ខ្មែរ​នៅ​អាមេរិក​អង្គាស​ប្រាក់​ជួយ​គ្រួសារ​រង​គ្រោះ​មួយ​នៅ​បាត់ដំបង

ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋ California នៃ​សមាគម​អ្នក​ដុត​នំ​ដូណាត់​បាន​អង្គាស​ប្រាក់​គ្នា​ជួយ​ដល់​គ្រួសារ​ជន​រងគ្រោះ​មួយ​នៅ​ខេត្ត​បាត់ដំបង​ដែល​រង​ទុក្ខ​ដោយសារ​តែ​អំពើ​អនិកជន​ខ្មែរ​អាមេរិក​ម្នាក់​បាន​យក​សាំង​ចាក់​ស្រោច​ដុត​លើ​គូ​ដណ្តឹង​របស់​ខ្លួន។

គួរ​រំឭក​ថា ព្រឹត្តិការណ៍​នោះ​បាន​កើត​កាលពី​ឆ្នាំ​ទៅ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ភូមិ​បែកចាន ឃុំ​ព្រែកព្រះស្តេច ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង គ្រា​ដែល​អនិកជន​ខ្មែរ​អាមេរិក​ឈ្មោះ តាន់ នីឡុង នៃ​ក្រុង Oakland នៃ​រដ្ឋ California បាន​ប្រព្រឹត្ត​អំពើ​ចាក់​សាំង​ដុត​គូដណ្តឹង​ឈ្មោះ យ៉ាន់ គឹមហ៊ន អាយុ​២១​ឆ្នាំ ដោយសារ​តែ​ក្តី​ប្រច័ណ្ឌ។

ជន​រងគ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ប្រមាណ​មួយ​ខែ​ក្រោយ​មក​ក៏​បាន​បាត់បង់​ជីវិត​ទៅ។

លោក ម៉ឹក ផនស៊ី តំណាង​សមាគម​អ្នក​ដុត​នំ​ដូណាត់​នៃ​រដ្ឋ California បាន​មាន​ប្រសាសន៍​ថា លោក​នឹង​មិត្តភក្តិ​បាន​រៃអង្គាស​លុយ​បាន​តិចតួច​ប្រមាណ​៦៥០​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​គ្រួសារ​ជន​រងគ្រោះ។

សូម​បញ្ជាក់​ថា អនិកជន​ខ្មែរ​អាមេរិក​ដែល​ជន​ដៃដល់​ឈ្មោះ តាន់ នីឡុង នោះ ត្រូវ​អាជ្ញាធរ​បាន​ឃុំ​ខ្លួន ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ទទួល​ការកាត់ទោស​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ចាក់​សាំង​ដុត​សម្លាប់​គូដណ្តឹង​នោះ​ដែរ ប្អូន​ស្រី​របស់​ជន​រងគ្រោះ​ម្នាក់​ក៏​ត្រូវ​រង​នឹង​ការឆេះ​រលាក​ដៃ​ជើង​នោះ​ដែរ ហើយ​សេចក្តី​រាយការណ៍​ឲ្យ​ដឹង​ថា ប្អូន​ស្រី​ជន​រងគ្រោះ​នោះ​បាន​រក​ពិការ​មិន​អាច​ដើរ​បាន​ទៀត​ផង៕