ខ្មែរ​ចាប់​ឡាវ​៩​នាក់ ឡាវ​ចាប់​ខ្មែរ​៩​នាក់ដែរ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់

តម្រួត​ការពារ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង ចាប់​បាន​ប្រជាពលរដ្ឋ​ឡាវ ៩​នាក់ ហើយ​តម្រួត​ព្រំដែន​ឡាវ ក៏​ចាប់​បាន​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​ចំនួន ៩​នាក់​ដូច​គ្នា ពី​បទ​លួច​ឆ្លង​ព្រំដែន​ខុស​ច្បាប់ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ ៥​នាក់​ក្នុង​ចំណោម ៩​នាក់ ដែល​តម្រួត​ឡាវ ចាប់​ខ្លួន​នោះ​ត្រូវ​បាន​ដោះលែង​មក​វិញ​ហើយ។

មេបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក ហ៊ុន បាន បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១១ ថា ពលរដ្ឋ​ឡាវ និង​ខ្មែរ​ដែល​ត្រូវ​តម្រួត​ការពារ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ចាប់​ខ្លួន​នោះ សុទ្ធសឹងតែ​មាន​កំហុស​លួច​ឆ្លង​ដែន​ដើម្បី​ប្រកប​របរ​ខុស​ច្បាប់​ទើប​ត្រូវ​ចាប់​ខ្លួន​តាម​កិច្ច​ព្រមព្រៀង​រវាង​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ។

លោក​បន្ត​ថា ពលរដ្ឋ​ឡាវ និង​ខ្មែរ​ទាំង​អស់​នោះ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១១ ក្នុង​នោះ​ពលរដ្ឋ​ឡាវ ៩​នាក់ កំពុង​រក្សា​ទុក​នៅ​បញ្ជា​ការដ្ឋាន​យោធា​ការពារ​ព្រំដែន​លេខ​១០១ មាន​ទីតាំង​នៅ​ភូមិ​កំភោគ ស្រុក​សៀមប៉ាង ជាប់​នឹង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ ចំណែក​ពលរដ្ឋ​ខ្មែរ ៤​នាក់​ត្រូវ​តម្រួត​ឡាវ បញ្ជូន​ខ្លួន​ទៅ​រក្សា​ទុក​នៅ​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ​ហើយ។

លោក ហ៊ុន បាន មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «នៅ​ទេ! ម្សិលមិញ (១៦ ឧសភា) គេ​ចុះ​កិច្ច​សន្យា​ថា ឲ្យ​ជួប​គ្នា​ដើម្បី​លែង ប៉ុន្តែ​ឥឡូវ​អា​ពួក​ហ្នឹង​វា​បញ្ជូន​កម្លាំង​យើង​ហ្នឹង ៤​នាក់​ទៅ​ខេត្ត​ហើយ។ អ៊ីចឹង​យើង​ក៏​អត់​ទាន់​នេះ​ដែរ យើង​ចាំ​ជួប​គ្នា​ដើម្បី​ដោះស្រាយ​រឿង​ហ្នឹង។ វា​ដើរ​រក​ស៊ី​ខុស​ច្បាប់​តិចតួច»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ ពលរដ្ឋ​ខ្មែរ​ចំនួន ៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ ប្រគល់​មក​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​វិញ បន្ទាប់​ពី​ពួកគេ​ត្រូវ​ចាប់​ខ្លួន​បន្តបន្ទាប់​គ្នា។ ​​​​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១១ និង​ពីរ​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ ខណៈ​ពួកគេ​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​វេលា​យប់​ចូល​ទៅ​ដី​ឡាវ។

សេចក្ដី​រាយការណ៍​ពី​មន្ត្រី​នគរបាល​ការពារ​ខេត្ត​ស្ទឹងត្រែង សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ និង​ឡាវ ដែល​លូច​ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​នោះ សុទ្ធសឹងតែ​ប្រកប​របរ​ខុស​ច្បាប់ មាន​កាប់​ឈើ​ប្រណីត បរបាញ់​សត្វ​ព្រៃ ឬ​ធ្វើ​ជំនួញ​គ្រឿង​ញៀន​ឆ្លង​ដែន​ជាដើម។

មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា តើ​ពលរដ្ឋ​ខ្មែរ និង​ឡាវ ដែល​ត្រូវ​ឃាត់​ខ្លួន តើ​ក្រុម​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​នឹង​ចាត់​វិធានការ​បែប​ណា​ទេ។ ក៏​ប៉ុន្តែ​មេបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន លោក ហ៊ុន បាន បញ្ជាក់​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​កំពុង​ទំនាក់ទំនង​ជួប​ពិភាក្សា​គ្នា​ក្នុង​បញ្ហា​នេះ​ហើយ៕