន​ឃើញ​ហេតុ​ការណ៍ បាន​អះអាង​ថា ប៉ូលិស​ឃុំ​ព្រៃ​ថ្នង​ចំនួន ៤​នាក់ បាន​វាយ​ដំ​លើ​បុរស​ស្វិត​ជើង និង​ភរិយា ដែល​រត់​ទៅ​ជួយ​ប្តី ក្រោយ​ពី​មាន​ការ​តដៃ​គ្នា ទៅ​វិញ​ទៅ​មក​មួយ​សន្ទុះ ប៉ូលិស​ចាប់​ខ្លួន​បុរស​ស្វិត​ជើង​យក​ទៅ​ឃុំ។

មេ​ភូមិ​ទ្វី​ថ្មី ឃុំ​ព្រៃ​ថ្នង លោក ចាន់ ថន បាន​អះអាង​ថា គ្រួសារ​បុរស​ឈ្មោះ កេន ធា បាន​យល់​ព្រម​យក​ប្រាក់​សំណង​ពី​គណៈកម្មការ​សុរិយោដី​ហើយ ប៉ុន្តែ​គេ​ចង់​មក​សង់​រោង​លើ​ដី​ខ្លួន​ទៀត ទើប​ប៉ូលិស​ចុះ​ទៅ​ណែ​នាំ។ ប៉ុន្តែ​បុរស​នោះ​បែរ​ជា​ជេរ​ប្រមាថ​ប៉ូលិស ទើប​មាន​ការ​ប្រទូស្ត​សារាយ​ដាក់​គ្នា​បាន​កើត​ឡើង។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មេ​ប៉ុស្តិ៍​ឃុំ​ព្រៃ​ថ្នង ដើម្បី​ជម្រាប​សួរ​ការ​ចោទ​ខាង​លើ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​១១ ឧសភា។

ទោះ​ជា​យ៉ាង​ណា ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​ជន​រង​ការ​វាយ​ដំ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​នៅ​ស្នងការ​ខេត្ត​កំពត មិន​ទាន់​ដោះ​លែង​នៅ​ឡើយ រហូត​មក​ដល់​ថ្ងៃ​ពុធ ទី​១១ ឧសភា៕