ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ិនធឺណិត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ចាប់​ដំណើរការ

អគ្គ​នាយក​នៃ​ប្រព័ន្ធ​ការផ្សាយ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ការផ្សាយ​របស់​លោក​ដែល​បាន​ចាប់ផ្តើម​បម្រើ​សាធារណ​ជន​ក្នុង​ការសាកល្បង​តាំង​ពី​ខែ​មីនា ដើម​ឆ្នាំ​២០០៩​មក​នោះ ការសាកល្បង​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ហើយ។

លោក​អគ្គ​នាយក អឿន រតនៈ នៃ​ស្ថានីយ​ទូរទស្សន៍​ខ្មែរ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត (Khmer IPTV) បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ការផ្សាយ​របស់​លោក​មាន​ភ្ជាប់​ការផ្សាយ​បន្ត​ផ្ទាល់​ពី​ប្រព័ន្ធ​វិទ្យុ​និង​ទូរទស្សន៍​មួយចំនួន​មក​ពី​ប្រទេស​កម្ពុជា និង​មួយចំនួន​ទៀត​មក​ពី​ប្រព័ន្ធ​ទូរទស្សន៍​នៅ​បរទេស។

លោក​ឲ្យ​ដឹង​ថា ការផ្សាយ​ទាំង​នោះ​ក្រៅ​ពី​ការផ្សាយ​ផ្ទាល់​ពី​ប្រព័ន្ធ​ទូរទស្សន៍​នីមួយៗ​ក៏​មាន​ការផ្សាយ​ដទៃ​ទៀត មាន​រួម​ទាំង​ការសម្តែង​រឿង​កំប្លែង​ផ្សេងៗ​និង​ចម្រៀង​ខារ៉ាអូខេ​ជាដើម​ផង។

លោក អឿន រតនៈ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្មែរ IPTV បាន​ចូល​មក​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ។ កម្មវិធី​ប៉ុស្តិ៍​ទូរទស្សន៍​មក​ពី​ស្រុក​ខ្មែរ​យើង​មាន​ដូច​ជា​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ទូរទស្សន៍​ប៉ុស្តិ៍​លេខ៩ ទូរទស្សន៍​បាយ័ន ហើយ​ប៉ុស្តិ៍​នៅ​សហរដ្ឋ​អាមេរិក​នេះ យើង​មាន​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ី​អាមេរិកាំង ប៉ុស្តិ៍​កុន ២៤​ម៉ោង​លើ​២៤​ម៉ោង ប៉ុស្តិ៍​ខារ៉ាអូខេ ២៤​ម៉ោង​លើ​២៤​ម៉ោង និង​ប៉ុស្តិ៍​កំប្លែង ២៤​ម៉ោង​លើ​២៤​ម៉ោង។ អស់​លោក​អាច​ចូល​ទៅ​មើល​កម្មវិធី​ទូរទស្សន៍​នេះ​តាម​រយៈ IPBOX ដែល​ហៅ​ថា Desktop Box ឬ​ក៏​យើង​ចូល​ទស្សនា​កម្មវិធី​ទូរទស្សន៍​នេះ​នៅ​ក្នុង​គេហទំព័រ khiptv.com។ កម្មវិធី​ផ្សាយ​មាន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​អាទិត្យ»

លោក​អគ្គនាយក អឿន រតនៈ នៃ​ស្ថានីយ​ទូរទស្សន៍​ខ្មែរ​មួយ​នេះ​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ការផ្សាយ​ទូរទស្សន៍​របស់​លោក​គឺ​គេ​អាច​ទស្សនា​បាន​នៅ​ជុំវិញ​ពិភពលោក៕